×

រយៈពេល៧២ម៉ោង​ពោរពេញ​ដោយ​ភាព​រីករាយ​នាវេលា​ចូល​ឆ្នាំ

TRAVEL & LIVING 5 years ago
 
 

​            ​សង្ក្រាន្ត​ចូល​មក​ឬពាក្យ​សាមញ្ញ​និយាយ​ថា​ចូលឆ្នាំ​ថ្មី​នឹង​ឈាន​ចូល​មក​ ​ដល់​ក្នុងរយៈ​ ​ពេល​ប៉ុន្មាន​ថ្ងៃខាងមុខ​នេះ​។​ ​ទន្ទឹម​នឹង​នោះ​ដែរ​ ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​មិន​ ​ថា​មន្រ្តី​រាជការ​តាម​ស្ថាប័នរដ្ឋ​ ​បុគ្គលិក​តាម​ក្រុមហ៊ុន​ឯកជន​នានា​ ​ឬ​អាជីវករ​លក់ដូរ​នោះ​ទេ​ ​ពួកគាត់​បាន​ឈប់សម្រាក​ដើម្បី​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​រមណីយដ្ឋាន​នានា​ ​ឬក៏​បន្តដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​ខ្លួន​ជាដើម​។​ ​ដោយឡែក​សម្រាប់​អ្នក​ដែល​មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ​ផ្ទាល់​តែម្ដង​ ​ពួកគាត់​មិនបាន​ធ្វើដំណើរ​ទៅតាម​បណ្ដា​ខេត្ត​ដូច​បុគ្គល​មួយចំនួន​ដែល​មាន​ស្រុកកំណើត​នៅ​តាម​ខេត្ត​នោះ​ទេ​។​ ​ហើយ​មាន​អ្នកខ្លះ​ទៀត​គិតថា​ថ្ងៃឈប់​សម្រាក​អីចឹង​ ​មិន​ចង់​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​ទេសចរណ៍​ណា​ឆ្ងាយ​ៗ​ពេក​នោះ​ទេ​ ​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ពួកគាត់​ចំណាយពេល​វេលា​យូរ​ក្នុង​ការ​ធ្វើដំណើរ​ហើយ​នឿយហត់​អស់កម្លាំង​។​ ​សម្រាប់​ពេលនេះ​ ​សូ​វរីន​ ​សូម​ធ្វើការ​បង្ហាញ​ជូន​ប្រិយមិត្ត​ថា​ក្នុងអំឡុងពេល៣ថ្ងៃ​ ​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​យើង​នេះ​អ្នក​ត្រូវ​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ជាមួយ​ក្រុម​គ្រួសារ​របស់​អ្នក​យ៉ាងណា​ខ្លះ​?​ ​

            ​​រណ្តាប់​ទទួល​ទេវតា​ ​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ ​មាន​រាន​ទទួល​ទេវតា​មួយ​ ​សម្រាប់​តាំង​គ្រឿង​ពលី​ការ​ផ្សេង​ៗ​។​ ​ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌ស​ ​ហើយ​រៀប​បាយសី៩ថ្នាក់​មួយគូ​ ​បាយសី៧ថ្នាក់​មួយគូ​ ​បាយសី៥ថ្នាក់​មួយគូ​ ​បាយសី៣ថ្នាក់​មួយគូ​ ​បាយសី​ប៉ាក់​ឆា​ម​មួយគូ​ ​ស្លាធម៌​មួយគូ​ ​ទឹកអប់​មួយគូ​ ​ទៀន៥​ ​ធូប៥​ ​លាជ៥​ ​ផ្កា៥​ ​បារី​ ​ស្លា​ម្លូ​ ​ដាក់លើ​ជើងពាន​មួយ​ ​ផ្លែ​ឧទុម្ពរ​(​ផ្លែ​ល្វា​)​និង​ដូង​ឡៅ​មួយគូ​។​ ​ក្នុង​នោះ​ផង​ដែរ​ ​ក៏​មាន​អ្នកខ្លះ​រៀបចំ​ធ្វើពិធី​សុំខមាទោស​ចំពោះ​ឪពុកម្ដាយ​ដើម្បី​លាង​នូវ​រាល់​ទង្វើ​នឹង​ពាក្យសម្ដី​ដែល​បាន​ប្រព្រឹត្ត​ខុស​ទៅលើ​គាត់​ ​និង​និមន្ត​ព្រះសង្ឃ​មក​ស្រោចទឹក​ជាមួយ​គ្រួសារ​ដើម្បី​លើករាសី​ឱ្យ​មាន​សិរីសួស្ដី​ក្នុង​ឆ្នាំ​ថ្មី​។​ ​ថ្ងៃ​ដំបូង​ជា​ថ្ងៃ​មហាសង្ក្រាន្ត​ ​សម្រាប់​ថ្ងៃទី១​ ​ក្រោយពី​រៀបចំ​ផ្លែឈើ​ដាក់​សែន​សម្រាប់​ទទួល​ទេវតា​ក្នុង​ឆ្នាំ​ថ្មី​ហើយ​នោះ​ ​ប្រាកដ​ណាស់​ថា​អ្នក​ទាំងអស់គ្នា​នឹង​រៀបចំបាយ​សម្ល​នំចំណី​មួយចំនួន​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​តាម​ទីវត្ត​អារាម​មួយចំនួន​ដើម្បី​ជា​ការ​ឧទ្ទិស​មគ្គុ​សល​ផលបុណ្យ​ ​ដែល​មាន​ជូន​ទៅដល់​ញាតិកា​រទាំង​ប្រាំពីរ​សន្ដាន​ដែល​បាន​ចែកឋាន​ទៅកាន់​លោកខាងមុខ​។​ ​ចំពោះ​អ្នក​នៅ​ភ្នំពេញ​ប្រសិនបើ​មិនបាន​ទៅណា​ទេ​ ​នៅ​ថ្ងៃចូលឆ្នាំ​ទី១​ ​អ្នក​អាច​ទស្សនា​ ​ឬ​ចូលលេង​ល្បែង​ប្រជាប្រិយ​ប្រពៃណី​ខ្មែរ​ ​ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​តែម្ដង​។​

​            ល្បែង​ប្រជាប្រិយ​ ​និង​ការកម្សាន្ត​មួយចំនួន​ ​នឹង​រៀបចំ​ឲ្យ​មាននៅ​រមណីយដ្ឋាន​វត្តភ្នំ​ ​និង​នៅ​តាម​វត្តអារាម​នានា​ក្នុង​រាជធានី​ភ្នំពេញ​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។​ ​ដូច្នេះ​នៅ​បើ​នៅ​ភ្នំពេញ​មិនបាន​ទៅ​កម្សាន្ត​នៅកន្លែង​ណា​ទេ​ ​អាច​ទៅលេង​នៅ​វត្តភ្នំ​ទាំងអស់គ្នា​។​ ​ឬមួយ​វិញទៀត​ក្រោយពី​ត្រឡប់​មក​ពី​វត្ត​ហើយ​នោះ​ ​ច្បាស់​ណាស់​ថា​អ្នក​នឹង​មាន​អារម្មណ៍​អស់កម្លាំង​ល្ហិតល្ហៃ​ ​ហេតុដូច្នេះ​ពេលល្ងាច​បន្តិច​អ្នក​អាច​ធ្វើដំណើរ​ទៅកាន់​ ​Nata​ ​Spa​ ​ដែល​ជា​កន្លែង​មួយ​ជួយ​បំបាត់​នូវ​ភាព​នឿយហត់​ជាមួយនឹង​ការ​ម៉ាស្សា​លើ​ដងខ្លួន​ ​អ្នក​អាច​សាកល្បង​ជាមួយ Aromatic​ ​Body​ ​Massage​ ​ព្រោះ​វា​អាច​ជួយ​សម្រួល​ដល់​សរសៃ​ ​ដែល​មាន​សភាព​ស្ពឹក​ជួយ​ឲ្យ​ដើរ​ស្រួល​ ​និង​ជួយ​សម្រួល​ដល់​សាច់ដុំ​ធ្វើឲ្យ​ដងខ្លួន​របស់​យើង​ ​បាន​ធូរស្រាល​ ​និង​មាន​អា​រម្ម​ណ៏​ថា​ស្រួលខ្លួន​ថែមទៀត​ផង​។​ ​ចំពោះ​អ្នក​ដែល​មាន​អាការៈ​ហត់នឿយ​ ​ឬ​ស្រ្​តេ​ស​ខ្លាំង​គិត​អី​មិន​ចេញ​អាច​សាកល្បង​ជាមួយនឹង​ ​head​ ​and​ ​back​ ​(​ក្បាល​ ​និង​ខ្នង​)​ ​ម៉ាស្សា​ព្រោះ​វា​ជួយ​សម្រួល​នូវ​ភាព​តានតឹង​និង​ធ្វើឲ្យ​យើង​មាន​ភាព​ធូរស្រាល​ ​និង​មាន​អាម្​មណ៍​ស្រស់ស្រាយ​ឡើងវិញ​។​ ​ក្រោយពី​បញ្ចប់​ការ​ម៉ាស្សា​ហើយ​នោះ​អ្នក​អាច​ ​បន្តដំណើរ​កម្សាន្ត​នា​ពេល​រាត្រី​ទៅ​ទទួលទាន​អាហារ​ដែល​មាន​រសជាតិ​ដើម​របស់​ខ្មែរ​នៅ​ភោជនីយដ្ឋាន​ដែល​កំពុងតែ​ទទួល​បាន​នូវ​ការ​ពេញនិយម​ពីសំណាក់​ភ្ញៀវ​ជាតិ​ ​ក៏ដូចជា​អន្តរជាតិ​ជាមួយ​រសជាតិ​ដើម​ ​ម្ហូប​ខ្មែរ​ដ៏​មានឱជារស​នោះ​គឺ​ភោជនីយដ្ឋាន​ ​ម្លិះ​ ​និង​ភោជនីយដ្ឋាន​ ​រំដេង​។​ ​

            ​​ចូល​ដល់​ថ្ងៃទី២​ ​ជា​ថ្ងៃ​វន​បត​ ​កូនចៅ​អាច​ជូន​ជា​សម្លៀកបំពាក់​ ​នំចំណី​ ​លុយកាក់​ ​ដល់​អ្នកមានគុណ​ ​មាន​ឪពុក​ម្តាយ​ ​ជីដូនជីតា​ ​ជាដើម​ ​។​ ​ជួនកាល​គេ​ធ្វើទាន​ ​ដល់​មនុស្ស​បម្រើ​ ​ឬ​អ្នក​ក្រីក្រ​ទៀតផង​។​ ​ពេលរសៀល​ ​យើង​អាច​នាំគ្នា​ទៅ​ពូនភ្នំ​ខ្សាច់​ ​ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូ​ឡាម​នី​ចេតិយ​ ​ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន​ដែល​បាន​ចែកឋាន​ទៅ​។​ ​ក្នុង​ថ្ងៃទី២នេះ​ ​ប្រិយមិត្ត​អាច​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ ​រមណីដ្ឋាន​ភ្នំ​ឧត្តុង្គ​ ​(​ដែល​ភ្នំ​នេះ​មានឈ្មោះ​បី​គឺ​ ​ភ្នំ​ឧត្តុង្គ​ ​ភ្នំ​ព្រះរាជទ្រព្យ​ ​និង​ ​ភ្នំ​អដ្ឋរស្ស​)​។​ ​ដើម្បី​ទៅដល់​ទីនោះ​យើង​ ​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ៥​ ​"​ភ្នំពេញ​-​បាត់ដំបង​"​ ​លុះដល់​គីឡូម៉ែត្រ​ ​លេខ៧​ ​មានផ្លូវ​លំ​បត់​ចូល​ខាងឆ្វេង​ដៃ​ចម្ងាយ​ប្រមាណ៣.៥​ ​គ.ម​ ​បើ​ចម្ងាយ​សរុប​ពី​ភ្នំពេញ៤០.៥គ.ម​។​ ​ភ្នំ​ឧត្តុង្គ​ជា​រមណីយដ្ឋាន​បែប​ប្រវត្តិសាស្ត្រ​មួយ​ដែល​ភ្ញៀវ​ទេសចរ​អាច​សិក្សា​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ ​ព្រោះ​ទីនោះ​ធ្លាប់​ជា​រាជវាំង​ចាស់​អំឡុង​ឆ្នាំ១៦១៨​ ​និង​ ​១៨៦៦​។​ ​នា​ឱកាស​នោះ​ដែរ​ប្រិយមិត្ត​ក៏អាច​រៀបចំ​ជា​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ផង​ដែរ​ ​ហើយ​អ្នក​អាច​បន្តដំណើរ​កម្សាន្ត​ដ៏​រីករាយ​នៅ​ភ្នំ​ឧត្តុង្គ​ដែល​មាន​សម្រស់​ធម្មជាតិ​ ​និង​ទេសភាព​ល្អ​ត្រកាល​អម​ដោយ​ជំនោរ​ខ្យល់​ល្អ​បរិសុទ្ធ​ ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ឱ្យ​ចូល​ទៅ​ទស្សនា​កម្សាន្ត​នៅ​ទីនោះ​ផង​ដែរ​។​ ​ក្រោយ​វិលត្រឡប់​ពីរ​មណី​ដ្ឋាន​បែប​ប្រវត្តិ​សាស្រ្ត​នេះ​ហើយ​ ​ប្រិយមិត្ត​អាច​បន្តដំណើរ​កម្សាន្ត​ជា​មួ​យការញុំា​អាហារ​ឬ​ការទិញ​ឥវ៉ាន់​ដ៏​សម្បូរ​បែប​ដែល​មាន​សុទ្ធតែ​យីហោ​ម៉ា​ក​ល្បី​ៗ​ ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​ផ្សារ​ទំនើប​ៗ​ដែល​កំពុងតែ​រីក​សុះសាយ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​ដូចជា​៖​ ​អ៊ី​អន​មល​ ​Exchange​ ​Square​ ​Macro​ ​Global​ ​house​ ​ឬ​ ​Vattanak​ ​Capital​ ​ជាដើម​ ​ដើម្បី​បង្កើន​បរិយាកាស​ស្រស់ស្រាយ​បន្ទាប់ពី​អ្នកធ្វើ​ដំណើរ​កម្សាន្ត​ ​នៅ​រមណីដ្ឋាន​បែប​ប្រវត្តិ​សាស្រ្ត​ហើយ​នោះ​។​ ​ក្រោយពី​បញ្ចប់​ការ​ដើរ​ទិញទំនិញ​ហើយ​នោះ​ ​អ្នក​អាច​សាកល្បង​ជា​មួ​យការញុំា​អាហារ​ពេលល្ងាច​ក្រោម​ពន្លឺភ្លើង​ទៀន​ដ៏​រ៉ូមែ​ន​ទិ​កជា​មួយ​ម្ហូប​បែប​អឺរ៉ុប​នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​ភោជនីយដ្ឋាន​ ​Topaz​ ​ដែល​ប្រកប​ទៅ​ដោយ​បរិយាកាស​គួរ​ជាទី​មនោរម្យ​។​ ​ប្រសិនបើ​អ្នក​ចង់​សាកល្បង​នូវ​រសជាតិ​មុខម្ហូប​ខ្មែរ​ទំនើប​អ្នក​អាច​សាកល្បង​ទទួលទាន​អាហារ​ពេលល្ងាច​នៅ​ភោជនីយដ្ឋាន​ ​ឡឺ​រ៉ូ​យ៉ា​ល់​ ​ដែល​អម​ទៅ​ដោយ​បរិយាកាស​ស្ងប់ស្ងាត់​ ​និង​ពោរពេញ​ដោយ​ឱជារស​ឈ្ងុយឆ្ងាញ់​។​

            ​​ជា​ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​ចូលឆ្នាំ​គេ​ហៅថា​ ​វារៈ​ឡើងស័ក​ ​ឬ​ ​ថ្ងៃ​ឆ្លង​។​ ​ថ្ងៃទី៣នេះ​ផង​ដែរ​ ​នៅពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់​។​ ​ពេលល្ងាច​ ​និមន្ត​ព្រះសង្ឃ​ស្រង់ទឹក​ ​និង​ស្រង់​ព្រះពុទ្ធរូប​(​តាម​ការ​និយម​នៃ​ស្រុក​ខ្លះ​)​។​ ​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មីនេះ​ ​គេ​នាំគ្នា​លេងល្បែង​ប្រជាប្រិយ​កំ​សាន្​ដ​សប្បាយ​ជាច្រើន​ ​ដូចជា​លេង​ ​បោះអង្គញ់​ ​ចោលឈូង​ ​ទាញព្រ័ត្រ​ ​លាក់កន្សែង​ ​ចាប់កូនខ្លែង​ជាដើម​ ​និង​ ​មាន​របាំ​ត្រុដិ​ ​(​ច្រើន​មាននៅ​ខេត្តបាត់ដំបង​ ​សៀមរាប​)​ ​ជាពិសេស​ទៀត​គឺ​រាំវង់​ ​តែ​អាស្រ័យ​ទៅតាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នា​ក់ៗ​។​ ​អ្នកខ្លះ​និយម​នាំគ្នា​ដើរ​កំ​សាន្​ដប​ន្ត​ ​អ្នកខ្លះ​និយម​ធ្វើបុណ្យ​ទាន​តាម​វត្តអារាម​។​ ​វា​ហាក់បីដូចជា​បរិយាកាស​មួយ​ដ៏​ត្រជាក់​ត្រជុំ​ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​មូរ​មី​ជួបជុំគ្នា​ក្នុង​ទីអារាម​ ​ដែល​មាន​ពុទ្ធបរិស័ទ​ទាំង​ជិត​ឆ្ងាយ​តែង​មក​វត្តអារាម​ ​ដើម្បី​ធ្វើពិធី​នេះ​ដោយមាន​ទឹក​លាយ​ជាមួយ​ផ្កាភ្ញី​ទឹកអប់​ដើម្បី​ ​ស្រោចស្រព​ដល់​ព្រះបដិមា​ ​ឬ​អ្នកមានគុណ​ ​អ្នកមាន​ឋានៈ​ខ្ពង់ខ្ពស់​ជាង​។​ ​ពិធី​នេះ​ប្រជាជន​ខ្មែរ​តែង​ប្រារព្ធ​ធ្វើឡើង​មិនដែល​ដាច់​នៅពេល​ចូល​ ​ឆ្នាំ​ខ្មែ​រម្ដងៗ​ ​និង​មាន​ជំនឿ​តៗ​គ្នា​មក​យូរហើយ​ថា​ ​ស្រង់​ព្រះ​ទាំង​ព្រះបដិមា​ថ្ម​ ​និង​ ​ព្រះ​រស់​ ​សុទ្ធតែ​ទទួល​បាន​មកវិញ​នូវ​សេចក្ដីសុខ​ចម្រើន​ត្រជាក់​ត្រជុំ​ដើម្បី​សុំ​សេចក្ដីសុខ​ ​ហើយក៏​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ប្រារព្ធ​ធ្វើ​ពីធី​បុណ្យចូលឆ្នាំ​ខ្មែរ​ដែរ​ ​។​

            ​លើស​ពីនេះ​ទៅទៀត​ ​ក៏​មានការ​រៀបចំ​លេងល្បែង​ប្រជាប្រិយ​ដូចជា​៖​ ​ចោលឈូង​ ​បោះអង្គញ់​ ​លាក់​ ​កន្សែង​នឹង​មានការ​ច្រៀងរាំ​បទចម្រៀង​ប្រពៃណី​ផង​ដែរ​នៅ​តាម​វត្ដ​អារាម​ ​និង​ ​តាម​បណ្ដា​តំបន់​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ ​នៅពេល​ចូល​ថ្ងៃទី​ ​៣​ ​ជា​ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​ចូលឆ្នាំ​ ​គេ​ហៅថា​ ​វារៈ​ឡើងស័ក​ ​ឬ​ ​ថ្ងៃ​ឆ្លង​។​ ​នៅ​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​ប្រពៃណី​ជាតិនេះ​ផង​ដែរ​អ្នក​អាច​សាកល្បង​ការកម្សាន្ត​បែប​ថ្មី​នា​ពេល​រាត្រី​នៅ​ ​Basacc​ ​Land​ ​ដែល​ ​ជា​ ​កន្លែង​ ​មួយ​ ​បណ្ដុំ​ទៅ​ដោយ​បា​រតូចៗ​ជាច្រើន​ដែល​អាច​ផ្ដល់​ឱ្យ​អ្នក​នូវ​រសជាតិ​ស្រា​ក្រឡុក​ ​ជាច្រើន​ប្រភេទ​ ​តាមចំណង់​ចំណូលចិត្ត​ដែល​អ្នក​ត្រូវការ​។​ ​បាត់​បង​ ​បារ​ ​ក៏​ជា​កន្លែង​កម្សាន្ត​នា​ពេល​រាត្រី​ ​ដ៏​ពេញនិយម​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​ ​ព្រោះ​នៅ​ទីនោះ​មាន​មិន​ ​សូវ​មាន​សភាព​ ​អ៊ូអរ​ដូច​នៅ​ ​Basacc​ ​Land​ ​ឡើយ​។​ ​ហេតុដូច្នេះ​ប្រិយមិត្ត​អាច​ជ្រើសរើស​ការកម្សាន្ត​បែប​រាត្រី​តាមចំណង់​ចំណូលចិត្ត​បាន​៕​ ​

Article by​ HENG CHANMAKARA


SUGGESTIONS