អ៊ឹង ហាវ តារាសម្តែងថ្មីវ័យក្មេងកំពុងមានទីផ្សារក្នុងវិស័យភាពយន្តសិង្ហបុរី
NEWS 2 months agoអ៊ឹង ហាវ ឬត្រូវបានគេស្គាល់ថា ដាវីត អ៊ឹងហាវ (David Eung Hao) គឺជាតារាសម្តែងវ័យក្មេងមួយរូបដែលទើបលេចមុខក្នុងវិស័យសិល្បៈ ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់។ ជារឿយៗតារារូបនេះមិនត្រឹមតែបង្ហាញខ្លួនតាមរយៈការងារថតម៉ូដ និងសម្តែងភាពយន្តក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងកំពុងមានទីផ្សារនៅឯក្រៅប្រទេសផងដែរ។
ចាប់កំណើតលើទឹកដីខេត្តបាត់ដំបង ដាវីត មានបងប្អូនចំនួន៣នាក់ លោកជាកូនច្បងនៃប្អូនស្រី២នាក់។ ធំធាត់លើទឹកដីកំណើតមិនបានប៉ុន្មាន នៅអាយុ៨ឆ្នាំដាវីតត្រូវបានឪពុកម្តាយបញ្ជូនទៅសិក្សារៀនសូត្រនៅឯប្រទេសសិង្ហបុរី។ រស់នៅតែម្នាក់ឯងនៅសាលារៀន រាល់ពេលមានវិស្សមកាលម្តងៗ ដាវីតតែងធ្វើដំណើរត្រឡប់មកលេងកម្ពុជាម្តងជាពីរដងក្នុងមួយឆ្នាំ។ នៅអាយុ១៣ឆ្នាំ គ្រាមកលេងគ្រួសារដូចសព្វដង ដាវីត ត្រូវបានស្ទូឌីយ៉ូថតរូបមួយកន្លែងទំនាក់ទំនងឲ្យថតម៉ូដ ដែលការងារដំបូងនេះបានធ្វើឲ្យដាវីតចាប់ផ្តើមមានចំណូលចិត្តទៅលើអាជីពសិល្បៈ។
ក្រោយមកឲ្យតែដល់ពេលត្រឡប់មកលេងទឹកដីកំណើត ដាវីត រមែងទទួលបានការងារថតសឹងមិនដែលខាន។ អំឡុងឆ្នាំ ២០២០ ដាវីត បានត្រឡប់មកលេងកម្ពុជាជាថ្មីម្តងទៀត តែគ្រានោះលោកមិនអាចត្រឡប់ទៅវិញតាមការកំណត់បានឡើយ ដោយហេតុជើងហោះហើរត្រូវបានផ្អាកដោយសារវីរុសកូវីដ១៩កាន់តែរាតត្បាតជាសកល។ ដាវីតបានចំណាយពេលនៅកម្ពុជាជាមួយគ្រួសាររយៈពេល១ឆ្នាំ អំឡុងនេះក៏ជាពេលដែលដាវីតមានពេលប្រឡូកសិល្បៈនៅកម្ពុជាពេញលេញ ហើយក៏អាចដឹងកាន់តែច្បាស់ថាខ្លួនពិតជាស្រឡាញ់ខាងសិល្បៈ។ មកដល់ឆ្នាំ ២០២១ ពេលត្រឡប់មកប្រទេសសិង្ហបុរីវិញ ដាវីត បានគិតថា ដោយសារពេលវេលារបស់ខ្លួនសឹងតែ៩០ភាគរយទៅហើយរស់នៅសិង្ហបុរី ចុះហេតុអ្វីមិនប្រើពេលនេះប្រឡូកសិល្បៈនៅទីនេះតែម្តង? មិនបង្អង់យូរ ដាវីត បានស្វែងរកផ្លូវចូលសិល្បៈរហូតជួបខាងភ្នាក់ងារ (Agency) មួយដែលមានមិត្តភក្តិម្នាក់ធ្វើការនៅក្នុងនោះ។ “មិត្តភក្តិរបស់ខ្ញុំបានរៀបចំការណាត់ជួបរវាងខ្ញុំ និងអ្នកគ្រប់គ្រង ពេលជួបអ្នកគ្រប់គ្រងគាត់សួរថាតើខ្ញុំចង់ធ្វើអ្វី ខ្ញុំក៏ឆ្លើយថាចង់ធ្វើជាអ្នកសម្តែង ហើយតាំងពីពេលនោះមកគាត់បានផ្តល់ឱកាសឲ្យខ្ញុំទៅសាកល្បងសម្តែងរើសតួសម្រាប់រឿងផ្សេងៗ ដែលជាលទ្ធផលមកដល់បច្ចុប្បន្នខ្ញុំជាប់សម្តែងបានចំនួន៤រឿងមកហើយ។” ដាវីតលើកឡើង។
មានវ័យទើបតែ២០ឆ្នាំ ដាវីតបានវិវឌ្ឍខ្លួនយ៉ាងលឿនរហ័សនៅលើថ្នាលសិល្បៈ ជាក់ស្តែងបើនិយាយពីការសម្តែងភាពយន្តសង្ហិបុរីក្នុងនោះមានរឿងដូចជា «The Interns», «Summerdaze», «Heartbeat 100» និង «Third Rail» ជាដើម។ ចំណោមរឿងទាំង៤ខាងលើ ដាវីតថារឿង «Heartbeat 100» រាងពិបាកបន្តិចដោយសាររឿងនេះតម្រូវនិយាយភាសាចិន “ខ្ញុំនិយាយចិនមិនសូវស្ទាត់ដូចអង់គ្លេស និងថៃនោះទេ ដូច្នេះខ្ញុំត្រូវរៀនបន្ថែមប៉ុន្មានខែមុនដើម្បីងាយស្រួលនៅពេលថត។” ចំណែក រឿង «Third Rail» ជារឿងខ្នាតធំរបស់សិង្ហបុរី រឿងនេះគេយករថភ្លើងពិតៗមកដាក់នៅក្នុងស្ទូឌីយ៉ូថតផ្ទាល់តែម្តង ដាវីតថារឿងនេះថតមួយថ្ងៃៗពិបាកខ្លាំង ដោយសារគេត្រូវការថតយកសំឡេងផ្ទាល់ សូម្បីកង្ហារ និងម៉ាស៊ីនត្រជាក់ក៏មិនអាចបើកបានឡើយ។ ដោយឡែក ចំពោះការសម្តែងភាពយន្តនៅកម្ពុជាវិញ កន្លងមកដេវីបានសម្តែងរឿងដូចជា៖ «18th Birthday», «និស្ស័យស្នេហ៍ចៃដន្យ» និងរឿងខ្លីជាច្រើនទៀត រួមទាំងថតផ្សព្វផ្សាយពាណិជ្ជកម្មច្រើនរាប់មិនអស់។ ក្រៅពីការសម្តែង ជារឿយៗដាវីតត្រូវបានអញ្ជើញចូលរួមកម្មវិធីរបស់ម៉ាកយីហោហ្វេហ្សិនអន្តរជាតិជាច្រើនរួមមាន៖ Moncler, Montblanc, Fendi, Calvin Klein, Estée Lauder, Onituska Tiger, Dolce & Gabbana, YSL និង BOSS ជាដើម។ ថ្មោងថ្មីនេះតារាកម្ពស់ ១,៧៧ រូបនេះ ក៏ត្រូវបានទស្សនាវដ្តីដ៏ល្បីល្បាញ Harper’s Bazaar ចុះផ្សាយពីបទសម្ភាសន៍របស់លោក និងថតបង្ហាញម៉ូដផងដែរ។
ក្រៅពីមានទេពកោសល្យទៅលើការថតម៉ូដ និងសម្តែង មែនទែនទៅ ដាវីត ថាខ្លួនក៏មានទំនោរទៅលើសិល្បៈច្រៀងផងដែរ។ ដាវីតដឹងថាខ្លួនស្រឡាញ់ខាងចម្រៀងតាំងតែពីតូច លោករៀនលេងហ្គីតាចេះដោយខ្លួនឯង និងអាចច្រៀង តែដោយសារឱកាសសម្តែង និងថតម៉ូដហុចមកមុន ទើបគម្រោងចាប់អាជីពចម្រៀងទុកនៅពេលក្រោយ។ “ខ្ញុំគិតថាការបង្កើតចម្រៀងវាមានទំនាក់ទំនង និងផ្សារភ្ជាប់ជាមួយមនុស្សបានច្រើនខ្លាំង។” ដាវីតលើកឡើង។
ជាតារាវ័យក្មេងកំពុងរស់នៅលើទឹកដីសិង្ហបុរីដែលអាចនិយាយបានដល់ទៅ៤ភាសា ខ្មែរ ចិន ថៃ អង់គ្លេស និងកំពុងមានទីផ្សារការងារទាំងក្នុង និងក្រៅស្រុក ការបោះជំហានមកដល់ចំណុចនេះដាវីតថាវានៅមិនទាន់គ្រប់គ្រាន់សម្រាប់មហិច្ឆតារបស់ខ្លួននៅឡើយ ពោលនាពេលខាងមុខលោកចង់ក្លាយជាសិល្បករល្បីល្បាញលំដាប់អន្តរជាតិមួយរូប ព្រមជាមួយគោលបំណងលើកស្ទួយវិស័យសម្តែងនៅកម្ពុជាឲ្យកាន់តែរីកចម្រើនសុសសាយដល់បរទេស។ ហេតុដូច្នេះរាល់ការងារពីមួយទៅមួយ លោករមែងព្យាយាមសង្កេតដុសខាត់សមត្ថភាព ពិសេសបច្ចុប្បន្នកំពុងសិក្សាបន្ថែមទៅលើជំនាញសម្តែងផងដែរ។ “មួយឆ្នាំមកនេះ ខ្ញុំប្រឹងប្រែងខ្លាំងមែនទែន ប្រឹងប្រែងរហូតទីផ្សារនៅសាំងហ្គាពួរទទួលយកខ្ញុំបាន អាចនិយាយថានេះជាលទ្ធផលនៃការខិតខំ ហើយលទ្ធផលនេះជាកម្លាំងដែលជំរុញឲ្យខ្ញុំនឹងខិតខំបន្តទៀត”។ ដាវីតបានពោលចុងក្រោយថា៕
Article by SOUNG SOKSAN