១. The Vault: ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣០៦ ម្តុំបឹងកេងកង រាជធានីភ្នំពេញ។ វាជាបារដែលទើបនឹងត្រូវបានបើកដំណើរការក្នុងខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ហើយវាបារដែលមានរចនាបថទូរដែកដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ចំណុចពិសេសនៃបារថ្មីនេះដែលស័ក្តិសមសម្រាប់ឱកាសឆ្លងឆ្នាំដ៏ពិសេស ពីព្រោះទីនេះមានបរិយាកាសបែបក្លាស៊ិក អមដោយផ្ទាំងរូបចម្លាក់យ៉ាងរស់រវើក ព្រមជាមួយតន្រ្តីស្រាលស្រទន់បែប Acoustic ប្រកបដោយមន្តស្នេហ៍រ៉ូមេនទិកបំភ្លេចមិនបាន។ សូវរីនសូមណែនាំស្រាក្រឡុកពេញនិយមជាងគេនៅទីនេះគឺ “ខក់ថេលអំបិលម្ទេស” និងមុខម្ហូបផ្លាស់ប្តូរថ្មីៗគួរឲ្យចង់សាកល្បង។ បារនេះបើកចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង១២យប់៕
២. Celeste Sky Bar: ស្ថិតនៅលើជាន់ទី៤៣ នៃអគារផេនត៍ហោស៍ រ៉េស៊ីដេនស៍ (The Penthouse Residence) មុខសណ្ឋាគារសូហ្វីតែលភ្នំពេញ ម្តុំផ្សារទំនើប AEON 1 សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។ វាជាបារលើដំបូលដែលទើបនឹងត្រូវបានបើកដំណើរការក្នុងខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ហើយជាបារនិងភោជនីយដ្ឋានដែលធ្វើចលនាវិល៣៦០ដឺក្រេដំបូងបង្អស់នៅប្រទេសកម្ពុជា។ យើងអាចទទួលទានអាហារបណ្តើរ ទស្សនាទិដ្ឋភាពអគារខ្ពស់ស្កឹមស្កៃនៅម្តុំប្របមាត់ទន្លេបាសាក់នៅពេលថ្ងៃរៀបអស្តង្គតរហូតដល់យប់ជ្រៅមិនចេះជិនណាយ។ សូវរីនសូមណែនាំស្រាក្រឡុកពេញនិយមជាងគេនៅទីនេះគឺ “ម៉ាដាមឌ្រីង” (Madame Drink) ដែលជាប្រភេទស្រាក្រឡុករសជាតិផ្លែឪឡឹក និង អាហារសំខាន់មួយមុខដែលមានឈ្មោះថា Norwegian Salmon Platter ផ្សំពីត្រីសាល់ម៉ុនឆ្អើរនិងម្រេចដ៏ឈ្ងុយឆ្ងាញ់។ ប៉ុន្តែលោកអ្នកចាំបាច់ត្រូវតែកក់កន្លែងជាមុន ដោយសារតែកន្លែងអង្គុយមានកំណត់ត្រឹមតែ២៤០កៅអីប៉ុណ្ណោះ។ បារនេះបើកដំណើរការពីម៉ោង៥ល្ងាចដល់ម៉ោង២រំលងអធ្រាត្រ៕
៣. Sora Sky Bar: ស្ថិតនៅខាងក្រៅជាន់ទី៣៧នៃអគារវឌ្ឍនៈ (Vattanac Tower) តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បារលើដំបូលនេះត្រូវបានបើកដំណើរការតាំងពីដើមឆ្នាំ២០១៨ ប៉ុន្តែប្រជាប្រិយភាពនៅតែមិនស្រកស្រុតសោះឡើយ ដោយសារតែនៅលើបារនេះ ភ្ញៀវអាចគយ គន់ទេសភាពនៃទីក្រុងគជ់នៃយើងដ៏អស្ចារ្យគ្រប់ជ្រុង ព្រមជាមួយសេវាកម្មបម្រើម្ហូបអាហារយ៉ាងល្អឥតខ្ចោះប្រណិតលំដាប់ថ្នាក់ពិភពលោក។ នៅទីនោះសម្បូរប្រភេទស្រាឡុកល្បីៗប្រចាំហាង ស្រាបៀរ និងស្រាក្រហមជាច្រើនមុខទៀត អមដោយការចាក់តន្រ្តីយ៉ាងពីរោះរណ្តំពីអ្នកចាក់ឌីស (DJ) ជំនាញ។ សូវរីនសូមណែនាំស្រាពេញនិយមមួយចំនួនសម្រាប់ប្រារព្ធពិធីឆ្លងឆ្នាំ ដូចជា ស្រា Cambodian 53, Pisco Aperitivo និង Tiki ជាដើម។ ចំនួនកៅអីអង្គុយមានកំណត់គឺ ១១០ (ខាងក្រៅ) និង ១១០ (ខាងក្នុងអគារ)៕
៤. Chgai Restaurant & Lounge: ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៣៥ កែងផ្លូវលេខ ៥៤០ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បារនេះត្រូវបានរចនាឡើងជាកូនផ្ទះតូចច្រឡឹងតុបតែងលម្អដោយបន្ទះឈើប្លែកខុសពីអគារដទៃទៀតដែលនៅជុំវិញ។ ប៉ុន្តែចំពោះការតុបតែងលម្អស្ថាបត្យកម្មខាងក្នុងវិញ ហាងនេះរំលេចនូវរចនាបថសហសម័យនឹកស្មានមិនដល់ជាពិសេសគឺកៅអីអង្គុយច្នៃពីកាំកង់ម៉ូតូនិងធុងហ្គាសសុទ្ធសឹងតែត្រូវចិត្តមិត្តយុវវ័យភាគច្រើនគួបផ្សំជាមួយនឹងការដេគ័រជញ្ជាំងដោយសិល្បករក្នុងស្រុកពេញនិយម។ “ឆ្ងាយឡោញ” មានបម្រើជូននូវមុខម្ហូបភាគច្រើនជាប្រភេទម្ហូបបស្ចិមប្រទេសនិងម្ហូបអាស៊ីមួយចំនួនដូចជា ចង្រិត។ ទន្ទឹមនឹងនេះ ក៏មានស្រាក្រឡុកពិសេសដែលលោកអ្នកគប្បីសាកល្បងទទួលទានក្នុងឱកាសពិធីបុណ្យណូអែលនិងឆ្លងឆ្នាំសកលខាងមុខនេះ ជាអាទិ៍រួមមាន ស្រាក្រឡុក Cosmo Linda និង Love Chgai ហើយជាពិសេស ប្រសិនបើលោកអ្នកមកជាក្រុម កុំមើលរំលងស្រាក្រឡុកកែវយក្សចំណុះ១០លីត្រ ដែលមានរហស្សនាមថា Project Drunk ឲ្យសោះ!
៥. Rong Cham Restaurant & Lounge: ស្ថិតនៅក្នុងបរិវេណអតីតបឹងកក់ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គ្រាន់តែបានឮឈ្មោះនេះភ្លាម លោកអ្នកច្បាស់ជាអាចដឹងហើយថាវាជាទីកន្លែងសម្រាប់រង់ចាំមិត្តភក្តិឬក្រុមគ្រួសារជួបជុំលម្ហែកម្សាន្តក្នុងបរិយាកាសសប្បាយរីករាយបែបស្រគត់ ស្រគំ មិនអ៊ូអរឬហ៊ឹកហ៊ាក់ខ្លាំងពេក។ អ្វីដែលអត្តសញ្ញាណពិសេសបំផុតរបស់ “រង់ចាំឡោញ” នោះគឺការតុបតែងបរិយាកាសហាងដែលជាការរួមផ្សំបញ្ចូលរវាងរចនាបថចំនួនបី គឺ សិល្បៈខ្មែរបុរាណ សិល្បៈទសវត្សរ៍ឆ្នាំ៦០ និង សិល្បៈបែបសហសម័យ។ ម្ហូបអាស៊ី-អឺរ៉ុបចំនួនជាង៥០មុខនឹងរង់ចាំបំពេរជីវ្ហាអារម្មណ៍លោកអ្នកមិនឲ្យខកបំណងឡើយ។ នៅជាន់ក្រោម ភ្ញៀវអាចរីករាយនឹងរសជាតិស្រាសំប៉ាញ ស្រាក្រហម និង ស្រាក្រឡុក នៅក្នុងបារអមដោយតន្រ្តីប្រគំផ្ទាល់។ រីឯនៅជាន់លើ មានកន្លែងអង្គុយបំពាក់ដោយតុនិងសាឡុងលក្ខណៈ VIP និង កន្លែងបុកប៊ីយ៊ែរសម្រាប់លេងកម្សាន្តចំពោះអ្នកដែលនិយមលក្ខណៈឯកជនស្ងប់ស្ងាត់៕
៦. Domrey Lounge: ស្ថិតនៅតាមបណ្តោយផ្លូវ ២៤០ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ម្តុំក្រោយព្រះបរមរាជវាំង។ ឡោញនេះជាឡោញពិសេសមួយប្រចាំទីក្រុង ដោយសារតែវាត្រូវបានបង្កើតឡើងដោយផ្សារភ្ជាប់ទៅនឹងយុគមាសនៃសិល្បៈវប្បធម៌កម្ពុជា មុនឆ្នាំ១៩៧៥។ បារនេះមានលក្ខណៈ រ៉ូមេនទិកប្លែកមួយបែបខុសពីឡោញទូទៅដោយសារតែគេបែងចែកម៉ោងចាក់តន្រ្តី ពោលគឺចាប់ពីក្បាលព្រលប់ដល់ម៉ោង៨យប់ មានតន្រ្តីក្លាស៊ិកបែបទសវត្សរ៍ទី៦០កំដរ។ លុះចាប់ម៉ោងបន្ទាប់រហូតដល់ម៉ោង១យប់ មានប្រភេទតន្រ្តីកន្រ្តាក់អារម្មណ៍បែបអន្តរជាតិជំនួសវិញម្តង។ ស្របជាមួយគ្នានេះដែរ មុខម្ហូបដែលបម្រើភាគច្រើនក៏ជាម្ហូបបែបខ្មែរដែលលោកអ្នកនិយមចូលចិត្ត តួយ៉ាង ញាំត្រយូងចេកសាច់មាន់ សាច់គោបំពងល្ង សាច់គោអាំង ភ្លាអង្គការ និង ស្លាបមាន់ប្រឡាក់ទឹកស៊ីអ៊ីវ ។ល។ ចំណុចគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ឈ្មោះស្រាក្រឡុកដែលយកតាមលំនាំចំណងជើងចម្រៀងមត៌កដើម ដូចជា ស្រាមួយកែវ ពេញចិត្តតែបងមួយ ផ្ការីកក្នុងចិត្ត និង ដំរីចុះប្រេង ជាដើម៕
៧. Chapter I Lounge: ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៧៤ សង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឡោញនេះត្រូវបានបង្កើតឡើងដោយការច្របាច់បញ្ចូលរវាងវប្បធម៌ខ្មែរ និង វប្បធម៌បារាំង ពោរពេញដោយភាពរ៉ូមេនទិកគួរឲ្យទាក់ទាញជាពន់ពេក។ ទីនេះត្រូវបានបែងចែកកន្លែងអង្គុយជាពីរផ្នែក ពោលគឺ ជាន់ផ្ទាល់ដីជាកន្លែងស្តាប់ការប្រគំតន្រ្តីដោយផ្ទាល់និងមានបម្រើម្ហូបអាហារនិងភេសជ្ជៈដ៏ឈ្ងុយ ឆ្ងាញ់ជាច្រើនមុខ។ ដោយឡែក ជាន់ខាងលើជាបារលាក់ខ្លួនដែលជារៀបចំជាលក្ខណៈឯកជនអនុញ្ញាតទទួលភ្ញៀវតែ២០នាក់ជាអតិបរមា។ ជាន់នេះជាទីតាំងល្អបំផុតសម្រាប់អ្នកនិយមចូលចិត្តទទួលទានស្រាវីស្គី និង ស៊ីហ្គា ព្រមទាំងស្រានាំចូលពីបរទេសស្ទើររាប់មិនអស់។ គ្រាន់តែស្រាក្រឡុកនៅទីនេះមានរហូតដល់ទៅ៤០មុខ ពិតជាមិនធម្មតានោះទេ!
៨. Bouchon Wine Bar: ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បារនេះជ្រកក្រោមដំបូលភូមិគ្រឹះបុរាណបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងគួរឲ្យស្ញប់ស្ញែងខុសពីបារធម្មតានានាក្នុងទីក្រុង។ បាររចនាបថបារាំងមួយនេះបង្កើតបានជាបរិយាកាសទទួលទានអាហារពីរផ្សេងគ្នាក្នុងទីតាំងតែមួយ។ នៅទីធ្លាខាងក្រៅនៃជាន់ផ្ទាល់ដី ភ្ញៀវអាចរីករាយនឹងបរិយាកាសសួនច្បារបែបត្រូពិកដ៏សែនមនោរម្យ បំពាក់ដោយតុច្នៃពីកម្រាលឥដ្ឋដើមសម័យអាណានិគមបារាំងពិតៗក្រោមម្លប់ឈើធំៗពីរដើមដ៏ត្រឈឹងត្រឈៃ។ ទីតាំងនេះផ្តល់ជូននូវមុខម្ហូបបែបសាច់អាំងបាប៊ីឃ្យូ(BBQ)និងតាប៉ាស (Tapas) ព្រមជាមួយជម្រើសស្រាក្រហម ស្រាបៀរ ឬ ស្រាក្រឡុក ។ ដោយឡែក នៅពេលលោកអ្នកឡើងជណ្តើរភ្លោះទៅជាន់ខាងលើ លោកអ្នកនឹងឃើញបាររាងអក្សរ U ស្ថិតនៅចំកណ្តាលផ្ទៃអគារ ហ៊ុមព័ទ្ធដោយឈុតតុសាឡុងប្រកបដោយផាសុកភាពសម្រាប់លោកអ្នកភ្លក់រសជាតិអាហារប្រពៃណីដើមរបស់ជនជាតិបារាំង ជាពិសេស coq au vin, boeuf bourguignon និង foie gras ដែលលោកអ្នកគប្បីសាកល្បងខានមិនបាន៕
Article by SRIN SOKMEAN