×

អនុស្សាវរីយ៍​​ពីរ​ថ្ងៃ​​លើ​​ទឹក​​ដី​​ភូមិ​​ជើង​គោក​​ តំបន់​​អេកូ​​ទេសចរណ៍​​សហគមន៍​​ថ្មី​ប្រចាំ​ខេត្ត​កំពង់ចាម​

TRAVEL & LIVING 6 months ago
 
 

          ថ្ងៃ​នេះ​ជា​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍ ដូច្នេះ​យើង​ចង់​ចំណាយ​ពេល​សម្រាក​លម្ហែ​នៅ​តំបន់​រមណីយដ្ឋាន​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ភ្នំពេញ។ យើង​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ភូមិ​សាស្រ្ត​ខេត្ត​កំពង់ចាម​ដែល​មាន​ចម្ងាយ​ត្រឹម​តែ​ជាង​១០០គីឡូម៉ែត្រ​ភាគ​ខាង​កើត​រាជធានី​ភ្នំពេញ។ ទោះ​បី​ជា​ខេត្ត​នេះ​មាន​ទី​តាំង​ជិត​ក៏​ពិត​មែន ក៏​ខេត្ត​នេះ​សម្បូរ​ទៅ​ដោយ​តំបន់​ទេសចរណ៍​ល្បីៗ​ជា​ច្រើន​មិន​ចាញ់​ខេត្ត​នានា​ឡើយ។ ធ្លាប់​តែ​ឮ​ឈ្មោះ​រមណីយដ្ឋាន​ភ្នំប្រុស​ភ្នំស្រី​ រមណីយដ្ឋាន​ទឹក​ឆា រមណីយដ្ឋាន​កោះ​ប៉ែន រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ​ និង​រមណីយដ្ឋាន​ប្រាសាទ​នគរបាជ័យ​ ជា​ដើម ប៉ុន្តែ​ក្នុង​ដំណើរ​កំសាន្ត​លើក​នេះ​ ក្រុម​ការងារ​ទស្សនាវដ្តី សូវរីន យើង​បាន​ពើប​ប្រទះ​នឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​របស់​រមណីយដ្ឋាន​មួយ​កន្លែង​ទៀត​ ដែល​មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​ និង​ទៅ​ទស្សនា​ពី​មុន​មក​នោះ​ទេ។ តើ​រមណីយដ្ឋាន​នោះ​ស្ថិត​នៅ​ឯ​ណា? តើ​ទី​នោះ​មាន​សក្តានុពល​ទេសចរណ៍​អ្វី​ខ្លះ?

          គ្រាន់​តែ​ម៉ោង ៧ព្រឹក មិន​ទាន់​ស្រួល​បួល​ផង យើង​បាន​រៀប​ចំ​ខ្លួន និង​សម្ភារៈ​ជា​ស្រេច ដើម្បី​ជិះ​រថយន្ត​ចាក​ចេញ​ពី​ទី​ក្រុង​ឆ្ពោះ​ទៅ​កាន់​ទឹក​ដី​ខេត្ត​កំពង់ចាម​ឆ្លង​កាត់​តាម​ផ្លូវ​ជាតិ​លេខ​៦អា​ និង​ផ្លូវ​ជាតិ​លេខ​៧។ ធ្វើ​ដំណើរ​ផុត​ស្រុក​បាធាយ យើង​ក៏​បាន​មក​ដល់​ទី​ប្រជុំ​ជន​ស្គន់ ក្នុង​ស្រុក​ជើង​ព្រៃ។ នៅ​ទី​នោះ​ហើយ​ដែល​យើង​ត្រូវ​ឈប់​សម្រាក​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ប្រមាណ​ជា​២០នាទី​មុន​នឹង​បន្ត​ដំណើរ​ទៅ​ដល់​គោល​ដៅ​កំណត់។ យើង​ឃើញ​មាន​អ្នក​លក់​ដូរ​ចំណី​នំនែក​យ៉ាង​ច្រើន​កុះករ​ឈរ​បង្ហាញ​ផលិត​ផល​ បង្អួត​ភ្នែក​អ្នក​ទេសចរ​ មាន​ទាំង​ពង​ទា​ស្ងោរ​ ចេក​ឆាក​ នំ​កន្រ្តំ​ នំ​ឃ្មោះ​ នំ​ខ្ញី ចង្រិត​ដូង​លីង ជា​ពិសេស​អាពីង ដែល​ជា​អាហារ​និមិត្ត​រូប​ប្រចាំ​តំបន់​នោះ​ផ្ទាល់​តែ​ម្ដង។

រថយន្ត​បន្ត​បោះ​ពួយ​ក្នុង​ថេរ​វេលា​ប្រមាណ​១ម៉ោង កាត់​ស្រុក​ព្រៃ​ឈរ រហូត​មក​ដល់​ឃុំ​អំពិល​ ស្រុក​កំពង់​សៀម។ នៅ​ពេល​យើង​ធ្វើ​ដំណើរ​មក​ជិត​ដល់​រមណីយដ្ឋាន​វប្បធម៌-ប្រវត្តិសាស្រ្ត ភ្នំប្រុស​ ភ្នំស្រី  យើង​ក្រឡេក​មើល​ខាង​ស្តាំ​មាន​ច្រក​បត់​ចូល​មួយ​ដែល​ស្ថិត​នៅ​ទល់​មុខ​មណ្ឌល​សុខភាព​អំពិល។ យើង​បត់​ឡាន​ចូល​តាម​ច្រក​នោះ​តែ​បន្តិច យើង​នឹង​ចូល​ដល់​កន្លែង​ដែល​យើង​ប្រាថ្នា។ ពេល​មក​ដល់​ភ្លាម យើង​ចាប់​អារម្មណ៍​ចំពោះ​សាល​ពិព័រណ៍​ផលិត​ផល​តម្បាញ​សូត្រ​ដែល​ជា​ស្នាដៃ​ដ៏​ចំណាន​របស់​បង​ប្អូន​ប្រជា​សហគមន៍​ភូមិ​តាំង​គោក។ ក្រមា​ក្រឡា​តូច​ធំ​រំ​លេច​ពណ៌​ចម្រុះ​ភ្លឺ​ផ្លេក​ កាបូប​យួរ​ និង​ស្ពាយច្នៃ​ចេញ​ពី​ក្រណាត់​ក្រមា និង​កន្ទេល​ខ្មែរ និង​វត្ថុ​សិល្បៈ​ដទៃ​ទៀត ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​មិន​ចាញ់​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ធំៗ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ប៉ុន្មាន​ឡើយ។ នៅ​នោះ​មាន​កន្លែង​ចិញ្ចឹម​ដង្កូវ​នាង​ដើម្បី​យក​សូត្រ​ប្រើ​ប្រាស់​ក្នុង​សង្វាក់​ផលិត​កម្ម​តម្បាញ​ក្នុង​ភូមិ។ ប្រជាជន​កំពុង​មមាញឹក​ដាក់​ស្លឹក​មន​ឲ្យ​ដង្កូវ​ស៊ី​ ខ្លះ​កំពុង​ស្ងោរ​សម្បុក​ដង្កូវ​នាង​យក​សូត្រ ខ្លះ​កំពុង​ជាប់​ការ​សរសៃ​សូត្រ និង​ខ្លះ​ទៀត​កំពុង​ត្បាញ​រវៃ​ជាដើម។  ម្នាក់ៗ​ខិត​ខំ​ធ្វើ​ការ​ទៅ​តាម​តួ​នាទី​រៀងៗ​ខ្លួន​ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ។

          ហួស​ពី​នោះ​បន្តិច យើង​ប្រទះ​នឹង​ទិដ្ឋភាព​សាលារៀន​កុមារ​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​អាមីកា។ នៅ​ក្នុង​សាលា​នោះ យើង​ឃើញ​សកម្មភាព​កុមារ​ប្រុស​ស្រី​ដែល​ជា​កូន​ចៅ​អ្នក​ភូមិ​កំពុង​សិក្សា​រៀន​សូត្រ​មុខ​វិជ្ជា​ភាសា​អង់គ្លេស​ដែល​ជា​តម្រូវ​ការ​ចាំ​បាច់​ខាន​មិន​បាន​ក្នុង​ទំនាក់​ទំនង​រវាង​សហគមន៍​ និង​ភ្ញៀវ​ទេសចរ។ ថ្វី​ត្បិត​តែ​ជីវ​ភាព​ពួក​គេ​នៅ​មាន​កម្រិត​ តែ​យើង​រំភើប​ត្រេក​អរ​នៅ​ពេល​ឃើញ​ពួក​គេ​យល់​ដឹង​អំពី​តម្លៃ​នៃ​ចំណេះ​វិជ្ជា ហើយ​សប្បាយ​រីក​រាយ​ក្នុង​ការ​មក​សាលារៀន​តាម​វ័យ​របស់​ពួក​គេ។ យើង​ធ្វើ​ដំណើរ​បន្ត​មើល​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ភូមិ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ព្រម​ទាំង​ថត​រូប​ផ្តិត​យក​ទេសភាព​ប្លែកៗ​ជុំវិញ​ភូមិ​ផង​ដែរ។ យើង​បាន​ឆៀង​ចូល​ទៅ​មើល​ផ្ទះ​ប្រជាជន​ដែល​ប្រកប​របរ​តម្បាញ​សូត្រ និង​តម្បាញ​ស្លឹក​ត្នោត​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាង​ជើង​ភូមិ។​ ចេញ​ផុត​ទៅ​នោះ​ពី​មុខ​ទៀត យើង​នឹង​ឃើញ​វាល​ស្រែ​វាល​ស្រូវ​ពណ៌​បៃតង​ខៀវ​ស្រងាត់​មើល​ទៅ​ដាច់​កន្ទុយ​ភ្នែក។ ប្រជា​កសិករ​កំពុង​ឃ្មាត​ខ្មី​ដក​ស្ទូង​ក្រោ​មក​ម្តៅ​ព្រះទិនករ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​ញញឹម​ស្វាគមន៍​ទទួល​អ្នក​ដំណើរ​ប្រកប​ដោយ​ភាព​កក់​ក្តៅ។ ពួក​គាត់​សប្បាយ​រីក​រាយ​ចំពោះ​ការ​ងារ​កសិកម្ម​តាម​បែប​ប្រពៃណី​ដូន​តា​ពោរ​ពេញ​ដោយ​កម្លាំង​សាមគ្គីភាព និង​ភាតរភាព។

          ព្រះសុរិយា​កាន់​តែ​បញ្ចេញ​មហិទ្ធិឫទ្ធិ​ខ្លាំង​ឡើងៗ ពេល​ថ្ងៃ​ត្រង់​បាន​ចូល​មក​ដល់ ពួក​យើង​បាន​ចត យាន​ជំនិះ​នៅ​ផ្ទះ​ប្រធាន​ភូមិ ហើយ​សម្រាក​បរិភោគ​អាហារ​ថ្ងៃត្រង់​ក្រាល​កន្ទេល​ក្រោម​ម្លប់​ដើមស្វាយ​បែក​មែក​សាខា​ចោល​ម្លប់​ល្មម​នឹង​ជ្រក​កម្តៅ​ថ្ងៃ។ យើង​អង្គុយ​ដំ​កង់​ទទួល​ទានយ៉ាង​សាមញ្ញ​តាម​បែប​ជន​បទ​ ស្រុក​ស្រែ​ចំ​ការ​យ៉ាង​សប្បាយ​រីក​រាយ​ក្រៃ​លែង។  បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច​យើង​បាន​ជិះ​រទេះ​គោ​អ្នក​ភូមិ​ចេញ​ទៅ​ទស្សនា​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ភូមិ​តាម​ការ​ចង្អុល​បង្ហាញ​របស់​ប្រជា​សហគមន៍ ជា​ពិសេស​កសិដ្ឋាន​ចិញ្ចឹម​បសុបក្សី និង​កន្លែង​នេសាទ​ត្រី។

          លុះ​ដល់​ពេល​ព្រលប់​​យើង​បាន​ចូល​ទៅ​ស្នាក់​នៅ​ផ្ទះ​ប្រជា​សហគមន៍​ដើម្បី​ចំណាយ​ពេល​ស្វែង​យល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។ ក្រោយ​ពី​បាន​ងូត​ទឹក​សម្អាត​កាយ​រួច យើង​បាន​ចូល​ជួយ​ចម្អិន​ម្ហូប​ជា​មួយ​ម្ចាស់​ផ្ទះ​ដើម្បី​ត្រៀម​បរិភោគ​ទាំង​អស់​គ្នា។  ដើម​ឈើ​ធំៗ​នៅ​ជុំវិញ​ផ្ទះ​ ផ្ទះ​ឈើ​ប្រក់​ក្បឿង​លក្ខណៈ​ ប្រពៃណី សូរ​ចង្រិត​ស្រែក​យំ សម្លេង​ក្មេង​ក្មាង​អង្គុយ​លេង​ក្រោម​ផ្ទះ បាន​ចូល​រួម​ចំណែក​បង្កើត​បរិយា​កាស យ៉ាង​សែន​រមនា​សម្រាប់​ការ​ជួប​ជុំ​ទទួល​ទាន​អាហារ​មួយ​ពេល​ដែល​ពិត​ជា​ពិសេស​ជាង​សព្វ​មួយ​ដង។

          យើង​ជជែក​លេង​សួរ​នាំ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​នេះ​ពី​នោះ​ទៅ​តាម​ទម្លាប់​សុជីវធម៌​របស់​ខ្មែរ​យើង​តាំង​ពី​ដើម​រៀង​មក  មុន​នឹង​ឈាន​ទៅ​ទទួល​ទាន​ដំណេក​រៀងៗ​ខ្លួន។  ព្រឹក​ស្អែក​ឡើង មគ្គុទ្ទេស​ក៏​ដ៏​មាន​ថ្វី​មាត់​បាន​នាំ​យើង​ទៅ​សិក្សា​ស្វែង​យល់​កន្លែង​សិប្បកម្ម​កែ​ច្នៃ​ត្រឡោក​ដូង​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​ទៅ​តាម​គំនិត​ថ្នៃ​ប្រឌិត​របស់​សិប្បករ​ក្នុង​តំបន់។ បន្ទាប់​មក​ទៀត យើង​បាន​បន្ត​ដំណើរ​ទៅ​មើល​កន្លែង​ផលិត​ស្ករ​ត្នោត​នៅ​ក្នុង​ភូមិ​នោះ​ដែរ។ យើង​មិន​ត្រឹម​តែ​ឈរ​មើល​អ្នក​ភូមិ​ធ្វើ​នោះ​ទេ ប៉ុន្តែ​យើង​ក៏​បាន​ចូល​ទៅ​ជួយ​កូរ​ស្ករ​ដើម្បី​ទទួល​យក​បទ​ពិសោធន៍​ថ្មី​ក្នុង​ជីវិត និង​ដើម្បី​យល់​ដឹង​កាន់​តែ​ច្បាស់​ថា​ការងារ​នេះ​ពិបាក​កម្រិត​ណា​ទម្រាំ​តែ​បាន​ផលិត​ផល​ស្ករ​ត្នោត​ដែល​យើង​ទាំង​អស់​គ្នា​ប្រើ​ប្រាស់។

          ដោយ​សារ​ពេល​វេលា​មាន​កំណត់ យើង​បាន​លើក​ដៃ​លា​បង​ប្អូន​អ្នក​ភូមិ​ដែល​រស់​នៅ​ទី​នោះ​ដែល​បាន​ទទួល​រាក់​ទាក់​ពួក​យើង​យ៉ាង​អស់​ពី​កម្លាំង​កាយ​ចិត្ត។ ពួក​គាត់​នៅ​ឈរ​អម​ដំណើរ​យើង​រហូត​រថយន្ត​ចេញ​ផុត​ទៅ​ដែល​ធ្វើ​ឲ្យ​យើង​នៅ​តែ​ដក់​ជប់​អនុស្សាវរីយ៍​ទាំង​អម្បាលម៉ាន​ក្នុង​ភូមិ​តាំង​គោក​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​មិន​ភ្លេច​សោះ​ឡើយ ចំពោះ​ដំណើរ​កំសាន្ត​នៅ​ក្នុង​សហគមន៍​អេកទេសចរណ៍​មួយ​នេះ៕

Article by HENG CHANGMAKARA



SUGGESTIONS