×

អាង​ពិព័រណ៍​ត្រី​ស្តង់​ដារ​អន្តរជាតិ​សមិទ្ធផល​ថ្មី​មួយទៀត​លើទឹក​ដី​អង្គរ​យើង​

NEWS 2 months ago
 
 

           ​ដំណើរ​ក​ម្សាន្ត​លើទឹក​ដី​ខេត្ត​សៀមរាប​ ​ក្រៅពី​ទស្សនា​ប្រាសាទ​នានា​ ​ឥឡូវនេះ​យើង​មាន​ទិសដៅ​ថ្មី​បន្ថែម​មួយទៀត​នោះ​គឺ​ ​អង្គរ​ ​វ៉ា​យ​ដ៏​ឡាយ​ហ្វ៍ ​និង​អឹឃ្វា​រៀម​ (​An​g​kor ​Wild​life​ & ​Aquarium​) ​ដែល​ជា​សួនឧទ្យាន​ដ៏​ធំ​ប្រជុំ​ទៅ​ដោយអាង​ពិព័រណ៍​ត្រី​ដ៏​អស្ចារ្យ​ ​មាន​ត្រី​ទឹកសាប​ ​ត្រី​ទឹកប្រៃ​ ​និង​សត្វ​ជាច្រើន​ប្រភេទ​។​ ​ទីនេះ​ទើប​បើក​ដំណើរការ​កាលពី​ថ្ងៃ​ទី​ ​០​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​បច្ចុប្បន្ន​កំពុង​ក្លាយ​ជាគោល​ដៅ​ទាក់ទាញ​ទេសចរណ៍​ ​ហើយក៏​ជា​កន្លែង​មួយ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិ​ស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ផង​ដែរ​។​

           ​​តាមរយៈ​ក្រុម​ការងារ​ ​សូវ​រី​ន​ ​បាន​ធ្វើដំណើរ​ទៅ​ទស្សនា​ផ្ទាល់​ ​និង​ជំនួប​ជាមួយ​ ​លោក​ ​A​l​i​x ​Men​ ​ប្រធាន​ផ្នែក​លក់​ ​និង​ម៉ា​ឃិ​ធីង​ ​លោក​បាន​ស្វាគមន៍​នាំ​ជូន​ទស្សនា​ ​និង​រៀបរាប់​ឲ្យដឹង​ថា​ ​អង្គរ​ ​វ៉ា​យ​ដ៏​ឡាយ​ហ្វ៍ ​និង​អឹឃ្វា​រៀម​ (​An​g​kor ​Wild​life​ & ​Aquarium​) ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃ​ទី​ ​២​៩​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​១​៩​ ​ហើយ​បាន​បញ្ចប់​ជាស្ថាពរ​ដំណាក់កាល​ទី​១​កាលពី​ខែ​តុលា​ឆ្នាំ​ ​២​០​២​២​ ​នេះ​។​ ​អាង​ត្រី​នេះ​មាន​ទំហំ​ប្រមាណ​ ​១​ម៉ឺន​ម៉ែត្រ​គូ​ប​ ​មាន​ដាក់​តាំង​បង្ហាញ​ប្រភេទ​ត្រី​ទឹកសាប​ ​និង​ត្រី​ទឹកប្រៃ​ដែល​មានស្រាប់​ក្នុង​ប្រទេស​កម្ពុជា​ ​និង​មួយ​ចំនួន​ទៀត​នាំចូល​ពី​បរទេស​។​ ​លោក​ថា​ទីនេះ​អាច​ជា​កន្លែង​មួយ​ដែល​ឲ្យ​កូនខ្មែរ​ស្វែងយល់​ ​ក៏ដូចជា​ស្រូប​យកចំណេះ​ដឹង​ទាក់ទង​នឹង​ជី​វ​ចម្រុះ​នៅ​ក្នុង​បឹង​ទន្លេសាប​ ​និង​ទន្លេមេគង្គ​។​ ​តួយ៉ាង​ ​មុន​ធ្វើដំណើរ​មកដល់​អាង​ត្រី​ ​ទីនេះ​មាន​បង្ហាញ​នូវ​សត្វ​មួយ​ចំនួនជា​ប្រភេទ​សត្វ​ក​ម្រ ​ឯ​មួយ​ចំនួន​ទៀត​ក៏​ជា​ប្រភេទ​សត្វ​ជិត​ផុតពូជ​។​

           ​​​ដើរ​ក​ម្សាន្ត​មកដល់​ទីតាំង​អាង​ត្រី​ទឹកសាប​ដ៏​ធំ​ ​យើង​អាច​ទស្សនា​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក​នូវ​សកម្មភាព​ត្រី​ជាច្រើន​រយ​ក្បាល​កំពុង​ហែល​ ​ខ្លះ​តូច​ ​ខ្លះ​ធំ​ ​ហែល​ប្រដេញ​គ្នា​ ​ហែល​ជា​ហ្វូង​ ​ជា​ទិដ្ឋភាព​មួយ​ដ៏​ក​ម្រ​ដែល​រាល់​ដង​យើង​ធ្លាប់តែ​ឃើញ​ត្រី​ទាំងនេះ​នៅ​លើ​គោ​កដាក់​លក់​ ​ឬ​ជាប់​មង​ជាដើម​។​ ​ត្រី​ធំ​ជាងគេ​មាន​ប្រវែង​ដល់ទៅ​ ​១​,​៨​ម៉ែត្រ​ ​ឯ​ទម្ងន់​ដល់ទៅ​ ​១​៥​០​គីឡូក្រាម​។​ ​ទស្សនា​បណ្តើរ​ ​លោក​ ​A​l​i​x ​Men​ ​រៀបរាប់​បន្ត​ថា​ ​ចំពោះ​ប្រទេស​ដទៃ​ថ្វីបើ​ជាប់​ទន្លេមេគង្គ​ ​ភាគច្រើន​គេ​មិន​បង្ហាញ​ត្រី​ទឹកសាប​នោះ​ទេ​ ​តែ​សម្រាប់​កម្ពុជា​វិញ​អាច​និយាយ​ថា​ជា​ភាព​ដោយឡែក​ឬ​ ​Unique​ ​ដោយ​យើង​ផ្តោត​ផ្តល់​ជូន​ការ​ទស្សនា​ត្រី​ទឹកសាប​ប្លែក​ពី​គេ​។​ ​ម្យ៉ាង​វិញទៀត​ ​ថ្វី​ដ្បិត​ខេត្ត​សៀមរាប​មិន​ជាប់នឹង​សមុទ្រ​ ​តែ​ទីនេះ​ក៏មាន​បង្ហាញ​ជូន​នូវ​ត្រី​ទឹកប្រៃ​ ​ដែល​នឹងបាន​ទស្សនា​នៅ​ទីតាំង​បន្ទាប់ពី​អាង​ត្រី​ទឹកសាប​តែម្តង​។​

           ​​​ត្រី​ច្រើន​ប្រភេទ​ច្រើន​រយ​ពាន់​ក្បាល​ ​បើ​និយាយ​ពី​ការ​មើល​ថែ​ទីនេះ​ ​លោក​ ​A​l​i​x ​Men​ ​ឲ្យដឹង​ថា​គឺ​មានការ​គ្រប់គ្រង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​អ្នកជំនាញ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ​រួម​ទាំង​បុគ្គលិក​ជំនាញ​ជា​ជន​ជាតិខ្មែរ​ផង​ដែរ​។​ ​ការ​ស​ម្អា​ត​អាង​ត្រី​ធ្វើឡើង​ពីរដង​ក្នុងមួយថ្ងៃ​គឺ​ព្រឹក​មុន​ពេល​បើក​ ​និង​ពេលល្ងាច​ក្រោយពេល​បិទ​ ​រីឯ​ការ​ឲ្យ​ចំណី​មាន​៣​ពេល​ក្នុងមួយថ្ងៃ​ ​ចំណី​ក៏​ត្រូវ​បាន​បែងចែក​ទៅតាម​ប្រភេទ​ត្រី​ផង​ដែរ​ ​ដូចជា​ត្រី​ខ្លះ​ឲ្យ​ចំណី​គ្រាប់​ ​ត្រី​ខ្លះ​ឲ្យ​ចំណី​បន្លែ​ ​និង​ត្រី​ខ្លះទៀត​ឲ្យ​ចំណី​សាច់​ជាដើម​។​ ​ក្រៅពី​ទស្សនា​អាង​ត្រី​ ​សួនឧទ្យាន​នេះ​ ​ក៏មាន​តាំង​ពិព័រណ៍​សត្វ​ច្រើន​ប្រភេទ​ដូចជា​ ​សត្វ​ខ្លា​មកពី​អាហ្វ្រិក​ខាងត្បូង​ ​ខ្លាឃ្មុំ​ ​សត្វ​ភេ​ ​អ​ណ្តើ​ក​ហ្លួង​ ​និង​ក្រពើ​ភ្នំ​...​។​ល​។​

           ​​​គួរឲ្យ​ដឹង​ដែរ​ថា​ ​គម្រោង​របស់​ ​អង្គរ​ ​វ៉ា​យ​ដ៏​ឡាយ​ហ្វ៍ ​និង​អឹឃ្វា​រៀម​ (​An​g​kor ​Wild​life​ & ​Aquarium​) ​សង្កត់ធ្ងន់​ទៅលើ​ការ​អភិ​រក្ស​ ​និង​អប់រំ​ជាមួយ​កន្លែង​ក​ម្សាន្ត​ប្លែកៗ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ដែល​មក​ទស្សនា​ប្រាសាទ​អង្គ​វត្ត​ក្នុង​ខេត្ត​សៀមរាប​។​ ​អាច​និយាយ​បាន​ថា​ ​ទេសចរ​នឹង​ទទួល​បាន​ផលិតផល​ទេសចរណ៍​ប្លែក​ដែល​មិនធ្លាប់​មាន​ពីមុន​ ​ហើយ​ឧទ្យាន​នេះ​នឹង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិ​ស័​យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​រួម​មាន​៖​

• ​បង្កើន​រយៈពេល​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​មកលេង​ខេត្ត​សៀមរាប​
• ​បង្ហាញ​ពី​ភាព​អស្ចារ្យ​អំពី​ធនធានធម្មជាតិ​ក្នុង​បឹង​ទន្លេសាប​
• ​ជា​សួន​ក​ម្សាន្ត​លំដាប់​ស្ដង់​ដារ​អន្តរជាតិ​
• ​ចូល​រួមចំណែក​ក្នុង​វិ​ស័​យ​អប់រំ​ ​ផ្តោត​លើ​បរិស្ថាន​ ​និង​ការ​អភិ​រក្ស​
• ​អភិ​រក្ស​សត្វ​ដែល​រង​ការ​ទន្ទ្រាន​ ​ប្រភេទ​សត្វ​ក​ម្រ ​ឬ​ប្រភេទ​សត្វ​ជិត​ផុតពូជ​
• ​ផ្តល់​ការងារ​ដោយប្រយោល​ដល់​សហគមន៍​ក្នុងស្រុក​សូទ្រនិគម​ ​ព្រមទាំង​អ្នក​បើកបរ​ ​តាក់ស៊ី​, ​ផាស​អែប​ (​Pass​A​p​p​) ​និង​មគ្គុទេសក៍​ទេសចរ​ជាដើម​
• ​ផ្ដល់​ការងារ​ ​និង​ចំណូល​ដល់​សហគមន៍​ ​ដូចជា​ ​ការ​ដាំ​បន្លែ​ ​ដំណាំ​អំពៅ​ ​ឫស្សី​ ​ដូង​ ​ចេក​។​ល​។​

           ​​​ក្រៅពី​ការ​ក​ម្សាន្ត​នៅ​ក្នុង​ឧទ្យាន​ ​ទីនេះ​ក៏មាន​សកម្មភាព​ជាច្រើន​ទៀត​ដូចជា​ ​ផ្សារ​អ​ណ្តែ​ត​ទឹក​ ​ហាង​លក់ទំនិញ​ ​ភោជនីយដ្ឋាន​ ​និង​ហាង​លក់​វត្ថុ​អនុ​ស្សា​វ​រី​យ៍​។​ ​បន្ទាប់ពី​បើក​ដំណើរការ​ដំណាក់កាល​ទី​១​ ​ទីនេះ​នឹង​បន្ត​សាងសង់​ដំណាក់កាល​ទី​២​ ​និង​ដំណាក់កាល​បន្តបន្ទាប់​លើ​ផ្ទៃដី​សរុប​ប្រមាណ​ ​១​០​០​ហិច​តា​។​ ​អង្គរ​ ​វ៉ា​យ​ដ៏​ឡាយ​ហ្វ៍ ​និង​អឹឃ្វា​រៀម​ ​មាន​អាសយដ្ឋាន​នៅ​តាម​បណ្ដោយ​ ​ផ្លូវជាតិ​លេខ​៦​A​ ​ភូមិ​ក្បូន​ ​ឃុំ​ខ្ចាស់​ ​ស្រុក​សូទ្រនិគម​ ​ខេត្ត​សៀមរាប​៕​

Article ​by​ ​HEM SOKKHIM


SUGGESTIONS