CoCo de Takeo អត្តសញ្ញាណសិប្បកម្មច្នៃផលិតផលពីរុក្ខជាតិដូងជំនាន់ថ្មីពីទឹកដីតាកែវ
NEWS 7 months agoដូងជារុក្ខជាតិពហុប្រយោជន៍ដ៏សំខាន់នៅក្នុងសង្គមខ្មែរតាំងពីយូរយារណាស់មកហើយ។ ប្រជាជន ខ្មែរនិយមដាំដើមដូងដើម្បីយកផ្លែកាប់យកទឹកផ្អែមត្រជាក់ទទួលទានប៉ូវកម្លាំង និងយកខ្ទិះវាប្រើសម្រាប់ចម្អិនម្ហូបនិងបង្អែមប្រពៃណីជាច្រើនមុខស្ទើររាប់មិនអស់។ រីឯស្លឹកដូងក៏អាចប្រើការច្នៃតុបតែងលម្អរោងអាពាហ៍ពិពាហ៍នៅ តាមទីជនបទនានាតាមទំនៀមពីបុរាណបានយ៉ាងស្រស់ចំណាន។ ដោយសារសម្លឹងឃើញនូវគុណសម្បត្តិដ៏ច្រើន លើសលប់មិនអាចខ្វះបាននៃរុក្ខជាតិដូងនេះ ទើបសិប្បកម្មដូងតាកែវ ឬ CoCo de Takeo ក៏ត្រូវបានផ្តួចផ្តើមបង្កើត ហើយបានដំណើរការនិងអភិវឌ្ឍជាជំហានៗអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ សិប្បកម្មបែបសហគមន៍ខាងលើក៏កំពុងតែបង្កើនផលិតផលថ្មីៗរបស់ខ្លួនកាន់តែច្រើនមុខដើម្បីបំពេញ តម្រូវការរបស់អតិថិជនសម័យថ្មី។
ស្ថិតតាមបណ្តោយផ្លូវបេតុង នៃបុរីវ៉ារីណា សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ម្តុំក្រោយវត្តសំរោងអណ្តែត ខាងលិចក្រុង ផ្ទះលេខ ៧៩ ឬ ហាងកាហ្វេកូកូដឺតាកែវ ជាទីតាំងតាំងបង្ហាញនិងលក់ ផលិតផលស្នាដៃកូនខ្មែរយីហោ «CoCo de Takeo» ដែលផលិតបានពីរោងសិប្បកម្មផ្ទាល់នៅឯឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ហាងដែលមានទំហំផ្ទះមួយល្វែងនេះពោរពេញដោយទំនិញធ្វើដោយដៃខ្មែរពិតៗជាច្រើន ចម្រុះទាក់ភ្នែកគួរឲ្យចង់ទស្សនា ដូចជា ថូផ្កាស្រកីដូង ផូផ្កាត្រឡោកដូង ចានត្រឡោកដូង ស្បែកជើងស្រកីដូង សាប៊ូប្រេងដូង ប្រេងដូងធម្មជាតិ ស្ករគ្រាប់ដូង និងទំនិញបន្ទាប់បន្សំមួយចំនួនទៀតដែលសហគមន៍ផលិតបាន។ តម្លៃផលិតផលដ៏មានគុណភាពនិងពោរពេញដោយគំនិតច្នៃប្រតិដ្ឋដែលដាក់លក់នៅទីនោះភាគច្រើនសមរម្យ។
លោក សាត ភារម្យ ប្រធានគ្រប់គ្រងទូទៅនៃសិប្បកម្មដូងតាកែវ នៅភ្នំពេញ បានផ្តល់បទសម្ភាសន៍ ឲ្យសូវរីនអំពីប្រវត្តិសិប្បកម្មនេះថា គម្រោងសិប្បកម្មនេះគឺជាកម្មវិធីរបស់ព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគ ភ្នំពេញ។ ក្រោមស្នាដៃរបស់លោកអភិបាល អូលីវីយេ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ ដែលមានរូបលោក ជាប្រធានគ្រប់គ្រងទូទៅ និង លោក មាគ ស៊ន ជាប្រធានមណ្ឌលនៅខេត្តតាកែវ។ “សិប្បកម្មនេះត្រូវបានបង្កើត ឡើងដោយមានជំនឿដ៏មុតមាំមួយថា ប្រជាជនក្រីក្រ ជនងាយរងគ្រោះ និងជនមានពិការភាពដែលរស់នៅតាម ទីជនបទស្រុកស្រែចំការនឹងមិនត្រូវបានគេរើសអើង ឬ បោះបង់ចោល ហើយពួកគាត់ក៏អាចរស់នៅបានសមរម្យ។ លើសពីនេះ យើងក៏បង្កើតគំរូអាជីវកម្មមួយដែលលក់តែផលិតផលសិប្បកម្មខ្មែរ ១០០ភាគរយ និងបង្ហាញដល់ ពិភពលោកអំពីផលិតផលនិងទេពកោសល្យដ៏អស្ចារ្យដែលយើងអាចផលិតបានក្នុងបរិបទអាជីវកម្មថែទាំវប្បធម៌ និងប្រពៃណី។”
ផលិតផលស្ករគ្រាប់ដូងត្រូវបានកែច្នៃមុនដំបូងគេនៅទីតាំងរាជធានីភ្នំពេញ មុននឹងមានការបង្កើតរោងសិប្បកម្មនៅទីតាំងខេត្តតាកែវ។ ក្រោយមក ក្នុងអំឡុងឆ្នាំ២០១៩ ទើបមានការបំបែកបង្កើតផលិតផលផ្សេងៗជាច្រើនទៀតនៅទីនោះ ដូចជា សិប្បកម្មកែច្នៃអាហារ និងសិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍និងគ្រឿងអលង្ការធ្វើពីត្រឡោកដូង។ លុះមកដល់ពាកកណ្តាលឆ្នាំ ២០២១ ទើបមានការអភិវឌ្ឍផលិតផលថ្មីចុង ក្រោយគេ គឺ ថូផ្កានិងជីកុំប៉ុស្តិ៍ បន្ថែមដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងស្រុក ខណៈពេលដែល ផលិតផលស្បែកជើងស្រកីដូងពុំសូវមានទីផ្សារល្អក្នុងបរិ បទកូវីដ១៩ ដោយសារអតិថិជនគោលដៅគឺជាភ្ញៀវ ទេសចរ។ ផលិតផលទាំងអស់របស់សិប្បកម្មនេះអាចរកបាននៅទីតាំងចំនួនបីកន្លែងសំខាន់ៗគឺ ហាងកាហ្វេ សិប្បកម្មដូងតាកែវនៅភ្នំពេញ (បុរីវ៉ារីណា) រោងសិប្បកម្មនៅខេត្តតាកែវ (ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ) និង កសិដ្ឋានធម្មជាតិភ្នំវល្លិ (ខេត្តកំពត) ដែលមានបុគ្គលិកផលិតកម្មបម្រើការអចិន្រ្តៃយ៍សរុបចំនួនជាង ៤០នាក់។
សិប្បកម្មដូងតាកែវមានទស្សនៈវិស័យណែនាំឲ្យជនក្រីក្រចូលរួមយ៉ាងពេញលក្ខណៈក្នុងសង្គម។ រីឯបេសកកម្ម គឺបង្កើតការងារឲ្យជនមានពិការភាពនិងអ្នកក្រីក្រនៅក្នុងភូមិដែលពួកគាត់កំពុងរស់នៅដើម្បីឲ្យពួក គាត់មានជីវភាពប្រសើរឡើងដោយទទួលបានចំណូលសមរម្យសម្រាប់ជីវភាពប្រចាំថ្ងៃនិងរស់នៅប្រកបដោយសុខុមាលភាពព្រមទាំងអាចបញ្ជូនកូនៗរបស់គាត់ទៅសាលារៀនបានគ្រប់ៗគ្នា ក្រោមពាក្យស្លោកអប់រំថា “មនុស្ស គ្រប់រូបគួរតែទទួលបានថ្ងៃស្អែកដ៏ល្អប្រសើរជាងនេះ” ។ លោក មាគ ស៊ន ប្រធានមណ្ឌលសិប្បកម្ម កូកូ ដឺតាកែវ បានលើកឡើងក្នុងអត្ថន័យសុទិដ្ឋនិយមថា “ខ្ញុំមិនដែលស្តាយក្រោយនិងរឹតតែមានមោទនភាពលើក្រុមការងារ ដែលពិការនិងងាយរងគ្រោះដែលអាចធ្វើផលិតផលដោយដៃ បានច្រើនប្រភេទ ព្រមទាំងមានជំនាញ និងការងារ ពេញលេញផងដែរ” ។
គួរបញ្ជាក់ផងដែរថា វត្ថុធាតុដើមចំបងជាងគេ គឺដំណាំដូង ត្រូវបានយកមកពីទឹកដីខេត្តតាកែវ និងមួយចំនួនទៀតពីខេត្តកំពត មិនមានកសិផលដែលនាំចូលពីប្រទេសជិតខាងសោះឡើយ។ រីឯគោលការណ៍នៃ ការប្រមូលវត្ថុធាតុដើមមានពីររបៀប គឺ ប្រមូលទិញផ្ទាល់ពីប្រជាកសិករ និងប្រមូលទិញតពីម៉ូយឈ្មួញកណ្តាល ក្នុងតំបន់។ ទោះយ៉ាងណាក៏សិប្បកម្មនេះមានជួបប្រទះនឹងបញ្ហាប្រឈមខ្លះៗដែរ រួមមាន កង្វះវត្ថុធាតុដើមនៅ រដូវប្រាំង និង ការឡើងថ្លៃតម្លៃដូង ជាដើម។ កន្លងមក ធ្លាប់មានក្រុមហ៊ុនវិនិយោគពីបរទេសចាប់អារម្មណ៍សាក សួរទំនាក់ទំនង ដូចជា ប្រទេសបារាំង និងប្រទេសជប៉ុន ជាដើម ប៉ុន្តែពុំទាន់បានចរចាសម្រេចនៅឡើយទេ។ ចំពោះផែនការថ្ងៃអនាគត សិប្បកម្មមានគម្រោងពង្រីកទីផ្សារផលិតផលរបស់ខ្លួនឲ្យកាន់តែទូលាយនៅតាម ផ្សារទំនើបនានាឲ្យ បាននៅអំឡុងចុងឆ្នាំនេះ ឬ ដើមឆ្នាំក្រោយ។ លោកអ្នកអាចជាវតាមអនឡាញបានផងដែរ នៅលើទំព័រហ្វេសប៊ុកផ្លូវការ CoCo de Takeo Cambodia៕
Article by SRIN SOKMEAN