×

​កាន់​តែញុំា​កាន់​តែ​ឆ្ងាញ់​ជាប់​ចិត្ត នំ​ប្រចាំ​ត្រកូល​អ្នក​ខេត្ត​កំពត

TRAVEL & LIVING 2 months ago
 
 

            បើ​យើង​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ ទៅ​ដល់​ទឹក​ដី​ក្រុង​កំពត ហើយ​ឆៀង​ចូល​ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​ទឹក​ឈូ​ដ៏​ល្បីល្បាញ​ជាង​គេ​នោះ យើង​ទាំង​អស់​គ្នា​ច្បាស់​ជា​បាន​ឃើញ​តូបអាជីវករ​ណែន​ណាន់តាន់តាប់​ដាក់​តាំង​លក់​ភោគផល​ផលានុផល​ជា​ច្រើន​ប្រភេទ​នៅ​តាម​ដង​ផ្លូវដូចជា ទុរេន សាវម៉ាវ មង្ឃុត ម៉ាក់​ប្រេង​ម៉ាក់ប្រាង ទៀប​បារាំង ព្រម​ទាំង​ចំណី​ចំណុក​ស្រស់ៗ​ថ្មីៗ​សព្វ​បែប​យ៉ាង​គួរ​ឲ្យ​ចង់​ស្រក់​ទឹក​មាត់។ ក្នុង​ចំណោម​បណ្តា​អាហារ​ប្រចាំ តំបន់​ទាំង​អស់​ដែល​មាន​វត្ត​មាន​នៅ​លើ​ទឹក​ដី​ជើង​ភ្នំកំចាយ​មួយ​នេះ គេ​សង្កេត​ឃើញ​មាន​នំ​មួយ​ប្រភេទ​ដែល​អ្នក​លក់​នៅ​ទី​នោះ​គរជាគំនរ​លក់​ព្រោងព្រោត​ស្ទើរគ្រប់តូប រហូត​ដល់​អ្នក​លក់​ខ្លះ​ដាក់​ក្នុង​កន្រ្តក​ដើរ​យួរ​លក់​ពីខ្ចុះ​មួយ​ទៅ​ខ្ចុះ​មួយ។ នរណា​ក៏​ស្គាល់​ដែរ​ថា នំ​នោះ​អ្នក​ស្រុក​កំពត​និង​ប្រជាជន​ទូ​ទាំង​ប្រទេសហៅ​ថា នំ​ស្លឹក​ចាក។ តើ​អ្វី​ទៅ​ជា​លក្ខណៈ​ពិសេស​របស់​នំ​ស្លឹក​ចាក​ខេត្ត​កំពត? តើនំ​នេះ​ជា​ប្រភេទ​នំកែច្នៃ​ថ្មី ឬ​យ៉ាង​ណា​ដែរ? តោះមក​សិក្សា​ស្វែង​យល់​អំពី​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​នំ​នេះ​ទាំង​អស់​គ្នា​!

            មុន​នឹង​ឈាន​ទៅ​ដល់​ការបក​ស្រាយ​ស៊ី​ជម្រៅ​អំពី​សាវតារនំ​នេះ សូវរីន​សូម​ណែ​នាំ​ឲ្យ​ប្រិយ​មិត្ត​ទាំង​ឡាយ​ស្គាល់​ថា​អ្វី​ទៅ​ជា “​ស្លឹក​ចាក”។

បើ​យោង​តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត បោះ​ពុម្ព​ផ្សាយ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ គ.ស ១៩៦៧ ស្លឹក​ចាក សំដៅ​ចំពោះ​ស្លឹក​ឈើតចសារ​ជាតិ​មួយ​ប្រភេទ​សន្តាន​នឹង​ជ្រែ តែដុះ​ក្នុង​ទឹក ប្រើ​ប្រក់​ផ្ទះ ច្រើន​សម្បូរ​នៅ​ក្នុង​ដែន​កម្ពុជា​ក្រោម។ ជាការ​ពិត​ណាស់ ស្លឹក​ចាក​ត្រូវ​បាន​អ្នក​ស្រុក ប៉ែក​ខាង​ត្បូងកែច្នៃ​ប្រើ​ជាគ្រឿង​ទព្វ​សម្ភារៈ (ជំនួស​ស្បូវប្រក់ដំបូល​ផ្ទះ ឬ ជញ្ជាំង​ផ្ទះ) និង ប្រើ​ជា​ស្លឹក​វេចខ្ចប់នំនែក​បាន ជំនួស​ស្លឹក​ត្នោត និង​ស្លឹក​ឬ​ស្សី​ផង​ដែរ។ អាស្រ័យ​ហេតុ​នេះ​ហើយ​ទើប​នំ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា នំ​ស្លឹក​ចាក យោង​ទៅ​តាម​ស្លឹក​ដែល​គេ​យកមក​វេច​ជាក់​ស្តែង​ងាយ​ស្រួល​ក្នុង​ការចំណាំ។

            ថ្វីត្បិតតែ​យើង​មិន​ទាន់​បាន​ដឹងពីកាលបរិច្ឆេទ​នៃ​កំណើត​នំ​ស្លឹក​ចាក​នេះ​ជាក់​លាក់​ក៏​ដោយ ប៉ុន្តែ​បើ​យោង​តាម​ចម្លើយ​របស់​បងប្អូនអាជីវករ​នៅ​ទី​នោះ និង​ស្ថានភាព​ភូមិ​សាស្រ្ត​នៃ​ខេត្ត​កំពត យើង​អាចសន្មត​បាន​ថា នំ​ស្លឹក​ចាក ជានំ​ប្រពៃណី​មាន​ប្រវត្តិជា​យូរ​លង់​ណាស់​មក​ហើយ ព្រោះ​ប្រជាជន​ខេត្ត​កំពត​ចេះ​ផលិត​នំ​ប្រភេទ​នេះ​តៗ​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ពី​ម្តាយ​ត​ទៅ​កូន ពី​កូន​ត​ទៅ​ចៅ ទុកជា​អាហារ​សម្រន់​ដ៏​ពិសេស​ប្រចាំ​ខេត្ត​ទុក​លក់​ជូន​ភ្ញៀវ​ទេសចរ​មកពី​គ្រប់ទិសទី។ គ្មាន​អ្នក​កំពត​ណាម្នាក់ ដែល​អះអាង​ថា​មិន​ស្គាល់​ឬ​មិន​ដែល​ភ្លក់​រស​ជាតិ​នំ​ស្លឹក​ចាក​នេះ​ឡើយ។ យើង​អាច​និយាយ​បាន​ថានំ​នេះ​បាន​ក្លាយ​ជា​អត្ត​សញ្ញាណ​​អាហារ​នៃ​ខេត្ត​កំពត​រួច​ទៅ​ហើយ។ ជាតឹកតាង យ៉ាង​ប្រត្យក្ស ដោយ​សារភាពល្បីរន្ទឺ​នៃ​នំ​ស្លឹក​ចាក​បាន​សាយភាយជ្រួតជ្រាប​ដល់​មហា​ជនទូ​ទាំង​ប្រទេស នំ​នេះ​ត្រូវ​បាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​កំពតជ្រើស​តាំង​ជាបង្អែម​ខ្មែរ​តំណាង​ខេត្ត​កំពត​យកមក​បង្ហាញ​ជូន​សាធារណជន​ក្នុង​ឱកាស​កម្មវិធី​ពិព័រណ៍នំ​និង​បង្អែម​ខ្មែរ​លើក​ទី១ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​មហោឡារឹក​នៅ​លើ​ទឹក​ដី​ទី​ក្រុង​រណប​កោះ​ពេជ្រ កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​អតីត​អភិបាល​រាជធានី​ភ្នំពេញ​ ឯកឧត្តម កែប ជុតិមា ជា​ប្រវត្តិសាស្រ្ត​យ៉ាង​ធំ​ធេង។

            ជា​មួយ​នឹង​ទឹក​មុខ​ស្រស់​ស្រាយ​ញញឹម​ញញែមក្លែម​ពាក្យ​សម្តីពពាយនាយ​យ៉ាង​ប៉ិនប្រសប់ កញ្ញា ធីតា អាជីវករ​​លក់​នំ​ស្លឹក​ចាក​មួយ​រូប​នៅ​រមណីយដ្ឋាន​ទឹក​ឈូ បាន​រៀបរាប់​ប្រាប់​ថា “នំ​ស្លឹក​ចាក​នេះ​លក់​ថ្លៃ​ត្រឹម​តែ ៥០០០ រៀល​ក្នុង​មួយ​បន្ទះ (មួយ​បន្ទះ​មាន ១០នំ)។ ខ្ញុំ​មិន​ដឹងថា​គេ​ចាប់​ផ្តើម​ធ្វើ​នំ​នេះ​ពីអង្កាល់ណាទេ តែ​ខ្ញុំ​ស្គាល់​នំ​ស្លឹក​ចាក​នេះ​តាំង​ពី​ធំ​ដឹងក្តី​មកម្ល៉េះ ហើយ​ចេះ​ធ្វើ​លក់​តពី​ម្តាយ​ខ្ញុំ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​គឺ​ជាង ១០ឆ្នាំ​ហើយ។”

            ដើម្បី​ធ្វើ​នំ​ដ៏​ឈ្ងុយ​ឆ្ងាញ់​នេះ គេ​ត្រូវ​កាត់​ស្លឹក​ចាក​ដែល​ដុះព្រោងព្រាត​នៅ​តាម​មាត់​ព្រែក​ដៃ​សមុទ្រ​មក​លាង​សម្អាត​ឲ្យ​ជ្រះ​ស្អាត ហើយ​កាត់​តម្រឹម​ក្នុង​ប្រវែង​ប្រហែល​មួយ​ហត្ថ (ពីរ​ចំអាម) ទុក​មួយ​អន្លើស​ម្រាប់​ប្រើ​ការវេចខ្ចប់។ រីឯ​វិធី​ធ្វើ​សាច់​នំ​វិញ គេ​ត្រូវ​ប្រើ​គ្រឿង​ផ្សំ​សំខាន់ៗ​ចំនួន​៤​មុខ គឺ អង្ករ​ដំណើបស​សុទ្ធ ដូង​ចាស់ ស្ករ​ត្នោត (ឬ ស្ករស) និង ល្ង​ខ្មៅ។

របៀប​ធ្វើ​គឺ​មាន​លក្ខណៈ​សាមញ្ញ​បំផុត​ស្រដៀង​នឹង​ការ​ធ្វើ​អន្សមអាំង​ធម្មតា​ដែរ ពោល​គឺ ត្រូវ​យក​អង្ករ​ដំណើប​ទៅ​លាង​ទឹក​ឲ្យ​ស្អាត ហើយ​បន្ទាប់​មក​ត្រូវ​យកវា​ទៅ​ត្រាំ​ទឹក​ចោល​រយៈ​ពេល​ប្រមាណ​៤​ម៉ោង ទើប​សម្រិត​ទឹក​ចោល ទុក​ឲ្យ​ស្រស់​ទឹក រួច​យក​ទៅ​កិនច្រោះ​ឲ្យ​រឹង​ល្អ។ ក្រោយ​មក​ទៀត ត្រូវ​យក​ម្សៅ​អង្ករ​ដំណើប​នោះ​ទៅ​ច្របាច់​ពូត​ឲ្យ​ម៉ដ្ឋ​ម្ដង​ទៀត រួច​លាយជា​មួយ​សាច់​ដូង​ដែល​កោស​រួច​សឹម​ចាក់​លាយបញ្ចូល​ជា​មួយ​ស្ករ​ត្នោត ឬ ស្ករស ល្ង​ខ្មៅ ឲ្យ​សព្វ​គ្រឿង។ ជា​ចុង​ក្រោយ ត្រូវ​យកល្បាយម្សៅ​ដែល​ច្របល់​សព្វ​នោះ​ទៅ​បៀក​នឹង​ស្លឹក​ចាកស្រស់ រួច​យក​ទៅ​ខ្ទាស់​ឲ្យ​ជិត​ស្រួលបួល​តម្រៀប​ដាក់​អាំង​រហូត​ឆ្អិន​ចោល​ក្លិន​ឈ្ថុយប្រហើរ​ចេញ​ពីកាកដូង។

            តាម​ពិត​ទៅ នំ​ស្លឹក​ចាក​នេះ​ក៏​មាន​លក់​ខ្លះ​ដែរ​នៅ​កំពង់សោម និង​កោះ​កុង ប៉ុន្តែ​បើ​និយាយ​ពីវា គឺ​ប្រជាជន​ភាគ​ច្រើន​នឹក​ដល់​ខេត្ត​កំពត​មុន​គេ ព្រោះ​មាន​តែ​ខេត្ត​កំពតទេ​ដែល​មាន​លក់​នំ​នេះ​ច្រើន​ជាង​គេតពីដូនតា ហើយ​គុណភាព និង​រស​ជាតិ​ក៏​ពិសេស​ដាច់គេ​ដែរ ងាយ​ស្រួលចំណាំ​ណាស់ គឺ​សាច់​នំក្រាស់ ស្វិត​ណែន​ល្អ ពេល​បក​មិន​ជាប់​ប្រតាក​នឹង​ស្លឹក​ដែល​ខ្ចប់ទេ ហើយ​ឈ្ងុយ​ក្លិន​ដូង​ពិតៗ កាន់​តែញ៉ាំ​កាន់​តែ​ឆ្ងាញ់​ជក់​ចិត្ត​ទ្វេដង។ ដោយ​សារតែ​មូល​ហេតុ​នេះ​ហើយ ទើប​នំ​នេះ​លក់​ដាច់រាប់​ទសវត្សរ៍ មិន​ចេះ​ស្រកស្រុត​ប្រជាប្រិយ​ភាព អ្នក​ដំណើរ​ភាគ​ច្រើន​និយម​ទិញ​យកមក​ផ្ញើ​អ្នក​ផ្ទះ​មិន​សូវ​ដែល​លោះ​ពេល​ឡើយ។ តើប្រិយ​មិត្ត​អ្នក​អាន​ធ្លាប់​សាក​ទទួល​ទាន​ស្តេច​នំ​នៅ​កំពត​នេះ​ហើយ​ឬ​នៅ?

Article by SRIN SOKMEAN



SUGGESTIONS