មីជាអាហារមួយប្រភេទដែលមនុស្សភាគច្រើនចូលចិត្តទទួលទាន មិនថាចាស់ឬក្មេង។ មីអាចទទួលទានបានជាអាហារទាំង៣ពេល ដូចជាពេលព្រឹក ថ្ងៃត្រង់និងពេលល្ងាច។ ឆ្លើយតបនឹងតម្រូវការខ្ពស់ ទស្សនាវដ្តី សូវរីន បានរុករករូបមន្តធ្វើមីដោយខ្លួនឯងមកបង្ហាញជូនមិត្តអ្នកអានជាវិជ្ជាផ្នែកម្ហូបអាហារ និងទុកសម្រាប់ការសាកល្បងផលិតមីដោយខ្លួនឯង ដោយមិនប៉ះពាល់ដល់សុខភាព។
គ្រឿងផ្សំមានដូចជា
All Purpose Flour ៥១០ក្រាម
ស៊ុត ១គ្រាប់
អំបិល ១០ក្រាម
ទឹក ១២០ មីលីលីត្រ
វិធីធ្វើ
១. យកស៊ុតដាក់ក្នុងកូនចាន ហើយក្រឡុកឲ្យផ្នែកសនិងផ្នែកលឿងរលាយចូលគ្នាជាសាច់តែមួយ។
២. នៅក្នុងចានគោមធំមួយដាក់ម្សៅចូល ៥០០ ក្រាម អំបិល ១០ ក្រាម និងទឹក ១២០ មីលីលីត្រ ព្រមទាំងស៊ុតដែលរៀបចំរួច។ ចូររកចានគោមធំដែលងាយស្រួលក្នុងការច្របាច់ម្សៅបញ្ចូលគ្នា។ ច្របល់ល្បាយដែលបានលាយរួចបញ្ចូលគ្នា ហើយច្របាច់ដោយប្រើកម្លាំងដៃរហូតដល់សាច់ម្សៅស្វិតជាប់គ្នា ហើយអ្នកអាចចំណាំបាននៅពេលដែលលែងមានម្សៅនៅស្អិតជាប់ដៃអ្នកនៅពេលច្របាច់។
ជាទូទៅ អ្នកដែលមានទីតាំងក្នុងផ្ទះបាយធំទូលាយ តែងលាយម្សៅនៅលើតុស្អាតដោយផ្ទាល់ ឬនៅលើជ្រុញឈើធំមួយ ត្បិតវានឹងផ្តល់ភាពងាយស្រួលជាងការច្របាច់ម្សៅបញ្ចូលគ្នានៅក្នុងចាន ព្រោះល្បាយម្សៅនឹងមានភាពស្អិតបន្ទាប់ពីត្រូវទឹក។ បើសិនជាអ្នកមានតុស្អាត ឬជ្រុញឈើធំ ចូរអ្នកយកម្សៅ ៥០០ ក្រាម និងអំបិលដែលបានត្រៀមទុកលាយចូលគ្នា ហើយយកមកចាក់រាងដូចភ្នំនៅលើតុ បន្ទាប់មកកាយឲ្យចេញជារង្វង់នៅចំកណ្តាល ដើម្បីចាក់ទឹកនិងស៊ុតចូលកុំឲ្យហៀរចេញទៅក្រៅ។ ព្យាយាមច្របល់ទឹកនឹងម្សៅបញ្ចូលគ្នាបន្តិចម្ដងៗរហូតក្លាយជាល្បាយស្អិត ហើយនៅតែបន្តច្របាច់ម្សៅទៅមកបន្តទៀតរហូតដល់ពេលដែលម្សៅស្វិតជាប់គ្នាហើយរលោងស្អាត និងលែងស្អិតជាប់ដៃ។
បច្ចុប្បន្ននេះគេអាចកាត់បន្ថយកម្លាំងនិងពេលវេលាក្នុងការលាយម្សៅធ្វើមី ដោយការប្រើប្រាស់ម៉ាស៊ីនក្រឡុកម្សៅ។ បើសិនអ្នកមានម៉ាស៊ីនក្រឡុកម្សៅនៅផ្ទះ អ្នកគ្រាន់តែដាក់គ្រឿងផ្សំទាំងអស់ដូចរៀបរាប់ខាងលើ (លើកលែងតែ All Purpose Flour ១០ក្រាមចេញ) បញ្ចូលគ្នា ហើយទុកឲ្យម៉ាស៊ីនក្រឡុកដំណើរការរយៈពេលប្រមាណ៥ទៅ១០នាទី។
៣. ម្សៅដែលលាយរួចរាល់ហើយត្រូវសូនឲ្យចេញជារាងមូល ឬជ្រុង ហើយគ្របវាទុកចោលដោយក្រណាត់ស្អាតរយៈពេល១០នាទី មុននឹងឈានដល់ជំហានមួយទៀត។
៤. ម្សៅដែលទុកចំនួន ១០ក្រាម គឺជាម្សៅដែលទុកសម្រាប់រោយពីលើម្សៅដែលលាយរួច ចៀសវាងស្អិតជាប់ថាសឬតុ។ រោយម្សៅចំនួន ១០ក្រាមដាក់លើតុ និងនៅលើម្សៅដែលលាយរួច មុននឹងកិនឲ្យស្តើងតាមចំណង់ចំណូលចិត្តដែលអ្នកចង់បាន ហើយហាន់ជាសរសៃជ្រុងឬមូលតាមចំណូលចិត្ត។
៥. សរសៃ មីដែលធ្វើរួចអាចយកទៅចម្អិនទទួលទានភ្លាមៗជាមួយទឹកស៊ុបមានឱជារសឆ្ងាញ់ពិសា។
ចំណាំ
ការច្របាច់ម្សៅដោយដៃអាចប្រើរយៈពេលយូរ អ្នកដែលមានកម្លាំងដៃខ្លាំងអាចចំណាយពេលយ៉ាងហោច ៣០នាទី រីឯអ្នកដែលមិនសូវមានកម្លាំងដៃអាចចំណាយពេលដល់ទៅ ១ម៉ោង។ ម្សៅសម្រាប់ធ្វើមី ឬ All Purpose Flour អាចរកទិញបាននៅតាមបណ្តាផ្សារទំនើបនានាក្នុងតម្លៃសមរម្យ បើសិនជាអ្នកមិនចូលចិត្តស៊ុត អ្នកអាចដកស៊ុតចេញពីគ្រឿងផ្សំ ហើយបន្ថែមមកវិញនូវទឹក ៥០ មីលីលីត្រ។ មីដែលធ្វើដោយខ្លួនឯងក៏អាចបន្ថែមពណ៌តាមចំណង់ចំណូលចិត្តបានដែរ ដូចជាការប្រើពណ៌ធម្មជាតិដែលបានមកពីស្លឹកតយ ស្ពៃ ឬពណ៌មកពីបន្លែផ្លែឈើផ្សេងៗទៀតជាដើម។ ឧទាហរណ៍៖ បើអ្នកដាក់ទឹកពណ៌ចំនួន ២០ មីលីលីត្រចូល ដូច្នេះអ្នកត្រូវបន្ថយចំនួនទឹក ២០ មីលីលីត្រដូចគ្នា។ បន្លែផ្លែឈើក៏អាចយកមកច្នៃធ្វើជារសជាតិរបស់មីបានដែរ ដោយការយកទៅចម្អិនឲ្យទន់ ហើយកិនឲ្យម៉ត់រួចយកមកលាយជាមួយល្បាយម្សៅមី ឲ្យចូលសាច់តែមួយជាការស្រេច។ ដោយឡែកសម្រាប់មីក្រៀមវិញនោះ អ្នកត្រូវយកសរសៃមីដែលហាន់រួចទៅចំហុយពី ១៥ ទៅ ១៨នាទី ហើយយកទៅសម្ងួតដោយការហាលថ្ងៃ រួចយកមកវេចខ្ចប់ទុកកុំឲ្យប៉ះខ្យល់ជាការស្រេច៕
Article by VA SONYKA