ប៊ននឹម មីលីយ៉ា បេក្ខនារីជ័យលាភីអាហារូបករណ៍ទស្សនកម្មវិធីសិល្បៈពី CLA
NEWS 3 years agoកាលពីចុងខែមិថុនាកន្លងទៅ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការសិល្បៈខ្មែរអមតៈ (Cambodian Living Arts) មានការបង្ហោះណែនាំឲ្យសាធារណជនបានស្គាល់មុខយុវតី ប៊ននឹម មីលីយ៉ា ដែលត្រូវបានឧទ្ទេសនាមថាជាអ្នកទទួលបានអាហារូបករណ៍ទស្សនកម្មវិធីសិល្បៈម្នាក់ក្នុងចំណោមបីនាក់ ហើយដែលមានតួនាទីសំខាន់ក្នុងការរៀបចំនិងរចនាកម្មវិធីរដូវវប្បធម៌ក្នុងឆ្នាំ២០២៣ (Cultural Season 2023)។ តើបេក្ខនារីជ័យលាភីរូបនេះមានប្រវត្តិការងារយ៉ាងដូចម្តេចខ្លះពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌? ហើយនាងមានបេសកកម្មការងារអ្វីខ្លះ និងមានចក្ខុវិស័យចំពោះការគ្រប់គ្រងដឹកនាំកម្មវិធីសិល្បៈនៅកម្ពុជាយ៉ាងដូចម្តេច? ជាពិសេស តើនាងបានរៀនសូត្រអំពីមេរៀនល្អៗអ្វីខ្លះពីកម្មវិធីអាហារូបករណ៍ខាងលើ?
ក្នុងតួនាទីបច្ចុប្បន្នជាអ្នកសម្របសម្រួលកម្មវិធីផ្លាស់ប្តូរសិល្បៈនិងវប្បធម៌នៃមូលនិធិជប៉ុន ការិយាល័យ ទំនាក់ទំនងភ្នំពេញ កញ្ញា ប៊ននឹម មីលីយ៉ា ធ្លាប់ត្រូវបានជ្រើសរើសជាអ្នកតំណាងប្រចាំតំបន់សម្រាប់ Mekong Cultural Hub មានទីតាំងនៅតៃវ៉ាន់ ដែលជាអង្គការបងប្អូនបង្កើតរបស់សិល្បៈខ្មែរអមតៈ ក្នុងអំឡុងឆ្នាំ ២០១៩-២០២០។ ក្រោយមក ក្នុងឆ្នាំ ២០២០-២០២១ កញ្ញាត្រូវបានជ្រើសរើសជាអ្នកសម្របសម្រួលកម្មវិធី the Living Arts Fellow របស់អង្គការសិល្បៈខ្មែរអមតៈដែលជាកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈសម្រាប់សិល្បករនិងអ្នកគ្រប់គ្រងសិល្បៈ។ ដោយឡែក ក្នុងឆ្នាំ ២០២២-២០២៣ នេះ កញ្ញាត្រូវបានជ្រើសតាំងជាអ្នកសម្របសម្រួលកម្មវិធីគទានុរក្សនៃអង្គការដដែលនេះដើម្បីអភិវឌ្ឍជំនាញនិងបទពិសោធន៍របស់អ្នករៀបចំកម្មវិធីជំនាន់ថ្មីនិងអ្នកដែលមានសក្តានុពលនៅក្នុងវិស័យសិល្បៈដែលផ្តោតសំខាន់លើអ្នកប្រតិបត្តិសិល្បៈទស្សនីយភាព។
“ក្នុងនាមជាអ្នកសម្របសម្រួលកម្មវិធីផ្លាស់ប្តូរសិល្បៈវប្បធម៌ កម្មវិធីនេះពិតជាមានប្រយោជន៍ណាស់ចំពោះការងារវិជ្ជាជីវៈរបស់ខ្ញុំក្នុងការរចនាកម្មវិធីឲ្យកាន់តែមានភាពទាក់ទាញ ក្បោះក្បាយ និង មានប្រសិទ្ធភាព។ ការរំពឹងទុករបស់ខ្ញុំនៅពេលជាប់ដំបូងគឺ ខ្ញុំជឿជាក់ថា កម្មវិធីនេះនឹងជួយផ្តល់គន្លឹះ ចំណេះដឹង និងបទពិសោធន៍ដើម្បីពង្រឹងការងារគ្រប់គ្រងសិល្បៈរបស់ខ្ញុំ[…]” ជ័យលាភីអាហារូបករណ៍បានសម្តែងចំណាប់អារម្មណ៍។
កញ្ញាបានពន្យល់បន្ថែមថា កម្មវិធីអាហារូបករណ៍នេះមានរយៈពេលមួយឆ្នាំ ២០២២-២០២៣។ វាត្រូវបានបែងចែកជាបួនផ្នែកសំខាន់ៗ រួមមាន ការសិក្សាបទពិសោធន៍ (Experiential Learning), កិច្ចពិភាក្សាផ្ទាល់(Exposure), ចំណេះពីបណ្តាញគទានុរក្សជំនាញ (Inputs from Experienced Curatorial Networks) និង សេចក្តីសន្និដ្ឋាននិងការចែករំលែក (Reflection & Sharing) ។ ក្នុងចំណោមនោះ ចំណុចសំខាន់ៗដែលកញ្ញាបានរៀនសូត្រពីកម្មវិធីក្នុងអំឡុងពេលចុះទស្សនកិច្ចសិក្សាទៅកាន់ប្រទេសថៃគឺកញ្ញាបានជួបប្រាស្រ័យទាក់ទងជាមួយក្រុមអ្នកឯកទេសដែលចែករំលែកចំណេះដឹង បទពិសោធន៍ កត្តាជំរុញទឹកចិត្ត និងវិធីសាស្រ្តទាក់ទងនឹងសង្វាក់ផលិតកម្មការងារ បញ្ហាប្រឈម ការជ្រើសរើសប្រធានបទកម្មវិធី និងអត្ថប្រយោជន៍នៃការចូលរួមរបស់សហគមន៍ក្នុងការថែរក្សាវប្បធម៌ ។ល។
“វាជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ខ្ញុំចាប់តាំងពីខ្ញុំបានចូលរួមកម្មវិធីនេះ។ វាបើកចំហផ្នត់គំនិតថ្មីអំពីការងារគ្រប់គ្រងសិល្បៈ។ វាផ្តល់ឲ្យខ្ញុំនូវគម្លាតសម្រាប់ឆ្លុះបញ្ចាំងពីការងាររបស់ខ្ញុំម្តងទៀត និងអ្វីដែលខ្ញុំត្រូវអភិវឌ្ឍដើម្បីបង្កើតកម្មវិធីដែលមានឥទ្ធិពលដល់ទស្សនិកជន។ វាផ្លាស់ប្តូររបៀបដែលខ្ញុំមើលទៅកាន់សិល្បៈ [...] ” កញ្ញាបានបង្ហាញពីជោគជ័យក្រោយពេលបានចូលរួមកម្មវិធី។
បច្ចុប្បន្ន បេសកកម្មដែលកញ្ញាកំពុងបន្តនោះគឺ ទីមួយផ្តល់ឱកាសឬវេទិកាដែលមានសារៈប្រយោជន៍ចំពោះសហគមន៍នៃសិល្បៈខ្មែរដើម្បីធ្វើឲ្យសិល្បករប្រើប្រាស់ញាណរបស់ពួកគេបង្ហាញពីសិល្បៈឲ្យបានពេញទំហឹង និងធានាសម្រាប់ពួកគេឲ្យទទួលបានជីវភាពសមស្របពីស្នាដៃការងាររបស់ពួកគេឲ្យដូចការងារដទៃដែរ។ ទីពីរ គឺ ផ្តល់ឱកាសឲ្យមហាជន ជាពិសេសអ្នករស់នៅជនបទ បានទទួលយកបទពិសោធន៍និងចូលរួមជាមួយសិល្បៈ និង ព្រឹត្តិការណ៍សិល្បៈ។ ទីបី គឺ ផ្តល់ឱកាសឲ្យក្មេងជំនាន់ក្រោយបានតភ្ជាប់ជាមួយសិល្បៈ និងការអប់រំស្តីពីសិល្បៈ។ រីឯចក្ខុវិស័យ កញ្ញាសម្លឹងឃើញថា សិល្បៈមានថាមពលក្នុងការតម្រង់អនាគតនិងសមត្ថភាពបង្កើតគម្លាតឲ្យមនុស្សគិត និងប្រាស្រ័យទាក់ទងជាមួយមនុស្សដទៃនិងបញ្ហាសង្គមនានា។ វាក៏ជួយបង្កើនសោភ័ណភាពទៅដល់អ្វីគ្រប់បែបយ៉ាងនៅក្នុងជីវិតរបស់យើងទាំងអស់គ្នា។
ជាចុងក្រោយ អ្នកជំនាញគ្រប់គ្រងសិល្បៈរូបនេះបានផ្ញើសារទៅកាន់អ្នកដាក់ពាក្យអាហារូបករណ៍សិល្បៈជំនាន់ក្រោយៗឲ្យបង្កើនជំនឿជាក់លើខ្លួនឯងក្នុងការស្វែងរកឱកាសដើម្បីទទួលយកបទពិសោធន៍ថ្មីៗ “កុំភ័យខ្លាចក្នុងការចែករំលែកអ្វីដែលអ្នកប្រាថ្នាចង់រៀន ឬ ចូលប្រឡូកឲ្យសោះ! សូមស្មោះត្រង់ចំពោះខ្លួនឯងហើយចែករំលែកចក្ខុវិស័យរបស់អ្នកទៅកាន់អ្នកដទៃ។ ទោះតិចឬច្រើន អ្នកទាំងនោះនឹងចែករំលែកឱកាសដែលអ្នកអាចចូលរួម ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់អ្នកជាមិនខាន” ៕
Article by SRIN SOKMEAN