Wella Jaden អ្នកច្នៃម៉ូដជាន់ថ្មីបង្កើតឈុតហ្វេហ្សិនប្លែកៗកំពុងទទួលបានការចាប់អារម្មណ៍
NEWS 5 months agoWella Jaden ត្រូវបានគេស្គាល់ថាជាអ្នកច្នៃម៉ូដកម្ពុជាវ័យក្មេងមួយរូបដែលទើបលេចមុខ និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈការបង្កើតឈុតប្លែកៗបែបហ្វេហ្សិន។ បង្ហាញមុខថ្មីថ្មោង តែអាចនិយាយថា Wella Jaden គឺជាអ្នកច្នៃម៉ូដជំនាន់ថ្មីដែលមានភាពច្នៃប្រតិដ្ឋខ្ពស់ ពោលឈុតនីមួយៗមើលមកមិនច្រឡំគេ និងមានលក្ខណៈទាក់ភ្នែកពោរពេញដោយភាពនឹកស្មានមិនដល់។ ភាពច្នៃប្រតិដ្ឋនេះបានធ្វើឲ្យអ្នកច្នៃម៉ូដរូបនេះចាប់ផ្តើមមានទីផ្សារក្នុងរយៈពេលដ៏ខ្លី ពិសេសកំពុងត្រូវចិត្តបំផុតពីសំណាក់ តារាសិល្បៈ ចង្កោម Influencer និងអ្នកហ្វេហ្សិននិយម។
ជំនួបសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារ សូវរីន អ្នកច្នៃម៉ូដ Wella Jaden បានរៀបរាប់ថា មែនទែនទៅលោកមានឈ្មោះពិតថា ស្រី រតនៈ ជានិស្សិតកំពុងសិក្សាផ្នែកហ្វេហ្សិនឌីហ្សាញឆ្នាំទី៤នៃសាកលវិទ្យាល័យលីមកុកវីង។ រតនៈទើបចាប់ផ្តើមមានគេស្គាល់នៅដើមឆ្នាំនេះ គឺនៅពេលធ្វើឈុតឲ្យ Influencer ដ៏មានប្រជាប្រិយភាពម្នាក់គឺកញ្ញា Daa dao ដែលជាឈុតដកស្រង់ពីសត្វសមុទ្រសម្រាប់ស្លៀកពាក់ចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដដ៏ធំមួយប្រចាំឆ្នាំ។ ពីមួយកម្មវិធីទៅមួយកម្មវិធី ស្នាដៃច្នៃម៉ូដឲ្យ Influencer ចេះតែផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ រហូតមានអ្នកទំនាក់ទំនងឲ្យធ្វើឈុតជាច្រើន ជាពិសេសចង្កោម Influencer អ្នកហ្វេហ្សិននិយម រួមទាំងតារាចម្រៀងល្បីៗដូចជា កញ្ញា ទេព បូព្រឹក្ស និងលោក នីកូ ជាដើម។
អ្នកច្នៃម៉ូដវ័យ២២ឆ្នាំ ស្រី រតនៈ បានបង្ហើបអំពីស្ទាយ៌ផ្ទាល់ខ្លួនតាមរយៈភាសាអង់គ្លេស៣ពាក្យថា៖ Bold(មើលទៅខ្លាំងមាំមួន), Structure (មានទម្រង់ច្រើន) និង Rebellious (ប្លែកពីគេ)។ រីឯការដកស្រង់ (inspire) មានលក្ខណៈរាងប្លែកពីគេបន្តិចដោយភាគច្រើន ប្រើការស្រមើស្រមៃ ផ្អែកទៅតាមអារម្មណ៍ និងទីកន្លែង។ អ្នកច្នៃម៉ូដរូបនេះចង់ឲ្យអ្នកបានស្លៀកឈុតរបស់លោកមានអារម្មណ៍ថា ស្អាត ឆ្លាត ខ្លាំង ឯករាជ្យ និងកាន់តែមានទំនុកចិត្ត។ «គេកាន់តែមើលនាង នាងនឹងកាន់តែមានទំនុកចិត្ត»។
ទន្ទឹមនឹងបោះជំហានមកដល់ចំណុចនេះ ពិតមែនទៅអ្នកច្នៃម៉ូដ ស្រី រតនៈ ក៏ធ្លាប់ជួបផលលំបាកសមគួររហូតសឹងតែបោះបង់ទៅហើយ។ តួយ៉ាង មុនផ្ទុះស្នាដៃច្នៃម៉ូដដូចបច្ចុប្បន្ន រតនៈធ្លាប់បានយកការងារទៅដាក់ពាក្យហាត់ការ(Intern) ២ទៅ៣កន្លែង តែចៃដន្យខាងគេមិនទទួលយកការងារនោះឡើយ។ រតនៈបានផ្តល់ក្តីសង្ឃឹមឲ្យខ្លួនឯងម្តងហើយម្តងទៀតដែរ ប៉ុន្តែនៅពេលដាក់ពាក្យបន្ទាប់ក៏នៅតែមិនជាប់ដដែល ដែលធ្វើឲ្យបាក់ទឹកចិត្តដល់សម្រេចចិត្តបោះបង់ រួចងាកមកស្វែងរកការងារជំនាញផ្សេងជំនួសវិញ។ ជាកូនកើតក្នុងគ្រួសារពេទ្យ គ្រានោះរតនៈចាប់ផ្តើមនឹកដល់ពាក្យដែលគ្រួសារធ្លាប់និយាយពេលខ្លួនសម្រេចចិត្តរៀនផ្នែកហ្វេហ្សិនឌីហ្សាញដែរថា “រៀនចប់ពីនឹងទៅណា? រៀនហើយធ្វើការអី? តិចប្រយ័ត្នអត់ការងារធ្វើ”។ រតនៈថានឹងបង់ការសិក្សាទៅហើយ តែជាសំណាងល្អស្របពេលកំពុងដាក់ពាក្យធ្វើការកន្លែងខុសជំនាញ ស្រាប់តែ Influencer កញ្ញា Daa Dao ទំនាក់ទំនងឲ្យធ្វើឈុត រួចក៏ចាប់ផ្តើមផ្ទុះមានគេស្គាល់រហូតជំរុញចិត្តត្រឡប់មកចាប់ផ្តើមអាជីពច្នៃម៉ូដជាថ្មីវិញ។
យ៉ាងណាមិញ ការជួបបញ្ហាកន្លងមកបានជំរុញឲ្យអ្នកច្នៃម៉ូដម្នាក់នេះកាន់តែខ្លាំងជាងមុន និងមិនចុះចាញ់នូវការគិតរបស់ខ្លួន។ “យើងត្រូវជឿជាក់លើខ្លួនឯងថានឹងមានអ្វីមួយកើតឡើងទោះយូរឬឆាប់ ដែលសំខាន់យើងត្រូវហ្វឹកហាត់ដុះខាត់ខ្លួនឯងបន្ថែមទៀត។ មិនសំខាន់ទៅលើទីផ្សារ សំខាន់យើងជាអ្នកបង្កើតទីផ្សារដោយខ្លួនឯង បើយើងធ្វើឲ្យខ្លួនឯងល្អ យើងនឹងជ្រៀតចូលទីផ្សារបាន។” ស្រី រតនៈ លើកឡើង។
បើនិយាយពីការចូលសិក្សាផ្នែកច្នៃម៉ូដ រតនៈទទួលបានការលើកទឹកចិត្តពីបងស្រីបង្កើត ដែលដើមឡើយហាក់ស្ទាក់ស្ទើរដោយសារកើតក្នុងគ្រួសារពេទ្យ។ រតនៈមានទេពកោសល្យលើផ្នែកដេរតាំងតែពីតូច ចេះប្រើម៉ាស៊ីនដេរតាំងពីរៀនថ្នាក់ទី៣ដែលហាក់បីដូចជាកាដូដ៏វិសេសមួយផ្តល់ពីកំណើតដូច្នោះដែរ។ កាលនៅរៀនរតនៈចូលចិត្តម៉ោងគេហវិទ្យាជាងគេ ដោយពូកែ និងហ្មត់ចត់បំផុតទៅលើការដេរ។ សំខាន់ទៀតនោះ ចំណោមបងប្អូន៤នាក់ រតនៈជាកូនទី៣ដែលមានការចូលចិត្តស្លៀកពាក់ប្លែកពីគេជានិច្ច។ ទាំងនេះហើយជាហេតុផលធ្វើឲ្យមនុស្សមានទេពកោល្យម្នាក់នេះមិនរួញរាក្នុងការសម្រេចចិត្តចាប់ជំនាញនេះ។ “ទៅថ្ងៃមុខខ្ញុំនៅតែរក្សាស្ទីលរបស់ខ្ញុំ ហើយខ្ញុំនឹងព្យាយាមសាកល្បងនូវអ្វីដែលថ្មីដើម្បីយកមកអភិវឌ្ឍវិស័យហ្វេហ្សិនស្រុកយើងឲ្យកាន់តែរីកចម្រើនឡើង”៕
Article by HEM SOKKHIM