សម្លៀកបំពាក់ ៦ឈុតបង្ហាញពីសម្រស់របស់ម្ចាស់ក្សត្រីខ្មែរតាមខេត្តនីមួយៗ
FASHION & BEAUTY 6 years agoស្តេចចេនឡាគឺជាឈ្មោះឈុតតំណាងជាតិរបស់កម្ពុជាក្នុងកម្មវិធី Mister Global International ២០១៨ ដែលជាស្នាដៃរចនារបស់អ្នកស្រាវជ្រាវសម្លៀកបំពាក់ខ្មែរគ្រប់សម័យកាល លោក ចាន់ សោភ័ណ ដែលនេះចាត់ទុកថា គឺជាការចាប់ផ្តើមដ៏ល្អមួយរបស់លោក។ ហើយថ្មីៗនេះ លោកក៏ទើបបានផលិតឈុតថ្មីបន្ថែមទៀត ទៅតាមគម្រោងរបស់លោក ក្នុងចេតនាលើកស្ទួយពីសម្រស់វប្បធម៌និងសិល្បៈនៃការតុបតែងកាយដ៏សម្បូរបែបរបស់បុព្វបុរសខ្មែរជូនដល់អ្នកគាំទ្រ ជាចំនេះដឹងខ្លះៗពីសម្លៀកបំពាក់ខ្មែរ។
ឈុតទី១៖ ព្រះនាងនគរភ្នំ បង្ហាញដោយកញ្ញា ស៊ិន យី ដែលជាជ័យលាភីលេខ១ Khmer Super Model cycle 9. ឈុតនេះចម្លងតាមទាំងស្រុងពីសិលាចារិកដែល បានរកឃើញនៅកំពង់ផែអូកែវ (អតីតកំពង់ផែខ្មែរដ៏ល្បីល្បាញនាសម័យបុរាណ) និងតំណាងឱ្យខេត្តតាកែវ។
ព្រះនាងនគរភ្នំ
ឈុតទី២៖ ព្រះនាងលង្វែក បង្ហាញដោយ កញ្ញា អូន ពេជ្រ ដែលជាតារាសម្តែង និងបង្ហាញម៉ូត។ ឈុតតំណាងឱ្យខេត្តកំពង់ឆ្នាំងនាសម័យលង្វែកនោះ ចម្លងតាមទាំងស្រុងពីចម្លាក់នៅប្រាសាទអង្គរវត្ត ក្នុងរជ្ជកាលរបស់ព្រះបាទចន្ទរាជា។ គួរដឹងថា អូន ពេជ្រ ធ្លាប់បង្ហាញឈុតស្តេចនាគសលម្អងផ្កាអំបិល ម្តងហើយកាលពីគ្រាមុនជាមួយឈុត ស្តេចចេនឡា។ ស្តេចនាគសលម្អងផ្កាអំបិល តំណាងឱ្យខេត្តតាមតំបន់មាត់សមុទ្ររបស់កម្ពុជា។
ព្រះនាងលង្វែក
ឈុតទី៣៖ ព្រះនាងសុវណ្ណភូមិ បង្ហាញដោយអ្នកនិពន្ធល្បីឈ្មោះកម្ពុជា គឹម ឌីណា។ ឈុតតំណាងខេត្តបាត់ដំបងនេះតុបតែងទៅដោយវត្ថុជាច្រើនដែលស្តែងពីភាពសំបូរបែបនៃធនធានរបស់កម្ពុជា មិនថាក្នុងដី លើដី និងក្នុងទឹកឡើយ ដូច្នេះវាមិនមែនជាការចៃដន្យនោះទេ ដែលកម្ពុជាមានឈ្មោះថា ដែនដីសុវណ្ណភូមិ។
ព្រះនាងសុវណ្ណភូមិ
ឈុតទី៤៖ យាយយ៉ាតប៉ៃលិន បង្ហាញដោយកញ្ញា លីណា ដែលជាតារាសម្តែងនិងបង្ហាញម៉ូត។ ឈុតតំណាងខេត្តប៉ៃលិននេះទើបសម្រេចបាន៧០ភាគរយតែប៉ុណ្ណោះ។ តាមសម្តីលោក ចាន់ សោភ័ណ ឈុតនេះជិត៩០ភាគរយត្រូវការប៉ាក់ឌិនលម្អដោយត្បូងជាច្រើនដើម្បីសាកសមនឹងកិត្តិនាមទឹកដីត្បូងកណ្តៀង ត្បូងទទឹម ដ៏ល្អឯករបស់ខ្មែរយើង។
យាយយ៉ាតប៉ៃលិន
ឈុតទី៥៖ ព្រះនាងថ្នាំជក់ បង្ហាញដោយ កញ្ញា ឌី លីកា ដែលជាតារាបង្ហាញម៉ូត។ ឈុតតំណាងខេត្តកំពង់ចាមនេះ រចនាពីក្រមាតាមលំនាំស្លឹកថ្នាំជក់និងម្កុដមួយខ្ពស់ត្រដែតអមដោយស្លាបប្រៀបដូចសត្វរំពេរហិចហើរលើផ្ទៃទន្លេមេគង្គបង្អួតសម្រស់ដូច្នេះដែរ។ តើអ្នកដឹងអត់ ហេតុអ្វីឈុតនេះច្នៃដោយយោងលើក្រមានិងស្លឹកថ្នាំជក់? ជឿថា អ្នកខេត្តកំពង់ចាមដឹងច្បាស់ជាងគេ។
ព្រះនាងថ្នាំជក់
ឈុតទី៦៖ ព្រះនាងកួយ បង្ហាញដោយ កញ្ញា ឌុក លីដា ដែលជានិស្សិតឆ្នាំទី២ជំនាញតុបតែងលម្អនៃស្ថាបត្យកម្ម តែមានក្តីស្រមៃចង់ក្លាយជាតារាបង្ហាញម៉ូតម្នាក់នាពេលអនាគត។ ឈុតតំណាងខេត្តនៅតំបន់ខ្ពង់រាបដ៏ស្រស់ត្រកាលរបស់កម្ពុជាយើងនេះ ភាគច្រើនប្រើប្រាស់ពណ៌ខ្មៅ ម្កុដផ្កាព្រៃនិងស្បៃអូសធរណី វាតទីពេញពសុធាពណ៌បៃតងនៃសមុទ្រឈើខ្មែរ។ មិនខុសពីអ្នកបង្ហាញទាំង៥ខាងលើទេ លីដា ថា ខ្លួនសប្បាយចិត្តដែលបានក្លាយជាចំណែកមួយក្នុងកិច្ចការលើកស្ទួយសម្លៀកបំពាក់ខ្មែរនៅពេលនេះ។
ព្រះនាងកួយ
គួរដឹងថា ឈុតទាំងនោះផលិតពីផាមួង ហូល ក្រមា និងក្រណាត់ផ្សេងៗទៀត ប៉ាក់ឌិនបន្ថែម ដោយវត្ថុតុបតែងលម្អតូចធំជាច្រើនទៀត ដូចជាត្បូងនិងគ្រឿងអលង្ការ (ជ័រ ដែក ស្ពាន់ ខ្មុកជាដើម) តាមលំនាំនិងច្នៃថ្មីបន្ថែមលើការស្រាវជ្រាវរបស់លោក ចាន់ សោភ័ណ ហើយរយៈពេលនៃការផលិតអាចពី៥ថ្ងៃទៅ១០ថ្ងៃ។
ភ្ជាប់ទៅនឹងឈុតថ្មីទាំង០៦ ដែលទើបសម្រេចបាន៧០ភាគរយនេះ លោក ចាន់ សោភ័ណ ក៏មិនខ្លាចនឹងប្រាប់ថា ឈុតតំណាងរាជធានី-ខេត្តរបស់ខ្មែរទាំងអស់ លោកបានគូរនិងច្នៃនៅលើក្រដាសរួចរាល់ហើយ នៅឡើយតែការផលិតឱ្យបានជារូបរាងប៉ុណ្ណោះ ខណៈការចំណាយលើឈុតនីមួយៗ គឺចន្លោះពី១លានទៅ២លានរៀលឬអាចច្រើនជាងនេះ។ និយាយដល់ចំណុចនេះ លោកសង្ឃឹមថា នឹងមានសប្បុរជននានាជួយគាំទ្រនិងឧបត្ភម្ថដល់ការផលិតឈុតទាំងនោះឡើង ទៅតាមលទ្ធភាពជាក់ស្តែងជាក់ជាមិនខាន៕
Article SVAY LEEMENG