ហាងកាហ្វេដែលទើបនឹងបើកថ្មីៗខាងត្បូងក្រុងជាមួយបរិយាកាសស័ក្តិសមសម្រាប់អ្នកអង្គុយធ្វើការ
TRAVEL & LIVING 2 years agoហាងកាហ្វេជាច្រើនកន្លែងបានបើកដំណើរការប្រកបដោយការរចនាដ៏ប្លែកភ្នែកអាស្រ័យទៅតាមផ្នត់គំនិតថ្មីៗរបស់ស្ថាបនិក ឬស្ថាបនិកានៃហាងកាហ្វេទាំងនោះ។ ជាក់ស្តែង ប្រសិនបើយើងងាកមកចាប់អារម្មណ៍ទៅលើហាងកាហ្វេដែលមានបរិយាកាសស្រស់ស្រាយជាអំណោយផលដ៏ល្អបំផុតពីខ្យល់ធម្មជាតិ មានទីតាំងស្ថិតនៅក្នុងក្រុងភ្នំពេញនោះ យើងឃើញថាពុំទាន់មានច្រើននៅឡើយទេ ដូច្នេះដែរនេះជាកត្តាមួយដែលបានធ្វើឲ្យស្ថាបនិករបស់ហាងកាហ្វេមួយកន្លែងចាប់ផ្តើមបើកដំណើរមិនត្រឹមតែផ្តល់ឲ្យអតិថិជនអាចទទួលផាសុកភាពនោះទេ ប៉ុន្តែបានផ្តល់ភាពកក់ក្តៅដល់អតិថិជនដែលធ្វើឲ្យគេមានអារម្មណ៍ថាដូចនៅគេហដ្ឋានរបស់គេដូច្នេះដែរ។
«The Imperfect Café» ចាប់ផ្តើមបើកសម្ពោធហាងកាហ្វេជាផ្លូវការនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានទីតាំងស្ថិតនៅក្នុងប្លុកអាជីវកម្មដ៏សម្បូរបែបនៃសង្កាត់ផ្សារដើមថ្កូវ (ផ្លូវលេខ ៤៣០) បានក្លាយជាហាងកាហ្វេដ៏មានប្រជាប្រិយភាពមួយកន្លែងដែលបានទាក់ចិត្តអ្នកធ្វើដំណើរឆ្លងកាត់ ជាពិសេស អ្នកធ្វើដំណើរទៅកន្លែងធ្វើការមកពីស្ថាប័នផ្សេងៗពុំរំលងនូវការជាវកាហ្វេពីទីនេះឡើយ។ «The Imperfect Café» មានទីធ្លាខាងក្រៅសមល្មមដាំដុះដោយប្រទាលបៃតងខ្ចី រួមជាមួយនឹងការរៀបចំតុលក្ខណៈឯកជនបន្ថែមបែបនេះពិតជាស័ក្តិសមសម្រាប់អ្នកដែលនិយមទទួលទានកាហ្វេបណ្តើរ និងធ្វើកិច្ចការងារបណ្តើរបំផុត។ ទន្ទឹមនឹងនេះ ស្ថាបនិករបស់ The Imperfect Café មានចំនួនបីរូបដែលម្នាក់ៗមានចំណេះជំនាញផ្សេងៗគ្នា តួយ៉ាង ម្នាក់ជាចាត់ចែងខាងផ្នែកប្រតិបត្តិការ ម្នាក់ជាអ្នករចនាម៉ូដគូរប្លង់ និងម្នាក់ទៀតមានជំនាញខាងផ្នែកទីផ្សារ បានបង្ហើប សូវរីន ឲ្យដឹងពីកត្តាចម្បងមួយចំនួនទាក់ទងនឹងដំណើរការនៃការបើកអាជីវកម្ម The Imperfect Café ក៏ព្រោះតែអ្នកទាំងបីពិបាកក្នុងការស្វែងរកទីកន្លែងមានភាពស្ងប់ស្ងាត់ដែលផ្តល់ផាសុកភាព ដូច្នេះវាបានក្លាយជាកូនគំនិតនៃការចាប់ផ្តើមទាំងអស់នេះ។ ក្រៅពីបរិយាកាស The Imperfect Café ក៏បានផ្តល់នូវរសជាតិកាហ្វេដ៏មានឱជារស រួមនឹងតម្លៃសមរម្យថែមទៀត តួយ៉ាង Khmer Latte, Wild Berry Fruit Tea និង Matcha Milk Tea ដែលជាភេសជ្ជៈប្រចាំហាងមានរូបមន្តពិសេសធ្វើឲ្យជាប់ចិត្តតែម្តង។ រីឯការបម្រើកាហ្វេ ឬភេសជ្ជៈ ក៏ដូចជាមុខម្ហូបផ្សេងទៀតឯណេះវិញ បុគ្គលិកម្នាក់ៗរួសរាយរាក់ទាក់ និងមានការយកចិត្តបំផុតចំពោះអតិថិជន ពោល គេអាចស្នើសុំបុគ្គលិករាល់តម្រូវការរបស់ពួកគេបានដោយសេរីប្រៀបបានដូចជាសមាជិកក្រុមគ្រួសារស្ថិតនៅក្នុងគេហដ្ឋានជាមួយគ្នាផងដែរ។
«The Imperfect Café» ជាភាសាអង់គ្លេសបកប្រែថា «កាហ្វេមិនល្អឥតខ្ចោះ» បង្ហាញពីភាពចន្លោះខ្វះខាតមួយចំនួនអាចនឹងកើតមាននៅក្នុងហាងដោយកត្តាណាមួយ។ យ៉ាងណាមិញ «The Imperfect Café» ចាប់ផ្តើមបើកបម្រើកាហ្វេជារៀងរាល់ថ្ងៃពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥និង៣០នាទីល្ងាច។ ដោយឡែក ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង ១០យប់ The Imperfect Café នឹងក៏បានក្លាយជាភោជនីយដ្ឋានដ៏សែនមនោរម្យដ៏ប្លែកថែមទៀត៕
Article by PAN SIVLY