សមិទ្ធផលថ្មីរបស់វិចិត្រករ រឿម ប៊ុនហាក់ ដែលមានប្រជាប្រិយភាពពីខេត្តសៀមរាប
NEWS 2 years agoបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិបានកន្លងផុតទៅ យើងបានឃើញថាប្រជាជនខ្មែរជាច្រើនកុះករបានធ្វើដំណើរកម្សាន្តតាមតំបន់នានា ជាពិសេស ចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលបានរៀបចំឡើងលើទឹកដីខេត្តសៀមរាបតែម្ដង។ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះដែរ មានទីតាំងកម្សាន្តចំនួន៦ និងមាន៤៤កម្មវិធី ដោយមានធ្វើការបង្ហាញពីផលិតផល សមិទ្ធផលរបស់ខ្មែរ រួមទាំងស្នាដៃរបស់សិល្បករជាច្រើនរូបផងដែរ។ ជាក់ស្ដែង វិចិត្រករខ្មែរមានឈាមជ័រជាអ្នកខេត្តសៀមរាបម្នាក់ ត្រូវបានគេទទួលស្គាល់ថាមានទេពកោសល្យដ៏អស្ចារ្យខាងប្រភេទគំនូរដូច ក៏បានចូលរួមដាក់តាំងបង្ហាញស្នាដៃផងដែរ។ លោក រឿម ប៊ុនហាក់ បានបង្កើតជាផ្ទាំងគំនូរមួយផ្ទាំងលើស្លឹកត្នោតដ៏ល្អឯក មានទំហំ ៦០ស.ម x ៦០ស.ម ពោរពេញទៅដោយការច្នៃប្រតិដ្ឋខ្ពស់ បានបង្ហាញពីការវិលត្រឡប់មកវិញនៃភាពមនោរម្យ ដែលផុសចេញពីព្រលឹងសិល្បៈបេតិកភណ្ឌ និងព្រឹត្តិការណ៍វប្បធម៌នៃស្មារតីមហាគ្រួសារខ្មែរក្នុងឱកាសខួបគម្រប់ដប់ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។
វិចិត្រករដ៏មានថ្វីដៃក្នុងការប្រើដែកស្រួចដងវែងមកដុតកម្លោចភ្លើងដើម្បីបង្កើតជាពណ៌ប្រើលើផ្ទាំងគំនូរជំនួសឲ្យថ្នាំពណ៌រូបនេះ បានបង្ហើបថា “កត្តាដែលជំរុញចិត្តខ្ញុំឲ្យបង្កើតគំនូរនេះឡើង ព្រោះចង់បង្ហាញអំពីសិល្បៈវប្បធម៌របស់ខ្មែរយើង ដើម្បីឲ្យភ្ញៀវជាតិនិងអន្តរជាតិបានស្គាល់ និងយល់អំពីគំនូរកម្លោចនៅលើស្លឹកត្នោតឲ្យកាន់តែច្បាស់”។ ជាការពិតណាស់ ការងារអ្វីមួយរមែងតែងតែជួបនូវឧបសគ្គចៀសមិនផុត។ ជាក់ស្ដែង លោកបានមានប្រសាសន៍ថា “ក្នុងការធ្វើគំនូរកម្លោចដោយស្លឹកត្នោតនេះ ចំណុចដែលពិបាកជាងគេនោះគឺ ការធ្វើផ្ទៃរបស់វាតែម្តង ព្រោះកាលណាយើងរោលខ្លាំងពេកវាអាចឆេះ ដូច្នេះយើងត្រូវការធ្វើតេស្តកម្ដៅវាជាមុនសិន ទាល់តែកម្ដៅក្ដៅល្មមដែលអាចទទួលយកបានហើយ ទើបអាចសង្កត់វាម្ដងបន្តិចៗ រហូតទាល់តែដែកអស់កម្ដៅទើបអាចយកដងដែកកម្លោចថ្មីយកមកកម្លោចបន្ត។” ឧបសគ្គមួយទៀតដែល វិចិត្រកររូបនេះជួបប្រទះនោះគឺ ក្បាច់ស៊ុម ដែលមានរាងជាត្របកផ្កាឈូក “ខ្ញុំត្រូវលម្អិតមួយៗក្នុងការធ្វើវា និងយកចិត្តទុកដាក់ ដោយចិត្តអំណត់អត់ធ្មត់ ព្រោះកិច្ចការងារនេះ ប្រសិនបើប្រហែសតែបន្តិចគឺខូចតែម្ដង។ ចំណុចទាំងនេះហើយដែលធ្វើឲ្យខ្ញុំចំណាយពេលរហូតទៅដល់ ១សប្តាហ៍ ដើម្បីធ្វើវាឡើង។”
Image Courtesy: UYFC
ជាចុងក្រោយ លោក រឿម ប៊ុនហាក់ បានផ្ដាំផ្ញើទៅកាន់បងប្អូនប្រជាជនខ្មែរទាំងអស់មិនថានៅក្នុងស្រុក ឬក្រៅស្រុកនោះទេ សូមបន្តការគាំទ្រព្រឹតិ្តការណ៍អង្គរសង្ក្រាន្តឲ្យបានច្រើនកុះករបន្តទៀត ដើម្បីជួយគាំទ្រនូវស្នាដៃកូនខ្មែរ និងលើកស្ទួយឲ្យបងប្អូនវិចិត្រករ និងសិប្បករខ្មែរទាំងឡាយឲ្យខិតខំស្វែងរកនូវការបង្កើតថ្មីនៃស្នាដៃរបស់ខ្លួន ដែលជាមុខមាត់ និងកិត្តិយសសម្រាប់ជនជាតិយើង ហើយក៏ជាការរួមចំណែកក្នុងការបង្កើនផលិតកម្មក្នុងស្រុកគ្រប់វិស័យផងដែរ។ មួយវិញទៀត លោកក៏បន្តថា ការធ្វើអ្វីមួយគឺត្រូវមានការលះបង់ និងការតស៊ូ ហើយកុំចុះចាញ់ ជាមួយឧបសគ្គទាំងនោះ។
គួរបញ្ជាក់ដែរថា លោកបានចូលរួមក្នុងព្រឹត្តិការណ៍នៃការដាក់តាំងបង្ហាញនូវស្នាដៃក្នុងឱកាសអង្គរសង្រ្កាន្តនេះម្ដងរួចមកហើយ កាលពីឆ្នាំ២០១៧។ ឱបជាប់នូវជំនឿចិត្តចំពោះវិស័យគំនូរ គោលបំណងទៅថ្ងៃមុខ លោករំពឹងថានឹងអាចអភិវឌ្ឍលើសពីជាងគំនូរដោយមានវិចិត្រសាលផ្ទាល់ខ្លួនមួយផងដែរ៕
Article by NI Channika