ជំនាញច្នៃម៉ូដសម្លៀកបំពាក់គឺជាពហុជំនាញដែលយុវជនកម្ពុជាគួរតែស្វែងយល់បន្ថែម
FASHION & BEAUTY 6 years ago ប្រាកដណាស់ក្នុងការសម្រេចចិត្តធ្វើអ្វីមួយមិនមែនជារឿងងាយស្រួលនោះឡើយ។ មិនខុសអ្វីពីការជ្រើសរើសជំនាញក្នុងការសិក្សានោះឡើយ ការសម្រេចចិត្តខុសអាចនឹងធ្វើឲ្យអ្នកមានវិប្បដិសារីទៅថ្ងៃមុខ។ ជំនាញខាងច្នៃម៉ូដ (Fashion Designer) កំពុងតែក្លាយជាមុខជំនាញមួយដែលទទួលការចាប់អារម្មណ៏ខ្លាំងពីសិស្សានុសិស្សទាំងឡាយ បន្ទាប់ពីមុខជំនាញជាច្រើនទៀតដូចជា ជំនាញស្ថាបត្យកម្ម រចនាផ្ទៃខាងក្នុងអាគារ ក្រាហ្វិកឌីហ្សាញ បង្កើតវេបសាយនោះឡើយ ដោយសារតែទីផ្សារប្រទេសកម្ពុជាកំពុងតែត្រូវការជំនាញទាំងអស់នេះយ៉ាងខ្លាំងដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើន។ យ៉ាងណាមិញ ប្រជាជនកម្ពុជាមួយចំនួន តែងយល់ច្រលំថា ជំនាញមួយនេះគឺគ្រាន់តែជាជំនាញកាត់ដេរធម្មតា នេះក៏ដោយសារតែជំនាញច្នៃម៉ូដ (Fashion Design) និងជំនាញកាត់ដេរសម្លៀកបំពាក់ ត្រូវបានប្រើប្រាស់ឧបករណ៍ស្រដៀងគ្នា និងលទ្ធផលចុងក្រោយគឺផលិតចេញជាសម្លៀកបំពាក់ដូចគ្នា។ ទោះយ៉ាងណាក៏ដោយក៏មុខជំនាញទាំងពីរនេះមានភាពខុសប្លែកគ្នាជាច្រើនទៅលើរបៀបដែលពួកគេទាំង២ធ្វើការ។ បើនិយាយពីការឌីហ្សាញ មិនថាក្នុងវិស័យណាមួយនោះឡើយក្រៅពីទេពកោសល្យពីកំណើតហើយនោះ គឺតម្រូវឲ្យអ្នកឆ្លងកាត់ការហ្វឹកហាត់ជាច្រើនថែមទៀតដើម្បីបណ្តុះគំនិតថ្មីៗឲ្យផុសឡើង និងទទួលបានជំនាញមួយដ៏ពិតប្រាកដ ដោយសារជំនាញមួយនេះមានក្បួនច្បាប់ និងដំណើរការនៃការផលិតច្បាស់លាស់បំផុត។ រីឯការកាត់ដេរវិញ ពេលធ្វើសំលៀកបំពាក់ភាគច្រើនគឺតម្រូវទៅតាមម៉ូដដែលភ្ញៀវពេញចិត្ត ដោយមានការវាស់វែងផ្ទាល់ទៅនឹងខ្លួនអតិថិជន និងកាត់ដេរនៅលើក្រណាត់ផ្ទាល់ដោយប្រើឧបករណ៍ដូចជាកន្ត្រៃ ម៉ាស៊ីនដេរ និងឧបករណ៍ដទៃទៀត។ អាចចាត់ទុកបានថានេះជាជំនាញមួយដែលបានរួមបញ្ចូលទៅក្នុងមុខវិជ្ជាច្នៃម៉ូដសំលៀកបំពាក់ ដែលតម្រូវឲ្យអ្នកដែលជ្រើសរើសយកជំនាញមួយនេះគឺត្រូវតែយល់ដឹងពីការកាត់ដេរជាមុនសិន។ អ្នករចនាម៉ូដមានតួនាទីបង្កើតនូវអ្វីដែលថ្មីៗ ចេញពីគំនិតរបស់ពួកគេផ្ទាល់អំពីប្រធានបទណាមួយហើយច្នៃចេញជាគំនិតមួយផ្សេងទៀត ដោយមិនចម្លងពីអ្នកដទៃ។ ដើម្បីក្លាយជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ អ្នកត្រូវចេះជំនាញមួយចំនួនដូចជាការធ្វើពុម្ពសម្លៀកបំពាក់ កាត់ដេរ ការស្វែងយល់ពីទំនោរម៉ូដ (trends) ដែលកំពុងតែពេញនិយម ការគូររូប ជំនាញកំព្យូទ័រ ការថតរូប និងជំនាញផ្សេងៗជាច្រើនទៀត។ មុខជំនាញទាំងអស់នេះទាក់ទងគ្នាយ៉ាងសំខាន់ដែលមិនអាចខ្វះមួយណាបានឡើយ។ អ្នកត្រូវដឹងថានៅពេលដែលអ្នកជ្រើសរើសយកជំនាញច្នៃម៉ូដមួយនេះ មិនប្រាកដឡើយថាអ្នកនឹងក្លាយជាអ្នកច្នៃម៉ូដសម្លៀកបំពាក់នាពេលអនាគត ព្រោះមានការងាររាប់រយមុខតំណែងផ្សេងទៀតដែលទាក់ទងនឹងអាជីពមួយនេះ។ ក្រៅពីការងារឌីហ្សាញម៉ូដអ្នកដែលរៀនជំនាញនេះក៏អាច បើកហាងសម្លៀកបំពាក់ឬបង្កើតជាស្លាកសញ្ញា (Brand) ខ្លួនឯង អាចក្លាយជា STYLIST បង្កើតម៉ូដក្រណាត់ថ្មីៗដើម្បីលក់ក្នុងទីផ្សារ ជាអ្នកច្នៃម៉ូដគ្រឿងអលង្ការ កាបូប ស្បែកជើង ជាអ្នកទិញឥវ៉ាន់ផ្ទាល់ខ្លួន (PERSONAL SHOPPER) ឲ្យអតិថិជនដោយសារអ្នកយល់ច្បាស់ពីផ្នែកនេះ អ្នកជំនាញខាងផាត់មុខ បង្តើតប្លុកដោយខ្លួនឯង ឬបម្រើការនៅទស្សនាវដ្ដីហ្វេហ្សិន ចាប់អាជីពជាម៉ូឌែល អ្នកថតរូប និងការងារជាច្រើនទៀតនៅក្នុងពិភពហ្វេហ្សិនដ៏ធំធេងមួយនេះ។ ដូច្នេះហើយអ្នកមិនចាំបាច់បារម្មណ៏ ឬខ្លាចក្នុងការជ្រើសរើសយកជំនាញមួយនេះ និងលែងមានការយល់ច្រលំថាគ្រាន់តែការកាត់ដេរធម្មតានោះឡើយ ព្រោះប្រទេសកម្ពុជាកំពុងតែត្រូវការអ្នកមានទេពកោសល្យជាច្រើនដើម្បីអភិវឌ្ឍក្នុងវិស័យហ្វេហ្សិនក្នុងស្រុកឲ្យរីកចម្រើន៕
Article by TAING KIMLY