បើកប្រាក់ខែមិនដែលសល់? សាកល្បងវិធីសន្សំប្រាក់ទាំងនេះធានាថាសល់លុយចាយពេញដៃ
FASHION & BEAUTY 5 years ago «បើកប្រាក់ខែមិនដែលសល់» នេះគឺជាពាក្យមួយឃ្លាដែលអ្នកធ្វើការមួយចំនួនរមែងត្អូញត្អែរនៅពេលឈានពាក់កណ្តាលខែ ឬចុងខែ ដែលវាបណ្តាលមកពីទម្លាប់អាក្រក់ធ្វើឡើងជារឿយៗដោយមិនដឹងខ្លួនដូចជា កំណត់ខ្ទង់ចំណាយមិនបានត្រឹមត្រូវ ចាយវាយតាមអារម្មណ៍ និងជ្រួលជ្រើមតាមសម្ភារនិយមជាដើម។ យ៉ាងណាមិញ ប្រសិនបើអ្នកសម្គាល់ឃើញថាខ្លួនបានបង្កើតនូវទម្លាប់ដែលរៀបរាប់ខាងលើនេះ អ្នកគួរតែដាក់ចិត្តដាក់កាយបញ្ឈប់វាចាប់ពីឥឡូវនេះ ហើយងាកមកជ្រើសរើសវិធីសាស្ត្រសន្សំលុយដូចខាងក្រោម ធានាថាអ្នកនឹងសល់ប្រាក់ចាយពេញដៃ ពិសេសឈប់និយាយពាក្យថា «បើកប្រាក់ខែមិនដែលសល់»ទៀតហើយ។
១. កំណត់ប្រាក់ដែលអ្នកគួរតែចាយប្រចាំថ្ងៃ៖
ការកំណត់ប្រាក់ដែលអ្នកត្រូវចាយនេះមិនមែនជាការគាបសង្កត់មិនឲ្យអ្នកចាយប្រាក់នោះទេ ប៉ុន្តែអ្នកគួរតែកំណត់ទិសដៅរបស់អ្នកក្នុងការចាយវាយដូចជា តើអ្នកគួរតែចាយប្រាក់មួយថ្ងៃប៉ុន្មាន? ម៉្យាងវិញទៀតអ្នកគួរតែកាត់បន្ថយនូវការចាយវាយទៅលើរបស់ណាដែលមិនចាំបាច់ ឬមានតម្លៃហួសពីសមត្ថភាពរបស់ខ្លួន។
២. ការរៀបចំកាលវិភាគ៖
មនុស្សភាគច្រើនបរាជ័យជាមួយវិធីសាស្ត្រនេះ ដោយសារតែគេមិនបានអនុវត្តទៅតាមកាលវិភាគដែលបានរៀបចំនោះទេ។ កាលវិភាគនេះអ្នកគួរបែងចែកតារាងដូចជា កាលវិភាគដែលអ្នកបានសន្សំប្រាក់ ចំនួនទឹកប្រាក់ ដើម្បីបញ្ជាក់ថាអ្នកពិតជាបានសន្សំប្រាក់ពិតមែន។ ប៉ុន្តែអ្នកមិនចាំបាច់យកតារាងកាលវិភាគ និងប្រាក់សន្សំទៅតាមខ្លួនទេ ព្រោះអ្នកអាចនឹងចាយវាយទាំងប្រាក់នោះ ដូច្នេះដើម្បីសន្សំប្រាក់បានអ្នកគួរតែរក្សារបស់អស់ទាំងនោះនៅកន្លែងដែលមានសុវត្ថិភាព។
៣. ការសន្សំប្រាក់ក្នុងកូនជ្រូក៖
អ្នកប្រហែលគិតថាវាជាវិធីសាស្ត្រមួយដ៏ចាស់គំរិល ប៉ុន្តែផ្ទុយទៅវិញវាបានជួយរក្សាទុកប្រាក់ចំណូលបន្តិចម្តងៗរហូតធ្វើឲ្យអ្នកសល់ប្រាក់ច្រើនដោយមិនដឹងខ្លួន។ ជារឿយៗ ការចំណាយរបស់អ្នកតែងច្រើនជាងប្រាក់ចំណូល ដូច្នេះនៅពេលដែលអ្នកមានប្រាក់គួរសម ឧទាហរណ៏អ្នកមានប្រាក់កម្រៃប្រមាណជា ៤០ម៉ឺនរៀលក្នុងមួយខែ អ្នកគួរតែឆ្លៀតយកមកសន្សំប្រចាំថ្ងៃនៅក្នុងកូនជ្រូកឲ្យបានមួយថ្ងៃ ៥០០០រៀល ព្យាយាមធ្វើបែបនេះរហូតដល់កូនជ្រូករបស់អ្នកគ្មានកន្លែងដែលនឹងដាក់ប្រាក់ចូល។ ជាលទ្ធផល អ្នកអាចសាកគុណទឹកប្រាក់មើលថាតើអ្នកនឹងសល់ប្រាក់ប៉ុន្មានក្នុងមួយឆ្នាំ? ដូចនេះអ្នកនឹងដឹងថា ការសន្សំប្រាក់សម័យបុរាណរបៀបនេះអាចជួយដោះស្រាយបញ្ហារបស់អ្នកបានមួយកម្រិតផងដែរដូចជា ដោះស្រាយនូវការចំណាយលើសេវាទឹកភ្លើង ទិញរបស់ដែលខ្លួនចង់បាន ទិញសម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗជាដើម។
៤. កាត់បន្ថយនូវការទិញសម្លៀកបំពាក់៖
ការទិញសម្លៀកបំពាក់ គឺជាការពេញនិយមបំផុតរបស់មិត្តៗនារី ប៉ុន្តែប្រសិនបើទិញហួសហេតុពេកក៏អាចមានផលវិបាកដែរ។ អ្នកគួរតែទិញសម្លៀកបំពាក់នៅរយៈពេល ២ខែម្តងឬលើសពីនេះទើបប្រសើរ ដែលវាអាចជួយដល់ការសន្សំប្រាក់ពី ៥០ ទៅ ៦០ ភាគរយនៃប្រាក់ចំណូលរបស់អ្នក។
ឃើញទេ ! គ្រាន់តែវិធីសាស្រ្តសាមញ្ញៗងាយៗទាំងនេះ ក៏អាចធ្វើឲ្យអ្នកសល់ប្រាក់សម្រាប់ទុកចាយវាយពេញដៃបាត់ទៅហើយ ហើយកត្តាដែលសំខាន់ទៀតនោះគួររៀបចំខ្ទង់ចំណាយឲ្យបានត្រឹមត្រូវ និងគួរចេះទប់ចិត្តទប់អារម្មណ៍ខ្លះ បើពុំដូច្នោះទេអ្នកនឹងគ្មានថ្ងៃសល់ប្រាក់ឡើងសូម្បីតែមួយរៀល៕
Article by PAN SIVLY