កាត់បន្ថយការប្រើប្រាស់ថ្នាំ ងាកមកសាកល្បងរូបមន្តឱសថបុរាណព្យាបាលអាការក្អកយ៉ាងមានប្រសិទ្ធភាព
TRAVEL & LIVING 6 years agoតាមធម្មតាអាការក្អកមិនបង្កជាបញ្ហាធ្ងន់ធ្ងរនោះទេ វាគ្រាន់តែជាអាការសាមញ្ញមួយដែលស្តាដង្ហើមធ្វើឲ្យបំពង់កស្រឡះពីស្លេស្ម ការរលាក និងរមាស់បំពង់កប៉ុណ្ណោះ។ អាការក្អក រមែងកើតមានឡើងទៅតាមស្ថានភាពផ្សេងៗគ្នាដូចជា ការប្រតិកម្មនឹងបរិយាកាសជុំវិញខ្លួន ការឆ្លងបាក់តេរី និងវីរុស តែទោះយ៉ាងណាប្រសិនបើអាការក្អកអូសបន្លាយរុំារ៉ៃរយៈពេលយូរ ហើយយើងមិនអើពើព្យាបាលវាអាចនឹងបង្កទៅជាជំងឺធ្ងន់ធ្ងរផងដែរ។ អាការក្អកជួនកាលអាចបណ្តាលឲ្យឈឺទ្រូង និងអស់កម្លាំង ពេលខ្លះទៀតក៏បង្កជាផលរំខានទៅកាន់មនុស្សជុំវិញខ្លួន ហើយនៅពេលមានអាការក្អកកើតឡើងមនុស្សភាគច្រើនចូលចិត្តធ្វើការព្យាបាលដោយប្រើប្រាស់ថ្នាំលេបឬស៊ីរ៉ូមក្អកដោយមិនបានពិភាក្សាត្រឹមត្រូវជាមួយគ្រូពេទ្យជំនាញ។ អ្នកជំនាញផ្នែកសុខភាពបានលើកឡើងដែរថា ការប្រើប្រាស់ថ្នាំព្យាបាលអាការក្អកមិនត្រឹមតែជាការចំណាយខ្ជះខ្ជាយប៉ុណ្ណោះទេ ប៉ុន្តែពេលខ្លះថែមទាំងមិនទទួលបានប្រសិទ្ធភាពអ្វីមួយមកវិញផងដែរ ពិសេសថ្នាំគឺជាអាវុធមុខពីរដែលអាចផ្តល់ផលអាក្រក់ចំពោះសុខភាពទៅថ្ងៃក្រោយ។ ដូចនេះដើម្បីកាត់បន្ថយការព្យាបាលអាការក្អកដោយប្រើប្រាស់ថ្នាំ សូវរីន សូមលើកយកនូវវិធីព្យាបាលអាការក្អកតាមបែបធម្មជាតិដែលធានាបានទាំងសុវត្ថិភាព និងប្រសិទ្ធភាពជាទីគាប់ចិត្ត។
• ទឹកឃ្មុំ
ទឹកឃ្មុំ ត្រូវបានគេចាត់ទុកជាឱសថធម្មជាតិដ៏ស័ក្តិសិទ្ធិដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមរួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើនលើសលុបដែលមានអត្ថប្រយោជន៍ចំពោះសុខភាព ពិសេសគ្មានជាតិកាឡូរី ១០០ភាគរយ។ ជាមួយគ្នានេះ យើងក៏អាចប្រើទឹកឃ្មុំធ្វើជារូបមន្តព្យាបាលអាការក្អក ដោយគ្រាន់តែយកទឹកឃ្មុំ ២ស្លាបព្រាកាហ្វេដាក់ចូលទៅក្នុងតែជីរអង្កាមឬទឹកក្តៅ និងបន្ថែមដោយក្រូចឆ្មារមួយឬពីរចំណិត បន្ទាប់មកធ្វើការក្រេបបន្តិចម្តងៗជាការស្រេច។ ការពិតណាស់ ទឹកឃ្មុំមានប្រសិទ្ធភាពធ្វើឲ្យអាការក្អកធូរស្រាលខណៈក្រូចឆ្មារជួយជំរុញកំណកដែលជាប់ទៅនឹងភ្នាសបំពង់ក។ សម្រាប់អ្នកមិនចង់សាំញាំច្រើន អ្នកអាចធ្វើការទទួលទានទឹកឃ្មុំសុទ្ធមួយស្លាបព្រាកាហ្វេឬយកមកបរិភោគជាមួយអាហារផ្សេងៗក៏បាន។
• ម្នាស់
ស្ទើរមិនគួរឲ្យជឿទេថាម្នាស់ក៏ជាឱសថធម្មជាតិមួយទៀតអាចព្យាបាលអាការក្អកផងដែរ ជាក់ស្តែងតាមការស្រាវជ្រាវរបស់អ្នកជំនាញ អង់ស៊ីមដែលផ្ទុកនៅក្នុងផ្លែម្នាស់មានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់អាការក្អក និងជម្រុះស្លេស្មចេញពីបំពង់កបានយ៉ាងឆាប់រហ័ស។ លើសពីនេះវាអាចជួយសម្រួលដល់ការរលាកភ្នាសរន្ធឆ្អឹង និងការប្រតិកម្មផ្សេងៗដែលជាករណីបង្កឲ្យមានអាការក្អក និងស្លេស្មនៅបំពង់ក។ ដូចនេះដើម្បីទទួលបានប្រសិទ្ធភាពពីផ្លែម្នាស់យើងគ្រាន់តែញុំាម្នាស់ត្រឹមតែពីរទៅបីចំណិតក្នុងមួយថ្ងៃឬផឹកទឹកម្នាស់ស្រស់មួយកូនកែវបីដងក្នុងមួយថ្ងៃ។ ការទទួលទានផ្លែម្នាស់ក៏ផ្តល់ប្រយោជន៍ជួយសម្រួលការហើមរលាកនៅក្នុងរាងកាយផងដែរ។
• ជីរអង្កាម
ជីរអង្កាមត្រូវបានគេស្គាល់ថាជាឱសថបុរាណកែរោគបានច្រើនមុខ ដែលយើងអាចយកមកទទួលទានបានច្រើនបែបផ្សេងៗគ្នាមិនថាការធ្វើជាភេសជ្ជៈឬម្ហូបអាហារឡើយ។ ពិតប្រាកដណាស់ សម្រាប់ការព្យាបាលអាការក្អក ជាតិម៉ុងតុលច្រើនសន្ធឹកនៅក្នុងស្លឹកជីរអង្កាមមានប្រសិទ្ធភាពជួយសម្រួលបំពង់កឲ្យស្រឡះល្អ និងមានតួនាទីក្នុងការបំបាត់អាការតឹងច្រមុះ ក៏ដូចជាបំបែកស្លេស្មនៅនឹងបំពង់កផងដែរ។ ចំពោះរូបមន្តប្រើប្រាស់ជីរអង្កាមព្យាបាលអាការក្អក យើងអាចផឹកតែជីរអង្កាមក្តៅៗជាប្រចាំនៅពេលទទួលទានអាហារ ឬធ្វើការស្ទីមជាមួយទឹកជីរអង្កាមដោយដាក់ជីរអង្កាមក្នុងទឹកក្តៅហើយធ្វើការដកដង្ហើមចូលវែងៗដើម្បីស្រូបយកចំហាយទឹកចេញពីទឹកក្តៅនោះ។ ក្នុងករណីគ្មានជីរអង្កាមស្រស់យើងអាចជំនួសមកប្រើប្រេងជីរអង្កាមធម្មជាតិដោយដាក់ចូលក្នុងទឹកក្តៅ ២ទៅ៣តំណក់។
• ម្រេច និងទឹកឃ្មុំ
សម្រាប់អ្នកក្អកសើម អាចសាកល្បងជាមួយរូបមន្តម្រេចខ្មៅ និងទឹកឃ្មុំ ដែលធានាថានឹងទទួលបានប្រសិទ្ធភាពតាំងពីប្រើលើកដំបូង ដោយសារតែម្រេចនឹងជួយរំញោចទៅដល់ចលនាឈាមរត់ និងលំហូរនៃស្លេស្ម រីឯទឹកឃ្មុំសម្រួលទៅដល់អាការក្អកដូចដែលបានរៀបរាប់នៅខាងលើ។ អនុវត្តយកម្រេចខ្មៅមួយស្លាបព្រាកាហ្វេ និងទឹកឃ្មុំពីរស្លាបព្រាកាហ្វេដាក់ចូលក្នុងទឹកក្តៅដោយទុករយៈពេល ១៥នាទី បន្ទាប់មកត្រងយកតែទឹកហើយធ្វើការក្រេបបន្តិចម្តងៗរហូតមានអារម្មណ៍ស្រឡះក។
• ខ្ញី
ខ្ញីបានលាក់កំបាំងនូវគុណប្រយោជន៍ជាច្រើនចំពោះសុខភាព ប៉ុន្តែភាគច្រើនវាមានប្រសិទ្ធភាព និងពេញនិយមប្រើប្រាស់បំផុតពីសំណាក់អ្នកកើតជំងឺផ្តាសាយ ដោយសារតែវាជួយបំបាត់អាការតឹងច្រមុះ និងធ្វើឲ្យអាការធីងធោងឈឺក្បាលនៃជំងឺផ្តាសាយប្រសើរឡើងវិញ ពិសេសក្នុងនោះក៏ជួយបំបាត់អាការក្អកទៀតផង។ ដើម្បីទទួលបានអត្ថប្រយោជន៍ពីខ្ញី អនុវត្តធ្វើតែខ្ញីដោយយកចំណិតខ្ញីស្រស់ចំនួន ១២ចំណិតដាក់ចូលទៅក្នុងប៉ាន់ទឹកក្តៅ បន្ទាប់មកទុកចោលរយៈពេល ២០នាទី រួចចាក់ដាក់កែវដោយបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារមួយស្លាបព្រាកាហ្វេហើយចាប់ផ្តើមក្រេបបន្តិចម្តងៗរហូតអស់ពីកែវ។ ប្រសិនបើមានអារម្មណ៍តែខ្ញីនេះរាងហឹរខ្លាំង អាចបន្ថែមទឹកក្តៅចូលជាការស្រេច។
• ផឹកទឹកច្រើន
មិនថាការផឹកទឹកធម្មតាឬទឹកតែ ប្រសិនបើផឹកច្រើនកាលណាវាក៏នឹងចូលរួមជាចំណែកមួយជួយសម្រួលអាការក្អកកាលនោះដែរ។ ជាតិទឹកនឹងជម្រុះស្លេស្មចេញពីបំពង់ក និងធ្វើឲ្យភ្នាសកមានសំណើម ដែលជួយឲ្យអាការក្អកថមថយបានមួយកម្រិតធំ។ ដូច្នេះចូរផឹកទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ឬលើសពីពីរលីត្រកាន់តែប្រសើរ ដែលទឹកមិនត្រឹមតែជួយដល់សុខភាពរាងកាយប៉ុណ្ណោះទេ តែថែមទាំងជួយឲ្យស្មារតីល្អប្រសើរ រួមទាំងសម្រស់ស្បែកភ្លឺថ្លាមានសំណើមក្មេងជាងវ័យ។
• ស្ទីម
សម្រាប់អ្នកមានពេលច្រើនអាចចេញទៅស្ទីមផ្ទាល់នៅកន្លែងស្ប៉ានានាដែលនៅជិតផ្ទះរបស់លោកអ្នក ប៉ុន្តែការស្ទីមកំឡុងពេលក្អកអាចឆ្លងមេរោគពីមនុស្សដែលកំពុងស្ទីមនៅក្នុងបន្ទប់តែមួយបានយ៉ាងងាយ។ យល់ល្អគួរធ្វើការស្ទីមនៅផ្ទះដោយខ្លួនឯង ដោយអនុវត្តនៅក្នុងបន្ទប់ទឹកជាមួយការបើកទឹកក្តៅពីផ្កាឈូកបង្ហូរចោល ហើយធ្វើការដកដង្ហើមចូលវែងៗដើម្បីស្រូបយកចំហាយទឹកពីទឹកក្តៅនោះ។ ការស្រូបចំហាយទឹកស្ទីមនឹងធ្វើឲ្យការតឹងច្រមុះធូរស្បើយ រីឯស្លេស្មនឹងរលាយចេញពីបំពង់កដែលធ្វើឲ្យអាការក្អកធូរស្បើយឡើង។
• ទឹកអំបិល
ខណៈរូបមន្តផ្សេងៗខាងលើបានជួយព្យាបាលទៅដល់អាការក្អក ជាមួយគ្នានេះដែរការខ្ពុរទឹកអំបិលក៏ជាផ្នែកមួយជួយសម្រួលទៅដល់អាការរមាស់បំពង់កដែលជាករណីធ្វើឲ្យក្អកផងដែរ។ សម្រាប់ការធ្វើទឹកខ្ពុរមាត់ យើងអាចយកអំបិលមួយស្លាបព្រាកាហ្វេដាក់ចូលក្នុងទឹកមួយកែវ បន្ទាប់មកកូរឲ្យរលាយហើយធ្វើការខ្ពុរឲ្យដល់បំពង់កពីរទៅបីដង និងអនុវត្ត២ដងក្នុងមួយថ្ងៃ។ ការខ្ពុរទឹកប្រៃនេះជៀសវាងប្រើប្រាស់ចំពោះក្មេងក្រោមអាយុ ៦ឆ្នាំ ពិសេសចំពោះក្មេងដែលមិនទាន់ចេះខ្ពុរមាត់។
ក្រោយពីបានជ្រាបអំពីការព្យាបាលអាការក្អកតាមបែបធម្មជាតិ ជាចុងក្រោយ សូវរីន ក៏សូមបង្ហើបអំពីការការពារខ្លួនដើម្បីកុំឲ្យអាការក្អកកើតឡើងផងដែរ ក្នុងនោះអ្នកគួរគប្បីប្រតិបត្តិចំណុចសំខាន់មួយចំនួនដូចជា ការចាក់វ៉ាក់សាំងជំងឺផ្តាសាយ ស្ថិតនៅឆ្ងាយពីអ្នកមានជំងឺ ប្រសិនបើក្អកឬកណ្តាស់ត្រូវពាក់ម៉ាស់ឬមានកន្សែងទប់ ផឹកទឹកឲ្យបានច្រើន តែងតែសម្អាតរាល់សម្ភារប្រើប្រាស់ និងលាងសម្អាតដៃឲ្យបានស្អាតជាប្រចាំ ពិសេសនៅក្រោយពេលក្អក ពេលបរិភោគអាហារ ពេលចេញពីបន្ទប់ទឹក ឬប៉ះពាល់អ្នកជំងឺណាម្នាក់ជាដើម។ លើសពីនេះត្រូវជៀសឲ្យឆ្ងាយពីអ្វីមួយដែលអ្នកងាយប្រតិកម្ម មិនថាអាហារ សត្វ ឬបរិស្ថានណាមួយឡើយ។ យ៉ាងណាមិញ ថ្វីដ្បិតវិធីសាស្ត្រព្យាបាលបែបធម្មជាតិខាងលើបានជួយសម្រួលទៅដល់អាការក្អកយ៉ាងណាក្តី ប៉ុន្តែអ្នកចាំបាច់ប្រញាប់ទៅជួបគ្រូពេទ្យនៅពេលសម្គាល់ឃើញអាការមិនប្រក្រតីកើតឡើងដូចជា កំដៅខ្លួនឡើងលើស ៣៨អង្សា ស្បែកលើរាងកាយស្ងួត ព្រឺរងា មានអារម្មណ៍មិនស្រួលក្នុងខ្លួន ថាមពលចុះខ្សោយ និងការក្អកមានក្លិនមិនល្អ ហើយស្លេស្មឡើងខាប់មានពណ៌លឿង និងពណ៌បៃតង៕
Article by HEM SOKKHIM