×

បារ​នី​យ​ដ្ឋា​ន​ដ៏​ប្រណិត​សម្រាប់​រដូវ​កាល​ឆ្លង​ឆ្នាំ​

TRAVEL & LIVING 4 weeks ago

            ​១​. ​T​h​e​ ​Vault​: ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣​០​៦​ ​ម្តុំ​បឹង​កេងកង​ ​រាជធានី​ភ្នំពេញ​។​ ​វា​ជា​បារ​ដែល​ទើបនឹង​ត្រូវ​បាន​បើក​ដំណើរការ​ក្នុង​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​ហើយ​វា​បារ​ដែល​មាន​រចនាបថ​ទូរ​ដែក​ដំបូង​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ចំណុច​ពិសេស​នៃ​បារ​ថ្មី​នេះ​ដែល​ស័ក្តិសម​សម្រាប់​ឱកាស​ឆ្លង​ឆ្នាំ​ដ៏​ពិសេស​ ​ពីព្រោះ​ទីនេះ​មាន​បរិយាកាស​បែប​ក្លា​ស៊ិ​ក​ ​អម​ដោយ​ផ្ទាំង​រូប​ចម្លាក់​យ៉ាង​រស់រវើក​ ​ព្រម​ជាមួយ​ត​ន្រ្តី​ស្រាល​ស្រទន់​បែប​ ​Acoustic​ ​ប្រកបដោយ​មន្ត​ស្នេហ៍​រ៉ូ​មេន​ទិ​ក​បំភ្លេច​មិនបាន​។​ ​សូវ​រី​ន​សូម​ណែនាំ​ស្រា​ក្រឡុក​ពេញ​និយម​ជាងគេ​នៅ​ទីនេះ​គឺ​ “​ខក់​ថេ​ល​អំបិលម្ទេស​” ​និង​មុខម្ហូប​ផ្លាស់ប្តូរ​ថ្មីៗ​គួរឲ្យ​ចង់​សាកល្បង​។​ ​បារ​នេះ​បើក​ចាប់ពី​ម៉ោង​៦​ល្ងាច​រហូតដល់​ម៉ោង​១​២​យប់​៕​

            ​​២​. C​e​lest​e​ ​Sky​ ​Bar​: ​ស្ថិតនៅ​លើ​ជាន់​ទី​៤​៣​ ​នៃ​អគារ​ផេ​ន​ត៍​ហោ​ស៍ ​រ៉េ​ស៊ី​ដេ​ន​ស៍ (​T​h​e​ ​P​e​n​t​house​ ​Residence​) ​មុខ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ ​ម្តុំ​ផ្សារ​ទំនើប​ ​A​E​ON 1 ​សង្កាត់​ទន្លេ​បាសាក់​ ​ខណ្ឌ​ចម្ការ​មន​។​ ​វា​ជា​បារ​លើដំបូល​ដែល​ទើបនឹង​ត្រូវ​បាន​បើក​ដំណើរការ​ក្នុង​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​ហើយ​ជា​បារ​និង​ភោជនីយដ្ឋាន​ដែល​ធ្វើ​ចលនា​វិល​៣​៦​០​ដឺ​ក្រេ​ដំបូងបង្អស់​នៅ​ប្រទេស​កម្ពុជា​។​ ​យើង​អាច​ទទួលទាន​អាហារ​បណ្តើរ​ ​ទស្សនា​ទិដ្ឋភាព​អគារ​ខ្ពស់​ស្កឹមស្កៃ​នៅ​ម្តុំ​ប្រប​មាត់ទន្លេ​បាសាក់​នៅ​ពេលថ្ងៃ​រៀប​អស្តង្គត​រហូតដល់​យប់ជ្រៅ​មិន​ចេះ​ជិនណាយ​។​ ​សូវ​រី​ន​សូម​ណែនាំ​ស្រា​ក្រឡុក​ពេញ​និយម​ជាងគេ​នៅ​ទីនេះ​គឺ​ “​ម៉ាដាម​ឌ្រី​ង​” (​Mad​am​e​ ​Drink​) ​ដែល​ជា​ប្រភេទ​ស្រា​ក្រឡុក​រសជាតិ​ផ្លែ​ឪឡឹក​ ​និង​ ​អាហារ​សំខាន់​មួយ​មុខ​ដែល​មានឈ្មោះ​ថា​ ​Nor​w​e​g​i​an​ ​Salmon​ ​P​latter​ ​ផ្សំ​ពី​ត្រី​សាល់​ម៉ុ​ន​ឆ្អើរ​និង​ម្រេច​ដ៏​ឈ្ងុយឆ្ងាញ់​។​ ​ប៉ុន្តែ​លោកអ្នក​​​ចាំបាច់​ត្រូវតែ​កក់​កន្លែង​ជាមុន​ ​ដោយសារតែ​កន្លែង​អង្គុយ​មានកំណត់​ត្រឹមតែ​២​៤​០​កៅអី​ប៉ុណ្ណោះ​។​ ​បារ​នេះ​បើក​ដំណើរការ​ពី​ម៉ោង​៥​ល្ងាច​ដល់ម៉ោង​២​រំលង​អធ្រាត្រ​៕​

            ​៣​. ​So​r​a​ ​Sky​ ​Bar​: ​ស្ថិតនៅ​ខាងក្រៅ​ជាន់​ទី​៣​៧​នៃ​អគារ​វ​ឌ្ឍនៈ (​Vat​tan​a​c ​Tower​) ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនីវង្ស​ ​សង្កាត់​វត្តភ្នំ​ ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​។​ ​បារ​លើដំបូល​នេះ​ត្រូវ​បាន​បើក​ដំណើរការ​តាំងពី​ដើម​ឆ្នាំ​២​០​១​៨​ ​ប៉ុន្តែ​ប្រជាប្រិយភាព​នៅតែ​មិន​ស្រកស្រុត​សោះឡើយ​ ​ដោយសារតែ​នៅ​លើ​បារ​នេះ​ ​ភ្ញៀវ​អាច​គយ​ ​គន់​ទេសភាព​នៃ​ទីក្រុង​គជ់​នៃ​យើង​ដ៏​អស្ចារ្យ​គ្រប់​ជ្រុង​ ​ព្រម​ជាមួយ​សេវាកម្ម​បម្រើ​ម្ហូបអាហារ​យ៉ាង​ល្អឥតខ្ចោះ​ប្រណិត​លំដាប់​ថ្នាក់​ពិភពលោក​។​ ​នៅ​ទីនោះ​សម្បូរ​ប្រភេទ​ស្រា​ឡុក​ល្បី​ៗ​ប្រចាំ​ហាង​ ​ស្រា​បៀរ​ ​និង​ស្រាក្រហម​ជា​ច្រើនមុខ​ទៀត​ ​អម​ដោយ​ការ​ចាក់​ត​ន្រ្តី​យ៉ាង​ពីរោះ​រណ្តំ​ពី​អ្នក​ចាក់​ឌី​ស​ (​D​J)​ ជំនាញ​។​ ​សូវ​រី​ន​សូម​ណែនាំ​ស្រា​ពេញ​និយម​មួយ​ចំនួន​សម្រាប់​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ ​ដូចជា​ ​ស្រា​ ​Cambodian​ 53, ​P​i​s​co​ ​Ape​r​it​i​v​o ​និង​ ​T​i​k​i​ ​ជាដើម​។​ ​ចំនួន​កៅអី​អង្គុយ​មានកំណត់​គឺ​ ​១​១​០​ (​ខាងក្រៅ​) ​និង​ ​១​១​០​ (​ខាងក្នុង​អគារ​)​៕​

            ​៤​. C​h​g​a​i​ ​Restaurant​ & ​Lounge​: ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ ​៣​៣​៥​ ​កែង​ផ្លូវ​លេខ​ ​៥​៤​០​ ​ខណ្ឌ​ទួល​គោក​ ​រាជធានី​ភ្នំពេញ​។​ ​បារ​នេះ​ត្រូវ​បាន​រចនា​ឡើងជា​កូន​ផ្ទះ​តូច​ច្រឡឹង​តុបតែង​លម្អ​ដោយ​បន្ទះ​ឈើ​ប្លែក​ខុស​ពី​អគារ​ដទៃទៀត​ដែល​នៅ​ជុំវិញ​។​ ​ប៉ុន្តែ​ចំពោះ​ការ​តុបតែង​លម្អ​ស្ថាបត្យកម្ម​ខាងក្នុង​វិញ​ ​ហាង​នេះ​រំលេច​នូវ​រចនាបថ​សហសម័យ​នឹកស្មាន​មិនដល់​ជាពិសេស​គឺ​កៅអី​អង្គុយ​ច្នៃ​ពី​កាំកង់​ម៉ូតូ​និង​ធុង​ហ្គា​ស​សុទ្ធសឹងតែ​ត្រូវចិត្ត​មិត្ត​យុវវ័យ​ភាគច្រើន​គួបផ្សំ​ជាមួយនឹង​ការ​ដេ​គ​័​រ​ជញ្ជាំង​ដោយ​សិល្បករ​ក្នុងស្រុក​ពេញ​និយម​។​ “​ឆ្ងាយ​ឡោ​ញ​” ​មាន​បម្រើ​ជូន​នូវ​មុខម្ហូប​ភាគច្រើន​ជា​ប្រភេទ​ម្ហូប​បស្ចិមប្រទេស​និង​ម្ហូប​អាស៊ី​មួយ​ចំនួន​ដូចជា​ ​ចង្រិត​។​ ​ទន្ទឹម​នឹង​នេះ​ ​ក៏មាន​ស្រា​ក្រឡុក​ពិសេស​ដែល​លោកអ្នក​គប្បី​សាកល្បង​ទទួលទាន​ក្នុង​ឱកាស​ពិធី​បុណ្យណូអែល​និង​ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ​ ​ជាអាទិ៍​រួម​មាន​ ​ស្រា​ក្រឡុក​ ​Co​s​m​o ​Lind​a​ ​និង​ ​Love​ C​h​g​a​i​ ​ហើយ​ជាពិសេស​ ​ប្រសិនបើ​លោកអ្នក​មក​ជា​ក្រុម​ ​កុំ​មើល​រំលង​ស្រា​ក្រឡុក​កែវ​យក្ស​ចំណុះ​១​០​លីត្រ​ ​ដែល​មាន​រហស្សនាម​ថា​ ​Project​ ​Drunk​ ​ឲ្យសោះ​!

            ​៥​. Ron​g​ C​ham​ ​Restaurant​ & ​Lounge​: ​ស្ថិតនៅ​ក្នុង​បរិវេណ​អតីត​បឹង​កក់​ ​សង្កាត់​បឹង​កក់​ទី​១​ ​ខណ្ឌ​ទួល​គោក​ ​រាជធានី​ភ្នំពេញ​។​ ​គ្រាន់តែ​បាន​ឮឈ្មោះ​នេះ​ភ្លាម​ ​លោកអ្នក​ច្បាស់ជា​អាច​ដឹង​ហើយ​ថា​វា​ជា​ទីកន្លែង​សម្រាប់​រង់ចាំ​មិត្តភក្តិ​ឬ​ក្រុម​គ្រួសារ​ជួបជុំ​លម្ហែ​ក​ម្សាន្ត​ក្នុង​បរិយាកាស​សប្បាយរីករាយ​បែប​ស្រ​គត់​ ​ស្រគំ​ ​មិន​អ៊ូអរ​ឬ​ហ៊ឹកហ៊ាក់​ខ្លាំងពេក​។​ ​អ្វី​ដែល​អត្តសញ្ញាណ​ពិសេស​បំផុត​របស់​ “​រង់ចាំ​ឡោ​ញ​” ​នោះ​គឺ​ការ​តុបតែង​បរិយាកាស​ហាង​ដែល​ជា​ការ​រួមផ្សំ​បញ្ចូល​រវាង​រចនាបថ​ចំនួន​បី​ ​គឺ​ សិល្បៈ​ខ្មែរ​បុរាណ​ សិល្បៈ​ទសវត្សរ៍​ឆ្នាំ​៦​០​ ​និង​ សិល្បៈ​បែប​សហសម័យ​។​ ​ម្ហូប​អាស៊ី​-​អឺរ៉ុប​ចំនួនជា​ង​៥​០​មុខនឹង​រង់ចាំ​បំពេ​រ​ជីវ្ហា​អារម្មណ៍​លោកអ្នក​មិន​ឲ្យ​ខក​បំណង​ឡើយ​។​ ​នៅ​ជាន់ក្រោម​ ​ភ្ញៀវ​អាច​រីករាយ​នឹង​រសជាតិ​ស្រា​សំ​ប៉ា​ញ​ ​ស្រាក្រហម​ ​និង​ ​ស្រា​ក្រឡុក​ ​នៅ​ក្នុង​បារ​អម​ដោយ​ត​ន្រ្តី​ប្រគំ​ផ្ទាល់​។​ ​រីឯ​នៅ​ជាន់​លើ​ ​មាន​កន្លែង​អង្គុយ​បំពាក់​ដោយ​តុ​និង​សាឡុង​លក្ខណៈ​ ​V​I​P​ ​និង​ ​កន្លែង​បុក​ប៊ី​យ៊ែ​រ​សម្រាប់​លេង​ក​ម្សាន្ត​ចំពោះ​អ្នក​ដែល​និយម​លក្ខណៈ​ឯកជន​ស្ងប់ស្ងាត់​៕​

            ​៦​. ​Do​m​r​e​y​ ​Lounge​: ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ ​២​៤​០​ ​សង្កាត់​ជ័យជំនះ​ ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​ ​ម្តុំ​ក្រោយ​ព្រះបរមរាជវាំង​។​ ​ឡោ​ញ​នេះ​ជា​ឡោ​ញ​ពិសេស​មួយ​ប្រចាំ​ទីក្រុង​ ​ដោយសារតែ​វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​យុគ​មាស​នៃ​សិល្បៈ​វប្បធម៌​កម្ពុជា​ ​មុន​ឆ្នាំ​១​៩​៧​៥​។​ ​បារ​នេះ​មាន​លក្ខណៈ​ រ៉ូ​មេន​ទិ​ក​ប្លែក​មួយ​បែប​ខុស​ពី​ឡោ​ញ​ទូទៅ​ដោយសារតែ​គេ​បែងចែក​ម៉ោង​ចាក់​ត​ន្រ្តី ​ពោល​គឺ​ចាប់ពី​ក្បាល​ព្រលប់​ដល់ម៉ោង​៨​យប់​ ​មានត​ន្រ្តី​ក្លា​ស៊ិ​ក​បែប​ទសវត្សរ៍​ទី​៦​០​កំដរ​។​ ​លុះ​ចាប់​ម៉ោង​បន្ទាប់​រហូតដល់​ម៉ោង​១​យប់​ ​មាន​ប្រភេទ​ត​ន្រ្តី​ក​ន្រ្តាក់​អារម្មណ៍​បែប​អន្តរជាតិ​ជំនួស​វិញ​ម្តង​។​ ​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​មុខម្ហូប​ដែល​បម្រើ​ភាគច្រើន​ក៏​ជា​ម្ហូប​បែប​ខ្មែរ​ដែល​លោកអ្នក​និយម​ចូលចិត្ត​ ​តួយ៉ាង​ ​ញាំ​ត្រយូងចេក​សាច់​មាន់​ ​សាច់គោ​បំពង​ល្ង​ ​សាច់គោ​អាំង​ ​ភ្លា​អង្គការ​ ​និង​ ​ស្លាបមាន់​ប្រឡាក់​ទឹកស៊ីអ៊ីវ​ ​។​ល​។​ ​ចំណុច​គួរឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​ ​ឈ្មោះ​ស្រា​ក្រឡុក​ដែល​យក​តាម​លំនាំ​ចំណងជើង​ចម្រៀង​មត៌ក​ដើម​ ​ដូចជា​ ​ស្រា​មួយ​កែវ​ ​ពេញចិត្ត​តែ​បង​មួយ​ ​ផ្កា​រីក​ក្នុង​ចិត្ត​ ​និង​ ​ដំរីចុះប្រេង​ ​ជាដើម​៕​ ​

            ​៧​. ​Chapter​ ​I​ ​Lounge​: ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ ​១​៧​៤​ ​សង្កាត់​ផ្សារ​ថ្មី​ ​៣​ ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​។​ ​ឡោ​ញ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ច្របាច់​បញ្ចូល​រវាង​វប្បធម៌​ខ្មែរ​ ​និង​ ​វប្បធម៌​បារាំង​ ​ពោរពេញ​ដោយ​ភាព​រ៉ូ​មេន​ទិ​ក​គួរឲ្យ​ទាក់ទាញ​ជា​ពន់ពេក​។​ ​ទីនេះ​ត្រូវ​បាន​បែងចែក​កន្លែង​អង្គុយ​ជា​ពីរ​ផ្នែក​ ​ពោល​គឺ​ ​ជាន់​ផ្ទាល់​ដី​ជា​កន្លែង​ស្តាប់ការ​ប្រគំ​ត​ន្រ្តី​ដោយ​ផ្ទាល់​និង​មាន​បម្រើ​ម្ហូបអាហារ​និង​ភេសជ្ជៈ​ដ៏​ឈ្ងុយ​ ​ឆ្ងាញ់​ជា​ច្រើនមុខ​។​ ​ដោយឡែក​ ​ជាន់​ខាងលើ​ជា​បារ​លាក់ខ្លួន​ដែល​ជា​រៀបចំ​ជា​លក្ខណៈ​ឯកជន​អនុញ្ញាត​ទទួល​ភ្ញៀវ​តែ​២​០​នាក់​ជា​អតិបរមា​។​ ​ជាន់​នេះ​ជា​ទីតាំង​ល្អ​បំផុត​សម្រាប់​អ្នក​និយម​ចូលចិត្ត​ទទួលទាន​ស្រា​វី​ស្គី​ ​និង​ ​ស៊ី​ហ្គា ​ព្រមទាំង​ស្រា​នាំចូល​ពី​បរទេស​ស្ទើរ​រាប់មិនអស់​។​ ​គ្រាន់តែ​ស្រា​ក្រឡុក​នៅ​ទីនេះ​មាន​រហូតដល់​ទៅ​៤​០​មុខ​ ​ពិតជា​មិនធម្មតា​នោះ​ទេ​!

            ​៨​. Bouc​h​on ​Wine​ ​Bar​: ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ ​១​៧​៤​ ​សង្កាត់​ផ្សារ​ថ្មី​៣​ ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​។​ ​បារ​នេះ​ជ្រក​ក្រោម​ដំបូល​ភូមិគ្រឹះ​បុរាណ​បន្សល់ទុក​តាំងពី​សម័យ​អាណានិគម​បារាំង​គួរឲ្យ​ស្ញប់ស្ញែង​ខុស​ពី​បារ​ធម្មតា​នានា​ក្នុង​ទីក្រុង​។​ ​បារ​រចនាបថ​បារាំង​មួយ​នេះ​បង្កើត​បានជា​បរិយាកាស​ទទួលទាន​អាហារ​ពីរ​ផ្សេងគ្នា​ក្នុង​ទីតាំង​តែមួយ​។​ ​នៅ​ទីធ្លា​ខាងក្រៅ​នៃ​ជាន់​ផ្ទាល់​ដី​ ​ភ្ញៀវ​អាច​រីករាយ​នឹង​បរិយាកាស​សួនច្បារ​បែប​ត្រូពិក​ដ៏​សែន​មនោ​រម្យ​ ​បំពាក់​ដោយ​តុ​ច្នៃ​ពី​កម្រាលឥដ្ឋ​ដើម​សម័យ​អាណានិគម​បារាំង​ពិតៗ​ក្រោមម្លប់​ឈើ​ធំ​ៗ​ពីរ​ដើម​ដ៏​ត្រឈឹងត្រឈៃ​។​ ​ទីតាំង​នេះ​ផ្តល់​ជូន​នូវ​មុខម្ហូប​បែប​សាច់អាំង​បា​ប៊ី​ឃ្យូ(BBQ)​និង​តា​ប៉ា​ស​ (​Tap​as​) ​ព្រម​ជាមួយ​ជម្រើស​ស្រាក្រហម​ ​ស្រា​បៀរ​ ​ឬ​ ​ស្រា​ក្រឡុក​ ​។​ ​ដោយឡែក​ ​នៅ​ពេល​លោកអ្នក​ឡើងជណ្តើរ​ភ្លោះ​ទៅជា​ន់​ខាងលើ​ ​លោកអ្នក​នឹង​ឃើញ​បារ​រាង​អក្សរ​ U ​ស្ថិតនៅ​ចំកណ្តាល​ផ្ទៃ​អគារ​ ​ហ៊ុមព័ទ្ធ​ដោយ​ឈុត​តុ​សាឡុង​ប្រកបដោយ​ផាសុកភាព​សម្រាប់​លោកអ្នក​ភ្លក់​រសជាតិ​អាហារ​ប្រពៃណី​ដើម​របស់​ជន​ជាតិបារាំង​ ​ជាពិសេស​ ​co​q ​a​u ​v​in​, bo​e​u​f​ b​our​g​u​i​g​non​ ​និង​ ​f​o​i​e​ ​g​r​as​ ​ដែល​លោកអ្នក​គប្បី​សាកល្បង​ខានមិនបាន៕​

​Article by SRIN SOKMEAN


SUGGESTIONS