ពិព័រណ៍សៀវភៅកម្ពុជាលើកទី ៩ កំពុងបើកទ្វារឱ្យសាធារណជនចូលរួមជាផ្លូវការចាប់ពីថ្ងៃទី៩ នេះ រហូតដល់ថ្ងៃទី ១១ ខែធ្នូ ២០២២។ ចំពោះកម្មវិធីនេះ មហាជនអាចចូលរួមដោយសេរីចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៧:០០យប់ ដែលមានទីតាំងនៅឯបណ្ណាល័យជាតិកម្ពុជា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ ជាប់នឹងសណ្ឋាគារឡឺរ៉ូយ៉ាល់ (ខាងលិចវត្តភ្នំ)។
កម្មវិធីពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយសៀវភៅគ្រប់ប្រភេទដើម្បីឲ្យមានទីផ្សារទាំងក្នុងនិងក្រៅប្រទេសក៏ដូចជាជួយចូលរួមចំណែកជំរុញប្រជាពលរដ្ឋខ្មែរឲ្យមានទម្លាប់អាននិងស្គាល់គុណតម្លៃនៃអំណានសៀវភៅផងដែរ។ ក្នុងឆ្នាំនេះ កម្មវិធីមានដាក់ស្ដង់សៀវភៅចូលរួមចំនួន១៩៧។ សៀវភៅចម្រុះជាច្រើនប្រភេទ មិនថាប្រលោមលោក ទស្សនវិជ្ជា នយោបាយ ប្រវត្តិសាស្រ្ត សេដ្ឋកិច្ច ឬ សៀវភៅកុមារនោះទេ នឹងមានដាក់តាំងលក់នៅក្នុងអំឡុងថ្ងៃតាំងពិព័រណ៍ចំនួនបីថ្ងៃជាប់គ្នានេះ ជាពិសេស នឹងមានការលក់បញ្ចុះតម្លៃថែមទៀតផង។
សម្រាប់ថ្ងៃទីពីរត្រូវនឹងថ្ងៃទី១០ ខែធ្នូ ២០២២ ខាងមុខ តារាកិត្តិយសកម្មវិធី គឺកញ្ញា ចិត្ត កញ្ចនា ព្រម ទាំងសិល្បករ សិល្បការិនី តន្រ្តីសម័យនានា នឹងមកចូលរួមច្រៀងអង្រួនបេះដូងអ្នកទាំងអស់គ្នាក្នុងកម្មវិធីប្រគំតន្រ្តីពេលល្ងាចដើម្បីញ៉ាំងព្រឹត្តិការណ៍ឲ្យកាន់តែគគ្រឹកគគ្រេង។ ក្រៅពីតន្ត្រីសម័យ គណៈកម្មការរៀបចំក៏មិនភ្លេចនូវវប្បធម៌ដ៏ផូរផង់របស់ដូនតាយើងដែរ គឺនឹងមានការចូលរួមសម្ដែងល្ខោនស្រមោលស្បែកតូចជូនពុកម៉ែបងប្អូនទស្សនាយ៉ាងសប្បាយរីករាយ។ លោកអ្នកនឹងមានអារម្មណ៍ដូចបានត្រលប់ទៅអតីតកាលវិញគឺអនុស្សាវរីយ៍អង្គុយបត់ជើងមើលល្ខោនតាមវាលស្រែកាលពីសម័យមុន។
គួរបញ្ជាក់ដែរថា ឆ្នាំនេះ គណៈកម្មការរៀបចំរំពឹងទទួលបានអ្នកចូលរួម១០ម៉ឺននាក់ ខណៈលើកទី៨ កាលពីឆ្នាំ២០១៩ មានអ្នកចូលរួមចំនួន ១៨ម៉ឺននាក់។ កម្មវិធីនេះត្រូវបានខកខានរយៈពេល២ឆ្នាំដោយសារ ស្ថានភាពវិបត្តិកូវីដ១៩។ ពិព័រណ៍ឆ្នាំនេះមានសកម្មភាពសំខាន់ៗចំនួន៧គឺ ការដាក់តាំងសៀវភៅ, វេទិកាស្ដីពីការបោះពុម្ពផ្សាយជាអេឡិចត្រូនិក, ការធ្វើបទបង្ហាញទាក់ទងនឹងអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្ត្រ, ការនិពន្ធសៀវភៅជាខ្សែភាពយន្តនិងការអភិវឌ្ឍជំនាញនៃការអានចាប់ពីដើមដំបូងនៃជីវិត, ការជួបពិភាក្សាជាមួយអ្នកនិពន្ធល្បីៗ, ការអានរឿងនិងល្បែងសិក្សាសម្រាប់កុមារ ព្រមទាំងការប្រគំតន្រ្តីនិងសំណួរចម្លើយ៕
Article by SRIN SOKMEAN