×

បរិភោគ​អាហារ​ ​៧មុខ​ ​ប្រជាជន​ចិន​ជឿជាក់​ថា​នឹង​នាំ​លាភ​សំណាង​នៅ​ថ្ងៃចូលឆ្នាំ

TRAVEL & LIVING 3 weeks ago
 
 

            ​រៀងរាល់​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ ​យើង​តែងឃើញ​បងប្អូន​ជាប់សែស្រឡាយ​ចិន​មិន​ភ្លេច​ឡើយ​នូវ​ការរៀបចំ​ធ្វើមុខ​ម្ហូប​សំ​ខាន់​ៗ​សម្រាប់​សែនដូនតា​ដូចជា​ ​ចាប់ឆាយ​ ​ខសាច់​ជ្រូក​ ​និង​ឆាមី​សួ​ជាដើម​។​ ​ជាមួយនឹង​ថ្ងៃចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នេះ​ដែរ​ ​ក៏​មាន​អាហារ​ចំនួន​ ​៧មុខ​ ​ដែល​ប្រជាជន​ចិន​មាន​ជំនឿ​តគ្នា​ថា​ ​បរិភោគ​នៅ​ថ្ងៃចូលឆ្នាំ​នឹង​ទទួល​បានលាភ​សំណាង​សម្រាប់​ឆ្នាំ​ថ្មី​។​ ​មែនទែន​ទៅមុខ​ម្ហូប​នាំ​លាភ​សំណាង​ទាំងនោះ​សុទ្ធតែ​បង្កប់​អត្ថន័យ​ទៅតាម​ឈ្មោះ​ ​រូបរាង​ ​និង​របៀប​ធ្វើ​របស់​វា​។​ ​ចុះ​តើ​អាហារ​ទាំង៧មុខ​នោះ​មាន​អ្វីខ្លះ​?​ ​សូ​វរីន​ ​សូម​បង្ហាញ​ដូច​ខាងក្រោម​។​ ​

​1​. ​ត្រី​
​ពាក្យ​ត្រី​នៅក្នុង​ភាសា​ចិន​គឺ​មាន​សំឡេង​ដូច​ទៅ​នឹង​ពាក្យ​រីក​ច្រើន​ដែល​សំដៅ​ដល់​ភាព​ចម្រុងចម្រើន​ភោគទ្រព្យ​ ​ហេតុ​ដូចនេះ​ទើប​ប្រជាជន​ចិន​តែង​ប្រកាន់​ខ្ជាប់​នូវ​ការ​បរិភោគ​ត្រី​នៅក្នុង​ឱកាស​ថ្ងៃចូលឆ្នាំ​ចិន​ ​ព្រោះ​គេ​ជឿជាក់​ថា​ប្រសិនបើ​ពួកគេ​អាច​សន្សំទ្រព្យ​នៅ​ឆ្នាំ​ចាស់​បាន​ច្រើន​កាលណា​ ​នោះ​ពួកគេ​នឹងអាច​បង្កបង្កើន​ទ្រព្យ​បាន​កាន់តែ​ច្រើន​ទៀត​នៅ​ឆ្នាំ​បន្ទាប់​។​ ​និយាយទៅ​ត្រី​គឺជា​អាហារ​ប្រពៃណី​ចូលឆ្នាំ​ចិន​ជា​យូរលង់​ណាស់​មក​ហើយ​ ​ចុះ​តើ​ត្រី​ប្រភេទ​ណាខ្លះ​ដែលគេ​ចម្អិន​សម្រាប់​អាហារ​ពេលល្ងាច​នៅ​ថ្ងៃចូលឆ្នាំ​ចិន​ដើម្បី​ទទួលយក​លាភ​សំណាង​?​ ​ក្នុង​នោះ​ត្រី​ ​Crucian​ ​Carp​ ​ជា​និមិត្តសញ្ញា​នាំមក​នូវ​សំណាងល្អ​សម្រាប់​ឆ្នាំ​ថ្មី​ ​ខណៈ​ត្រី​ ​Mud​ ​Carp​ ​និង​ត្រី​ ​Catfish​ ​នាំមក​នូវ​ទ្រព្យសម្បត្តិ​ហូរ​ចូល​មហាសាល​។​ ​ត្រី​ដែល​យក​មក​ទទួលទាន​គេ​ចម្អិន​តាម​វិ​ធី​ផ្សេង​ៗ​គ្នា​ទៅតាម​ចំណង់​ចំណូលចិត្ត​អាច​ជា​ស្ងោរ​ ​ជា​ចំហុយ​ ​ឬ​ជា​ខរ​។​ ​សរុប​មក​ការ​បរិភោគ​ត្រី​នៅ​ថ្ងៃចូលឆ្នាំ​ចិន​គេ​មាន​ជំនឿ​ថា​នឹង​នាំមក​នូវ​ភាព​សម្បូរសប្បាយ​ផ្នែក​ទ្រព្យ​ប្រាក់កាក់​។​ ​

​2​.​ ​គាវ​ ​
​ស្ថិតនៅ​ក្នុង​ចង្កោម​អាហារ​របស់​ឌីម​សាំ​ ​រយៈពេល​ច្រើនជាង១៨០០ឆ្នាំ​ ​គាវ​ត្រូវ​បាន​គេ​ចាត់ទុកជា​អាហារ​ចិន​បុរាណ​ដែល​មាន​ប្រជាប្រិយ​ភាព​បំផុត​សម្រាប់​ទទួលទាន​នៅក្នុង​ថ្ងៃចូលឆ្នាំ​ចិន​។​ ​ដោយសារ​រូបរាង​របស់​គាវ​ធ្វើ​ប្រដូច​ទៅ​នឹង​ប្រាក់​ចិន​បុរាណ​ ​ហេតុ​ដូចនេះ​ទើប​ប្រជាជន​ចិន​ជឿជាក់​ថា​ការ​បរិភោគ​គាវ​នៅ​ថ្ងៃចូលឆ្នាំ​នឹងអាច​ឲ្យ​ពួកគេ​បង្កើត​ប្រាក់ចំណូល​សម្បូរហូរហៀរ​នៅ​ឆ្នាំ​ថ្មី​រួម​ទាំង​សំណាងល្អ​ផង​ដែរ​។​ ​

​3​.​ ចៃ​យ៉រ​
ចៃ​យ៉​រ​គឺជា​អាហារ​ប្រពៃណី​ដែលគេ​និយម​ទទួលទាន​នៅ​អំឡុង​ដើមឆ្នាំ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ ​ពិសេស​ពេញនិយម​បំផុត​នៅ​ចិន​ភាគ​ខាងកើត​។​ ​ចៃ​យ៉​រត្រូវ​បាន​គេ​ចាត់ទុកជា​មាស​ដោយសារតែ​ក្រោយពេល​បំពង​វា​មាន​ពណ៌​សម្បុរ​ ​និង​រូបរាង​ដូច​ទៅ​នឹង​ដុំ​មាស​ ​ដូចនេះ​ការ​បរិភោគ​ចៃ​យ៉​រក្នុង​ថ្ងៃចូលឆ្នាំ​ចិន​ ​គេ​មាន​ជំនឿ​ថា​នឹង​នាំមក​នូវ​ភាព​រីកចម្រើន​ផ្នែក​ភោគទ្រព្យ​។​ ​

​4​.​ ​នំ​ចៀល​ ​
​នំ​ចៀល​ជា​អាហារ​ប្រពៃណី​មួយទៀត​ដែលគេ​និយម​ទទួលទាន​នៅ​ថ្ងៃចូលឆ្នាំ​ចិន​។​ ​ពាក្យ​នំ​ជៀ​លនៅ​ក្នុង​ភាសា​ចិន​គឺ​អត្ថន័យ​សំដៅ​ដល់​ភាព​រីកចម្រើន​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​ប្រជាជន​ចិន​មាន​ជំនឿ​ថា​អត្ថន័យ​នេះ​នឹង​នាំមក​នូវ​ភាព​ជោគជ័យ​លើក​ការសិក្សា​ ​អាជីព​ការងារ​ ​និង​ភាព​រីកចម្រើន​នៅក្នុង​មុខរបរ​រកស៊ី​ឥត​ឈប់ឈរ​ ​សូម្បី​តែ​ក្មេង​ៗ​ក៏​ឆាប់​លូតលាស់​ទាំង​កម្ពស់​ ​និង​ប្រាជ្ញា​ផង​ដែរ​។​ ​

​5​.​ ​នំអុី ​
​នំអុី​គឺជា​បង្អែម​ចម្បង​តែង​បង្ហាញខ្លួន​ជានិច្ច​នៅ​គ្រប់​ផ្ទះ​ប្រជាជន​ចិន​ក្នុង​ថ្ងៃចូលឆ្នាំ​។​ ​ការ​ទទួលទាន​នំអុី​ចិន​មាន​ជំនឿ​ថា​នឹង​នាំមក​នូវ​ភាព​រីករាយ​នៅក្នុង​ក្រុម​គ្រួសារ​។​ ​

​6​. ​មី​ទាញ​ ​
​ដូច​ធ្លាប់​បានឃើញ​ ​និង​បរិភោគ​ ​មី​ទាញ​គឺ​មាន​ប្រវែង​វែង​ជាង​មី​ធម្មតា​ ​ហើយ​ជាទូទៅ​នៅ​ថ្ងៃចូលឆ្នាំ​ប្រជាជន​ចិន​តែង​យក​មក​ធ្វើ​អាហារ​បរិភោគ​ដូចជា​បែប​ ​ឆា​ ​ស្រុស​គោក​ ​និង​ដាក់​ក្នុងទឹក​ស៊ុប​ជាដើម​។​ ​សរសៃ​មី​ប្រវែង​វែង​នេះ​ហើយដែល​គេ​មាន​ជំនឿ​ថា​បរិភោគ​នឹង​នាំមក​នូវ​អាយុវែង​។​ ​ ​

​7​. ​ផ្លែក្រូច​
​គ្រប់​ពពួក​ក្រូច​សម្បក​ពណ៌លឿង​ ​និង​ពណ៌​ទឹកក្រូច​ ​គឺ​តំណាង​ឲ្យ​មាស​ដែល​ជា​និមិត្តសញ្ញា​នៃ​ទ្រព្យសម្បត្តិ​ ​និង​ភាព​សម្បូរសប្បាយ​ ​ហើយក៏​នាំមក​នូវ​សំណាងល្អ​ផង​ដែរ​។​ ​ពាក្យ​ក្រូច​នៅក្នុង​ភាសា​ចិន​គឺ​មាន​សំឡេង​ដូច​ទៅ​នឹង​ពាក្យ​ជោគជ័យ​ ​ហើយ​ក្នុង​ពាក្យ​នោះ​ក៏​មាន​អក្សរ​សំណាង​ភ្ជាប់​មក​ជាមួយផងដែរ​។​ ​គេ​ជឿជាក់​ថា​នៅពេល​បរិភោគ​ផ្លែក្រូច​ច្រើន​កាលណា​ ​ទ្រព្យសម្បត្តិ​លុយកាក់​នឹង​ហូរ​ចូល​មកកាន់​តែ​ច្រើន​កាលនោះ​៕​ ​

Article by HEM SOKKHIM​



SUGGESTIONS