«តែ» គឺជាប្រភេទស្លឹកស្ងួតក្រៀមរួមជាមួយនឹងក្លិនដ៏ឈ្ងុយឈ្ងប់ជាច្រើនទៅតាមប្រភេទ «តែ» នីមួយៗ។ មិនត្រឹមតែប៉ុណ្ណោះ «តែ» ត្រូវបានគេដឹងថាជាប្រភេទភេសជ្ជៈធម្មជាតិដ៏ល្អឥតខ្ចោះនាំមក នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព និងសម្រស់ ហើយជាមួយគ្នានេះ «តែ» ក៏បានដើរតួជាភេសជ្ជៈដ៏សំខាន់ក្នុងការព្យាបាលអាការស្រវឹងផងដែរ។ ចុះតើតែណាខ្លះដែលអាចជួយបន្សាបជាតិស្រវឹងចេញពីក្នុងខ្លួនរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព?
១. តែជីក្រហម
តែជីក្រហម មានប្រសិទ្ធភាពខ្ពស់ក្នុងការបន្សាបជាតិស្រវឹងបានយ៉ាងឆាប់រហ័សបំផុត។ មិនត្រឹមតែប៉ុណ្ណោះ តែជីក្រហមនេះត្រូវបានគេដឹងថាជាប្រភេទតែធម្មជាតិដែលមានសារធាតុម៉្យាងជំនួយកម្លាំង និងស្មារតីរបស់អ្នកឲ្យកាន់តែរឹងមាំ និងមានភាពស្រស់ស្រាយផងដែរ។ ដើម្បីបន្សាបជាតិស្រវឹង អ្នកគ្រាន់តែអនុវត្តឆុងតែជីក្រហមនេះជាមួយនឹងទឹកក្តៅឧណ្ហៗដោយទុកចោលប្រមាណជា ៥នាទី រួចក្រេបរហូតអស់ពីកែវជាការស្រេច។
២. តែជីរអង្កាម
តែជីរអង្កាមជាប្រភពតែមានឥទ្ធិពលខ្លាំងនៅក្នុងការបន្សាបជាតិហ្គាស ឬជាតិអាល់កុលដែលមាននៅក្នុងភេសជ្ជៈ។ មិនត្រឹមតែប៉ុណ្ណោះ តែប្រភេទនេះក៏អាចជាឱសថដ៏ល្អបំផុតក្នុងការព្យាបាលអាការចុកពោះ និងពង្រឹងនូវការចងចាំឲ្យមានប្រសិទ្ធភាពទ្វេដង។ ហេតុដូចនេះ មិនថាការទទួលទានតែជីរអង្កាមនៅពេលស្រវឹង ឬប្រចាំថ្ងៃគឺពិតជាល្អបំផុតចំពោះសុខភាព។
៣. តែបៃតង
តែបៃតង គឺជាប្រភេទតែដែលគេពេញនិយមទទួលទានបំផុតនៅពេលបច្ចុប្បន្ន ហើយវាក៏ជាភេសជ្ជៈ ដែលជួយបន្សាបជាតិស្រវឹងបានយ៉ាងល្អខណៈដែលនៅក្នុងតែបៃតងមានផ្ទុកនូវសារធាតុម៉្យាងហៅថា CATECHINS ដែលសារធាតុនេះអាចជួយដល់ប្រព័ន្ធរាងកាយមានលំនឹងល្អក្រោយពេលផឹកគ្រឿងស្រវឹងលើសកម្រិត។
៤. តែផ្កាឡាវេនឌ័
ជាធម្មតា នៅពេលក្រោកពីដំណេកស្ថិតក្នុងស្ថានភាពស្រវឹង អ្នកប្រាកដជាមានអាការឈឺក្បាលធីងធោង ឬអារម្មណ៍តានតឹងជាខ្លាំង។ ដើម្បីបំបាត់រាល់ភាពតប់ប្រមល់នេះបានឆាប់រហ័ស អ្នកគួរតែទទួលទានតែផ្កាឡាវេនឌ័រឲ្យបានមួយឬពីរកែវ។ តែផ្កាឡាវេនឌ័ ត្រូវបានគេរកឃើញថាជាប្រភេទតែដែលមានឥទ្ធិពលខ្លាំងក្នុងការជំរុញឲ្យរាងកាយមានកម្លាំងខ្លាំងក្លា ហើយថែមទាំងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយឆាប់រហ័ស។
៥. តែខ្ញី
អ្នកប្រាកដជាដឹងហើយថា តែខ្ញី ពិតជាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព និងសម្រស់។ ដោយឡែក តែខ្ញី ក៏ជាប្រភេទតែធម្មជាតិដែលអាចជួយបន្សាបជាតិស្រវឹងបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ លើសពីនេះ តែខ្ញី ត្រូវបានគេរកឃើញថា វាមានសមត្ថភាពខ្ពស់ក្នុងការព្យាបាលរាល់ជំងឺកាចសាហាវផ្សេងៗ។ អ្នកក៏អាចទទួលទានតែខ្ញីនេះជាមួយនឹងទឹកឃ្មុំទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។
ដូចបានជម្រាបនៅខាងលើ តែទាំងប្រាំមុខនេះសុទ្ធសឹងមានអត្ថប្រយោជន៍ជួយបន្សាបជាតិស្រវឹងបានយ៉ាងមានប្រសិទ្ធភាព ដូចនេះអ្នកគួរត្រៀមតែណាមួយដែលជាចំណូលចិត្តរបស់អ្នកទុកនៅផ្ទះរួចជាស្រេចដើម្បីងាយស្រួលធ្វើភ្លាមៗនៅពេលមានអាការស្រវឹង។ ដោយឡែក បើទោះភេសជ្ជៈតែខាងលើផ្តល់នូវអត្ថប្រយោជន៍ជួយបន្សាបជាតិស្រវឹងយ៉ាងណាក្តី យល់ល្អអ្នកគួរទទួលទានគ្រឿងស្រវឹងឲ្យបានត្រឹមត្រូវ និងតាមកម្រិតដែលខ្លួនធ្វើបានទើបប្រសើរ៕
Article by PAN SIVLY