ប៊ុត ទីតា ស្ត្រីអ្នកជំនាញថតរូបមនុស្សបែបសិល្បៈពោរពេញដោយគំនិតច្នៃប្រតិដ្ឋ
NEWS 3 years agoប៊ុត ទីតា ឬត្រូវបានគេស្គាល់ថា Tytaart គឺជាសិល្បករថតរូបដែលរមែងបង្កើតស្នាដៃសិល្បៈតាមរយៈការថតរូបមនុស្សទៅតាមប្រធានបទផ្សេងៗទាក់ទងនឹង ជីវិតពិត សាសនា លាយឡំនឹងអារម្មណ៍ផ្ទាល់ខ្លួន។ ជាស្ត្រីអ្នកជំនាញថតរូបមនុស្សបែបសិល្បៈ ឬជាភាសាអង់គ្លេសហៅថា Fine-Art Portrait Photographer ថ្វីបើទើបលេចមុខប្រមាណជាង៣ឆ្នាំ តែប្រជាប្រិយភាព និងស្នាដៃរបស់សិល្បការិនីរូបនេះ ហាក់មានភាពលេចធ្លោមិនចាញ់សិល្បករជើងចាស់ និងជាន់ថ្មីប៉ុន្មានឡើយ។ កញ្ញាបានក្តោបក្តាប់ការងារជាមួយម៉ាកយីហោជាច្រើនទាំងជាតិ និងអន្តរជាតិសុទ្ធសឹងស្ថិតក្នុងចង្កោមវិស័យបដិសណ្ឋារកិច្ច សម្រស់ និងហ្វេហ្សិន។ លើសពីនេះកញ្ញារមែងចូលរួមបង្ហាញស្នាដៃតាមរយៈពិព័រណ៍សិល្បៈជាមួយសិល្បករដទៃផងដែរ។
ជាកូនស្រីច្បងនៃបងប្អូនប្រុសស្រី២នាក់ដែលកើតនៅក្នុងគ្រួសារអ្នករស់នៅទីក្រុងភ្នំពេញ ប៊ុត ទីតា ស្រឡាញ់ការថតរូបតាំងតែពីវ័យក្មេង។ រំឭកដំណើរដើមទង ទីតា បានចាប់ផ្តើមថតរូបលេងដំបូងជាមួយម៉ាស៊ីថតខ្នាតតូច បន្ទាប់មកថតដោយប្រើកាមេរ៉ាទូរស័ព្ទ និងកែរូបភាពនៅលើ App ផ្សេងៗ។ គ្រានោះទីតាក៏បានប្រាប់ទៅអ្នកម្តាយថាខ្លួនស្រឡាញ់ការថតរូបផងដែរ។ ដោយឃើញដូច្នេះ លុះឈានដល់វ័យ១៥ឆ្នាំ អ្នកម្តាយក៏បំពេញបំណងដោយទិញកាមេរ៉ាប្រភេទថតរូបអាជីពមួយឲ្យគឺ Canon EOS 600D។ ប្រើកាមេរ៉ាទំនើប ដំបូងឡើយទីតាមិនទាន់ចេះកំណត់មុខងារ Manual នោះទេ ដោយថតប្រើតែមុខងារ Auto mode ប៉ុណ្ណោះ។ សូម្បីពេលថត Portrait ឬថតរូបមនុស្សក៏មិនទាន់ដឹងពីរបៀបកែរូបភាព និងមិនយល់ពីអ្វីទៅជាលទ្ធផលសម្រេចដែរ។ ទីតា បានចាប់ផ្តើមថតរូបជាមួយមិត្តភក្តិរួមថ្នាក់ម្នាក់ជនជាតិជប៉ុនដែលមានកាមេរ៉ា និងស្រឡាញ់ការថតរូបដូចគ្នា។ ដោយមិត្តភក្តិម្នាក់នេះចូលចិត្តថតរូបភាពបែបទេសភាព និងសត្វ ឲ្យតែពេលទំនេរពីការសិក្សា អ្នកទាំងពីរតែងបបួលគ្នាចេញទៅថតនៅខាងក្រៅជានិច្ច។ ដោយមានមហិច្ឆតាចង់ចេះប្រើជាជំនាញ ប្រហែលមួយឆ្នាំក្រោយមក ទីតាបានសុំចូលជាសមាជិកនៅក្នុងក្រុមថតរូបកម្ពុជាមួយឈ្មោះថា Cambodia Photography Club។ ប្រឡូកជាសមាជិកក្រុម ទីតាទទួលបានបទពិសោធន៍ខ្លះៗពីរៀមច្បង និងខ្លះទៀតព្យាយាមសិក្សាស្វែងយល់ដោយខ្លួនឯង។ យូរៗទៅការថតរូបក៏បានក្លាយជាចំណូលចិត្ត និងការកម្សាន្ត។
Image Courtesy: TYTAART
នៅក្នុងឆ្នាំ ២០១៤ ក្រោយបញ្ចប់ការសិក្សាថ្នាក់ឌីប្លូមនៅសាលាអន្តរជាតិ Northbridge International School នៅទីក្រុងភ្នំពេញ ទីតាបានចេញទៅបន្តការសិក្សានៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស នៅសាកលវិទ្យាល័យ Regent’s University London ដោយចាប់ជំនាញផ្នែកគ្រប់គ្រងអាជីវកម្ម និងឌីហ្សាញ។ កំឡុងពេលសិក្សានៅទីនោះ ទីតាបានសិក្សានៅទីក្រុងឡុងដ៍រយៈពេលមួយឆ្នាំកន្លះ រួចផ្លាស់ប្តូរការសិក្សា ( Exchange Studies) ទៅសាលា Parsons School of Design The New School រយៈពេល៦ខែផ្នែក Strategic Design Management ហើយក៏ត្រឡប់មកសិក្សានៅទីក្រុងឡុងដ៍វិញ។ នៅឆ្នាំ ២០១៧ ទីតាបានបញ្ចប់បរិញ្ញាបត្រជាស្ថាពរ និងបានត្រឡប់មកកម្ពុជាវិញ។
មកដល់ទីក្រុងភ្នំពេញ ជំហានដំបូង ទីតា បានប្រើប្រាស់ជំនាញថតពីមុនមកជួយអាជីវកម្មហាងស្រារបស់អ្នកម្តាយ ដោយរៀបចំថតរូបស្រាទាំងប៉ុន្មានដាក់ផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ ជួយអ្នកម្តាយបានរយៈពេល៣ខែ ទីតាបានឆ្ពោះទៅខេត្តកំពតបើកបារវីដេអូហ្គេមមួយឈ្មោះថា Levels។ ដោយឃើញថាការបើកបារមិនមែនជាអ្វីដែលខ្លួនស្រឡាញ់ ទីតា បានសម្រេចចិត្តឡើងមកទីក្រុងភ្នំពេញដើម្បីចាប់ផ្តើមអាជីពទៅលើការថតរូបវិញ។ ការពិតទៅកំឡុងពេលបើបារនៅកំពត ទីតា បានថតរូបឲ្យគូស្នេហ៍មួយគូ ដែលនេះហើយជាប្រាក់លើកដំបូងដែលរកបានពីការថតរូប ហើយវាក៏ធ្វើឲ្យកញ្ញាផ្លាស់ប្តូរគំនិតមកចាប់អ្វីដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន។ ជាក់ស្តែង កាលនៅកំពតទីតាបានស្គាល់អ្នកថតរូបជនជាតិបរទេសម្នាក់ ក្រោយមកពេលឡើងមកទីក្រុងភ្នំពេញក៏បានទំនាក់ទំនងសុំការងារដោយចាប់ផ្តើមគម្រោងដំបូងជាមួយ Clipper Cambodia។ ជាមួយចំណេះជំនាញរៀនចេះដោយខ្លួនឯង បានរុញច្រានឲ្យអ្នកថតរូបវ័យក្មេងម្នាក់នេះទទួលបានការងារតូចធំហូរហែ មានទាំងការងារពីម៉ាកយីហោជាតិ និងអន្តរជាតិ សុទ្ធសឹងស្ថិតក្នុងវិស័យបដិសណ្ឋារកិច្ច ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ រួមទាំងផ្នែកសម្រស់ ម៉ូឌែល និងហ្វេហ្សិនផងដែរ។
សម្រាប់ការថតរូប ទីតា ថាខ្លួនមានជំនាញ និងស្រឡាញ់ទៅលើការថតបែប Portrait ឬថតរូបមនុស្សជាងគេ។ “ខ្ញុំស្រឡាញ់ការថតរូបមនុស្ស ដោយសារ ខ្ញុំឆ្ងល់ ខ្ញុំចង់ដឹងច្រើនពីបុគ្គលម្នាក់នោះ។ រាល់ពេលថតរូបជាមួយបុគ្គលណាម្នាក់ វាតែងតែផ្តល់ការសន្ទនារវាងខ្ញុំ និងគាត់ ហើយវាធ្វើឲ្យខ្ញុំយល់ពីគាត់ច្រើនជាងមុន ឯគាត់ក៏យល់ពីខ្ញុំច្រើនជាងមុន។ ម្យ៉ាងវិញទៀត ការថតបែបនេះវាមាន Emotion (អារម្មណ៍) ច្រើន ពិសេស រូបរបស់ខ្ញុំភាគច្រើនមើលទៅមិនសូវសើច អ្វីៗទាំងអស់មើលទៅធម្មជាតិស្មើគ្នាទាំងអស់”។ ដោយសារតែមានជំនាញទៅលើការថតបែបនេះហើយ ទើបការងារដែលទីតាធ្វើភាគច្រើនទាក់ទងនឹង Lifestyle ឬបែបបទនៃការរស់នៅនេះឯង។
មិនត្រឹមតែជំនាញថតបែប Portrait ប៉ុណ្ណោះទេ ទន្ទឹមគ្នានេះ ទីតា ក៏បានប្រើប្រាស់ជំនាញ និងការស្រឡាញ់មួយនេះអភិវឌ្ឍទៅក្នុងសិល្បៈផងដែរ។ ជាក់ស្តែង មកដល់បច្ចុប្បន្ន ទីតា បានសហការជាមួយសិល្បករដទៃបង្កើតស្នាដៃរូបថតមនុស្សបែបសិល្បៈដាក់តាំងពិព័រណ៍ប្រមាណ៨ដងផងដែរ។ ជាអាទិ៍ កាលពីឆ្នាំ២០២០ ធ្វើពិព័រណ៍ចំនួនពីរលើក គឺ ខែកញ្ញា ពិព័រណ៍ «Complementarity» នៅវិចិត្រសាលា Rosewood និង ខែវិច្ឆិកា ពិព័រណ៍«Thursday’s Tale» នៅផ្សារទំនើប Exchange Square, ឆ្នាំ២០២១ ពិព័រណ៍ចំនួន៦លើក គឺខែមករា ពិព័រណ៍«Eternal»នៅវិចិត្រសាល Sra Art និង ពិព័រណ៍«Femininity & Masculinity» នៅមជ្ឈមណ្ឌលផ្ទះមេត្តា, ខែកុម្ភៈ ពិព័រណ៍«Organic Sense»នៅវិចិត្រសាល FT, ខែតុលា ពិព័រណ៍ «The World In Between» នៅសណ្ឋាគារ Raffles Hotel Le Royal, ខែវិច្ឆិកា ពិព័រណ៍ «Organic Sense» នៅសារមន្ទីរជាតិ និងខែធ្នូ ពិព័រណ៍«Genesis» នៅវិចិត្រសាល FT។
Image Courtesy: TYTAART
តាមរយៈស្នាដៃពិព័រណ៍កន្លងមក ឃើញថារូបថតប្រធានបទនីមួយៗសុទ្ធសឹងមានលក្ខណៈសិល្បៈ និងបង្កប់អត្ថន័យស៊ីជម្រៅលើសពីរូបភាពដែលបានឃើញ។ ទីតាថារូបភាពនីមួយៗត្រូវបានដកស្រង់ពីរឿងរ៉ាវផ្សេងៗមកបំម្លែងទៅជាអ្វីដែលទាក់ទងនឹងការគិត ក៏ដូចជាអារម្មណ៍របស់ខ្លួន។ “នៅពេលខ្ញុំរឹតតែធំទៅ អារម្មណ៍ និងអនុស្សាវរីយ៍កាលពីក្មេង វាបានរំលេចមកវិញច្រើន ពេលខ្លះនឹកឃើញដល់រឿងចាស់ៗ ជាពិសេស ពាក់ព័ន្ធនឹងរឿងព្រះពុទ្ធសាសនា ដែលពីក្មេងខ្ញុំគិតថាព្រះពុទ្ធសាសនាមិនមានប្រយោជន៍ តែពេលឥឡូវខ្ញុំបានមើលព្រះពុទ្ធសាសនាក្នុងផ្លូវដែលអប់រំមនុស្សវិញ”។ ឧទាហរណ៍ដូចជា ពិព័រណ៍ «Eternal» រូបលោកយាយសកាន់ស៊ុត៥គ្រាប់តំណាងឲ្យជីវិត៥ដំណាក់កាលរបស់មនុស្ស គឺ កើត ចាស់ ឈឺ ស្លាប់ និងកើតឡើងវិញ។ ឯរូបផ្សិតនៅលើក្បាល និងមានរុំក្រណាត់ប៉ាក់តំណាងឲ្យការគោរពដល់ព្រះពុទ្ធសាសនា។ ចំណែកគម្រោងរូបថតមួយទៀតផ្តោតទៅលើតែ៣ពណ៌ គឺ ខ្មៅ ស ប្រផេះ ដែលពិពណ៌នាអំពីមនសិការរបស់យើងនៅក្នុង អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ដោយឡែកពិព័រណ៍ «Genesis» ថតតួអង្គជាសិល្បៈសម្តែងរូបភាពប្រពៃណី ជាការដកស្រង់ពីវប្បធម៌ និងសាសនាផ្សេងៗ បូករួមទាំងតួនាទីភេទ បញ្ចូលគ្នាទៅជាការវិវឌ្ឍន៍ និងបើកចំហដែលឆ្លុះបញ្ចាំងពីជីវិតសព្វថ្ងៃ។
Image Courtesy: TYTAART
ទីតាថាការធ្វើពិព័រណ៍នីមួយៗត្រូវរៀបចំគម្រោងច្រើនដែលអាចចំណាយពេលច្រើនជាង៦ខែ។ នេះក៏ព្រោះគម្រោងត្រូវតែលម្អិតឲ្យប្រាកដថា សាច់រឿងអាចជ្រួតជ្រាប យល់ទាំងអ្នកថត យល់ទាំងអ្នកទស្សនា។ ការថតត្រូវរកមើលនរណាដែលស័ក្តិសមនឹងរូបភាព និងមានការពិភាក្សាច្រើនដងច្រើនសារជាមួយសិល្បករសហការ។ លុះសម្រេចគំនិតទាំងអស់កាលណា ទើបចាប់ផ្តើមថត រួចកែសម្រួល ហើយពិនិត្យឡើងវិញឲ្យត្រូវគ្នាជាប្រព័ន្ធគ្រប់យ៉ាងទើបរៀបចំពិព័រណ៍។
“ការថតរូប គឺជាការចាប់ពេលវេលាមួយ អារម្មណ៍មួយឲ្យនៅនឹង និងថេរ ហើយវាក៏ជាអនុស្សាវរីយ៍ផងដែរ។ រូបថតជាម៉ាស៊ីនមួយដែលអាចឲ្យយើងធ្វើដំណើរទៅកាន់ពេលវេលាមួយនៃរូបភាពមួយនោះ” ។ ទីតានិយាយ។
កញ្ញា ប៊ុត ទីតា, TYTAART
បច្ចុប្បន្ន សិល្បការិនីថតរូបជាន់ថ្មី ប៊ុត ទីតា បានកំពុងមមាញឹកការងារច្រើនជាមួយគម្រោងធំៗ ហើយក៏បានកំពុងចេញបេសកកម្មជាមួយអង្គការសុខភាពពិភពលោកសម្រាប់គម្រោងថតរូបសុខភាពផងដែរ។ លើសពីនេះ កញ្ញាកំពុងត្រៀមគម្រោងតាំងពិព័រណ៍នៅឯប្រទេសស្វីស និងមួយទៀតកញ្ញាមានបំណងចង់ធ្វើពិព័រណ៍ទោលមួយដែលអាចនឹងលេចឡើងនៅចុងឆ្នាំនេះ។ សម្រាប់ពិព័រណ៍ទោលនេះដែរ កញ្ញាថា “ខ្ញុំលែងចង់លក់រូបថតហើយ ខ្ញុំចង់លក់អារម្មណ៍វិញ ពេលចូលទៅគឺទិញអារម្មណ៍មួយដើម្បីទស្សនាសិល្បៈដែលអ្វីៗទាំងអស់ក្នុងនោះមិនអាចទិញបានឡើយ”។ ក្រៅពីជំនាញថតរូប កញ្ញាមានបំណងចង់រៀនផ្នែក រចនាផលិតផល ដោយសារជំនាញនេះអាចយកមកប្រើប្រាស់ជាមួយអាជីពសព្វថ្ងៃបាន៕
Article by HEM SOKKHIM
Image Courtesy: TYTAART