៥ សំនួរជាមួយម្ចាស់ជ័យលាភីកម្មវិធីប្រកួតគំនូរ White Canvas Cambodia 2021
NEWS 3 years agoកម្មវិធីប្រកួតប្រជែងគំនូរដែលមានឈ្មោះថា White Canvas Cambodia 2021 រៀបចំឡើងដោយអង្គការជប៉ុន Social Pass សហការជាមួយមូលនិធិវប្បធម៌ខាងកើត (Eastern Culture Foundation) គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ត្រូវបានប្រកាសលទ្ធផលជ័យលាភីជាផ្លូវការកាលពីចុងខែវិច្ឆិកាកន្លងទៅថ្មីៗនេះ។ លោក ម៉ន ជា មកពីខេត្តកំពត បច្ចុប្បន្នរស់នៅខេត្តសៀមរាប ជាវិចិត្រករជ័យលាភីពានរង្វាន់មាស (Gold Prize) ដែលជាពានរង្វាន់សម្រាប់ម្ចាស់ជ័យលាភីលេខ១របស់កម្មវិធីប្រកួតប្រជែងស្នាដៃគំនូរឆ្នាំ២០២១នេះក្នុងលក្ខខណ្ឌមនុស្សពេញវ័យ តាមរយៈគំនូរមួយផ្ទាំងដែលមានចំណងជើងជាភាសាអង់គ្លេសថា «Metamorphosis» (មេតាម៉ហ្វូស៊ីស) មានន័យថា «ភាពប្រែប្រួល»។ ខាងក្រោមនេះជាសំនួរសម្ភាសន៍ទាំង៥ជាមួយម្ចាស់ជ័យលាភីពានរង្វាន់ខាងលើ៖
១. តើគំនូរដែលលោកគូរសម្រាប់ White Canvas Cambodia នេះឆ្លុះបញ្ចាំងអំពីអ្វី? មូលហេតុអ្វីជំរុញឲ្យលោកជ្រើសរើសគូរគំនូរមួយផ្ទាំងនេះ?
គំនូរដែលខ្ញុំដាក់ចូលរួម White Canvas Cambodia គឺឆ្លុះបញ្ចាំងអំពីខ្សែជីវិតរបស់ខ្ញុំផ្ទាល់កាលពីខ្ញុំទើបតែពិការដៃ និងពេលបច្ចុប្បន្ននេះ។ អ្នកដែលជំរុញឲ្យខ្ញុំដាក់គំនូរមួយផ្ទាំងនេះ គឺចិត្ត និងគំនិតហើយ និងបេះដូងរបស់ខ្ញុំ ដែលចង់ប្រាប់ទៅអ្នកទស្សនាស្នាដៃសិល្បៈរបស់ខ្ញុំមួយនេះ ឲ្យពួកគាត់ដឹងថាក្រោយពេលខ្ញុំពិការដៃ និងពេលបច្ចុប្បន្ននេះ ខ្ញុំបានឆ្លងកាត់អ្វីខ្លះ? និងមានឧបសគ្គអ្វីខ្លះសម្រាប់ជីវិតរបស់ខ្ញុំ?។
២. តើការប្រកួតគំនូរលើកនេះជាការចូលរួមប្រកួតគំនូរលើកទីប៉ុន្មានសម្រាប់លោក? វាផ្តល់បទពិសោធន៍អ្វីខ្លះសម្រាប់អាជីពរបស់លោក?
សម្រាប់ការដាក់ប្រកួតប្រជែងស្នាដៃគំនូររបស់ខ្ញុំ មានចំនួនពីរលើកហើយ។ លើកទីមួយឆ្នាំ២០២០ លើកទីពីរឆ្នាំ២០២១ នេះ ជាមួយកម្មវិធី white Canvas Cambodia ដូចគ្នា។ វាបានផ្ដល់បទពិសោធន៍ ដូចជាបានដាក់បង្ហាញជាសាធារណៈឲ្យអ្នកទស្សនាគាត់បានមើលអំពីស្នាដៃរបស់យើង និងគណៈកម្មការបានវាយតម្លៃស្នាដៃរបស់យើងថាតើសិល្បៈរបស់យើងមានកម្រិតបែបណា ហើយ និងបានចូលរួមជាមួយសិល្បករសិល្បការិនីនៅក្នុងប្រទេសកម្ពុជារបស់យើង។
៣. តើលោកបានជួបប្រទះបញ្ហាលំបាកអ្វីខ្លះទម្រាំសម្រេចគំនូរមួយផ្ទាំងនេះ?
ការជួបបញ្ហាសម្រាប់ធ្វើគំនូរ មានដូចជា ចុកដៃ ចុកចង្កេះ និងឈឺចុងៗដៃ ដែលយើងត្រូវគាបកាំបិតចិតប្លុកធ្វើគំនូរនីមួយៗ និងក្រោយពេលដែលយើងបានចិតចេញជារូបរាងហើយ យើងពិបាកនៅពេលដាក់ក្រដាសព្រីនជាមួយប្លុក ដោយសារតែយើងពិការដៃទាំងពីរ ពិបាកកាន់គាបដាក់ឲ្យវាស្មើ។
៤. តើលោកមានពាក្យពេចន៍អ្វីខ្លះចង់និយាយក្រោយទទួលបានជ័យលាភីនេះ?
ខ្ញុំចង់និយាយថា អរគុណ (ចំពោះ) កម្មវិធី White Canvas Cambodia ដែលបានបង្កើតកម្មវិធីនេះឡើងដើម្បីឲ្យសិល្បករ សិល្បការិនី នៅប្រទេសកម្ពុជារបស់យើងបានចូលរួមប្រកួតប្រជែងស្នាដៃសិល្បៈរបស់ខ្លួនមួយ ហើយ និងសង្ឃឹមថាកម្មវិធីនេះនឹងមានជារៀងរាល់ឆ្នាំ ហើយ និងលើកទឹកចិត្តដល់បងប្អូនសិល្បករសិល្បការិនីនៅក្នុងប្រទេសកម្ពុជាឲ្យនៅតែបន្តធ្វើការងារសិល្បៈរបស់ខ្លួនដើម្បីបានចូលរួមប្រកួតប្រជែងនៅឆ្នាំក្រោយទៀត។
៥. តើនៅជំហានបន្ទាប់ លោកមានគម្រោងធ្វើអ្វីខ្លះ?
ជំហានបន្ទាប់ គឺខ្ញុំនៅតែបន្តការងារសិល្បៈរបស់ខ្ញុំរហូត ពីព្រោះការងារសិល្បៈនេះហើយដែលជាការងារជួយរកប្រាកចំណូលប្រចាំថ្ងៃរបស់ខ្ញុំ ជួយដោះស្រាយជីវភាពប្រចាំថ្ងែ ហើយ និងសង្ឃឹមថាភ្ញៀវជាតិ និងអន្តរជាតិជួយគាំទ្រសិល្បៈរបស់ខ្ញុំមួយនេះ។ សូមអរគុណ!
គួរបញ្ជាក់ផងដែរថា ម្ចាស់ជ័យលាភីពានរង្វាន់មាស ម៉ន ជា ទទួលបានពានរង្វាន់ជ័យលាភី១គ្រឿង វិញ្ញាបនបត្រជ័យលាភី ១គ្រឿង និងទឹកប្រាក់រង្វាន់ចំនួន ១០០០ដុល្លារសហរដ្ឋអាមេរិក ពីកម្មវិធីប្រកួតនេះ៕
Article by SRIN SOKMEAN