×

អត្ថប្រយោជន៍លើសលុបនៃប្រេងល្ងដែលយើងគ្រប់គ្នាមិនធ្លាប់គិតដល់

TRAVEL & LIVING 9 months ago

          ក្នុង​ចំណោម​ប្រភេទ​ប្រេង​ដែល​បាន​ចម្រាញ់​ចេញ​ពី​គ្រាប់​ធញ្ញជាតិ​ ឬបន្លែ​ដូចជា៖​ ប្រេងអូលីវ ប្រេងដូង ប្រេងផ្កាឈូករ័ត្ន ឬប្រេងផ្លែប័រជាដើម សុទ្ធសឹង​តែ​ជា​ប្រភេទ​ប្រេង​ដែល​មនុស្ស​ជា​ច្រើន​និយម​ប្រើប្រាស់​ក្នុង​ការ​ចម្អិនម្ហូប​ និង​យក​មក​ថែរក្សា​សម្រស់​ ព្រោះ​ប្រេង​ទាំង​នោះ​ពិត​ជា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​។ ដោយឡែក ប្រេងល្ង ដែល​ប្រជាជន​ខ្មែរ​យើង​ទូទៅ​មិន​សូវ​និយម​ប្រើប្រាស់​ក៏​ជា​ប្រភេទ​ប្រេង​ធម្មជាតិ​ដែល​មាន​សារៈ​សំខាន់​ និង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​មិនខុស​ពី​ប្រភេទ​ប្រេង​ទាំង​នោះឡើយ​។ ហេតុដូច​នេះ​ ដើម្បី​ជា​ការ​ចែករំលែក​ចំណេះ​ដឹង​បន្ថែម​ សូវរីន សូម​បង្ហាញ​លម្អិត​នូវអ​ត្ថប្រយោជន៍​នៃ​ប្រេងល្ង​ដែល​លោក​អ្នក​នឹក​ស្មាន​មិនដល់​។

១. ថែទាំសុខភាពស្បែក :ប្រេងល្ង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ថែរក្សា​សុខភាព​ស្បែក​ឲ្យ​ភ្លឺ​ស្រស់ថ្លា​ក្មេង​ជាងវ័យ​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ប្រេងល្ង​ផ្ទុក​នូវ​បាក់​តេរី​ល្អ​ដែល​ជួយ​ជម្រុះ​នូវ​កោសិកា​ចាស់ៗ​ រួច​បណ្តុះ​នូវ​កោសិកា​ថ្មី​ជា​ច្រើន​ព្រម​ទាំង​ធ្វើ​ឲ្យស្បែក​មាន​សំណើម​ និង​ទន់​រលោង​ថែម​ទៀតផង​។ បន្ថែម​ពី​នេះ​ទៅទៀត​ ប្រេងល្ង ​ត្រូវ​បាន​គេដឹង​ថា​ជា​ប្រភេទ​ប្រេង​ដែល​អាច​យក​មក​ធ្វើ​ការ​ម៉ាស្សា​នៅ​លើ​ដងខ្លួន​បាន​ល្អ​ ហើយ​ព្រម​ទាំង​ជួយ​ព្យាបាល​ស្បែក ​កន្ទួល​ ឬហើម បន្ទាប់​ពី​សត្វល្អិត​ទិច​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

២.  ជួយដល់ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ :ប្រេងល្ង សម្បូរ​ទៅ​ដោយ​សារធាតុ​ស្ពាន់​ ស័ង្កសី ម៉ាញ៉េស្យូម ​ ជាតិដែក និងកាល់ស្យូម​ជា​ច្រើន​ដែល​ខុស​ពី​ប្រភេទ​ប្រេង​ផ្សេងៗ​ទៀត​។ ដោយ​ឡែក​ សារធាតុ​ស័ង្កសី​ និង​ទង់ដែង ជា​ផ្នែក​មួយ​ជួយ​ដល់​ការ​ផលិត​កោសិកា​ឈាម​ក្រហម​ដែល​ធ្វើ​ឲ្យ​ចលនា​ឈាម​មាន​ភាព​ប្រក្រតី​ និងធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​អាច​រំលាយ​អាហារ​បាន​ឆាប់រហ័ស​។ រីឯ​សារធាតុ​ស្ពាន់វិញ​ ត្រូវ​បាន​គេ​ដឹង​ផង​ដែរ​ថា ជា​សារធាតុ​ដ៏សំខាន់​ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​ការ​រលាក​សន្លាក់​ និង​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ទាំង​ឡាយ​ណា​ដែល​កើត​មាន​ឡើង​ចំពោះ​សរីរាង្គ​។

៣. ប្រឆាំងទៅនឹងអុកស៊ីតកម្មផ្សេងៗ :ចំពោះ​សមាសធាតុ​គីមី​ មាន​ឈ្មោះថា​ លីនីន (LIGNAN) ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​ប្រភព​នៃ​សារធាតុ​គីមី​សរីរវិទ្យា​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ លើស​ពី​នេះ​ទៅ​ទៀត​ ប្រេង​ល្ង​ សម្បូរ​ទៅ​ដោយ​វីតាមីន​អ៊ឺ (Vitamine E) ជាច្រើន ដែល​នេះ​ធ្វើ​ឲ្យ​អង់ទី​អុកស៊ីដង់​ (ANTIOXIDANT) ដែល​មាន​នៅ​ក្នុង​វីតាមីនអ៊ឺ​ នោះ​ក៏​មាន​ឥទ្ធិពល​ខ្លាំងក្លា​ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​អុកស៊ីត​កម្មនានា ​មិនខុស​ពី​សមាស​ធាតុគីមី​ លីនីន (LIGNAN) ប៉ុន្មានទេ​។

៤. ជួយបញ្ចុះសម្ពាធឈាម :ទិន្នន័យ​របស់​ក្រុម​ស្រាវជ្រាវ​មួយ​ចំនួន​បាន​ឲ្យដឹង​ថា​ ប្រភព​ប្រេង​ជា​ច្រើន​ប្រភេទ​មិន​អាច​ទប់ស្កាត់​នូវ​បញ្ហា​សម្ពាធ​ឈាម​បាន​១០០ភាគរយ​នោះទេ​ វា​អាច​ទប់​ស្កាត់​បាន​ប្រមាណ​ជា ២០ភាគរយ តែប៉ុណ្ណោះ។ ដោយឡែក តាមការ​ស្រាវជ្រាវ​ដដែល​បាន​បន្ថែម​ទៀត​ថា​ ដើម្បី​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ថយចុះ​បាន​យ៉ាងងាយ​ស្រួលនោះ​ គួរ​តែ​ប្រើប្រាស់​ប្រេងល្ង​ជំនួស​ប្រេង​ដទៃទៀត​។ ដោយ ប្រេងល្ង មាន​សារជាតិ​ប្រូតេអ៊ីន​ និងជួយ​បង្កើន​សារធាតុ​ផ្សេងៗ​អាច​ប្រឆាំង​ទៅ​នឹង​អុកស៊ីតកម្ម​ដែល​កំពុង​កើត​ឡើង​ចំពោះ​អ្នក​មាន​ជំងឺ​លើស​ឈាម​។

៥. ផ្ទុកទៅដោយខ្លាញ់ល្អ :តាម​ការ​ស្រាវជ្រាវ​ដដែល​បាន​ឲ្យដឹង​ថា​ ប្រេងល្ង​ជា​ប្រេង​ធម្មជាតិ​ដែល​សម្បូរ​ទៅ​ដោយខ្លាញ់​ល្អ​ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​។ ជាក់ស្តែង​ គេ​រក​ឃើញ​ថា​នៅ​ក្នុង​ប្រេងល្ង​១០០ក្រាម​ មាន​ផ្ទុក​នូវ​ខ្លាញ់​ល្អ​មាន​ឈ្មោះថា​ MONOUNSATURATED  ប្រមាណជា ៤០ ក្រាម ខ្លាញ់ POLYUNSATURATED  ​ប្រមាណ​ជា​ ៤២ ក្រាម និង​សារធាតុ​សូលុយស្យុង​អាស៊ីត​ (POLYUNSATURATED) ប្រមាណ​ជា​ ១៤ ក្រាម ​ដែល​ប្រេងខ្លាញ់​ល្អ​ទាំង​នេះ​ហើយ​សុទ្ធសឹង​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ​ជា​ចាំបាច់​។ ជាពិសេស​ វា​ជួយ​កាត់​បន្ថយ​ការ​ប្រឈមមុខ​ទៅ​នឹង​ជំងឺ​បេះដូង​ផ្សេងៗ​។

៦. ជម្រុះជាតិពុល :ប្រេងល្ង ក៏​អាច​ក្លាយ​ទៅ​ជា​ឱសថបុរាណ​ដែល​អាច​ព្យាបាល​មាត់​ឲ្យ​មាន​សុខភាព​ល្អបាន​ផងដែរ​។ ដើម្បី​ព្យាបាលមាត់​ និង​ធ្វើ​ឲ្យ​មាត់​មាន​សុខភាព​ល្អនោះ​ អនុវត្ត​ទទួល​ទាន​ប្រេងល្ង​មុន​ពិសាអាហារ​ឲ្យ​បាន​មួយ​ស្លាប​ព្រាបាយ​ ក្រោយ​មក​ទៀត​ ចាក់​ប្រេងល្ង​មួយ​ស្លាបព្រា​បាយ​ដដែល​ ហើយ​ខ្ពុរមាត់​ប្រមាណជា ២០​នាទី​រួច​ខ្ជាក់ចេញ​ជា​ការ​ស្រេច។​ ការ​ធ្វើបែប​នេះ ​វា​អាច​ជំរុញ​ជាតិ​កខ្វក់​ និង​ជាតិពុល​ពី​រាងកាយ ​និង​មាត់​បានយ៉ាង​ឆាប់​រហ័ស​។

          ជា​ការ​ពិត​ណាស់​ ប្រេងល្ង​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ និង​សម្រស់​ផងដែរ​។ ​លើស​ពី​នេះ​ទៅទៀត​ ប្រេងល្ង​ប្រៀប​បាន​ទៅ​នឹង​ឱសថ​ដែល​កម្ររកបាន​ ដោយ​សារ​តែ​វា​ជា​ប្រេង​ដែល​ជួយព្យាបាល​នូវ​ជំងឺ​ជា​ច្រើន​ស្ទើរ​តែ​មួយ​តួ​ខ្លួន​របស់​យើង​តែម្តង​៕

Article by PAN SIVLY


SUGGESTIONS