ផ្ទះបុរាណខ្មែរអាយុជាង១០០ឆ្នាំបង្កប់ខ្លួនផ្សារភ្ជាប់រឿងរ៉ាវដ៏អស្ចារ្យពីអតីតកាល
TRAVEL & LIVING 6 years agoមហាជនភាគច្រើនច្បាស់ជាយល់ច្រលំថា ផ្ទះបុរាណនេះប្រហែលជាស្ថិតនៅទឹកដីខេត្តបាត់ដំបង ខេត្តកំពង់ចាម ឬ ខេត្តសៀមរាប ដែលជាតំបន់មានកិត្តិស័ព្ទល្បីល្បាញខ្លាំងខាងផ្នែកសំណង់បេតិកភ័ណ្ឌឬ ស្ថាបត្យកម្មផ្ទះបុរាណខ្មែរ។ ប៉ុន្តែក្នុងអត្ថបទនេះ សូវរីននឹងណែនាំមហាជនទាំងឡាយ ជាពិសេសនិស្សិត ផ្នែកស្ថាបត្យកម្មដែលមានបំណងស្វែងរកទីតាំងលំនៅដ្ឋានបែបប្រពៃណីខ្មែរសម្រាប់ចុះធ្វើសម្រង់ឲ្យបានស្គាល់ទីតាំងផ្ទះបុរាណមួយកន្លែងដែលលាក់ខ្លួននៅជិតបង្កើយក្រុងភ្នំពេញងាយស្រួលក្នុងការទៅទស្សនា ឬស្រាវជ្រាវ ព្រោះវាពិតជាមានរចនាបថស្រស់ស្អាតមិនចាញ់ផ្ទះបុរាណនៅខេត្តបាត់ដំបងប៉ុន្មានឡើយ។
ផ្ទះបុរាណមួយនេះជាប្រភេទផ្ទះដំបូលប៉ិតពីរខ្នងប្រក់ក្បឿងស្រកាលេញ ស្ថិតនៅត្រើយខាងកើតទន្លេមេគង្គលើ ត្រូវបានសាងសង់បែរមុខទៅទិសខាងលិច ខុសប្លែកពីផ្ទះបុរាណខ្មែរភាគច្រើនដែលសង់បែរមុខទៅទិសខាងកើត។ វាមានទីតាំងស្ថិតនៅព្រំប្រទល់ជាប់ផ្លូវភូមិតូចមួយជាប់របងវត្តពិជ័យរង្សី ហៅ វត្តអញ្ចែង ដែលស្ថិតនៅក្នុង ភូមិសាស្រ្ត ភូមិអញ្ចែងលើ ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាប់ព្រំប្រទល់ ភូមិស្វាយអាត់ ឃុំព្រែកតាមាក់ ចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឬ ប្រមាណ៣គីឡូម៉ែត្រពីរង្វង់មូលគល់ស្ពានព្រែកតាមាក់ត្រើយខាងកើត។
បើមើលពីបរិវេណខាងក្រៅ ផ្ទះនេះមានសភាពចាស់ទ្រុឌទ្រោមបែកបាក់ដោយអន្លើជាពិសេសផ្នែក ខាងមុខដែលសង់អំពីស៊ីម៉ង់ត៍ ប៉ុន្តែវានៅតែជាភូមិគ្រឹះពីអតីតកាលដ៏អស្ចារ្យមហិមាដែលនៅតែឈរសង្គ្រឹង កណ្តាលវាលស្មៅហ៊ុមព័ទ្ធដោយរុក្ខជាតិតូចធំដែលដុះនៅជុំវិញ។ លក្ខណៈពិសេសនៃផ្ទះបុរាណនេះគឺវាជា ផលសំយោគនៃសិល្បៈស្ថាបត្យកម្មបីសាសន៍ បារាំង ចិន ខ្មែរ ដែលពិតជាកម្ររកបានណាស់នៅក្នុងស្រុក យើងសព្វថ្ងៃនេះ។ ក្រឡេកមើលឲ្យចំពីខាងមុខ ផ្ទះនេះពិតជាចម្លែកព្រោះផ្នែកខាងមុខត្រូវបានសាងសង់ រាងទ្រវែងបួនជ្រុងស្រដៀងនឹងផ្នែកខាងមុខនៃរោងភាពយន្តពីសម័យមុន។ នៅមុខមាត់ទ្វារចូលផ្ទះ មានរាន ហាលតូចមួយដែលមានជើងទៀនបង្កាន់ដៃប្រកបដោយក្បូរក្បាច់តាមបែបរចនាបថសម័យអាណានិគមនិយមបារាំង។ រានហាលនោះស្ថិតនៅចំកណ្តាលជណ្តើរពីរសងខាងដែលមានរាងកោង ហើយមានកាំចំនួន១៥ ក្នុង ជណ្តើរម្ខាងសម្រាប់ឡើងទៅកាន់ទ្វារច្រកចូល។
នៅលើមាត់ទ្វារធំមានតុបតែងលម្អដោយអក្សរចិនដែលមានន័យជាឈ្មោះថា ម៉ា តុងម៉េង ព្រមទាំង មានការរំលេចអក្សរចិនផ្សេងៗទៀតនៅតាមស៊ុមទ្វារផងដែរ រីឯស៊ុមបង្អួចក៏ត្រូវបានតុបតែងក្បូរក្បាច់តាម លំនាំដែលទទួលឥទ្ធិពលពីបស្ចឹមប្រទេស។ ផ្នែកខាងក្នុងនៃល្វែងខាងមុខមានពិតានស៊ីម៉ង់ត៍ (មានស្នាមធ្លុះ និង របកជាច្រើនអន្លើ) និង កម្រាលក្រាលដោយឥដ្ឋការ៉ូដែលនៅសេសសល់តាំងពីជំនាន់នោះម្ល៉េះ។
ក្រៅពី នេះ គ្រឿងទព្វសម្ភារៈផ្សេងៗសុទ្ធសឹងតែធ្វើអំពីឈើ និង ក្រាលរនាបឈើតាមបែបប្រពៃណីតពីដូនតា។ ផ្នែកខាងក្រោយមានរានហាលថ្ម និង ផ្ទះបាយធ្វើអំពីឈើដំបូលប៉ិតប្រក់ក្បឿងស្រកាលេញសង់បន្តពីផ្ទះធំ។ ទាក់ទងនឹងអាយុកាលផ្ទះនេះ ពុំមានឯកសារណាត្រូវបានសរសេរកត់ត្រាទុកនោះឡើយ ប៉ុន្តែបើផ្អែក តាមរចនាបថស្ថាបត្យកម្ម ព្រមទាំងការអះអាងរបស់ម្ចាស់ផ្ទះបច្ចុប្បន្នដែលត្រូវជាចៅបង្កើតអ្នកកសាងផ្ទះ នេះ ផ្ទះនេះពិតជាត្រូវស្ថាបនាឡើងក្នុងដើមសតវត្សរ៍ទី២០ ក្នុងសម័យអាណានិគមបារាំង គ្រាន់តែពុំដឹង កាលបរិច្ឆេទជាក់លាក់ បើគិតមកដល់សព្វថ្ងៃ (ឆ្នាំ២០១៨) មានវ័យជាង១០០ឆ្នាំហើយ។ លោកយាយ នៅ អាយុ ៦៥ ឆ្នាំ ម្ចាស់ផ្ទះជំនាន់ទី៣ បានតំណាលពីប្រវត្តិផ្ទះនេះថា “ផ្ទះនេះជាផ្ទះរបស់កុងខ្ញុំ ឈ្មោះកុងម៉េង។ គាត់ជាជនជាតិចិន ពីសង្គមគាត់រកស៊ីជ្រលក់(ក្រណាត់)ព្រែជាមួយប្រពន្ធគាត់ មានអ្នកនៅជាមួយច្រើន ណាស់ តែមកដល់ជំនាន់ឪពុកម្តាយខ្ញុំ គាត់ធ្វើស្រែចំការធម្មតា មិនមែនរកស៊ីអីទេ។ ពេលកុងរបស់ខ្ញុំស្លាប់ គាត់អាយុ ៩១ឆ្នាំ ពេលនោះខ្ញុំអាយុទើបតែ១០-១១ឆ្នាំ ក្នុងសម័យសង្គមរាស្រ្តនិយម។”
លោកយាយបានបង្ហើបពីរឿងរ៉ាវអតីតកាលពី៤០ឆ្នាំប្លាយមុនថា កាលពីសម័យ លន់ នល់ (១៩៧០-១៩៧៥) ផ្ទះនេះរងការខូចខាតដោយសារគ្រាប់ផ្លោងធ្វើឲ្យធ្លុះធ្លាយបាក់បែកផ្នែកថ្មខាងមុខជាច្រើនកន្លែង។ លុះដល់ជំនាន់ប៉ុលពត គ្រួសារនេះត្រូវបានជម្លៀសចេញ ហើយផ្ទះនេះត្រូវបានកាន់កាប់ដោយកម្មាភិបាល ខ្មែរក្រហម។ ដោយសារផ្ទះនេះមានទំហំធំទូលាយ វាត្រូវបានគេបែងចែកសម្រាប់ប្រើប្រាស់ច្រើនមុខងារក្នុងសម័យខ្មែរក្រហម។ គេប្រើប្រាស់ផ្នែកខាងក្រោមជាឃ្លាំងផ្ទុកសម្ភារៈម៉ាស៊ីនផ្សេងៗ និងជារោងតម្បាញ ឯខាងលើផ្ទះជាកន្លែងកុមារស្នាក់នៅ។
“គេ (ខ្មែរក្រហម) អត់ហ៊ានរុះ ព្រោះកាលណាចាប់ផ្តើមរុះ ចេះតែមានបញ្ហា យល់សប្តិ (ព្រលឹង)ដូនតា កាន់ គឺកុងហ្នឹងឯងកាន់!” លោកយាយបន្តប្រាប់ថា “តាមអ្នកនៅទីនេះ (ក្នុងសម័យប៉ុលពត) ពូមួយនោះ អាយុ៩០ឆ្នាំហើយស្គាល់កុងខ្ញុំ និយាយប្រាប់ថា កុងខ្ញុំត្រូវការស្អាត ក្នុងជំនាន់ប៉ុលពត គាត់មកចងគោចង ក្របីនៅក្រោមផ្ទះ យប់ឡើងកុងខ្ញុំក៏មកពន្យល់សប្តិថា នែ! អ្ហែងម៉េចយកគោមកចងក្រោមផ្ទះអញ?” តាំងពីពេលនោះមក គ្មាននរណាហ៊ានប៉ះពាល់ផ្ទះចាស់នេះឡើយ សូម្បីយោធាខ្មែរក្រហមក៏បាក់បបខ្លបខ្លាចមិនហ៊ានប្រមាថបារមីនៅលើផ្ទះនេះដែរ ដោយសារពួកគេតែងជួបហេតុភេទចម្លែកៗពាក់ព័ន្ធនឹងអប្បិយជំនឿ។
ក្រោយឆ្នាំ១៩៧៩ ក្រុមគ្រួសារលោកយាយ នៅ ក៏បានវិលត្រលប់មករស់នៅជុំគ្នានៅផ្ទះកេរដូនតា នេះវិញ ប៉ុន្តែដោយសារជីវភាពកាន់តែធូរធារ សមាជិកគ្រួសារជាច្រើនបានបែកផ្ទះទៅសង់ផ្ទះថ្មីនៅជិតនោះ និងខ្លះចេញមករស់នៅទីក្រុងភ្នំពេញ។ សព្វថ្ងៃ លោកយាយនិងចៅប្រុសក្មេងម្នាក់កំពុងស្នាក់នៅបន្តវេន ថែរក្សាផ្ទះនោះ ហើយជារឿយៗតែងតែមានក្រុមនិស្សិតពីសាកលវិទ្យាល័យនានាពីភ្នំពេញចុះមកវាស់វែង សិក្សាស្រាវជ្រាវអំពីស្ថាបត្យកម្មផ្ទះបុរាណខ្មែរមួយនេះមិនសូវដាច់ ហើយថ្មីៗនេះក៏មានអ្នកមកសុំថតរូបថត ត្រៀមអាពាហ៍ពិពាហ៍ (pre-wedding) បែបបុរាណនៅទីនេះថែមទៀតផង៕
Article by SRIN SOKMEAN