«ហាងបាយតាវ៉ែនតា» អាហារដ្ឋានម្ហូបឆ្ងាញ់ប្រចាំផ្សារកំពង់ថ្ម ខេត្តកំពង់ធំ
NEWS 2 years agoនរណាៗក៏ស្គាល់កេរ្តិ៍ឈ្មោះរបស់ «តាវ៉ែនតា» ព្រឹទ្ធាចារ្យម្ហូបមួយរូបនៃខេត្តកំពង់ធំដែលកំពុងតែល្បីល្បាញកក្រើកពេញបណ្តាញហ្វេសប៊ុកនាពេលបច្ចុប្បន្ន។ គាត់ទំនងជាមេចុងភៅដែលមានវ័យចំណាស់ជាងគេក្នុងចំណោមម្ចាស់អាជីវកម្មអាហារដ្ឋាន-ភោជនីយដ្ឋាន ទូទាំងប្រទេសកម្ពុជាផង ព្រោះគិតមកដល់បច្ចុប្បន្ននេះ លោកមានជន្មាយុ៨៦ឈានចូល៨៧ឆ្នាំទៅហើយ ហើយបានបើកដំណើរការហាងនេះអស់រយៈជាង៤០ឆ្នាំមកហើយនៅលើទឹកដីប្របមាត់ស្ទឹងជីនិត ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំនេះ។ បើនិយាយពីអ្នករស់នៅជុំវិញផ្សារកំពង់ថ្មវិញ សុទ្ធសឹងតែស្គាល់ទីតាំងហាងបាយនេះច្បាស់ដូចថ្ងៃ ព្រោះវាមានទីតាំងស្ថិតក្នុងផ្សារកំពង់ថ្ម បេះដូងពាណិជ្ជកម្មនៃតំបន់កំពង់ថ្មតែម្តង។
ប្រសិនបើអ្នកដំណើរធ្វើដំណើរពីរាជធានីភ្នំពេញ មកដល់ចំណុចទីប្រជុំជនកំពង់ថ្ម ដែលមានចម្ងាយប្រមាណជាង១៣០គីឡូម៉ែត្រពីរាជធានីនោះ អ្នកនឹងឃើញផ្សារដ៏អ៊ូអរធំមួយស្ថិតនៅជាប់នឹងគល់ស្ពាន ក្នុងភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ដើម្បីធ្វើដំណើរទៅដល់ហាងបាយលាក់ខ្លួនក្រោយផ្សារនេះ លោកអ្នកត្រូវជិះយានយន្តចូលទៅក្នុងផ្សារ ដែលមានស្លាកសញ្ញាបត់ស្តាំនៅចំកណ្តាលផ្សារជាសម្គាល់។ បត់តាមស្លាកនោះតែបន្តិច លោកអ្នកនឹងឃើញផ្ទះតៀមបែបកូនចៅចិនក្នុងបរិវេណទីធ្លាចតរថយន្តយ៉ាងធំទូលាយ គឺជាទីតាំង «ហាងបាយតាវ៉ែនតា» នោះហើយ។ នៅពេលឈានជើងចូលទៅដល់ហាងនេះភ្លាម យើងនឹងឮសំឡេងម្ចាស់ហាងស្រីស្រែកសួរមុនគេតាំងពីមាត់ទ្វារថា «មកគ្នាប៉ុន្មាននាក់?» ដើម្បីងាយស្រួលចាត់ចែងចម្អិនឈុតម្ហូបអាហារតូចឬធំ អាស្រ័យលើចំនួនមនុស្សជាក់ស្តែងនៃក្រុមភ្ញៀវនីមួយៗ។
អក្សរឈ្មោះហាង និងរូបវ៉ែនតាជានិមិត្តរូបសម្គាល់គួរឲ្យចាប់អារម្មណ៍ទាក់ភ្នែក។ ហាងដ៏ពេញនិយមបើកលក់តាំងពីឆ្នាំ១៩៨១ មានលោកតា «វ៉ែនតា» មានឈ្មោះពិតថា ឈួ នាង មានដើមកំណើតមកពីតំបន់ព្រៃផ្តៅ ខេត្តកំពង់ស្ពឺ ជាម្ចាស់ហាងផង និងជាមេចុងភៅដោយផ្ទាល់ដៃផង។ គាត់មានជំនាញនិងបទពិសោធន៍ចម្អិនម្ហូបល្បីថាឆ្ងាញ់គ្រប់មុខ ជាពិសេសម្ហូបបែបចិនប្រចាំហាង៤-៥មុខ រួមមាន ស៊ុបគោ សម្លជីឆាយ ងៀតគោ ឆាខាត់ណា និងឆាហោឡាំងតាវ ជាដើម។ លក្ខណៈពិសេសដែលធ្វើឲ្យភ្ញៀវទាំង ឡាយជាប់ចិត្តនឹងរសជាតិនៅហាងរបស់គាត់នោះគឺ សាច់គោស្រស់មានគុណភាពល្អ ប្រើគ្រឿងផ្សំថ្មីៗដែលរកបានក្នុងតំបន់ផ្ទាល់ ព្រមទាំងសម្រិតសម្រាំងចម្អិនតាមរូបមន្តក្បួនខ្នាតចេះពីឪពុករបស់គាត់។ ជាឧទាហរណ៍ ស៊ុបគោរបស់គាត់ត្រូវបានរម្ងាស់ដោយបច្ចេកទេសប្រើឆ្នាំងធំពីរជាន់ដើម្បីកុំឲ្យទឹកស៊ុបចេញជាតិប្រៃ ឬខះទឹកលែងឆ្ងាញ់។ ម្យ៉ាងទៀត សម្លរបស់គាត់ស្លក៏មិនទម្លាប់ប្រើប៊ីចេងច្រើនលើសកម្រិតដូចចុងភៅនៅហាងមួយចំនួនផ្សេងទៀតទេ។
រីឯងៀតគោប្រចាំត្រកូលវិញ ប្រឡាក់គ្រឿងផ្ទាល់ខ្លួនចូលជាតិឆ្ងាញ់ល្មម មិនប្រៃពេក មិនផ្អែមពេក ហើយសាច់ក៏មិនស្វិតពេកនោះដែរ។ ងៀតរបស់គាត់មិនមានប្រើជ្រក់ផ្ទាប់ទេ ប៉ុន្តែប្រើទឹកខ្មេះច្នៃជ្រលក់ដើម្បីបង្កើនរសជាតិឆ្ងាញ់ទ្វេដងក្នុងពេលទទួលទាន។ បើសរុបជារួម ហាងនេះធានាទាំងគុណភាពរសជាតិ និងបរិមាណសមស្របនឹងតម្លៃ (ត្រឹម២ម៉ឺន-៣ម៉ឺនរៀលក្នុងចាន)។ ហាងនេះក៏មានលក់ងៀតគោឆៅដែរ ក្នុងតម្លៃ១៥ម៉ឺនរៀលក្នុងមួយគីឡូក្រាម៕
Article by SRIN SOKMEAN