ពិព័រណ៍សៀវភៅក្នុងឱកាសទិវាជាតិអំណានលើកទី៨ ក្រោមប្រធានបទ «អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ»
NEWS 2 years agoពិព័រណ៍សៀវភៅដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី៨ បានបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១០នេះ រហូតដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ» ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈអធិបតី ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មាន។ ចំពោះកម្មវិធីនេះ មហាជនអាចចូលរួមដោយសេរីចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ៨:០០យប់ ដែលមានទីតាំងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ)ដែលនៅលើមហាវិថីសហព័ន្ធរុស្សី ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជាបង្កើតទិវាជាតិប្រចាំឆ្នាំនិងមានគោលដៅរម្លឹកដល់វីរភាព និងឧបការគុណដ៏ថ្លៃថ្លារបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត គឺជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរមួយរូបដ៏ល្បីល្បាញ ដែលបានបង្កើតស្នាដៃនិពន្ធជាច្រើន ក្នុងនោះរួមមាន វចនានុក្រមខ្មែរ ជាដើម ហើយក៏ចង់លើកកម្ពស់ឲ្យប្រជាពលរដ្ឋខ្មែរមានទម្លាប់អាន និងស្គាល់គុណតម្លៃនៃអំណានសៀវភៅផងដែរ។ ទិវានេះត្រូវបានប្រារព្ធឡើងតាំងពីថ្នាក់ក្រោមជាតិ រហូតទៅដល់ថ្នាក់ជាតិ ហើយក៏មានកិច្ចសារហការជាមួយនឹងក្រសួង អង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀត។ ក្នុងឆ្នាំនេះ កម្មវិធីមានដាក់ស្ដង់សៀវភៅចូលរួមចំនួន១១០។ សៀវភៅចម្រុះជាច្រើនប្រភេទ ដូចជា សៀវភៅប្រលោមលោក ទស្សនវិជ្ជា នយោបាយ ប្រវត្តិសាស្រ្ត សេដ្ឋកិច្ច និងសៀវភៅកុមារ ។ល។ សៀវភៅដែលដាក់តាំងលក់នៅក្នុងអំឡុងថ្ងៃតាំងពិព័រណ៍ចំនួនបីថ្ងៃជាប់គ្នានេះនឹងមានការលក់បញ្ចុះតម្លៃថែមទៀតផង។
គួរបញ្ជាក់ដែរថា ពីមួយឆ្នាំទៅមួយឆ្នាំ ការប្រារព្ធទិវាជាតិអំណាននេះកាន់តែមានលក្ខណៈធំទូលាយនិងផុសផុលជាទីចាប់អារម្មណ៍ ដែលមានការចូលរួមគ្រប់មជ្ឈដ្ឋាន ដោយបានរៀបចំជាកម្មវិធីសំខាន់ៗជាច្រើនដើម្បីទាក់ទាញភ្ញៀវចូលរួមឲ្យកាន់តែទូលំ ទូលាយ។ សម្រាប់ថ្ងៃទីពីរនិងថ្ងៃទីបី តារាកិត្តិយសជាច្រើន ព្រមទាំងសិល្បករ សិល្បការិនី តន្រ្តីសម័យនានា នឹងបង្ហាញវត្តមានចូលរួមច្រៀងអង្រួនបេះដូងអ្នកទាំងអស់គ្នាក្នុងកម្មវិធីប្រគំតន្រ្តីពេលល្ងាចដើម្បីញ៉ាំងព្រឹត្តិការណ៍នេះឲ្យកាន់តែគគ្រឹកគគ្រេង៕
Article by NI CHANNIKA