សាកផ្លាស់ប្តូរទម្លាប់នៃការហាត់ប្រាណដ៏សាមញ្ញ ជាមួយនឹងរបៀបហាត់ប្រាណហោះហើរលើអាកាសវិញម្ដង
TRAVEL & LIVING 5 years ago ការលេងកីឡា ឬរបៀបនៃការហាត់ប្រាណជាច្រើនប្រភេទតែងធ្វើឲ្យអ្នកមានសុខភាពល្អ និងចៀសពីជំងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។ អ្នកដែលធ្វើលំហាត់ប្រាណជាប្រចាំ គេតែងស្វែងរកនូវវិធីសាស្ត្រនៃការធ្វើលំហាត់ប្រាណថ្មីៗ ក៏ដូចជាប្រភេទកីឡាមួយចំនួនដែលមានការពេញនិយមខ្លាំងក្នុងប៉ែកអឺរ៉ុប ឬអាស៊ីជាដើម។ ដូច្នេះថ្ងៃនេះ សូវរីន សូមបង្ហាញជូនប្រិយមិត្តអ្នកអានទាំងឡាយនូវប្រភេទកីឡាម៉្យាងដែលធ្វើឲ្យរាងកាយរបស់អ្នកមានភាពរឹងមាំ ថែមទាំងអាចកម្សាន្តដល់ចិត្តរបស់អ្នកឲ្យចាកឆ្ងាយពីភាពតប់ប្រមល់បានមួយផ្នែកទៀតផង។
កីឡា Aerial Hammock ឬកីឡាលើអាកាស ត្រូវបានគេដឹងថាជាប្រភេទកីឡាដែលមានប្រភពដើមចេញពីការសម្តែងសៀកដ៏ល្បីមួយក្នុងកំឡុងឆ្នាំ១៩៥៩នៃប្រទេសបារាំង ហើយបានប្រែក្លាយជាកីឡាដ៏ប្លែកភ្នែកមួយបែបនៃប៉ែកអឺរ៉ុប ហើយបន្តជះឥទ្ធិពលដល់តំបន់អាស៊ីតាមបណ្តាប្រទេសមួយចំនួនដូចជា៖ ប្រទេសម៉ាឡេស៊ី ទីក្រុងហុងកុង ប្រទេសតៃវ៉ាន់ ប្រទេសចិន និងប្រទេសថៃនាបច្ចុប្បន្ន។ ជាក់ស្តែង នៅក្នុងកំលុងឆ្នាំ២០១៨ កីឡានេះត្រូវបាននាំចូលក្នុងប្រទេសកម្ពុជាដោយ កញ្ញា សេង បុប្ផា ដែលជាស្ថាបនិក និងគ្រូបង្ហាត់បង្រៀនកីឡា នៃក្លឹបហាត់ប្រាណ ប៊ី ហ្វ្លាយ ស្ទូឌីយោ (B Fly Studio) បានឲ្យដឹងផងដែរថា ការហាត់កីឡាលើអាកាសប្រៀបបានទៅនឹងការហ្វឹកហាត់រាងកាយឲ្យមានភាពទន់ភ្លន់ដែលផ្សារភ្ជាប់ទៅនឹងសិល្បៈផងដែរ។
កញ្ញា សេង បុប្ផា
តាមរយៈការលើកឡើងរបស់កញ្ញា បុប្ផា បានឲ្យដឹងថា «មុននឹងយើងចាប់ផ្តើមហាត់នោះយើងត្រូវការកម្ដៅសាច់ដុំប្រមាណជា៣០នាទីសិន ដើម្បីឲ្យរាងកាយមានភាពសុំាបន្តិចទើបយើងចាប់ផ្តើមនូវជំហាននៃកីឡាលើអាកាសនេះ ប្រសិនបើមិនមានការកម្ដៅសាច់ដុំទេ ហើយចាប់ផ្តើមហាត់កីឡានេះតែម្តងនោះវានឹងធ្វើឲ្យរាងកាយមានការឈឺចាប់ជាក់ជាមិនខាន។» ជាមួយគ្នានេះដែរ មនុស្សមួយចំនួនមានការភ័ន្តច្រឡំចំពោះកីឡានេះ ទៅនឹងការហាត់យូហ្គានេះក៏ព្រោះតែការអនុវត្តន៍នៃកីឡាទាំងពីរនេះមានភាពស្រដៀងគ្នាទាំងការពុតខ្លួននឹងរបៀបសម្រាលខ្លួន។
យ៉ាងណាមិញ កញ្ញា បុប្ផា ក៏បានបញ្ជាក់អំពីលក្ខណៈមួយចំនួនឲ្យបានដឹងផងដែរថា ការហាត់កីឡាលើអាកាសអាចពង្រឹងនូវភាពរឹងមាំនៃរាងកាយបានច្រើនជាងការហាត់យូហ្គា ក៏ព្រោះតែមនុស្សភាគច្រើនដែលហាត់យូហ្គា ដើម្បីធ្វើឲ្យដងខ្លួនមានរាងស្រស់ស្អាតតែប៉ុណ្ណោះ។ ដោយឡែក ការហាត់កីឡាលើអាកាសបានផ្តល់នូវទម្រង់សិល្បៈនៃការបត់បែនដងខ្លួនឲ្យដូចជាអ្នករបាំអាជីព រាងកាយមានភាពមាំមួន និងអាចជាកីឡាកម្សាន្តចិត្តសម្រាប់អ្នកហ្វឹកហាត់ ដោយពឹងផ្អែកទៅលើខ្សែអង្រឹង អាចទប់ទល់នឹងទម្ងន់មនុស្សបានរហូតទៅដល់ ៩០០គីឡូក្រាមឯណោះ។
ការថែរក្សាសម្រស់ និងសុខភាព គឺជាកត្តាដែលសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ហេតុដូចនេះ អ្នកគួរតែចំណាយពេលប្រមាណជា៣០នាទីជារៀងរាល់ថ្ងៃ សម្រាប់ធ្វើលំហាត់ប្រាណ ដើម្បីបញ្ចៀសនឹងជំងឺកាចសាហាវទាំងឡាយ ហើយការធ្វើលំហាត់ប្រាណនេះក៏ជាផ្នែកមួយដែលអាចបង្កើនសម្រស់ឲ្យក្មេងជាងវ័យថែមទៀតផង៕
Article by PAN SIVLY