នំម្នាស់ ផលិតផលក្នុងស្រុកតាមគោលការណ៍រូបមន្តធម្មជាតិ Mawa Bakery
TRAVEL & LIVING one year agoបើនិយាយពីនំកញ្ចប់ ឬ នំធុង ដែលកំពុងចរចារលើទីផ្សារទូទាំងប្រទេសក្នុងពេលបច្ចុប្បន្ន យើងសង្កេតឃើញថា ជាទូទៅ ជាប្រភេទនំនាំចូលពីបរទេស ដូចជា ប្រទេសថៃ វៀតណាម ចិន និង តៃវ៉ាន់ ជាដើម ជាពិសេស ប្រភេទនំផ្អែមរសជាតិ ឬ ស្នូលផ្លែឈើផ្សេងៗ។ ទោះបីជារងការប្រកួតប្រជែងទីផ្សារប្រទេសជិតខាងយ៉ាងណាក្តី ក៏ស្រ្តីខ្មែរពីរនាក់បងប្អូនដែលកំពុងរស់នៅក្រុងភ្នំពេញបានចាប់ដៃសហការគ្នាបង្កើតទំព័រហ្វេសប៊ុកលក់នំដុតដោយខ្លួនឯង ជាផលិតផលក្នុងស្រុក មានយីហោថា «Mawa Bakery» (ហាងនំ ម៉ាវ៉ា)។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នំដុតទំនើបទាន់សម័យដោយស្នាដៃស្រ្តីខ្មែរពីររូបនេះបានចាប់កំណើតឡើងទើបតែកាលពីអំឡុងចុងឆ្នាំ២០២០កន្លងទៅ ក្នុងគ្រាវិបត្តិកូវីដ១៩នៅឡើយ ប៉ុន្តែអាជីវកម្មគ្រួសារនេះនៅតែរឹងមាំឈរជើងបានរហូតមកដល់សព្វថ្ងៃ។ តើនេះគឺដោយសារមូលហេតុអ្វីខ្លះ?
អាជីកម្មអនឡាញលក្ខណៈគ្រួសារនេះត្រូវបានបង្កើតឡើងដោយសហស្ថាបនិកជាស្រ្តីពីរនាក់គឺ កញ្ញា តុង គង្គា និង តុង ដានី។ តាមរយៈបទសម្ភាសន៍ជាមួយស្ថាបនិកផ្ទាល់នៅឯគេហដ្ឋាន និងជាកន្លែងដុតនំ ដែលមានអាសយដ្ឋានស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ម្តុំស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍) កញ្ញា តុង គង្គា បានឲ្យដឹងថា អាជីវកម្មដុតនំនេះចាប់ផ្តើមជាផ្លូវការកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ គិតមកដល់សព្វថ្ងៃ មានអាយុកាលជាងមួយឆ្នាំហើយ។ ពីដំបូង កញ្ញាមានពេលទំនេរច្រើនកាលពីគ្រានោះ ដោយសារតែចំពេលសម័យកាលកូវីដ។ ដូចនេះហើយ ទើបកញ្ញាសាកល្បងដុតនំទទួលទានខ្លួនឯងជាលក្ខណៈគ្រួសារ ហើយក៏មិននឹកស្មានថាទទួលបាននូវចំណាប់អារម្មណ៍ជាច្រើនពីមនុស្សជុំវិញ។ ពួកគេជំរុញទឹកចិត្តកញ្ញាឲ្យបើកជាអាជីវកម្មននេះឡើង។
នំម្នាស់ជានំមួយប្រភេទក្នុងចំណោមនំ៥-៦មុខដែលអាជីវកម្មរបស់កញ្ញាបើកកែច្នៃបង្កើតឡើងឲ្យមានរសជាតិត្រូវតាមរសនិយមរបស់ប្រជាជនក្នុងស្រុកជាទូទៅ មិនឲ្យដូចនំផលិតនិងនាំចូលពីបរទេសនោះឡើយ ទោះបីជានំទាំងនោះមើលទៅមានភិនភាគលក្ខណៈស្រដៀងនំស្រុកក្រៅក៏ដោយ ដោយផ្អែកលើគោលការណ៍ គ្រឿងផ្សំស្រស់ៗពីធម្មជាតិ ដោយមិនប្រើសារធាតុគីមីលាយដើម្បីរក្សាគុណភាពទុកបានយូរឡើយ។ គ្រឿងផ្សំសំខាន់ៗរបស់នំម្នាស់ប្រចាំហាងនេះ មានតែម្នាស់ក្នុងស្រុក ស្ករ ប៊័រ (គុណភាពខ្ពស់) និងម្សៅសម្រាប់ធ្វើសំបកនំតែប៉ុណ្ណោះ ដោយមិនប្រើមេរសជាតិ ល័ក្តពណ៌ និងស្នូលម្នាស់ស្រាប់ៗដែលទិញពីផ្សារមកនោះទេ។
លើសពីនេះទៅទៀត ទោះបីជាលក់បែបអនឡាញក៏ដោយ តែកញ្ញាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ចំពោះគុណភាពគ្រឿងផ្សំវត្ថុធាតុដើម អនាម័យ និងខ្នាតរង្វាស់រង្វាល់ក្នុងវិធីសាស្រ្តធ្វើជាចំបង ដើម្បីទទួលបានកេរ្តិ៍ឈ្មោះអាជីវកម្មល្អបានយូរអង្វែង។ ជាក់ស្តែង ម្នាស់សម្រាប់ធ្វើស្នូលដាច់ខាត ត្រូវតែជាម្នាស់ពណ៌ខៀវ (នៅស្រគាល) មិនយកម្នាស់ក្រហមឡើយ ដើម្បីធានាបាននូវរសជាតិជូរអែមឆ្ងាញ់។ រីឯបរិមាណសំបកនិងស្នូលត្រូវសមាមាត្រនឹងគ្នា ដោយមានស្តង់ដារទម្ងន់គិតជាក្រាមច្បាស់លាស់។ ដូចគ្នានេះដែរ ការគ្រប់គ្រងកម្តៅឡដុតនំក៏ជាប្រការសំខាន់មិនអាចខ្វះបាន ដែលកញ្ញាតែងកំណត់សីតុណ្ហភាពកម្រិត ១៨០ សម្រាប់ផ្នែកខាងលើ និង ១៥០-១៦០ សម្រាប់ផ្នែកខាងក្រោម ទើបនំម្នាស់ឆ្អិនសព្វស្មើល្អគួរឲ្យចង់ទទួលទាន។
ចំពោះវិធីសាស្រ្តធ្វើមានច្រើនដំណាក់កាលដែរ មិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ប្រសិនបើយើងជ្រើសរើសធ្វើតាមបែបធម្មជាតិ មិនយកស្នូលម្នាស់ស្រាប់ៗ។ ដំបូង ត្រូវចំណាយពេលចិតសំបកម្នាស់ លាងទឹកឲ្យស្អាតកាត់ជាដុំតូចៗ រួចយកទៅដាក់ចូលម៉ាស៊ីនក្រឡុក។ បន្ទាប់មក យកម្នាស់កិនរួចទៅច្រោះដោយប្រើស្បៃតាមបែបបុរាណឲ្យដាច់ទឹកល្អ ដើម្បីចៀសវាងកុំឲ្យម្នាស់ផ្ទុះពេលកូរស្នូលលើភ្លើង។ បន្ទាប់មក ត្រូវប្រើពេល ៤៥-៦០នាទី កូរម្នាស់ចំនួន២០-៣០ផ្លែ អាស្រ័យលើបរិមាណស្នូលកំណត់តម្រូវតាមតម្រូវការរបស់អតិថិជនជាក់ស្តែង និងប្រើម្សៅប្រមាណ៨០០ក្រាម ស្មើនឹងជិតចំនួន១០០នំ ឬ ឈុតនំសម្រាប់ដុតចំនួន២ ថាស។ នំនេះត្រួវ ដុតក្នុងឡអគ្គិសនីទំនើបដោយប្រើរយៈពេល ២៥នាទី ទើបឆ្អិន។ នំនេះខុសពីនំដទៃត្រង់ថា ដើម្បីទទួលទានបានឆ្ងាញ់ ត្រូវរង់ចាំមួយថ្ងៃសិន ព្រោះបើទទួលទានភ្លាមៗបន្ទាប់ពីដុតសំបកនំរាងស្រួយផុយ មិនទាន់រមួតចូលជាមួយស្នូលឆ្ងាញ់បំផុតនោះទេ បើតាមការអះអាងរបស់អ្នកលក់ផ្ទាល់។
ក្នុងនាមជាស្ថាបនិកផ្ទាល់ កញ្ញាបានពន្យល់ថា កញ្ញាមិនមានបំណងចង់បង្ខំឲ្យអតិថិជនទិញនំច្រើនៗដូចផេកលក់នំដទៃមួយចំនួននោះទេ។ ផ្ទុយទៅវិញ កញ្ញាលើកទឹកចិត្តឲ្យជាវក្នុងបរិមាណសមស្របដែលអាចទទួលទានអស់ត្រឹម២-៣ថ្ងៃ ព្រោះវាជាពេលដែលនំនៅរក្សារសជាតិបានឆ្ងាញ់បំផុត។ ម្យ៉ាងទៀត កញ្ញាសូមសំណូមពរដល់អតិថិជនទាំងឡាយមេត្តាយោគយល់ចំពោះរឿងតម្លៃលក់ផងព្រោះនំក្នុងស្រុកផ្សំពីវត្ថុធាតុដើមធម្មជាតិពិតៗថ្មីស្រស់ៗប្រកបដោយគុណភាពខ្ពស់ហើយវាជាការងារលំបាកប្រើកម្លាំងពលកម្មច្រើនដែលមិនអាចលក់ចេញស្មើនឹងតម្លៃនំស្រាប់ៗធម្មតានោះទេ និងជាពិសេសចង់ឲ្យភ្ញៀវទាំងឡាយជ្រើសរើសសេវាកម្មដឹកជញ្ជូនដែលរហ័សតាមដែលអាចធ្វើបាន ដើម្បីរក្សាបាននូវរសជាតិដើម ក៏ដូចជាចៀសវាងការខូចខាតនំដោយប្រការណាមួយ។ សូមបញ្ជាក់ថា ក្រៅពីនំខាងលើ ម៉ាវ៉ាក៏នៅមានជម្រើសនំផ្សេងទៀតរួមមាន នំពងមាន់ដុត នំប្រោននី (សូកូឡា) នំចេក និងនំថងមួនស្លឹកតើយ។ សម្រាប់ទំនាក់ទំនងជាវ ឬ សាកសួរព័ត៌មានបន្ថែម សូមទាក់ទងដោយផ្ទាល់ទៅកាន់ទំព័រហ្វេសប៊ុក Mawa Bakery ឬ លេខទូរសព្ទ ០៩៨ ៦៦១ ១៦៥៕
Article by SRIN SOKMEAN