×

ស្វែង​យល់​ពី​ភាព​ខុស​គ្នា​នៃ​ទំនៀម​ទម្លាប់​ធ្វើ​ត្រី​ប្រហុក​ពី​បុរាណកាល​ និង​បច្ចុប្បន្ន​កាល

TRAVEL & LIVING 1 month ago
 
 

            បើ​ទោះ​បី​ជា​មាន​លំ​ហូរ​ចូល​នៃ​អាហារ​បរទេស​យ៉ាង​ច្រើន​ មក​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ក្តី ក៏​ប្រជាជន​ខ្មែរ​គ្រប់​ទិសទី​ទូទាំង​ប្រទេស​មិនដែល​ភ្លេច​ទទួល​ទាន​ប្រហុក​ដែល​ជា​មត៌ក​អាហារ​ អត្តសញ្ញាណ​ជាតិ​ដ៏​យូរ​លង់​ណាស់​មក​ហើយ​នោះ​ដែរ។ ប៉ុន្តែ​ដោយ​សារ​ពេល​វេលា​ផ្លាស់​ប្តូរ​ពី សម័យ​កាល​មួយ​ទៅ​សម័យ​កាល​មួយ ការ​ធ្វើ​ត្រី​ប្រហុក​របស់​ប្រជាជន​ខ្មែរ​សព្វ​ថ្ងៃ​ក៏​មាន​ការ​វិវឌ្ឍន៍​ត្រង់​ចំណុច​ខ្លះៗ​ ខុស​ពី​សម័យ​មុន​គួរ​ឲ្យ​កត់​ចំ​ណាំ​បាន​ដែរ។ តើ​ការ​ធ្វើ​ត្រី​ប្រហុក​ពី​សម័យ​មុន​និង​សព្វ​ថ្ងៃ​នេះ​ខុស​គ្នា​យ៉ាង​ដូចម្តេច​ខ្លះ?

            ពី​ជំនាន់​ដើម ប្រជា​ពលរដ្ឋ​ប្រើ​តែ​រទេះ​គោ​ជា​យាន​ជំនិះ​ក្នុង​ការ​ដឹក​ជញ្ជូន​ស្បៀង​អាហារ ទាំង​គ្រួសារៗ​បន្ត​កន្ទុយ​គ្នា​មក​ធ្វើ​ប្រហុក​តាម​ដង​ទន្លេ ជា​ពិសេស​ជាង​គេ​នោះ​គឺ​ទន្លេ​សាប និង បឹង​ទន្លេសាប ដែល ជា​ជង្រុក​ត្រី​ទឹក​សាប​ធំ​ជាង​គេ​នៃ​កម្ពុជា។ គេ​និយម​បោះ​តង់ ឬ សង់​រោង តាម​មាត់​កំពង់​ដើម្បី​ធ្វើ​ការ​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន។ ចាស់​ទុំ​ដែល​រស់នៅ​ស្រុក​បាកាន ខេត្ត ពោធិ៍សាត់ ដែល​ស្ថិត​នៅ​ជាប់​បឹង​ទន្លេសាប បាន​ដំណាល​ថា ​“​យើង រៀប​ចំក្បួន​រទេះ​គោ អ្នក​ភូមិ​ចំរុង និង​អ្នក​ភូមិ​ស្រម៉ ជុំជើង​គ្នា​ចេញ​ទៅ​រនាម​ដើម្បី​រក​សត្វ រក​ត្រី និង ទឹក​ឃ្មុំព្រៃ ធ្វើ ប្រហុក​ផ្អក​សម្រាប់​រដូវ​ស្រែ​ចម្ការ​ឆ្នាំ​ក្រោយ” “បើ​យើង ចេញ​ពី​ព្រះ​ម្លូ​ទៅ​បឹង​ទន្លេសាប​ដល់​ចម្ងាយ​ប្រមាណ​៣០​គីឡូដី ចាំ​បាច់​ត្រូវ​តែ​ឆ្លង​ព្រៃ​ធំ​មួយ​ឈ្មោះ​ថា ព្រៃធំ”។ 

            ចំពោះ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​វិញ គឺ​ថា​ជំនាន់​មុន អ្នក​ទន្លេ​កម្រ​យក​ត្រី​តូចៗ​ល្អិត​ល្អោច​មក​ទុក​បរិភោគ​ណាស់។ គេ​និយម​រើស​យក​តែ​ប្រភេទ​ត្រី​ធំៗ ឬ ត្រី​ដែល​មាន​ទំហំ​ទ្រើសៗ​ តែ​សព្វ​ថ្ងៃ​នេះ​គេ​ប្រើ​ប្រភេទ​ត្រី​ចម្រុះ​សម្រាប់​ធ្វើ​ប្រហុក មាន​ត្រី​រៀល​តូចៗ ត្រី​កំ​ភ្លាញ និង​ត្រី​ចង្វា​ជា​ដើម។ លោក​ពូ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​ថា “​យាយ​ខ្ញុំ​និយាយ​ប្រាប់​ថា ពី​ដើម​ខ្មែរ​សំបូរ​ត្រី​ណាស់។ អ្នក​ស្រុក​ទន្លេ​គេ​មិន​បរិភោគ​ទេ​ត្រីរៀល ត្រីចង្វា កំពឹស កំភ្លាញ គេ​យក​តែ​ត្រីរ៉ស់ ត្រីឆ្តោរ ឬ​ត្រីគល់រាំង។ ត្រីរ៉ស់​គេ​ធ្វើ​ប្រហុក ឬ​វះងៀត ត្រីគល់រាំង ត្រីព្រួល គេធ្វើផ្អក។”

            ប្រជា​ពលរដ្ឋ​ដែល​មាន​វ័យ​កណ្តាល និង​ចំណាស់​នៅ​តែ​និយាយ​ថា​ត្រី​បច្ចុប្បន្ន​មិន​សូវ​សំបូរ​ដូច​ពី​សម័យ​ដើម ហើយ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​មាន​តម្លៃ​ថ្លៃ ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ប្រហុក​ទទួល​បាន​ទិន្ន​ផល​តិច​ជាង​ពី​មុន។ នៅ​សហគមន៍​នេសាទ​ពាមរាំង ស្រុក​លើកដែក ខេត្តកណ្តាល តម្លៃ​ត្រី​ប្រហុក​កើន​ដល់​១២០០​-​១៣០០​រៀល​ក្នុង​មួយ​គីឡូ​ក្រោម ក្នុង​ចុង​ឆ្នាំ​២០១៧​នេះ។ លោក យឹម ពិសាល ដែល​ធ្លាប់​រស់​នៅ​ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយ​មានជ័យ មិន​ឆ្ងាយ​ពី​បឹង​ទន្លេ​សាប​បាន​រំព្ញក​ថា “​ជំនាន់​ខ្មែរ​ក្រហម ត្រី​នៅ​តាម​ដង​ស្ទឹង​សំបូរ ​ណាស់ គឺ​បង់​មួយ​សំណាញ់​លើក​ពីរ​នាក់​មិនរួច​ទេ។ ខ្មែរ​ក្រហម​បាន​ចាត់​មនុស្ស​ប្រុសៗ​ពេញ​កម្លាំង​ឲ្យ​ធ្វើការ​នេសាទ​ត្រីប្រហុក ដោយ​ឲ្យ​ស្រ្តី​ជា​អ្នក​ចាត់​ចែង​ក្នុង​ការ​វះពោះ កាត់​ក្បាល​ត្រី និង​ប្រឡាក់​ហាល​”។

            មិន​ត្រឹមតែ​ប៉ុណ្ណោះ កាល​ពី​សម័យ​មុន​ពេល​ធ្វើ​ត្រី​ប្រហុក ប្រជាជន​តែងតែ​បោះ​ចោល​ក្បាល​ត្រី នៅ​ពេល​គេ​កាត់​ក្បាល​ត្រី វះពោះ សកស្រកា សម្អាត​ត្រី​រួច​ខុស​ពី​ឥឡូវ​ដែល​ក្បាល​ត្រី​ប្រហុក​ត្រូវ​បាន​គេ​ប្រមូល​ទុក​លក់​សម្រាប់​ត្រាំ ឬ​ចំហុយ​ធ្វើ​ទឹក​ត្រី ឬ​ទុក​ជា​ចំណី​ត្រីចិញ្ចឹម​ផងដែរ។

            ចំណុច​មួយ​ទៀត​គឺ ដំ​ណាក់​កាល​នៃ​ការ​ធ្វើ​ប្រហុក។ យោង​តាម​វីដេអូ​ឯកសារ​បរទេស​ស្តី​ពី​រដូវ​ធ្វើ​ត្រី​ប្រហុក​នៅ​កម្ពុជា​ឆ្នាំ​១៩៦២ យើង​សង្កេត​ឃើញ​ថា នៅ​ពេល​គេ​កាត់​ក្បាល​ត្រី វះ​ពោះ រួច​ស្អាត​ហើយ ប្រុសៗ​ដាក់​ត្រី​ដែល​ធ្វើ​រួច​ទាំង​នោះ​ក្នុង​កញ្ឆេ​ធ្វើ​ពី​ប្ញស្សី​ត្បាញ រួច​បញ្ជូន​ដាក់​លើ​ផែ​ទឹក​សង់​ពី​ឈើ ហើយ​យក​ជើង​ទទេ​ជាន់​ត្រី​ក្នុង​កញ្ឆេ​ឲ្យ​អស់​ស្រកា​ស្អាត​ល្អ ដោយ​យក​ដៃ​ជ្រែង​ទប់​នឹង​បង្គោល​ឈើ​នៃ​ផែ​ឈើ​នោះ ​និង​ឈរ​តម្រៀប​ជាជួរៗ។  ចំ​ពោះ​សម័យ​នេះ​វិញ គេ​ពុំ​ឃើញ​មាន​ការ​សង់​ផែ​ឈើ​សម្រាប់​ទុក​ឈរ​ជាន់​ត្រី​ប្រហុក​បែប​នេះ​ទៀត​ទេ គឺ​គេ​ជាន់​នៅ​ក្នុង​ទឹក​តែ​ម្តង​ដោយ​ប្រើ​កញ្ឆេ​ជ័រ​ធំៗ​ជំនួស​ជា​ទូ​ទៅ។ នៅ​តំបន់​ខ្លះ​ដូច​ជា នៅ​ភូមិ​សេះ​ស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្ត​កំពង់ឆ្នាំង គេ​មិន​ជាន់​សម្អាត​ស្រកា​ត្រី​ឡើយ  តែ​គេ​ប្រើ​ស្បៃ​ដូចជា​អង្រឹង កាន់​ខ្សែសង​ខាង​ដោយ​មាន​គ្នា​ពីរ​នាក់ ទម្លាក់​ត្រី​ក្នុង​ស្បៃ​ដល់​ទឹក​ហើយ​កញ្ជ្រោក​ទៅ​មកៗ​រហូត​ទាល់​តែ​ស្អាត​ស្រកា និង​ខ្លាញ់​អស់​ទើប​លើក​ឡើង​វិញ ហើយ​យក​ទៅ​ប្រឡាក់​អំបិល​ផ្អាប់​ទុក។ រីឯ​ការ​ផ្អាប់​ទុក​ពី​សម័យ​បុរាណ គេ​ប្រើ​ក្រឡ​ភាជន៍​ធ្វើ​ពី​ដី​ដុត ដែល​គេ​ហៅ​ថា ក្រឡ​ប្រហុក​នោះ​ឯង (​មាន​ប្រើ​ក្នុង​សម័យ​អង្គរ​ស.វទី១១ ដល់​ទី១៥) ហើយ​ក្រោយ​មក​គេ​និយម​ប្រើ​ក្រឡ​ម្យ៉ាង​ទៀត​ហៅ​ថា ខាប់។ មក​ដល់​ពេល​បច្ចុប្បន្ន ​គេ​បែរ​មក​ប្រើ​ក្រឡ​ជ័រ ឬ​កែវ​ថ្ម​វិញ ព្រោះ​វា​ស្រាល​ជាង ងាយ​ស្រួល​លើក ដែល​មាន​ច្រើន​ទំហំ​ទៅ​តាម​តម្រូវ​ការ​អ្នក​ប្រើប្រាស់​ផ្ទាល់។

            ទាំង​នេះ​គ្រាន់​តែ​ជា​ការ​ប្រៀប​ធៀប​ចំណុច​គោលៗ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ទំនៀម​ទម្លាប់​ខុស​គ្នា​ទៅ​តាម តំបន់​ផ្សេងៗ​នៃ​ផ្ទៃ​ប្រទេស។ តំបន់​ខ្លះ​នៅ​រក្សា​ទំនៀម​បុរាណ​បាន​ច្រើន ឯ​តំបន់​ខ្លះ​ទៀត​ក៏​អនុវត្ត​តាម​សម័យ​និយម ច្រើន ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ប្រជាជន​ខ្មែរ​នៅ​តាម​ខេត្ត​ពុំ​ទាន់​ចោល​ទំនៀម​ទម្លាប់​ក្នុង​ការ​ផលិត​ប្រហុក​សម្រាប់ ប្រើ​ប្រាស់​ផ្គត់​ផ្គង់​តម្រូវ​ការ​គ្រួសារ​ប្រ​ចាំឆ្នាំ​និង​សម្រាប់​លក់​ដូរ​នៅ​តាម​ទីផ្សារ​នៅ​ឡើយ​ទេ ទោះ​បី​ជា​មាន​ការ​នាំ​ចូល បរិមាណ​ប្រហុក​ពី​ប្រទេស​ជិត​ខាង​ដែល​មាន​តម្លៃ​ថោក​ជាង​ប្រហុក​ក្នុង​ស្រុក​ខ្លះ​ក៏​ដោយ៕



SUGGESTIONS