នៅតាមវត្តអារាមនានា ជាពិសេសវត្តនៅតាមខេត្តដែលជាវត្តបុរាណប្រចាំតំបន់ គេរមែងឃើញ សាលាឆាន់សង់អំពីឈើ ឬ កុដិព្រះសង្ឃដែលមានម៉ូដដំបូលដូចក្នុងរូបភាពខាងលើ។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយភាគច្រើនទំនងជាមិនបានចាប់អារម្មណ៍ថារចនាបថដំបូលបែបនេះមានឈ្មោះថារចនាបថអ្វីឲ្យពិតប្រាកដក្នុងក្បួនខ្នាតស្ថាបត្យកម្មបុរាណខ្មែរ។ តោះ! ចូរយើងស្វែងយល់អំពីទម្រង់ ស្ថាបត្យកម្មប្រភេទនេះទាំងអស់គ្នាសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ២០១៨នេះ!
តាមការពិត រចនាបថដំបូលប្រភេទនេះជាប្រភេទមួយនៃប្រភេទលំនៅដ្ឋានបុរាណខ្មែរដែលមានចែងក្នុងឯកសារស្ថាបត្យកម្មជាតិជាយូរណាស់មកហើយ ហើយដែលត្រូវបានគេស្គាល់ថា «ដំបូលកិង»។ បើវាជា កុដិសម្រាប់ព្រះសង្ឃគង់ គេហៅថា កុដិកិង ប៉ុន្តែបើវាជាផ្ទះសម្រាប់គ្រហស្ថស្នាក់នៅ គេហៅថា ផ្ទះកិង។ តើ ពាក្យថា “កិង” មានន័យយ៉ាងដូចម្តេច? យោងតាមវចនានុក្រមខ្មែរ បោះពុម្ពលើកទី៥ (វិទ្យាស្ថានពុទ្ធសាសន បណ្ឌិត្យ ១៩៦៧ ទំ.២៧) «កិង» មានន័យថា ដំបូល ទូក ឬ ផ្ទះមានដំបូលពីរថ្នាក់: ទូកកិង, ផ្ទះកិង ។ ដោយ ឡែក បើតាមវចនានុក្រមខ្មែរ-បារាំងសែស (ហ្គេស៍ដុង ១៩៣០ ទំ.១៣១) ពាក្យថា «កិង» មានន័យថា «ទទឹង , ឆៀង» ហើយពាក្យថា «រោងកិងដាល» សំដៅលើ រោងថែវជាប់ព្រះរាជវាំង។
លក្ខណៈសម្គាល់នៃផ្ទះកិង ឬ កុដិកិង គឺ គេធ្វើមានដំបូលពីរថ្នាក់ ខាងក្រោមធ្វើជាពីរថ្នាក់ដែរ គេបាំង ជញ្ជាំងថ្នាក់លើ ថ្នាក់ក្រោមគេធ្វើបង្កាន់ដៃព័ទ្ធជុំវិញ។ ស្ថាបត្យកម្មដំបូលកិងនេះ ពួកឧបាសកមិនសូវធ្វើទេ ច្រើនតែធ្វើក្នុងវត្តសម្រាប់សង្ឃរាជហៅថា កុដិកិង (ការស្ថាបនាគ្រឹះស្ថាន ស្រី អ៊ូ ១៩៥៤) ។ រីឯលោក ហ្ស៊ក ហ្គ្រោស៍លីយ៉េរ៍ (Groslier) អ្នកស្រាវជ្រាវជនជាតិបារាំងដែលធ្លាប់ធ្វើការនៅប្រទេសកម្ពុជាកាលពីដើម សតវត្សរ៍ទី២០ បានអះអាងថា ដំបូលផ្ទះកិងមានប្រភពមកពីលំនាំស្ថាបត្យកម្មរបស់ប្រាសាទសម័យអង្គរ។ ដូចគ្នានឹងដំបូលកណ្តាលនៃប្រាសាទដែលជ្រែងដោយថែវនៅកៀនទាំងសងខាង ផ្ទះកិងមានសសរ កណ្តាល (សសរទ្រូង)ពីរជួរ និងមានឈ្នៀងតភ្ជាប់សងខាងដើម្បីសម្រាលទម្ងន់។
សព្វថ្ងៃ កុដិឈើដំបូលកិង សាលាឆាន់កិង និង ផ្ទះកិង ចេះតែបាត់បង់បន្តិចម្តងៗដោយសារទំនើប កម្មនៃវិស័យស្ថាបត្យកម្មនៅកម្ពុជា។ ប៉ុន្តែទោះបីជាយ៉ាងណាក៏គេនៅឃើញរចនាបថដំបូលកិងនៅតាម វត្តអារាមមួយចំនួន ដូចជា វត្តមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម វត្តអង្គរជ័យ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម វត្តពោធិព្រឹក្ស ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ វត្តអម្ពវ័ន ស្រុក ពារាំង ខេត្តព្រៃវែង និង វត្តបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាដើម៕
Article by SRIN SOKMEAN