តស៊ូ ជាស្លាកសញ្ញាសម្លៀកបំពាក់ដែលបង្កប់ទៅដោយរសនិយមយ៉ាងទាន់សម័យ
FASHION & BEAUTY 5 years agoស្ថិតនៅក្នុងផ្ទះល្វែងមួយកន្លែងលើផ្លូវកែងលេខ ៧៧ និងលេខ ៣៣ នៅក្នុងភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ស្ត្រីប្រមាណជា ២០នាក់កំពុងតែលាក់ខ្លួននៅពីក្រោយជញ្ជាំងហាងលក់សម្លៀកបំពាក់តូចមួយ ដោយរួមដៃគ្នាមមាញឹកជាមួយសកម្មភាពការងារយ៉ាងសកម្ម ខ្លះដៃកាន់កន្ត្រៃកាត់អូសហូតក្រណាត់តាមពុម្ព ខ្លះញាប់ដៃញាប់ជើងនឹងម៉ាស៊ីនដេរ រីឯខ្លះទៀតក៏កំពុងតែត្រួតពិនិត្យគុណភាពសមិទ្ធផលសម្រេចដើម្បីត្រៀមទុកតាមការកុម្មង់ក៏ដូចជាដាក់តាំងលក់នៅក្នុងហាង។ ភាពអ៊ូអរនៃការងារទាំងនេះគឺជាសង្វាក់ផលិតកម្មនៃការផលិតសម្លៀកបំពាក់ម៉ាក «តស៊ូ» ដែលជាម៉ាកសម្លៀកបំពាក់របស់ខ្មែរបង្កើតឡើងដោយសហស្ថាបនិកពីររូបជាជនជាតិខ្មែរអ្នកនាង ម៉ូវ គន្ធា និងស្ត្រីជនជាតិអូស្ត្រាលី Hanna Guy ហើយបច្ចុប្បន្នម៉ាកតស៊ូក៏កំពុងតែសុសសាយប្រជាប្រិយភាពមានទីផ្សារខ្លាំងជាមួយនឹងភ្ញៀវបរទេស។
Hanna Guy គឺជាអ្នកគ្រប់គ្រងទូទៅលើប្រព័ន្ធផ្សព្វផ្សាយ និងចែកចាយការលក់ទាំងក្នុងនិងក្រៅប្រទេស រីឯអ្នកនាង ម៉ូវ គន្ធា ជាអ្នកច្នៃម៉ូដ គ្រប់គ្រងសង្វាក់ផលិតកម្ម រួមទាំងស្វែងរកវត្ថុធាតុដើមមកផលិតផងដែរ។ អ្នកទាំងពីរបានរួមដៃគ្នាបង្កើតម៉ាកតស៊ូតាំងពីឆ្នាំ២០០៨ ដោយបោះទុនទទួលបានប្រាក់កម្ចីជាមួយនឹងទឹកប្រាក់ត្រឹមតែ ២០០ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ផ្អែកតាមការរីកធំធាត់អាជីវកម្មមុនក្លាយជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ផ្លូវការ ស្ថាបនិក ម៉ូវ គន្ធា ក៏បានបង្កើបពីដើមចមនៃការបង្កើតអាជីវកម្ម ក៏ដូចជាម៉ាកផលិតផល «តស៊ូ» នេះឡើងដែរថា ក្រោយរៀបការជាមួយស្វាមីរស់នៅខេត្តកំពត អ្នកនាង គន្ធា បានលាឈប់ពីអាជីពជាកម្មការិនីកាត់ដេររោងចក្រនៅស្រុកកំណើតខេត្តតាកែវ ដោយផ្លាស់មកកសាងជីវិតគ្រួសារជាមួយស្វាមីដែលកំពុងបម្រើការងារនៅឯភោជនីយដ្ឋានមួយក្នុងខេត្តកំពត។ គ្រានោះដែរខណៈកត្តាកង្វះជីវភាពផ្គត់ផ្គង់កូនមួយក្នុងបន្ទុកគ្រួសារផង និងតម្រូវការប្រចាំថ្ងៃផង បានជំរុញឲ្យអ្នកនាងគន្ធារមែងទទូចស្វាមីឲ្យជួយស្វែងរកការងារធ្វើ លុះចៃដន់ស្វាមីជម្រាបដល់ម្ចាស់ភោជនីយដ្ឋាន ចៅហ្វាយរបស់លោកក៏ណែនាំលោកនិងភរិយាឲ្យស្គាល់មិត្តភក្តិស្ត្រីជនជាតិអូស្ត្រាលី(Hanna)ម្នាក់ដែលធ្វើការនៅសាលាអង្គការ ហើយក៏បានស្គាល់គ្នាចាប់ផ្តើមការងារនៅពេលនោះ។ ដោយមើលឃើញថា គន្ធាជាអតីតកម្មការិនីរោងចក្រមានជំនាញកាត់ដេរស្រាប់ និងមានម៉ាស៊ីនដេរផ្ទាល់ខ្លួននៅឯផ្ទះជួលផងនោះ Hanna ក៏ផ្តល់ការងារជាការដេរកាបូប និងសម្លៀកបំពាក់ធ្វើម៉ូដតាមលំនាំគេដាក់លក់នៅក្នុងភោជនីយដ្ឋាន។ ចិញ្ចឹមចិត្តចម្អែតក្រពះតាមរយៈការងារនៅផ្ទះជាមួយម៉ាស៊ីនដេររៀងរាល់ថ្ងៃ ក្នុងរយៈពេលដ៏ខ្លី៣ទៅ៤ខែផលិតផលរបស់គន្ធាហាក់ទទួលបានការគាំទ្រកាន់តែច្រើន ឃើញដូចនេះ Hanna មិនបង្អង់យូរក៏ចាប់ផ្តើមរៀនជំនាញដេរពីគន្ធាហើយក៏រួមគំនិតគ្នាខ្ចីលុយពីអង្គការចំនួន ២០០ដុល្លារមកធ្វើទុនបង្កើតម៉ាកផលិតផលរបស់ខ្លួន ព្រមជាមួយគោលបំណងរកចំណូលខ្លះជួយដល់សាលារៀនផងដែរ។
ដូចបានរៀបរាប់ខាងលើ «តស៊ូ» ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៨ បើតាមយោងតាមបងស្រីគន្ធាបានឲ្យដឹងទៀតថា «ដំបូងឡើយខ្ញុំមិនគិតថាបង្កើតជាអាជីវកម្មអ្វីធំដុំនោះទេ គិតត្រឹមថាដេរសម្លៀកបំពាក់តាមការកុម្មង់របស់ភ្ញៀវដូចកន្លែងកាត់ដេរទូទៅប៉ុណ្ណោះ ព្រោះយើងគ្មានវត្ថុធាតុដើមច្បាស់លាស់ប្រើតែក្រណាត់រាយរងទិញនៅតាមទីផ្សារ ប៉ុន្តែលុះ៣ឆ្នាំក្រោយមកយើងក៏បានរកឃើញប្រភពក្រណាត់សល់ពីរោងចក្រនៅទីក្រុងភ្នំពេញយ៉ាងច្រើនអនែក ហើយក៏ចាប់ផ្តើមផ្លាស់ប្តូរមកបញ្ជាទិញពីរោងចក្រកាត់ដេរធ្វើជាម៉ាកសម្លៀកបំពាក់ រួចបង្កើតហាងដាក់លក់ និងលក់នៅលើបណ្តាញសង្គមក៏ដូចជាវេបសាយមកដល់សព្វថ្ងៃ»។ ហេតុអ្វីបានជាដាក់ឈ្មោះម៉ាកផលិតផលថា «តស៊ូ» ? ញញឹមបន្ថិច ស្ថាបនិកសម្បុរស្រអែមរូបនេះបានលើកឡើងថា «អាចក៏ព្រោះតែការតស៊ូព្យាយាមតាំងពីពេលគ្មានទុនរហូតបានខ្ចីទុនបង្កើតជាកន្លែងកាត់ដេរតូចមួយនេះឯង ទើបខ្ញុំ និង Hanna ដាក់ម៉ាកផលិតផលឈ្មោះថា តស៊ូ នេះឡើង (...សើច)»។ យ៉ាងណាមិញ នៅក្រោយភាពរីកចម្រើននៃអាជីវកម្មស្ថាបនិកសម្លៀកបំពាក់ម៉ាក តស៊ូ ក៏បានជួបនូវផលវិបាកជាច្រើនទម្រាំសម្រាំងចេញជាផលិតផលប្រកបដោយគុណភាពខ្ពស់ផងដែរ ជាក់ស្តែង ក្នុងនោះមានដូចជា កង្វះប្រភពក្រណាត់តម្រូវតាមការកុម្មង់របស់អតិថិជន ស្វែងយល់ពីការប្រើប្រាស់ថ្នេរ ពិសេសជួបបញ្ហជ្រើសរើសក្រណាត់ប៉ះចំគុណភាពអន់ដែលពេលបោកទឹករួចបណ្តាលឲ្យរួញ បាត់សម្រុង និងរីកទំហំជាដើម។
ឃើញថាផលិតផលម៉ាក តស៊ូ បានផ្តោតប្រើប្រាស់ធនធានទៅលើប្រភេទក្រណាត់គូតុង ឬយើងហៅថាក្រណាត់យឺត មានសម្លៀកបំពាក់សម្រាប់បុរសនារីវ័យចាប់ពី ២០ឆ្នាំ ដល់ ៦០ឆ្នាំ ក្នុងនោះមានផលិតផលដូចជាកាបូបយួរស្មា អាវយឺត អាវវៀលក្លៀក រ៉ូប និងក្រណាត់សេសសល់កាត់ធ្វើជាខោក្នុងផងដែរ។ សាមញ្ញងាយស្រួល ប៉ុន្តែទាន់សម័យបានគ្រប់ជំនាន់មិនចេះជិនណាយ គឺជាស្ទីលរបស់ តស៊ូ ជាក់ស្តែងពីម៉ូដមួយទៅម៉ូដមួយសង្កេតឃើញថាថ្វីដ្បិតមើលទៅម៉ូដបែបលាតៗសាមញ្ញនិយមប៉ុន្តែបង្កប់នូវភាពស្រស់ស្អាតស៊ីវិល័យទាក់ទាញមិនធម្មតាឡើយ។ ចំពោះការចេញម៉ូដនេះដែរ តស៊ូ រមែងបញ្ចេញខូឡិកហ្សិនថ្មីរៀងរាល់ ៨សប្តាហ៍ម្តង ដោយមានការចូលរួមច្នៃម៉ូដជាក្រុម និងសម្រេចចុងក្រោយដោយបងស្រីគន្ធាផ្ទាល់។ ដោយសារ ផលិតផលមានគុណភាពខ្ពស់ជាមួយប្រភេទសាច់ក្រណាត់ល្អ ម៉ូដស្រស់ស្អាត និងថ្នេរស្មើមាំល្អ សម្លៀកបំពាក់ម៉ាក តស៊ូ មានការចាប់អារម្មណ៍បញ្ជាទិញយ៉ាងច្រើនមិនថានៅហាងលក់ ឬតាមអនឡានឡើយ ដែលសំខាន់សុទ្ធសឹងជាភ្ញៀវបរទេស។ លើសពីនេះតស៊ូក៏មានស្តុកសម្រាប់ចែកចាយនៅឯប្រទេសអូស្ត្រាលីផងដែរ។ បុគ្គលិកក្រុមកាត់ ក្រុមដេរ ក្រុមត្រួតពិនិត្យគុណភាព និងក្រុមលក់ សរុបគ្នាប្រមាណ២០នាក់សុទ្ធតែជាស្ត្រី ក្នុងមួយខែៗតស៊ូអាចផលិតសម្លៀកបំពាក់បានយ៉ាងតិច ២០០០ អាវ និងលក់បានមិនតិចជាង ១៥០០អាវឡើងនេះគឺជាចំនួនអតិបរមាមួយដែលឆ្លុះបញ្ចាំងឲ្យឃើញពីសក្តានុពលនៃការរីកចម្រើនរបស់តស៊ូដែលកើតចេញពីម៉ាស៊ីនដេរមួយក្នុងបន្ទប់ជួលរហូតដល់បើកជាអាជីវកម្មក្រុមហ៊ុនម៉ាកសម្លៀកបំពាក់ផ្លូវការក្រោមស្លាកសញ្ញា MOV KUNTHEA HANNA GUY GENERAL PARTNERSHIP ក្នុងរយៈពេលជាង១០ឆ្នាំនេះ។
បច្ចុប្បន្ន កន្លែងផលិត និងហាងលក់ របស់តស៊ូ មានទីតាំងដូចបានជម្រាបនៅខាងដើម ចំណែកតម្លៃសម្លៀកបំពាក់គឺចាប់ពី ១០ដុល្លារដល់ ២៥ដុល្លារ ដូច្នេះសម្រាប់អ្នកមានបំណងចង់ជាវអាចឆ្ពោះទៅដល់កន្លែងផលិតផ្ទាល់ឬក៏បញ្ជាទិញតាមរយៈវេបសាយ www.dorsu.org ។ ជាចុងក្រោយ សហស្ថាបនិក ម៉ូវ គន្ធា ក៏បានបង្ហើបពីគោលបំណងទៅថ្ងៃអនាគតផងដែរ «ខ្ញុំចង់មានកន្លែងផ្ទាល់ខ្លួនមួយមានទីធ្លាធំអាចដាំដើមឈើជុំវិញផ្តល់បរិស្ថានល្អដល់បុគ្គលិក ពិសេសមានកន្លែងសម្រាប់មើលក្មេងៗដើម្បីផ្តល់ភាពងាយស្រួលដល់ដល់បុគ្គលិកស្រីៗមកធ្វើការនៅទីនេះ៕
Article by HEM SOKKHIM