×

​គន្លឹះ​ក្នុង​ការ​រក្សាទុក​នំបុ័ង​បាន​យូរ​ជាមួយនឹង​រសជាតិ​ដើម​

TRAVEL & LIVING a month ago
 
 

          ​នំបុ័ង​គឺជា​អាហារសម្រន់​មួយ​ប្រភេទ​ដែល​មនុស្ស​ទូទៅ​និយម​ទទួលទាន​មិនថា​ព្រឹក​ថ្ងៃល្ងាច​។​ ​ដោយសារតែ​នំបុ័ង​អាច​ច្នៃ​បាន​ច្រើន​រសជាតិ​ ​អាច​ទទួលទាន​ជាមួយ​អាហារ​ច្រើន​ប្រភេទ​ ​និង​ងាយស្រួល​ក្នុង​ការ​រក​ទិញ​ផង​នោះ​ ​ភាគច្រើន​នៅ​តាម​ផ្ទះ​រមែង​មាន​នំបុ័ង​ជាប្រចាំ​នៅក្នុងផ្ទះ​បាយ​។​ ​តាមធម្មតា​នំបុ័ង​បន្ទាប់ពី​ដុត​យើង​អាច​បរិភោគ​នៅ​មាន​រសជាតិ​ឆ្ងាញ់​ចន្លោះ​ពី​២​ទៅ​៣​ថ្ងៃ​ ​តែ​បើ​ចង់​រក្សាទុក​ហូប​បាន​យូរ​ជាង​នេះ​គឺ​តម្រូវ​មានការ​ទុកដាក់​មួយ​ដ៏​ត្រឹមត្រូវ​។​ ​ចុះ​តើ​យើង​គួរ​ទុកដាក់​យ៉ាងដូចម្តេច​?

          ​​ចាប់ផ្តើម​ពី​វិធី​សា​ស្រ្ត​ដំបូង​ដែល​ងាយស្រួល​សម្រាប់​អ្នក​ទាំងអស់គ្នា​។​ ​ការ​បង្កក​នំបុ័ង​គឺជា​វិធី​ដែល​ល្អ​បំផុត​ដើម្បី​រក្សា​នំបុ័ង​ដែល​មាន​ជាតិ​ប្រៃ​ឲ្យ​នៅ​គុណភាព​បាន​យូរ​។​ ​ជាក់ស្តែង​ ​អ្នក​គ្រាន់តែ​យក​ថង់​មក​រុំ​នំបុ័ង​ឲ្យ​តឹង​ណែន​ជិត​ល្អ​ ​រួច​យកទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​ខាង​ផ្នែក​កក​ជាការស្រេច​។​ ​បើ​ចំពោះ​នំបុ័ង​ចំណិត​អ្នក​អាច​​​យក​ក្រដាស​ទៅ​ដាក់​ត្រង់​ផ្នែក​ចន្លោះ​ៗ​នៃ​ចំណិត​នំបុ័ង​ ​រួច​ចាំ​យកទៅ​បង្កក​ដើម្បី​ការពារ​កុំឲ្យ​កក​រឹង​ជាប់គ្នា​នៅ​ពេល​យក​វា​ចេញ​ម្តង​មួយៗ​។​ ​នៅ​ពេល​យក​ទទួលទាន​ ​អ្នក​គ្រាន់តែ​ស្រាយ​ថង់​ដែល​រុំ​នោះ​ចេញ​ហើយ​ទុក​វា​ឲ្យ​រលាយ​ ​បន្ទាប់មក​យក​នំបុ័ង​ទាំងមូល​ទៅ​ដុត​ដោយ​ប្រើ​ក​ម្តៅ​៣​២​៥​ដឺ​ក្រេ​ក្នុងរយៈពេល​២​៥​-​៣​០​នាទី​។​

          ​​ងាក​មក​វិធី​សាមញ្ញ​ ​និង​ងាយស្រួល​មួយទៀត​ដោយ​មិន​ចាំបាច់​បង្កក​ ​អ្នក​អាច​​​រក្សា​នំបុ័ង​ទុក​ក្នុង​ក្រដាស​ខ្ចប់​ឲ្យ​ជិត​។​ ​ក្រដាស​គឺ​ស័ក្តិសម​បំផុត​សម្រាប់​វិធី​នេះ​។​ ​អ្នក​មិនគួរ​យក​ថង់​ផ្លា​ស្ទិ​កម​ក​រុំ​ជំនួស​ក្រដាស​ទេ​ ​ព្រោះ​វា​នឹង​ជំរុញ​ឲ្យ​នំបុ័ង​ឆាប់ឡើង​ផ្សិត​ទៅវិញ​។​ ​ម្យ៉ាងទៀត​ត្រង់​ចំណុច​នេះ​គួរ​រក្សាទុក​ខាងចុង​នៃ​ចំណិត​នំបុ័ង​ ​ដែល​វាក៏​ជា​កត្តា​រួមផ្សំ​មួយ​ដើម្បីកុំឲ្យ​នំបុ័ង​ឆាប់ឡើង​ផ្សិត​ផង​ដែរ​។​

          ​​វិធី​ផ្សេង​មួយទៀត​ ​យើង​អាច​​​យក​នំបុ័ង​ទៅ​រក្សាទុក​ក្នុង​ប្រអប់​ដែល​ស្ងួត​ ​និង​មាន​រន្ធ​តូច​ៗ ​ដើម្បីឲ្យ​មាន​ខ្យល់​ចេញចូល​។​ ​តែ​យ៉ាងណា​អ្នក​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វល្អិត​ ​ព្រោះ​វា​អាច​ចូល​ទៅ​បំផ្លាញ​នំបុ័ង​របស់​អ្នក​បាន​តាមរយៈ​រន្ធ​តូច​ៗ​នោះ​ឯង​។​ ​យ៉ាងណាមិញ​ ​ការ​រក្សាទុក​នំ​ប៉័​ង​ឲ្យបាន​យូរ​វាក៏អាស្រ័យ​ទៅលើ​ទីតាំង​កន្លែង​រក្សាទុក​ផង​ដែរ​។​ ​គួរ​ចៀសវាង​ទីតាំង​ដែល​ងាយ​នឹង​ត្រូវ​ទឹក​ដូចជា​កន្លែង​លាងចាន​ ​និង​មិន​ត្រូវ​យក​នំបុ័ង​ទៅ​ដាក់​ជិត​ឧបករណ៍​អេ​ឡិច​ត្រូនិ​ច​ដែល​មាន​ក​ម្តៅ​ក្តៅ​ដូចជា​ ​លើ​ទូរ​ទឹកកក​ ​ឆ្នាំង​ដាំបាយ​ដែល​កំពុង​ដោត​ភ្លើង​ជាដើម​។​ ​ទីតាំង​ទាំងនេះ​អាច​មាន​ក​ម្តៅ ​និង​សំណើម​ ​ដែល​បង្ក​ឲ្យ​នំបុ័ង​ពពួក​ខ្ចប់​ថង់​ក្រដាស​ឆាប់​ស្ងួត​ ​និង​ឡើង​រឹង​ ​ហើយ​បើ​ដាក់​ថង់​ផ្លា​ស្ទិ​ក​វិញ​អាច​នឹង​ឆាប់ឡើង​ផ្សិត​។​ ​សរុប​មក​ទីតាំង​ដែល​ត្រជាក់​ហើយ​ស្ងួត​គឺ​ស័ក្តិសម​បំផុត​។​

          ​​ចំណែក​វិធី​សា​ស្រ្ត​មួយ​ចុងក្រោយ​ ​ធានា​ថា​ពិតជា​ងាយស្រួល​ ​ហើយ​ថែមទាំង​ជួយ​កាត់បន្ថយ​សំណល់​ ​ក៏ដូចជា​ជួយ​ដល់​បរិស្ថាន​ផង​នោះ​ ​គឺ​ការប្រើប្រាស់​ថង់​ដាក់​នំបុ័ង​ដែល​អាច​ប្រើ​ឡើងវិញ​។​ ​ថង់​ប្រភេទ​នេះ​មាន​លក្ខណៈ​ជា​ថង់​ក្រណាត់​ ​ដែល​អាច​ខ្ចប់​នំបុ័ង​យកទៅ​បង្កក​ក៏បាន​ ​ឬ​សម្រាប់​ដាក់​នំបុ័ង​ទុក​នៅ​ក្រៅ​ទូរ​ទឹកកក​ក៏បាន​។​ ​វា​មាន​ខ្យល់​ចេញចូល​ល្អ​ ​អ្វី​ដែល​សំខាន់​អាច​បោក​ទឹក​ប្រើ​ឡើងវិញ​បាន​។​

          ​​សង្ឃឹម​ថា​វិធី​សា​ស្រ្ត​ដែល​បាន​រៀបរាប់​ខាងលើ​ ​អាច​ផ្តល់​ជា​គន្លឹះ​តូច​មួយ​សម្រាប់​ប្រិយ​មិត្ត​ទាំងអស់គ្នា​។​ ​អ្នក​អាច​សាកល្បង​អនុវត្ត​វិធី​សា​ស្រ្ត​ណាមួយ​ចំណោម​ខាងលើ​ទៅ​តាមចំណូលចិត្ត​ ​ឬមួយ​ណា​ដែល​គិតថា​មាន​ភាព​ងាយស្រួល​ ​និង​សន្សំសំចៃ​ជាង​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS