វាចានៃសមិទ្ធករជុំវិញបេសកកម្មផលិតភាពយន្តកំប្លែងបែបអប់រំ «លោកគ្រូប្រពន្ធល្អ»
NEWS 8 months agoលោក ឆាយ បូរ៉ា ជាចាងហ្វាងផលិតកម្ម ដើមត្នោត ដែលមហាជនស្គាល់ថាជាអ្នកដឹកនាំរឿង «ឃ្លាតទៅសែនឆ្ងាយ» ជាភាពយន្តសោកនាដកម្មមហាកម្សត់ដក់ជាប់ក្នុងចិត្តទស្សនិកជនខ្មែរតាំងពី១០ឆ្នាំមុន។ ជាមួយវណ្ណកម្មភាពយន្តថ្មីរបស់លោក ដែលកំពុងដាក់បញ្ចាំងនៅតាមបណ្តារោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ អ្នកដឹកនាំរឿងឆ្នើមធ្លាប់ទទួលបានពានរង្វាន់ពីមហោស្រពភាពយន្តថ្នាក់ជាតិរូបនេះបានផ្តល់បទសម្ភាសន៍អំពីអនុស្សាវរីយ៍នៃការថតកុននេះកាលពី២ឆ្នាំមុន និងទស្សនៈរបស់លោកពីក្រោយគម្រោងផលិតនេះ។
ចំណុចពិសេសបំផុតដែលពញ្ញាក់អារម្មណ៍ទស្សនិកជនគ្រប់រូបចំពោះស្នាដៃរឿង «លោកគ្រូប្រពន្ធល្អ» ច្បាស់ជាវត្តមានសម្តែងរបស់កំពូលសិល្បករអាយ៉ៃប្រចាំប្រទេស ព្រហ្ម ម៉ាញ ក្នុងតួអង្គជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរថ្នាក់ វិទ្យាល័យឈ្មោះ «គ្រូធី»។ ពាក់ព័ន្ធនឹងមូលហេតុជ្រើសរើសចាប់ផ្គូផ្គងតួតារាអាយ៉ៃ ព្រហ្ម ម៉ាញ ជាមួយ តារាកំប្លែងជើងចាស់ គ្រត ជាតួសំខាន់ក្នុងរឿងនោះ អ្នកដឹកនាំ ឆាយ បូរ៉ា បានបកស្រាយយ៉ាងច្បាស់ថា “ ទីមួយ គាត់មានប្រជាប្រិយភាពក្នុងចំណោមប្រជាពលរដ្ឋយើង។ ទីពីរ អាយុគាត់សមនឹងតួអង្គហ្នឹងដែរ។ ទីបី អាជីពរបស់គាត់ជាអ្នកអាយ៉ៃ មានន័យថា ជាអ្នកអក្សរសាស្រ្ត ជាអ្នកអក្សរសិល្ប៍ ល្អស័ក្តិសម។ បុគ្គលិកលក្ខណៈទាំងប៉ុន្មានចំណុចហ្នឹងហើយដែលធ្វើឲ្យយើងសម្រេចយកគាត់ ” ។
“លោកគ្រូ ព្រហ្ម ម៉ាញ គាត់ខានថតកុនយូរហើយ ហើយគាត់ជាអ្នកអាយ៉ៃ។ យើងគិតពីផលលំបាកដែរ តែផ្ទុយទៅវិញ វាមិនអីទេ! គាត់សហការជាមួយយើងបានល្អ ។ គាត់លះបង់ពេលវេលានិងព្យាយាមទន្ទេញអត្ថបទ[…]” លោកបានបញ្ជាក់បន្ថែម។ លោកបានអះអាងថា តារាជើងចាស់រូបនេះបានយោគយល់និងជួយសហការជាមួយសិល្បករក្មេងជំនាន់ក្រោយបានល្អដោយមិនមានបញ្ហាធំដុំប៉ះពាល់ចំពោះដំណើរការថតភាពយន្តនេះឡើយ ទោះបីជាមាន គម្លាតបទពិសោធន៍ក្នុងវិស័យសិល្បៈខុសគ្នាច្រើនក៏ដោយ ដោយសារតួសម្តែងនីមួយៗបានព្យាយាមយកចិត្តទុកដាក់ចំពោះតួអង្គដែលខ្លួនត្រូវសម្តែងប្រៀបដូចជាក្រុមគ្រួសារតែមួយពិតៗ។ “ តួចាស់ៗគាត់ធ្វើបានល្អ មានរអាក់រអួលបន្តិចបន្តួច ដោយសារប៉ារ៉ូល (Parole) ខ្លះរាងវែង ធ្វើឲ្យគាត់ភ្លេច។ យើងព្យាយាមចំណាយពេលវេលាច្រើនឲ្យគាត់ហ្វឹកហាត់ ។ ចំណែកតួថ្មីៗ មានការឆ្គាំឆ្គងខ្លះ តែឆ្លងតាមការព្យាយាមរបស់គាត់ គាត់ធ្វើល្អបានច្រើន! ” ។
ដោយឡែក បញ្ហាប្រឈមខ្លាំងបំផុតរបស់រូបលោកដែលជាអ្នកដឹកនាំនិងក្រុមការងារថតទាំងមូល គឺកត្តាពេលវេលា និង ហិរញ្ញវត្ថុ។ លោកបានលើកឡើងថា “យើងថតក្នុងអំឡុងពេលកូវីដ ហើយទុនវិនិយោគយើងវាតិច យើងត្រូវសន្សំសំចៃ យើងត្រូវប្រិតប្រៀង! កាលវិភាគយើងថត២៤ថ្ងៃ មកថតត្រឹម១៨ថ្ងៃ ដែលយើងត្រូវខំធ្វើទាំងថ្ងៃទាំងយប់! យើងត្រូវពន្លឿនកាលវិភាគរបស់យើង ព្រោះបើយើងពន្យារ យើងគិតថា កូវីដកាន់តែកើនឡើងកាលហ្នឹង(២០២០)។ […] យើងថតចប់បានតែ៣-៤ថ្ងៃ បិទប្រទេស! ” ។
សេចក្តីព្យាយាមគួបផ្សំនឹងភាពវៃឆ្លាតបត់បែនតាមកាលៈទេសៈរបស់ក្រុមផលិតភាពយន្តនេះជំរុញឲ្យគម្រោងភាពយន្តរសនិយមបែបថ្មីប្លែកមួយនេះទទួលបានជោគជ័យ។ ក្នុងចំណោមឈុតនៃភាពយន្តរយៈពេល ១ម៉ោង និង ៤៧នាទីនេះ លោក ឆាយ បូរ៉ា បានបង្ហាញចំណាប់អារម្មណ៍ថា លោកពេញចិត្តចំពោះឈុតជិះតាមវិមានឯករាជ្យនិងស្ពានជ្រោយចង្វារ ដែលមានបង្ហោះដ្រូនផ្តិតយកទេសភាពស្រស់ស្អាតនៃក្រុងភ្នំពេញ និងឈុតសិស្សដឹងខុសក្រាបសំពះសុំខមាទោសចំពោះលោកគ្រូ។ ឈុតនេះដែរក៏ជាឈុតពិបាកថតជាងគេក្នុងចំណោមឈុតពិបាកៗជាច្រើនទៀតដូចជា ឈុតសិស្សចំនួនច្រើននៅសាលា ដែលពិបាកក្នុងការគ្រប់គ្រងសកម្មភាពតួអង្គក្នុងអំឡុងពេលដឹកនាំ ឈុតតួអង្គជិះម៉ូតូបុកហ្វូងមនុស្ស និងឈុតគ្រូធីជិះម៉ូតូតាមផ្លូវ ដែលត្រូវថតក្នុងទីសាធារណៈពោរពេញដោយចរាចរណ៍ ដែលសុទ្ធសឹងតែជាអនុស្សាវរីយ៍ស្ថិតក្នុងការចងចាំរបស់លោកមកដល់បច្ចុប្បន្ន។
ខ្លឹមសារនៃភាពយន្តនេះផ្តោតសំខាន់លើទឹកចិត្តគ្រូចំពោះសិស្សនិងមេគ្រួសារចំពោះបុត្រធីតាក្នុងបន្ទុក ដូចករណីតួអង្គគ្រូធីដែលបានលះបង់រហូតជាង៤ទសវត្សរ៍ក្នុងវិស័យអប់រំ ព្រមទាំងសុខចិត្តទទួលខុសត្រូវចំពោះអនាគតគ្រួសារមិនឲ្យប្រពន្ធកូនពិបាកជំនួសខ្លួនឡើយ។ គោលបំណងមួយទៀត គឺ ចង់ឲ្យសិស្សដឹងគុណគ្រូ “ យើងចង់ កសាងទម្លាប់ហ្នឹង ឲ្យសិស្សចេះគោរពគ្រូ មិនចាំបាច់ដល់សំពះក្រាបដល់បាតជើងទេ តែយ៉ាងហោចណាស់ក៏រឿងនេះជាសក្ខីភាពបង្ហាញពីការគោរពដល់គ្រូដែលផ្តល់ចំណេះឲ្យ ” ។ ភាពយន្តនេះក៏បានឆ្លុះបញ្ចាំងថាអាជីពគ្រូបង្រៀនទោះមិនមានជីវភាពស្តុកស្តម្ភ តែក៏អាចធ្វើឲ្យគ្រួសារមានសុភមង្គល រីករាយបែបសាមញ្ញៗ ដែលគ្រួសារអ្នកមានទ្រព្យខ្លះពុំមានស្មើផ្ទឹមបានឡើយ។ រឿងនេះក៏បង្កប់នូវសារដាស់តឿនយុវជនឲ្យងាកមកចាប់អារម្មណ៍ទៅលើបញ្ហាអក្សរសាស្រ្តដែលតំណាងឲ្យព្រលឹងវប្បធម៌ជាតិ ស្តែងឡើងតាមរយៈវត្តមានតួសំខាន់ដែលជាគ្រូមុខវិជ្ជាអក្សរសាស្រ្តខ្មែរ។
អ្នកដឹកនាំរឿងបានបង្ហើបប្រាប់សូវរីនថា ក្រោយពីបញ្ចាំងបានរយៈពេល១សប្តាហ៍រួចមក ភាពយន្តនេះទទួលការគាំទ្រច្រើនពីទស្សនិកជន ដែលទទួលបានការវាយតម្លៃ 7/10- 8/10 ជាអប្បបរមា និង 9/10 ឬ 10/10 ជាអតិបរមា។ ចំពោះគម្រោងបន្ទាប់ លោកនឹងពាំនាំយកភាពយន្តនេះទៅបញ្ចាំងតាមបណ្តាខេត្តនានា ហើយនឹងរៀបចំព្រឹត្តិការណ៍កម្មវិធីឲ្យគ្រូបង្រៀននិងមនុស្សវ័យចំណាស់បានទស្សនាដោយឥតគិតថ្លៃទៀតផង៕
Article by SRIN SOKMEAN