កាលពីឆ្នាំ២០១៩ ខណៈដែលវិធានការការពារខ្លួនពីវីរុសកូរ៉ូណា ឬកូវីដ១៩ត្រូវបានប្រកាសណែនាំឲ្យប្រជាពលរដ្ឋរក្សា អនាម័យ និងរក្សាគម្លាត ដោយការបិទខ្ទប់នៅតាមភូមិសាស្រ្តរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ ទន្ទឹមនឹងនោះ លោកស្រី នូ សុធាវី ដែលជាកូនខ្មែរមួយរូបដែលកើតនៅសហរដ្ឋអាមេរិក បានបង្កើតការងារហត្ថកម្មចាក់តុក្កតា និងគ្រឿងអនុស្សាវរីយ៍ជាច្រើនដ៏មានប្រជាប្រិយភាពមួយឈ្មោះថា Nouchet Cambodia។ លោកស្រីបានលើកឡើងថា “ឈ្មោះនេះគឺជាការរួមបញ្ចូលគ្នារវាងនាមត្រកូលរបស់ខ្ញុំគឺ Nou និងChet ដែលយកពីពាក្យថា Crochet”។ លោកស្រីសុធាវី ចាត់ទុកការដេរប៉ាក់នេះគឺជាមធ្យោបាយកាត់បន្ថយភាពតានតឹង និងបំពេញតាមចិត្តដែលស្រឡាញ់ផងដែរ។
តាមប្រសាសន៍របស់ម្ចាស់អាជីវកម្មផ្ទាល់ គំនិតនៅពីក្រោយគម្រោងដំបូងរបស់លោកស្រីគឺដកស្រង់ចេញពីតួអង្គនៅក្នុងរឿង Umbrella Academy រដូវកាលទី១។ ហើយគ្រានោះលោកស្រីក៏ចាប់ផ្ដើមបង្ហោះអំពីការបង្កើតតុក្កតាចាក់ដោយដៃររបស់ខ្លួនទៅលើប្រព័ន្ធបណ្ដាញសង្គម(Facebook) ហើយក៏ក្លាយជាការចាប់អារម្មណ៍ភ្លាមៗពីសំណាក់មិត្តភក្តិ និងសមាជិកគ្រួសារ។ លោកស្រីបានបង្ហើបថា “តុក្កតាដែលពេញនិយមបំផុតគឺ Baby Yoda ឬ Grogu មកពីរឿង The Mandalorian ជាពិសេសតុក្កតាដែលផ្អែកលើរឿងរបស់ខ្មែរដូចជារឿង រាមកេរ្តិ៍ និងមណីមេខលា”។ ហើយគម្រោងបន្ទាប់របស់លោកស្រីនៅក្នុងឆ្នាំ២០២៣ គឺការចាក់តុក្កតាទន្សាយដែលគ្រងឈុតបុរាណខ្មែរតំណាងឲ្យពិធីបុណ្យចូលឆ្នាំខ្មែរក្នុងខែមេសា និងតុក្កតាទន្សាយស្លៀកសម្លៀកបំពាក់ល្បុក្កតោរបស់កម្មវិធីស៊ីហ្គេម ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែឧសភាខាងមុខនេះ។
កត្តាដែលធ្វើឱ្យតុក្កតារបស់លោកស្រីសុធាវី ល្អប្លែកដាច់ពីគេ គឺដោយសារលោកស្រីចាក់ដោយផ្ទាល់ដៃ និងរចនាដោយខ្លួនឯង។ លើសពីនេះលោកស្រីក៏ទទួលគំនិតពីអតិថិជនផងដែរ។ “អតិថិជនរបស់ខ្ញុំមិនត្រឹមតែទិញតុក្កតាប៉ុណ្ណោះទេ តែពួកគេកំពុងទិញស្នាដៃសិល្បៈដែលប្លែក និងកម្រមានថែមទៀតផង”។ ងាកមកនិយាយពីផលលំបាកវិញ លោកស្រីបានបញ្ជាក់ថាមិនមានអ្វីលំបាកច្រើនទេ គ្រាន់តែពេលខ្លះចាក់តុក្កតាច្រើនអាចធ្វើឲ្យចុកដៃ។ ក្នុងនោះលោកស្រីបានលើកឡើងថា “ដូចការបញ្ជាទិញរបស់អតិថិជនម្នាក់ ដែលខ្ញុំចំណាយពេលយូរជាងគេនោះគឺចាក់អាវធំ ដែលចាក់អំពីចំណុចសំខាន់ៗនៃប្រទេសកម្ពុជា រួមមានប្រាសាទអង្គរវត្ត ព្រះបរមរាជវាំង ទន្លេមេគង្គ និងសត្វផ្សោត។ ការចាក់អាវនេះខ្ញុំបានចំណាយពេលរហូតទៅដល់ពីរឆ្នាំដើម្បីបញ្ចប់វា ហើយវាក៏ជាកត្តាដែលធ្វើឲ្យខ្ញុំមានបញ្ហាឈឺដៃ ហើយត្រូវសម្រាកព្យាបាលជាច្រើនថ្ងៃ”។ ប៉ុន្តែដោយសារសេចក្ដីស្រលាញ់លោកស្រីមិនដែលបោះបង់ឡើយ។ បើនិយាយអំពីតម្លៃវិញ តុក្កតារបស់លោកស្រីមានតម្លៃចាប់ពី៣ដុល្លារ ដល់រាប់រយដុល្លារអាស្រ័យទៅលើទំហំ និងការរចនា។ បច្ចុប្បន្ន សិល្បៈចាក់តុក្កតាដោយដៃជំនាន់ថ្មីនេះកាន់តែរីកចម្រើនទទួលបាននូវចំណាប់អារម្មណ៍ពីបណ្ដាអតិថិជនជិតឆ្ងាយ ប៉ុន្តែលោកស្រីមានការសោកស្ដាយដែលមិនអាចដឹកជញ្ជូននូវការបញ្ជាទិញរបស់អតិថិជនដែលរស់នៅក្រៅប្រទេស ដោយសារតែថ្លៃដឹកជញ្ជូនមានតម្លៃខ្ពស់ពេក។
ចំពោះគោលបំណងសម្រាប់ថ្ងៃអនាគត លោកស្រីមិនបា្រថ្នាចង់បើកហាងផ្ទាល់ខ្លួននោះទេ។ ប៉ុន្តែលោកស្រី ចង់ពង្រីកវា ដោយការបណ្តុះបណ្តាល ឬចាប់ដៃគូជាមួយអ្នកដែលមានចំណង់ចំណូលចិត្តស្រឡាញ់វិស័យសិស្បៈនៃការចាក់តុក្កតាដោយដៃដូចជាលោកស្រីផងដែរ៕
Article by NI CHANNIKA