×

យ៉ង់ ​ម៉េង​លី​ ​អ្នកស្នង​ក្បាច់​គុនល្បុក្កតោ​កម្ពុជា​ដ៏​ឆ្នើម​មួយ​រូប​

NEWS 11 months ago
 
 

             នរណា​ៗ​ក៏​កំពុង​និយាយ​អំពី​ភាព​អស្ចារ្យ​នៃ​ក្បាច់​គុនល្បុក្កតោ​ប្រ​ចាំជាតិ​យើង​ដែល​មាន​កិត្យានុភាព​ខ្ទរខ្ទារ​រហូតដល់​ឆាក​អន្តរជាតិ​ ​ជាពិសេស​ ​ត្រូវ​បាន​អង្គការ​ UN​E​S​CO​ ​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​។​ ​ដូនតា​បាន​អភិ​រក្ស​មត៌ក​វប្បធម៌​ដ៏​មាន​តម្លៃ​នេះ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទម្រាំ​មកដល់​សតវត្សរ៍​ទី​២​១​យើង​នេះ​។​ ​បច្ចុប្បន្ន​ ​ល្បុក្កតោ​ត្រូវ​បាន​គាំពារ​កាន់តែ​បាន​ល្អ​ប្រសើរ​ឡើងៗ​តាមរយៈ​ការ​បង្កើត​ឲ្យ​មាន​ជា​«​សហ​ព័ន្ធ​គុនល្បុក្កតោ​កម្ពុជា​»​។​ ​យុវជន​ ​យ៉​ង់ ​ម៉េង​លី​ ​វ័យ​ទើប​តែ​២​១​ឈាន​ចូល​២​២​ឆ្នាំ​ ​បាន​ក្លាយ​ជា​ទំពាំង​ជំនាន់​ថ្មី​ដែល​កំពុង​លូតលាស់​តំណាង​មុខមាត់​ជាតិ​ក្នុង​វិ​ស័​យ​ល្បុក្កតោ​តាមរយៈ​ស្នាដៃ​ជោគជ័យ​ក្នុង​កំណត់​ត្រា​របស់​សហ​ព័ន្ធ​ជាច្រើនលើក​បន្តបន្ទាប់​គួរឲ្យ​ស្ញើ​ច​សរសើរ​។​

             ​ស្ថិត​ក្នុង​ជំនួប​ជាមួយ​ទស្សនាវដ្តី​សូវ​រី​ន​ ​កីឡាករ​សម្បុរ​ស្រអែម​បែប​ខ្មែរ​អង្គរ​រូប​នេះ​បាន​ ​រៀបរាប់​អំពី​វិថី​កីឡា​របស់​ខ្លួន​ថា​ ​កាលពី​កុមារភាព​ ​លោក​ចូលចិត្ត​ទស្សនា​ផ្នែក​កីឡា​បែប​នេះ​ណាស់​ ​ហើយ​លោក​ក៏មាន​បងប្រុស​ម្នាក់​ដែល​ជា​កីឡាករ​ប្រដាល់​មួយ​រូប​ដែរ​។​ ​លុះ​ចម្រើន​វ័យ​ធំដឹងក្តី​ឡើង​ ​ពេល​កំពុង​សិក្សា​ថ្នាក់ទី១​០​ ​លោក​ក៏​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ ​គួបផ្សំ​នឹង​មាន​សិស្ស​ច្បង​កីឡាករ​ម្នាក់​ ​ដែល​ស្គាល់គ្នា​បាន​ណែនាំ​ផង​នោះ​ ​លោក​ក៏​ចាប់ផ្តើម​ចូល​ប្រឡូក​គុន​នេះ​និង​ហ្វឹកហាត់​រហូត​ទាល់តែ​ស្ទាត់​ពូកែ​បាន​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​មួយ​រូប​។​ ​អតីត​សិស្ស​វិទ្យាល័យ​ ​ជា​ ​ស៊ីម​ ​ចំរើន​រដ្ឋ​ ​រូប​នេះ​ ​បាន​បន្ត​ទៀត​ថា​ ​លោក​ហាត់​នៅ​ក្លឹប​ព្រះ​ខ័ន​ជ័យ​នៅ​ឆ្នាំ​២​០​១​៨​ ​ហើយ​បាន​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​ក្នុង​ឆ្នាំ​ ​២​០​១​៩​។​ ​លុះដល់​ឆ្នាំ​២​០​២​០​ ​ទើប​គេ​ចូល​ជា​កីឡាករ​ក្រោម​ចំណុះ​ក្រសួងមហាផ្ទៃ​រហូតមកដល់​បច្ចុប្បន្ន​។​

             ​ចាប់តាំង​ពី​ចូល​ប្រឡូក​អាជីព​ជា​កីឡាករ​មក​ ​ស្នាដៃ​សំខាន់​ៗ​ដែល​លោក​សម្រេច​បាន​ក្នុងរយៈពេល​៥​-​៦​ឆ្នាំ​ចុងក្រោយ​នេះ​ ​រួម​មាន​ជាអាទិ៍​ ​មេដាយ​សំ​រឹទ្ធិ​ ​កម្មវិធី​ប្រកួត​កីឡា​ល្បុក្កតោ​ជើងឯក​ថ្នាក់​ជាតិ​ ​ឆ្នាំ​២​០​១​៨​, ​មេដាយ​មាស​ ​កម្មវិធី​ប្រកួត​កីឡា​ល្បុក្កតោ​ជើងឯក​ថ្នាក់​ជាតិ​ ​ឆ្នាំ​២​០​២​០​, ​មេដាយ​មាស​ ​កម្មវិធី​ប្រកួត​កីឡា​ល្បុក្កតោ​ ​ជើងឯក​ថ្នាក់​ជាតិ​ ​ឆ្នាំ​២​០​២​១​, ​មេដាយ​មាស​ ​កម្មវិធី​ប្រកួត​កីឡា​ជាតិ​ ​លើក​ទី​៣​ ​ឆ្នាំ​២​០​២​២​, ​មេដាយ​មាស​ ​កម្មវិធី​ ​ប្រកួត​កីឡា​ល្បុក្កតោ​ជើងឯក​ថ្នាក់​ជាតិ​ ​ឆ្នាំ​២​០​២​២​ ​និង​ ​មេដាយ​សំ​រឹទ្ធិ​ ​កម្មវិធី​ប្រកួត​កីឡា​គុនល្បុក្កតោ​ ​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​១​ (​T​H​E​ 1S​T​ KUN BOK​AT​OR ​SEA​ ​CHAMPIONSHIP​) ​ដែល​ទើបនឹង​ប្រារព្ធ​ធ្វើ​ ​កាលពី​ថ្ងៃ​ទី​៣​០​ ​ខែ​មីនា​ ​ដល់​ថ្ងៃ​ទី​០​៣​ ​ខែ​មេសា​ ​កន្លងទៅ​ថ្មីៗ​នេះ​។​

             ​ដោយឡែក​ ​សម្រាប់​ការប្រកួតកីឡា​ស៊ី​ហ្គេ​ម​លើក​ទី​ ​៣​២​ ​ឆ្នាំ​២​០​២​៣​ ​នេះ​ ​កីឡាករ​ជម្រើស​ជាតិ​ ​យ៉​ង់ ​ម៉េង​លី​ ​ត្រូវ​បាន​សហ​ព័ន្ធ​ចាត់តាំង​ឲ្យ​ចូលរួម​ប្រកួត​តំណាង​កម្ពុជា​លើ​វិញ្ញាសា​ ​AR​N​I​S (​កីឡា​អា​នី​ស​) ​ដែល​ជា​ប្រភេទ​កីឡា​ប្រពៃណី​របស់​ហ្វីលីពីន​ ​ដោយសារ​កីឡាករ​វ័យក្មេង​រូប​នេះ​ជា​កីឡាករ​សក្តានុពល​ធ្លាប់​មាន​ប្រវត្តិ​ដណ្តើម​បាន​មេដាយ​មាស​ ​០​១​គ្រឿង​ ​និង​មេដាយ​ប្រាក់​ ​០​១​គ្រឿង​ ​លើ​ប្រភេទ​កីឡា​នេះ​ក្នុង​កា​ស៊ី​ហ្គេ​ម​ ​នៅ​ហ្វីលីពីន​ ​កាលពី​ឆ្នាំ​២​០​១​៩​។​ ​ត្រង់​ចំណុច​នេះ​ ​ម៉េង​លី​ ​បាន​ពន្យល់​ថា​ ​កីឡា​ ​Ar​n​i​s ​ជា​កីឡា​ប្រពៃណី​បរទេស​មែន​ ​តែ​វា​មាន​ចំណុច​ប្រហាក់ប្រហែល​ទៅ​នឹង​កីឡា​គុនល្បុក្កតោ​របស់​ខ្មែរយើង​ដែរ​ ​ដូចជា​ ​ការ​ប្រើ​ក្បាច់​គុនដំបង​ខ្លី​ ​ជាដើម​។​ ​កីឡាករ​ជម្រើស​ជាតិ​ដែល​មាន​សមត្ថភាព​ពហុ​ជំនាញ​ទាំង​លើ​កីឡា​ល្បុក្កតោ​ ​ទាំង​កីឡា​ ​Ar​n​i​s ​រូប​នេះ​ ​កំពុង​សម្រុក​ហ្វឹកហាត់​វិញ្ញាសា​ដែល​ត្រូវ​ប្រកួត​ស៊ី​ហ្គេ​ម​ដោយ​ទទួល​បានការ​បណ្តុះបណ្តាល​ជាមួយ​គ្រូ​បង្វឹក​ជា​ជន​ជាតិខ្មែរ​និង​ជនជាតិ​ដើម​ហ្វីលីពីន​។​

             ​ចំពោះ​ការ​ហ្វឹកហាត់​ ​កីឡាករ​រូប​នេះ​បាន​អះអាង​ថា​ “​ពេល​យើង​ត្រៀម​ស៊ី​ហ្គេ​ម​ ​យើង​ហាត់​ពេលព្រឹក​ពីរ​ម៉ោង​ ​ពេលថ្ងៃ​មួយម៉ោងកន្លះ​ ​និង​ពេលល្ងាច​ពីរ​ម៉ោង​កន្លះ​ ​ខុស​ពី​រាល់​ដង​ដែល​គ្មាន​ការ​ប្រកួត​។​ ​ខ្ញុំ​អាច​ថា​ ​ខ្ញុំ​ត្រៀម​ខ្លួន​បាន​ ​៨​០​ ​ភាគរយ​ហើយ​ ​ព្រោះ​យើង​នៅ​ពង្រឹង​តែ​បច្ចេកទេស​ខ្លះ​ ​ឯ​រឿង​កម្លាំង​យើង​មាន​ហើយ​”។​ ​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​កាលពី​ជំនាន់​ស៊ី​ហ្គេ​ម​ ​២​០​១​៩​ ​លោក​ត្រូវ​ចេញទៅ​ហ្វឹកហាត់​ផ្ទាល់​នៅ​ប្រទេស​ហ្វីលីពីន​ ​ប៉ុន្តែ​សម្រាប់​ស៊ី​ហ្គេ​ម​រដូវ​កាល​នេះ​វិញ​ ​សហ​ព័ន្ធ​បាន​អញ្ជើញ​គ្រូ​ជនជាតិ​ហ្វីលីពីន​មក​បង្ហាត់​កីឡាករ​ជម្រើស​ជាតិ​នៅ​ក្នុងស្រុក​វិញ​ ​បន្ថែម​លើ​ការហាត់​ជាមួយ​គ្រូ​ជន​ជាតិខ្មែរ​ចាប់តាំង​ពី​ខែកញ្ញា​ ​ឆ្នាំមុន​ម៉្លេះ។​

             “​ខ្ញុំ​សង្ឃឹម​ថា​ ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ចប់​ ​កីឡា​ល្បុក្កតោ​នឹង​ល្បីល្បាញ​ដល់​ស្រុកក្រៅ​ ​និង​សង្ឃឹម​ថា​មាន​បងប្អូន​ចូលរួម​ហ្វឹកហាត់​ឲ្យបាន​ច្រើន​ ​ព្រោះ​វា​ជា​កីឡា​មួយ​ដែល​ល្អ​សម្រាប់​សុខភាព​និង​ការពារ​ខ្លួន​។​ ​ម្យ៉ាង​កីឡា​នេះ​ហាត់​បាន​គ្រប់​វ័យ​ ​មិនថា​ក្មេង​ ​មិនថា​ចាស់​ ​នោះ​ទេ​ ” ​លោក​បាន​បង្ហាញ​ពី​ការ​រំពឹង​ទុក​យ៉ាង​វិជ្ជមាន​ចំពោះ​អនាគត​ល្បុក្កតោ​ជាតិ​។​ ​លោក​បាន​ផ្តែផ្តាំ​ថា​ ​សូមឲ្យ​ប្រជាពលរដ្ឋ​ខ្មែរយើង​រួមគ្នា​ជួយ​ជា​កម្លាំង​គាំទ្រ​កីឡា​តាមរយៈ​ការចូលរួម​ទស្សនា​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឲ្យបាន​ច្រើន​កុះករ​ទាំងអស់គ្នា​៕​

Article by SRIN SOKMEAN


SUGGESTIONS