×

តើ​អ្នក​ធ្លាប់​ឮគេនិយាយ​ពី​បច្ចេកវិទ្យា Block Chain ដែរ​ឬទេ​?

TRAVEL & LIVING 2 weeks ago
 
 

            ស្រប​ពេល​ដែល​ពិភពលោក​កំពុងតែ​ជ្រួលច្របល់ ពី​រូបិយវត្ថុ​អេឡិចត្រូនិក Bitcoin ក្រុម​អ្នក​បច្ចេកវិទ្យា​បែរ​នាំគ្នា​ងាក​មក​ចាប់អារម្មណ៍​មក​លើ​បច្ចេកវិទ្យា Blockchain ដែល​ជា​ប្រព័ន្ធ​គ្រប់គ្រង​នៃ​ដំណើរការ​ដោះដូរ​រូបិយវត្ថុ​អេឡិចត្រូនិក Bitcoin នេះ​ហើយ​វា​ក៏បាន​ក្លាយជា​ប្រធានបទ​មួយ​ក៏​ក្តៅ​គគុក​ក្នុង​វិស័យ​អេ​ឡិច​ត្រូ​និច ដែល​ត្រូវ​បាន​គេ​ចោទសួរ​គ្រប់គ្នា។ សព្វថ្ងៃ​នេះ Blockchain ត្រូវ​បាន​កែច្នៃ​និង​ប្រើប្រាស់​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការគ្រប់គ្រង​ទិន្នន័យ​តាម​បែប​បច្ចេកវិទ្យា និង​ត្រូវ​បាន​គេ​កំពុងតែ​សិក្សា​ដើម្បី​ផ្លាស់​ប្តូរ​ប្រព័ន្ធ blockchain នេះ​ឲ្យ​ក្លាយជា​ប្រព័ន្ធ​មេធំ​ដែលគេ​ខានមិនបាន​ទៀតផង។ តើ​ហេតុអ្វីបានជា​គេ​ចាប់អារម្មណ៍​លើ​ប្រព័ន្ធ​នេះ​ខ្លាំង​ម្ល៉េះ​? តើ Blockchain មានប្រយោជន៍​អ្វីខ្លះ​ដល់​សង្គមជាតិ​នោះ​? ដើម្បីឲ្យ​ងាយស្រួល​យល់​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​កំពុងតែ​ល្បីល្បាញ​មួយ​នេះ យើង​គួរតែ​សិក្សា​ពី​ប្រវត្តិ​នៃ​ការបង្កើត​ប្រព័ន្ធ​នេះ​ជាមុន​សិន។

​            Blockchain មិនមែន​ជា​កម្មវិធី​ទូរសព្ទ​ដៃ​ស្មា​ត​ហ្វូ​ន ហើយក៏​មិនមែន​ជា​កម្មវិធី​កុំព្យូទ័រ​នោះ​ដែរ ប៉ុន្តែ​វា​គឺជា​ប្រព័ន្ធ (system) គ្រប់គ្រង​ទិន្នន័យ​មួយ​ដែល​ប្រើប្រាស់​ភាសា​កូដ​កុំព្យូទ័រ​ដ៏​ស្មុគស្មាញ បង្កើត​ឡើង​ដោយ​ជនជាតិ​ជប៉ុន​មួយ​រូប​ដែល​មានឈ្មោះ​ថា Satoshi Nakamoto នៅ​ឆ្នាំ ២០០៨មក​ម្ល៉េះ។ កាលនោះ Blockchain ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​តភ្ជាប់​ពី​ប្រព័ន្ធ​មួយ​ទៅ​ប្រព័ន្ធ​មួយទៀត សម្រាប់​ផ្ទេរ​និង​ដោះដូរ​រូបិយវត្ថុ​អេ​ឡិច​ត្រូ​និច Bitcoin ពី​គណនី​មួយ​ទៅកាន់​គណនី​មួយទៀត។ Bitcoin គឺជា​រូបិយវត្ថុ​អេ​ឡិច​ត្រូ​និច​មួយ​ដែលគេ​ប្រើប្រាស់​នៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ហើយ​ត្រូវ​បាន​ចាយវាយ​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ដោយ​អ្នកប្រើ​ប្រាស់ Bitcoin នេះ​មិន​ចាំបាច់​ប្រើប្រាស់​ជា​ក្រដាសប្រាក់​សុទ្ធ​នោះ​ឡើយ​គឺ​គ្រាន់តែ​ចូល​ទៅកាន់​គណនីBitcoin របស់​ខ្លួន​ហើយ​ធ្វើការ​ទូទាត់​ទឹកលុយ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នេះ​តែម្តង។ រាល់​ការ​ទូទាត់ ការផ្ទេរ​ប្រាក់​ឲ្យ​គ្នា​ទៅវិញទៅមក​នេះ​គឺ​អាច​ធ្វើ​ទៅ​បាន​ដោយ​ប្រព័ន្ធ​គ្រប់គ្រង​មួយ​ដែលគេ​ឲ្យ​ឈ្មោះថា blockchain នេះឯង។ Blockchain បាន​កំណត់​យ៉ាង​ច្បាស់​និង​បង្ហាញ​អ្នក​យ៉ាង​ពិតប្រាកដ​ថា​ទឹកប្រាក់​របស់​អ្នក​ដែល​បាន​ទទួលតាម​រយៈ Bitcoin នេះ​មាន​ប្រភព​មក​ពីណា និង​មានដំណើរ​ប្រតិបត្តិ​ការ​យ៉ាងដូច​ម្តេច​ខ្លះ ដូច្នេះហើយ​វា​ហាក់ដូចជា​បញ្ជី​មួយ​សម្រាប់​ឲ្យ​អ្នកប្រើ​ប្រាស់ Bitcoin ទាំងអស់​អាច​ដឹង​និង​កំណត់​ចំនួន​ទឹកលុយ​របស់​ខ្លួន​ក្នុង​ការគ្រប់គ្រង​ទៀតផង។ បច្ចុប្បន្ន Blockchain មិន​ត្រឹមតែ​ប្រើប្រាស់​តែ​នៅក្នុង​ចរន្ត​ហិរញ្ញវត្ថុ Bitcoin តែប៉ុណ្ណោះ​ទេ តែ​វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅក្នុង​វិស័យ​ផ្សេងទៀត​ផង​ដែរ។ ពីទី​ក្រុង Moscow នៃ​ប្រទេស​រុស្ស៊ី តាមរយៈ​សារ​ព័ត៍​មាន​ក្នុង​ស្រុក​មួយ​ដែល​អាច​ទុកចិត្ត បាន​ឲ្យដឹង​ថា រដ្ឋាភិបាល​ក្រុង មូស្​កូ​គ្រោង​នឹង​បញ្ជូ​លប​ច្ចេ​ក​វិទ្យា Blockchain នេះ​ទៅ​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​ដើម្បី​លុបបំបាត់​ការ​បន្លំ​សន្លឹកឆ្នោត។  ដូច្នេះ Blockchain មិន​ត្រឹមតែ​ឲ្យដឹង​ពី​ព័ត៌មាន​អ្នកបោះឆ្នោត​ប៉ុណ្ណោះទេ តែ​វា​ក៏អាច​ឲ្យ​រដ្ឋាភិបាល​ដឹងពី​ទីតាំង​និង​ពេលវេលា​របស់​អ្នកបោះឆ្នោត​នោះ​ផង​ដែរ។ នៅ​វៀតណាម គេ​បាន​ប្រើប្រាស់​ប្រព័ន្ធ​នេះ​នៅក្នុង​វិស័យ​ជលផល​ត្រី​ដែលគេ​ឲ្យ​ឈ្មោះថា Blocfish។ ដូចនេះ​គេ​អាច​ដឹង​ថា ត្រី​ដែល​បាន​ដាក់​លក់​នៅក្នុង​ទីផ្សារ​មាន​ប្រភព​មក​ពីណា និង​បាន​ឆ្លងកាត់​ស្ថាប័ន​ណាខ្លះ​ទៀតផង។ 

​            នៅ​កម្ពុជា ឯណេះ​វិញ  អង្គការ Oxfam និង​ក្រុមហ៊ុន AmruRice ក៏​ទើបតែ​បង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា​កសិកម្ម​លក្ខណៈ​ប្រមូលផ្ដុំ​សម្រាប់​វិស័យ​ស្រូវ​អង្ករ ឬហៅ​ថា BlocRice កាលពី​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨ ថ្មីៗ​នេះ​ផង​ដែរ។ តាមរយៈ Blocrice នេះ​នឹង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន ដោយ​គេ​អាច​តាមដាន​ដឹង​បាន អំពី​ព័ត៌មាន​នានា​តាំងពី​សង្វាក់​ដំបូង​នៃ​ផលិតកម្ម​ស្រូវ​អង្ករ​រហូតដល់​ការនាំចេញ​លក់​នៅ​លើ​ទីផ្សារ​តាមរយៈ​ការ​ស្កេន QR Code ដែលគេ​បាន​ដាក់​នៅ​លើ​អង្ករ។ ម្យ៉ាងវិញទៀត​គេ​ក៏អាច​អភិវឌ្ឍ​គុណភាព​ស្រូវ​អង្ករ ព្រោះ​ខាង​ក្រុមហ៊ុន AmruRice បាន​ធ្វើ​កិច្ចសន្យា​កសិកម្ម (Contract Farming) ជាមួយ​កសិករ រួម​ជាមួយនឹង​ការ​បញ្ចូល​បច្ចេកវិទ្យា​ក្នុង​ការ​ធ្វើ​កសិកម្ម​តាម​បែប​ទំនើប និង​មានការ​ទទួលខុសត្រូវ​ជាង​មុន។ ជាង​នេះ​ទៅទៀត​គេ ក៏អាច​ដឹងពី​ពេលវេលា​ជាក់លាក់ ក្នុង​ការ​ដាំដុះ​ស្រូវ​និង​កាត់បន្ថយ​ការប្រើ​ប្រាស់​ក្រដាសប្រាក់​ដើម្បី​ទិញ​លក់​ស្រូវ​អង្ករ ដោយ​កសិករ​នឹង​មាន​គណនី​ធនាគារ​ផ្ទាល់ខ្លួន ហើយ​ពេល​ក្រុមហ៊ុន​បញ្ជាទិញ នឹង​ធ្វើ​ប្រតិបត្តិ​ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​តែម្ដង៕

Article by KEO SONG​



SUGGESTIONS