បងប្អូនស្រី២នាក់បង្កើតអលង្ការទំនើបដកស្រង់ពីក្បាច់ខ្មែរកំពុងមានទីផ្សារនៅបរទេស
NEWS 3 years agoដំណើរដើមទងផ្តើមចេញពីបងប្អូនស្រីបង្កើតពីរនាក់ធំធាត់នៅតំបន់ប្រ៊ូឃ្លីននៃទីក្រុងញូវយកសហរដ្ឋអាមេរិក នោះគឺ អីុដូ ចម (Edo Chorm) ដែលជាបងស្រី និង អីុយេន ចម (Eyen Chorm) ជាប្អូនស្រី។ ថ្ងៃមួយបងប្អូនខ្មែរ-អាមរិកទាំងពីររូបនេះ បានធ្វើដំណើរមកកម្សាន្តកម្ពុជាទឹកដីកំណើតដើម្បីទស្សនាប្រាសាទអង្គរ។ ក្រៅពីដក់ចិត្តនឹងសំណង់ស្ថាបត្យកម្មដ៏ល្អឯក អ្នកទាំងពីរសម្គាល់ឃើញថាចម្លាក់នៅលើជញ្ជាំងនានាត្រូវបានសឹករេចរឹល ចំណែករូបចម្លាក់ក៏បានបាត់បង់បំណែកផ្សេងៗដោយសារកត្តាពីធម្មជាតិផង ការប៉ះពាល់ដោយទេសចរផង និងការឈ្លានពានពីពូជសាសន៍ដទៃកាលពីអំឡុងស.តទី១៩។ អ្នកទាំងពីរគិតភ្លាមដោយចង់ការពារឲ្យបានបន្ទាន់នូវសិល្បៈវប្បធម៌របស់ខ្លួន ដោយគួរតែមានការផ្សព្វផ្សាយឲ្យបានពាសពេញ ពិសេសចំណោមយុវជនកម្ពុជា។ អ្នកទាំងពីរគិតថា សិល្បៈខ្មែរមានការស្គាល់តិចតួចបំផុតជាសកល នេះក៏ដោយសារកង្វះការលើកយកមកបង្ហាញ និងការយកទៅបញ្ចូលក្នុងម៉ូដនិយមសម្រាប់ភាពទាន់សម័យនាសម័យទំនើប។ ដោយយល់ឃើញដូច្នេះហើយ ទើបអ្នកទាំងពីរបានផុសគំនិតបង្កើតជាគ្រឿងអលង្ការទាន់សម័យមួយប្រភេទដែលច្នៃពីក្បាច់បុរាណខ្មែរដាក់លក់នៅលើទីផ្សារបរទេស។
អ៊ីដូ ចម និង អ៊ីយេន ចម ស្ថាបនិក «EdoEyen»
«EdoEyen» ឬ «អីុដូអីុយេន» គឺជាឈ្មោះបញ្ចូលគ្នារបស់បងប្អូនស្រីទាំងពីរ ហើយវាត្រូវបានប្រសិទ្ធនាមជាស្លាកយីហោគ្រឿងអលង្ការផ្លូវការកាលពីខែ មិថុនា ឆ្នាំ ២០២០ ដែលមានមូលដ្ឋាននៅទីក្រុងញូវយកសហរដ្ឋអាមេរិក។ ជាមួយការបង្កើត សហស្ថាបនិក អីុយេន ជាប្អូនស្រីបាននិយាយប្រាប់សូវរីនថា “តាមដែលខ្ញុំចាំ យើងតែងតែចង់ពាក់គ្រឿងអលង្ការខ្មែរបុរាណ យើងគិតថាវាពិតជាល្អបើបានលក់វា ដោយសារតែយើងដឹងថាវាមានភាពប្លែកគេ ឯប្រជាជនកម្ពុជាក៏នឹងចង់បានវាដូចគ្នា។ ខ្ញុំចង់ណែនាំសិល្បៈខ្មែរទៅកាន់ទីផ្សារបរទេស។ ដំបូង ខ្ញុំគិតថាគ្រាន់តែធ្វើការនាំចូល និងលក់គ្រឿងខ្មែរដើម្បីចាប់ផ្តើមជំនួញ ប៉ុន្តែបងស្រី អ៊ីដូ ចង់ឲ្យពួកយើងធ្វើការឌីហ្សាញដោយខ្លួនឯង រួចខ្ញុំក៏យល់ព្រម។”
ទន្ទឹមគ្នានេះ អីុដូ រៀបរាប់ដែរថា “កាលពីពីរឆ្នាំមុនអ៊ីយេនបានផ្ញើរូបភាពមកខ្ញុំ ដែលគាត់ពាក់ក្រវិលម៉ូដរំយោលផ្កាយ និងព្រះចន្ទ គាត់ផ្តល់យោបល់ឲ្យយើងចាប់ផ្តើមបង្កើតគ្រឿងអលង្ការដែលមានភាពដោយឡែក (unique) និងដាក់លក់វា។ ខ្ញុំបានប្រាប់គាត់វិញថា ពួកយើងពិតជាអាចធ្វើគម្រោងនេះបាន ប៉ុន្តែយើងមានតម្រូវការទៅលើ២ចំណុច។ ចំណុចទី១៖ ត្រូវប្រាកដថាមានប្រធានបទច្បាស់លាស់ និងត្រូវតែជាការដកស្រង់ពីខ្មែរ។ ខ្ញុំមិនចង់លាយជាមួយវប្បធម៌ដទៃដូចជា ពពួកក្រវិលរំយោលដែលបង្ហាញថាខ្ញុំមានទំនោរទៅលើមេឌីទែរ៉ាណេឬក៏តារាសាស្ត្រនោះទេ។ អ្នកច្នៃម៉ូដគ្រឿងអលង្ការភាគច្រើនតែងផ្តោតការដកស្រង់ម៉ូដពី៣ទៅ៤ប្រភពតាមដែលអាចធ្វើទៅបាន ប៉ុន្តែសម្រាប់ប្រេ៊នរបស់យើងគឺយើងចង់ឲ្យមានភាពខុសប្លែកគឺផ្តោតក្លាយទៅជាប្រេ៊នមួយដែលមាន Concept ខ្លីហើយខ្លឹម។ ចំណុចទី២៖ ចាប់ផ្តើមពីការគូរ និងច្នៃម៉ូដគ្រប់ផ្នែកទាំងអស់ត្រូវប្រាកដថាសម្រិតសម្រាំងឲ្យបានដូចការរំពឹងទុកទាំងស្រុង។”
មានឈាមជ័រជាកូនខ្មែរ និងបេះដូងប្រតិព័ទ្ធលើគ្រឿងអលង្ការរាជវង្សខ្មែរ អ្នកទាំងពីរមិនរួញរាឡើយក្នុងការចាប់ផ្តើមបង្កើតប្រ៊េនអលង្ការមួយនេះ ដោយហេតុពួកគេបានដឹងពីររៀបធ្វើថានឹងរីករាយហើយមានតម្លៃបំផុត។ មែនទែនទៅបងប្អូនទាំងពីរដក់ចិត្តនឹងសិល្បៈខ្មែរដំបូងតាំងពីតូចគឺនៅគ្រាដែលមានអ្នកណែនាំឲ្យស្គាល់ពីរបាំបុរាណខ្មែរ និងការសង្កេតរូបភាពរបាំព្រះរាជទ្រព្យនៃភាពយន្តជំនាន់ទ.វទី៦០-៧០ រួមនឹងរឿងនិទានដែលអ្នកម្តាយតំណាលឲ្យស្តាប់។ ហើយអ្នកទាំងពីរក៏ដក់ចិត្តនឹងគ្រឿងអលង្ការនៅលើតួអង្គទាំងនោះតាំងពីវ័យក្មេង។
ក្តីស្រមៃក្លាយជាការពិត ក្រវិល មកុដ ចិញ្ចៀន បានលេចចេញជារូបរាងប្រកបដោយក្បាច់រចនាយ៉ាងប្រណីតស្ថិតក្នុងម៉ូដទាន់សម័យ។ ក្នុងនោះម៉ូដនីមួយៗត្រូវបានដាក់ឈ្មោះជាខ្មែរផងដែរ ដូចជា ចនត្រចៀកនាងនាគ (Neang Neak) ក្រវិលផ្កាឈូក (Phkachhouk) ក្បាំង (Kbang Crown) និងចិញ្ចៀនអរូបិយ (Aroubei)។ អលង្ការល្អប្រណីតរំលេចក្បាច់ខ្មែរទាំងនេះមានតម្លៃចាប់ពី ១៤០ដុល្លារ រហូតដល់ ៤ម៉ឺនដុល្លារ អាស្រ័យទៅតាមម៉ូដ និងជម្រើសវត្ថុធាតុដើម។ ជាក់ស្តែង ប្រភេទអលង្ការម៉ូដប្រណីតតម្លៃខ្ពស់មានផ្តល់ជម្រើសជាមួយវត្ថុធាតុដើមធ្វើពីមាសកម្រិត 14K, មាសលឿង18K និងពណ៌ក្រហមបែកទឹកមាស (rose gold)។ ដោយឡែកគ្រឿងអលង្ការម៉ូដបែបហ្វេហ្សិនវិញមានជា ទង់ដែងជ្រលក់មាស (gold-plated brass) និង លោហៈប្រាក់ 925។ គ្រប់លោហៈទាំងអស់ EdoEyen បានធ្វើការជាមួយស្ថាប័ន United Precious Metal និងអង្គការ Refine Max Precious Metal Refining ដែលអង្គការនេះប្រើប្រាស់តែគ្រឿងកែច្នៃ និងមានផលប៉ះពាល់តិចតួចទៅបរិស្ថាន។ ថ្មីៗនេះ EdoEyen ក៏ទើបបញ្ចូលការប្រើត្បូងធម្មជាតិទៅក្នុងគ្រឿងអលង្ការរបស់ខ្លួន ដោយកំពុងធ្វើការជាមួយអ្នកច្នៃម៉ូដគ្រឿងអលង្ការនៅទីក្រុងញូវយក និងអ្នកលក់ត្បូងធម្មជាតិផ្គត់ផ្គង់ត្បូងទទឹម និងត្បូងមរកតដែលនាំចូលពីប្រទេសឥណ្ឌា និងអាហ្វ្រិក។
ពីមួយម៉ូដទៅមួយម៉ូដសុទ្ធសឹងឆ្លុះបញ្ចាំងពីការដកស្រង់ពោរពេញទៅដោយគំនិតច្នៃប្រតិដ្ឋ។ ជាការពិតណាស់នេះគឺជាគំនិតចេញម៉ូដពីបងប្អូនស្រីបង្កើតទាំងពីរនេះតែម្តង។ សម្រាប់ការចេញម៉ូដ អ៊ីយេន និយាយថា “យើងចាប់ផ្តើមពីការគូរព្រាងគំនូរជា Sketch, Doddle ឬ Scribble ដើម្បីចម្រាញ់ម៉ូដ។ ជម្រើសរបស់យើងត្រូវតែយោងទៅលើអ្វីដែលយើងចង់បង្កើតថ្មី និងជារបស់គ្មានពីរ (unique) ដែលតំណាងឲ្យសិល្បៈអង្គរ។ យើងតែងតែធ្វើការតេស្តគ្រឿងអលង្ការជានិច្ចមុនពេលសម្រេចចុងក្រោយ និងដាក់លក់។ ការពាក់ដោយផាសុកភាពគឺជារឿងសំខាន់បំផុតសម្រាប់ពួកយើង។”
តាមរយៈការបង្កើតគ្រឿងអលង្ការទាន់សម័យដែលមានលាយបញ្ចូលក្បាច់ខ្មែរដាក់លក់លើទីផ្សារបរទេសនេះ EdoEyen មានគោលបំណងចម្បងគឺដើម្បីលើកស្ទួយសិល្បៈ និងវប្បធម៌ខ្មែរជាសកល។ ហើយក៏សង្ឃឹមថាគ្រឿងអលង្ការប្រភេទនេះនឹងធ្វើឲ្យបុគ្គលម្នាក់ៗមានអារម្មណ៍កាន់តែស្រស់ស្អាត និងមានមន្តស្នេហ៍គ្រប់ថ្ងៃទាំងអស់។ ពិសេសវាអាចបង្កើតជាចំណាប់អារម្មណ៍មួយទៅលើកេរដំណែល និងចាត់ទុកអលង្ការជារបស់ជាទីស្រឡាញ់ទុកប្រើបានរាប់ឆ្នាំមិនចេះហួសសម័យ។ គោលបំណងចម្បងមួយទៀតគឺថែរក្សាសិល្បៈខ្មែរដោយឲ្យមនុស្សកាន់តែច្រើនបានស្គាល់ និងដឹងពីប្រភពដើមច្បាស់លាស់។ ឧស្សាហកម្មហ្វេហ្សិនមានឥទ្ធិពលជាសកល និងមានតម្លៃច្រើនពាន់លានដុល្លារ ហើយការដែលប្រឹងប្រែងតម្រង់ទៅកាន់ឧស្សាហកម្មនេះ ស្ថាបនិករំពឹងថាអាចជាថ្នូរមួយធ្វើឲ្យសិល្បៈមានការបង្ហាញតាមរយៈការនិយមប្រើប្រាស់ ការស្រឡាញ់ពេញចិត្ត ទន្ទឹមនឹងការបានស្គាល់ពីសិល្បៈរបស់ខ្មែរ។
ខណៈ EdoEyen បង្ហាញខ្លួនទទួលបានប្រជាប្រិយភាពក្នុងរយៈពេលខ្លី មែនទែនទៅនៅពេលបង្កើតឡើងក៏ជួបផលលំបាកមួយចំនួនផងដែរ។ ការស្វែងរកក្រុមការងារដែលអាចជួយធ្វើម៉ូដក្បាច់ខ្មែរឲ្យលេចចេញជារូបរាង គឺជាឧបសគ្គមួយដែលស្ថាបនិកលើកឡើង។ ជាក់ស្តែង ដូចជាខ្សែកម៉ូដក្បាច់ខ្មែរគឺមានភាពខុសប្លែកពីម៉ូដខ្សែកធម្មតាដែលមាននៅទីក្រុងញូវយក។ ស្ថាបនិកថា អ្នករចនាក្រាហ្វិកខាង CAD និងជាងទងភាគច្រើនមិនចង់ជួយក្នុងការឌីហ្សាញនេះទេ ពីព្រោះពួកគេគិតថាវាមានភាពស្មុគស្មាញ សំខាន់វាថ្មីសម្រាប់ពួកគេ ហើយពួកគេមិនចង់ចំណាយពេលបន្ថែមដើម្បីជួយក្នុងការស្រាវជ្រាវ និងដំណើរការច្នៃម៉ូដឡើយ។ ដូចនៅពេលចាប់ផ្តើមជាមួយចនត្រចៀកម៉ូដនាងនាគ (Neang Neak) និងក្បាំង (Kbang crown) ស្ថាបនិកបានព្យាយាមច្រើនលើកច្រើនសារទម្រាំស្វែងរកបានអ្នករចនាក្រាហ្វិកខាង CAD ដើម្បីជួយយកគំនិតក្បាច់ខ្មែរដាក់ចូលទៅក្នុងការរចនារាប់តាំងពីការគូរ Sketches រហូតដល់ធ្វើជាឯកសាររូបភាពឌីជីថល។
បច្ចុប្បន្នថ្វីបើ EdoEyen មិនទាន់មានជាហាងលក់នៅឡើយ ប៉ុន្តែអតិថិជនអាចចូលទៅមើលម៉ូដ និងបញ្ជាទិញតាមរយៈគេហទំព័រ www.edoeyen.com។ សម្រាប់ឆ្នាំ ២០២២ នេះ ស្ថាបនិក EdoEyen ឲ្យដឹងដែរថា ខ្លួនកំពុងគម្រោងបញ្ចេញម៉ូដគ្រឿងអលង្ការបន្ថែមទៀតដូចជា ចិញ្ចៀនត្បូង (Tbuang ring) ជាដើម។ លើសពីនេះក៏កំពុងធ្វើការទៅលើម៉ូដជាច្រើនទៀតដើម្បីបំពេញខូឡិកហ្សិនបំពាក់លើដៃដូចជាប្រភេទកងដៃ Roum Dai Palm Cuff និង Khong dai Bangle។ មួយទៀតជាគម្រោងធ្វើខូឡិកហ្សិនទី៣ ដែលផ្តោតទៅលើដងខ្លួនដោយចាប់ផ្តើមពីខ្សែក ស្នាប់ដៃ និងខ្សែជើង-ល-។ ដោយឡែក សម្រាប់គោលដៅនាពេលអនាគតស្ថាបនិកចង់ឲ្យគ្រឿងអលង្ការរបស់ខ្លួនចូលទៅក្នុងកម្រិតហាងប្រណីតធំៗលំដាប់ខ្ពស់ និងចុងក្រោយបើកជាហាងប៊ូកទិកផ្ទាល់ខ្លួន។ ក្រៅពីអលង្ការស្ថាបនិកក៏ចង់ពង្រីកការផលិតផលិតផលផ្សេងទៀតដោយដាក់ក្បាច់ខ្មែររចនាទៅលើសម្ភារតុបាយប្រណីតដូចជាឈុតសមស្លាបព្រាជាដើម៕
Article by HEM SOKKHIM