ជារៀងរាល់ឆ្នាំនៅពេលដែលមានពិធីបុណ្យប្រពៃណីជាតិខ្មែរម្តងៗ ប្រជាជនខ្មែរទាំងប្រុស ទាំងស្រីតែងតែធ្វើចង្ហាន់ដើម្បីប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលទៅដល់ញាតិសន្ដានដែលបានចែកឋាន។ ក្នុងនោះផងដែរគេសង្កេតឃើញថា រាល់ចង្ហាន់នីមួយៗគឺមានម្ហូប និងបង្អែមស្រដៀងគ្នា ខ្លះទៀតក៏ដូចគ្នាគ្រាន់តែការរៀបចំខុសគ្នាៗតែបន្តិចប៉ុណ្ណោះ។ ដូច្នេះហើយទើបថ្ងៃនេះ សូវរីន សូមណែនាំលោកអ្នកមកសាកល្បងធ្វើបង្អែមម៉្យាងដែលចំណាយប្រាក់តិច ចំណេញពេលវេលា ហើយសកិ្តសមបំផុតសម្រាប់ធ្វើចង្ហាន់ក្នុងឱកាសនៃព្រះរាជពិធីភ្ជុំបិណ្ឌនិងកាន់បិណ្ឌនេះ។
«នំទ្រាប ឬនំទ្រាបបាយ» គឺជានំម៉្យាងដែលមានពណ៌លឿង ឬពណ៌ត្នោត រួមជាមួយនឹងរសជាតិផ្អែមល្មម ឬផ្អែមមុតដែលធ្វើពីបាយដំណើបជាមួយនឹងស្ករត្នោត។ ជាទូទៅនំទ្រាបនេះ តែងតែបង្ហាញខ្លួនគ្រប់កាលៈទេសៈ ព្រោះរយៈពេលដែលធ្វើនំទ្រាបនេះប្រើរយៈពេលខ្លី ហើយវាអាចជួយសន្សំនូវថវិការរបស់អ្នកបានមួយកម្រិតធំទៀតផង។ ដើម្បីធ្វើនំទ្រាបដ៏ឆ្ងាញ់នេះបាន អ្វីដែលអ្នកត្រូវការនោះមានដូចជា៖ ស្ករត្នោត ឬស្ករស ខ្ទិះដូង អង្ករដំណើប និងល្ងខ្មៅ ប៉ុន្តែជាទូទៅគេនិយមប្រើស្ករត្នោតជាងស្ករស ព្រោះស្ករត្នោតមានរសជាតិផ្អែមមុតជាងស្ករស ម៉្យាងវិញទៀតស្ករត្នោតមានពណ៌អង្ក្រង ដែលធ្វើឲ្យនំរឹតតែមានសោភ័ណភាពបន្ថែមទៀត។ ដំបូងគេយកអង្ករដំណើបទៅដាំឲ្យឆ្អិនល្អហើយទុកឲ្យត្រជាក់ បន្ទាប់មកគេចាប់ផ្តើមកូរស្ករត្នោតជាមួយនឹងខ្ទិះដូងឲ្យឡើងពណ៌អង្ក្រង រួចគេយកបាយដំណើបដែលបានដាំនោះមកចាក់បញ្ចូលគ្នា ហើយគេចាប់ផ្តើមកូរ រហូតទាល់តែដាច់ទឹក។ ជាក់ស្តែងគេប្រើរយៈពេលត្រឹមតែ២ម៉ោង៣០នាទីប៉ុណ្ណោះក្នុងការធ្វើនំទ្រាបនេះ ក្រោយពីធ្វើនំនេះរួចគេដួសនំនោះមកដាក់លើថាស ឬលើស្លឹកចេកដើម្បីទុកឲ្យត្រជាក់ទើបគេរោយល្ងខ្មៅពីលើនំ បន្ទាប់មកគេក៏ចាប់ផ្តើមកាត់ជាបំណែកតូចៗ ឬល្មមសម្រាប់បែងចែកឲ្យសមាជិកក្នុងក្រុមគ្រួសារបរិភោគ ឬយកធ្វើជាបង្អែមប្រគេនព្រះសង្ឃជាដើម។ គួរបញ្ជាក់ផងដែរថានំទ្រាបនេះអាចរក្សាទុកបានចំនួន១ថ្ងៃ ឬ១ថ្ងៃកន្លះតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអ្នកចង់រក្សានំទ្រាបនេះឲ្យបានយូរជាងនេះទៀតនោះ អ្នកគួរតែរក្សានៅក្នុងកន្លែងដែលត្រជាក់ ឬកម្តៅនំទ្រាបនោះដោយចំហុយក្នុង១ថ្ងៃឲ្យបាន២ដង នោះអ្នកនឹងឃើញថាលក្ខណៈ និងរសជាតិរបស់នំទ្រាបគឺនៅដដែល។ លើសពីនេះទៅទៀត នំទ្រាបមិនត្រឹមតែអាចបរិភោគក្នុងរង្វង់គ្រួសារ ឬធ្វើជាបង្អែមសម្រាប់ប្រគេនព្រះសង្ឃនៅក្នុងពិធីបុណ្យប្រពៃណីជាតិនោះទេ ប៉ុន្តែវាក៏អាចជាផ្នែកមួយដែលងាយស្រួលក្នុងការរកប្រាក់កម្រៃសម្រាប់គ្រួសារណាដែលមានជីវភាពលំបាក។
យ៉ាងណាមិញអ្នកគួរតែសាកល្បងធ្វើនំទ្រាបនេះដោយផ្ទាល់ ដើម្បីទទួលបាននូវរសជាតិ និងបទពិសោធន៍ថ្មីពីនំទ្រាបនេះ ជាពិសេសនោះការធ្វើនំទ្រាបជាបង្អែមសម្រាប់ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យភ្ជុំនេះ ហាក់បីដូចជាកំពុងតែឆ្លុះបញ្ចាំងថាអ្នកមានភាពច្នៃប្រឌិតក្នុងការផ្លាស់ប្តូរបង្អែមផ្សេងៗឲ្យខុសពីអ្នកដទៃ ដូច្នេះកុំភ្លេចសាកល្បងធ្វើទាំងអស់គ្នាណា៕
Article by PAN SIVLY