×

បើ​ចង់​បាន​គីឡូ​ស្រាលដូចតារា​គួរ​ធ្វើ​បែប​ណា!

FASHION & BEAUTY 6 years ago
 
 

​          ចង់​បាន​រាង​ស្អាត​ដូចតារា! នេះ​ជាប្រយោគ​មួយ​ដែល​សុភាព​នារី​តែង​តែលាន់មាត់​និង​គិត​ក្នុង​ចិត្ត​ខ្លួន​ឯង ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​មាន​បាន​ដឹងទេថា​ពួក​គាត់​បាន​ធ្វើ​អ្វី​ខ្លះ​នៅ​ពី​ក្រោយ​ភាពស្រស់​ស្អាត​រាងស្លីមស្រឡូន​នោះ​! ចង់​បាន​រាង​ស្អាត​ដូចតារា​មាន​អី​ពិបាក តោះ​ចូល​អាន​អត្ថបទ​ខាង​ក្រោម​នេះ​រវាង​កិច្ច​សម្ភាសន៍​ជា​មួយ​កញ្ញា ទឹម រដ្ឋា តារា​ដែល​មាន​រាងស្លីម​ខ្ពស់​ស្រឡះថាតើ​គាត់​មាន​តិកនិច​យ៉ាង​ណា​បាន​ជា​នៅ​តែ​រក្សា​រាង​បាន​ស្រស់​ស្អាត​បែប​នេះ​!

​          ថ្ងៃ​នេះ​យើង​មិន​បា​ធ្វើ​ការណាត់​ជួប​ជា​មុន​ជា​មួយ​គាត់​ដូចកាល​សម្ភាសន៍​មុនៗ​ឡើយ ដោយ​ថ្ងៃ​នេះ​យើង​បាន​លួច​ឆ្មក់​ទៅ​ដល់​កន្លែង​ដែល​គាត់​ហាត់ប្រាណ​តែម្ដង​​ដើម្បី​​ចង់​ដឹងថា​គាត់​មាន​តិកនិចហាត់​អ្វី​ខ្លះ​បាន​ជា​ធ្វើ​ឱ្យ​រាងកាយ​របស់​គាត់​ស្រឡន​ស្លៀក​ពាក់​អ្វី​ក៏​សម​ដែរ​នោះ​! តោះ​ទៅ​ជួប​ជា​មួយ​គាត់​ទាំង​អស់​គ្នា​ជា​មួយ សូវរីន៖

សូវរីន៖ ជម្រាបសួរ កញ្ញា រដ្ឋា ថ្ងៃ​នេះ​សុំរំខាន​ពេល​បង​កំពុង​ហាត់ប្រាណ​បន្តិច​បាន​ទេ! ដោយ​ខាង​ក្រុម​ការ​ងារ​យើង​ចង់​សម្ភាសន៍​កញ្ញា រដ្ឋា អំពី​គន្លឹះ​ក្នុង​ការថែ​រក្សា​រាង តើអាចបង្ហើប​ប្រាប់​បន្តិច​បាន​អត់!

រដ្ឋា៖ អូ! បាន​ចា ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​នឹង​ប្រាប់​ដូច​គ្នា។ ជា​ធម្មតា​មនុស្ស​ស្រី​យើង​ខ្ញុំ​គិត​ថា​សំខាន់​គ្រប់​កន្លែង​ទាំង​អស់ ត្រគាក​ត្រូវ​តែ​ណែន ស្មា​ត្រូវ​តែ​តូច។ ហើយ​ជាទូ​ទៅ​យើង​តែង​តែ​មាន​ការ​យល់​ច្រឡំថា​ក្នុង​មួយ​ថ្ងៃ​យើង​អាចហាត់យក ត្រគាក​ណែន​មូលក្លំ ភ្លៅ ក្បាល​ពោះជា​ដើម​ក្នុង​ថ្ងៃ​តែ​មួយ​បាន តែ​នេះ​ជាការ​គិត​ខុស​ទាំង​ស្រុង ព្រោះ​ក្នុង​ថ្ងៃ​តែ​មួយ​យើង​មិន​អាច​រួម​គ្នា​ចឹង​បាន​ទេ គឺ​មាន​ថាបើ​ថ្ងៃ​នេះ​យើង​ហាត់ត្រកៀក ថ្ងៃ​ស្អែក​ឬ​ខានស្អែក​យើង​ហាត់ពង្រាប​ក្បាល​ពោះ​វិញ ព្រោះ​គេ​មាន​ក្បួន​ខ្នាត​ហាត់​របស់​គេ​មិន​អាចឡូកឡំ​បាន​ទេ។ ប៉ុន្តែ​ដោយ​ឡែក​សម្រាប់​ខ្ញុំ​ថ្ងៃ​នេះ​គឺហាត់​អំពី​របៀប​ធ្វើ​ត្រគាក​ឱ្យ​ណែន​ស្អាត។

​          រំលឹក​ត្រឡប់​ទៅ​ក្រោយ​បន្តិច​ខណៈ​ពេល​ដែល​កញ្ញា ទឹម រដ្ឋា ទើប​ប្រឡូក​ចូល​សិល្បៈ​ដំបូង​តាម​រយៈការ​ប្រឡង​ក្នុង​កម្មវិធី​ស្រីស្រស់​ប្រុស​ស្អាត​ឆ្នាំ​២០០៥ “កាលណោះ​ទម្ងន់​ខ្ញុំ​ឡើង​៦០kg ហើយ​ទម្រង់​មុខ​ខ្ញុំ​ធំ​មែន​ទែន ព្រោះ​កាល​នឹង​ខ្ញុំ​នៅ​ក្មេង​មិន​មាន​គម្រោង​ថាប្រឡូក​ចូល​ក្នុង​វិស័យសិល្បៈ​ឡើយ ហើយ​កាល​នឹង​ខ្ញុំ​ធាត់ ធាត់​បែប​ស្អាត​” រដ្ឋា ពោល​ទាំង​អស់​សំណើច​ខ្លួន​ឯង។
ក្នុង​រយៈ​ពេល​១០ឆ្នាំ​ជាង​ដែល​ប្រឡូក​ចូល​ក្នុង​វិស័យសិល្បៈ​បាន​ធ្វើ​ឱ្យ រដ្ឋា ប្រែរូបរាង​របស់​ខ្លួន​ទៅ​ជា​មនុស្ស​ស្រីម្នាក់​ដែល​មាន​រាងស្លីមស្រឡន។ ក្រៅ​ពីការ​ហាត់ប្រាណ​គាត់​នៅ​មាន​គន្លឹះ​អ្វី​ដែល​ធ្វើ​ឱ្យ​គាត់​ទទួល​បាន​រាង​ដ៏​ស្រស់​ស្អាត​បែប​នេះ​! ហាក់​ដូចជា​អំណោយផលពីធម្ម​ជាតិ​សម្រាប់​នាង​ខ្ញុំ​គឺ​មិន​ងាយ​ឡើង​គីឡូ​ឡើយ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​នាង​ខ្ញុំ​ក៏​មិន​ដែល​ភ្លេច​ជា​មួយ​នឹង​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​ទៅ​តាម​កាល​វិភាគ ហើយ​អាថ៌កំបាំង​មួយ​ទៀត​នោះ​គឺ ខ្ញុំ​មិន​សូវ​ញុំាបាយ​ច្រើន​នោះ​ទេភាគ​ច្រើន​ខ្ញុំ​ញុំា​ម្ហូប។ ឧទាហរណ៍​ប្រសិន​បើ​ថ្ងៃ​ខ្លះ​អត់​មាន​ថតទេ ថ្ងៃ​ត្រង់​គឺ​ម៉ាក់ចម្អិនតែ​មុខ​ម្ហូប​ណា​ដែល​មាន​តែ​បន្លែៗ ហើយ​បើល្ងាច​ឡើង​ចេញ​ទៅ​ញុំាអី​នៅ​ខាង​ក្រៅ​ផ្ទះ​ខ្ញុំ​មិន​ដែល​ញុំាបាយ​ទេគឺ​ញុំាតែ​ម្ហូប​ទេ វា​មិន​មែន​មកពី​ខ្ញុំ​មិន​ចូល​ចិត្ត​ញុំាបាយ​នោះ​ទេ​មកពី​ខ្ញុំ​ទម្លាប់​ទៅ​ខាង​ក្រៅ​ញុំា​ប្រភេទ​អាហារ​អឺរ៉ុប​ដែល​ភាគ​ច្រើន​គេ​មិន​ញុំាជា​មួយ​បាយ​នោះ​ទេ យូរៗ​ទៅ​វា​ក៏​ក្លាយ​ជា​ទម្លាប់។ នេះ​ជាសម្ដី​ផ្ទាល់​របស់​កញ្ញា។
​          ជា​ចុង​ក្រោយ​កញ្ញា ទឹម រដ្ឋា សុំផ្ដាំផ្ញើ​ទៅ​កាន់​សុភាព​នារី​ដែល​គាត់​ស្រឡាញ់​រាង មិន​មែន​ថា​យើង​កើត​មក​មាន​រាង​ស្អាត​ស្រាប់​នោះ​ទេគឺ​យើង​ត្រូវ​ការថែ​រក្សា​ខ្លួន​ឯង​បន្ថែម​ទៀត​ឱ្យ​រូបសម្រស់​យើង​កាន់​តែ​ស្អាត ព្រោះ​អីបើ​មិន​ចឹង​មិន​មែន​មនុស្ស​យើង​អ្នក​ខ្លះ​គាត់​លួច​ទៅ​កែសម្ផស្ស​នោះ​ទេ ដោយ​ឡែក​សម្រាប់​ខ្ញុំ ខ្ញុំ​គ្មាន​​អ្វី​ត្រូវ​កែសម្ផស្ស​នោះ​ទេ​ព្រោះ​ខ្ញុំ​បាន​អំណោយផល​មកពី​ធម្ម​ជាតិ ហើយ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ថែ​រក្សា​នោះ​គឺរាង​ហេតុ​ដូច្នេះ​​ខ្ញុំ​តែង​តែមក​ហាត់ប្រាណ​នៅ​ស៊ុបភើហ្វីត​ក្នុង​១សប្ដាហ៍៣​ថ្ងៃ​ឬ​៤​ថ្ងៃ​ទៅ​តាម​ថ្ងៃ​ដែល​ខ្ញុំ​ទំនេរ​ឬ​មួយ​អត់! នាង​ខ្ញុំ​ក៏​សូម​ផ្ដាំផ្ញើ​ទៅ​មិត្ត​នារី​គ្រប់រូប​ថាបើ​ចង់​បាន​រាង​ស្អាត​ត្រូវ​តែតមការញុំា​អាហារ​បន្តិច ព្រោះ​មនុស្ស​សម័យ​ឥឡូវគេចាយរាង។ ចឹងបើ​ឃើញ​រាងគេ​ស្អាត​យើង​កុំច្រ​ណែន​គេ​យើង​ត្រូវ​ខំ​ប្រឹង​ហាត់ប្រាណ​ហើយ​ញុំា​អាហារ​ណា​ដែល​មិន​មាន​ជាតិ​ខ្លាញ់​ច្រើន​ពេក។ ចង់​ដឹងថា​តើ កញ្ញា ទឹម រដ្ឋា មាន​ទម្លាប់​ហាត់ប្រាណ​បែប​ណា​ទើប​ទទួល​បាន​រាង​ស្អាត​បែប​នេះ តោះ​ទៅ​មើល​សកម្មភាព​របស់កញ្ញា​​ទាំង​អស់​គ្នា​!

Article by HENG CHANMAKARA

 


SUGGESTIONS