កីឡាករតេក្វាន់ដូ លោក វ៉ា មិថុនា ដែលទទួលការប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡាពីព្រះមហាក្សត្រ នៅខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែមីនា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ បានទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។ មួយវិញទៀត លោកក៏ត្រូវបានគេស្គាល់ថាជាកីឡាករតេក្វាន់ដូផ្នែកបុរសដំបូងបំផុតដែលឈ្នះមេដាយមាសជូនជាតិ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ជាមួយគ្នានេះផងដែរ លោកក៏ទទួលបានមេដាយមាសគួរឲ្យមានមោទកភាពជាទីបំផុតក្នុងឱកាសប្រកួតបន្ទាប់ក្នុងគម្លាតរយៈពេលតែប៉ុន្មានខែក្រោយមក ពីការប្រកួតកីឡានគរបាលនិងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games 2022) នៅប្រទេសហូឡង់។ បច្ចុប្បន្ន កីឡាកររូបនេះកំពុងតែជាប់ត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតក្នុងមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជាដ៏អច្ឆរិយៈក្នុងខែឧសភានេះ។
Image Courtesy: Cambodian 2023 / Va Mithona
តើលោកបានត្រៀមខ្លួនអ្វីខ្លះសម្រាប់ការហ្វឹកហាត់ដើម្បីចូលរួមការប្រកួតស៊ីហ្គេមនាពេលខាងមុខនេះ? កីឡាករតេក្វាន់ដូ វ៉ា មិថុនា បានឆ្លើយទាំងមិនស្ទាក់ស្ទើរថា “សម្រាប់ការត្រៀមខ្លួន ខ្ញុំបានត្រៀមជានិច្ច ហើយក៏បានតាំងចិត្តរួចជាស្រេចចំពោះការការពារតំណែងដដែលនៅឆ្នាំ២០២៣នេះផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ខ្ញុំបានទៅហ្វឹកហាត់នៅប្រទេសកូរ៉េរយៈពេលមួយខែជាងតែម្ដង ដែលចាប់ផ្ដើមពីថ្ងៃទី២៧ ខែមីនា រហូតដល់ ថ្ងៃទី៣០ ខែមេសា ទើបខ្ញុំត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្នុងការហ្វឹកហាត់នៅទីនោះ គឺធ្វើឲ្យខ្ញុំស្គាល់ និងបានផ្លាស់ប្ដូរបទពិសោធន៍ជាច្រើន។ ដោយសារនៅប្រទេសកូរ៉េ មានបច្ចេកវិទ្យាទំនើបច្រើន ហើយចំពោះការសមជាមួយដៃគូក៏មានការប្លែក ដែលធ្វើឲ្យខ្ញុំស្គាល់ពីយុទ្ធសាស្រ្តថ្មីៗ” ។ លោកបានបន្តទៀតថា សម្រាប់ការប្រកួតស៊ីហ្គេមនេះដែរ គ្រូបង្វឹកនៃសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាក៏ខំប្រឹងបង្វឹកក្រុមកីឡាករជម្រើសជាតិជាងការប្រកួតមុនៗទ្វេដង ដើម្បីឲ្យកីឡាករទទួលជោគជ័យ និងកិត្តិយសមុខមាត់ជូនជាតិក្នុងនាមជាម្ចាស់ផ្ទះតែម្ដង។
រំឮកអំពីជីវប្រវត្តិរបស់កីឡាករខាងលើ លោកកើតនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០០ ដែលសព្វថ្ងៃជាកីឡាករប្រភេទកីឡាតេក្វាន់ដូWT វិញ្ញាសាប្រយុទ្ធ។ លោកបានចូលហ្វឹកហាត់នៅឆ្នាំ២០១៥ និងចូលជាជម្រើសជាតិនៅឆ្នាំ២០១៧។ ក្រោយពេលចូលជាកីឡាករជម្រើសជាតិ លោកបានទៅចូលរួមកម្មវិធីលើឆាកអន្តរជាតិដំបូងនៅក្នុងកម្មវិធី SEA Games 2017 លើកទី ២៨ នៅប្រទេសម៉ាឡេស៊ី។ ក្រោយមក លោកឈ្នះបានមេដាយមាសក្នុងកម្មវិធីប្រកួត SEA Games 2021 (លើកមកធ្វើ ឆ្នាំ២០២២) លើកទី៣១ នៅប្រទេសវៀតណាម។ ជាពិសេស កម្មវិធីប្រកួតកីឡានគរបាលនិងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោក(World Police & Fire Games 2022) នៅប្រទេសហូឡង់ ដោយទទួលបានមេដាយមាសទៀតផង។
ចំពោះកម្មវិធីស៊ីហ្គេមដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ កីឡាករ វ៉ា មិថុនា សូមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ នៅពេលប្រកួតសូមបញ្ចេញឲ្យអស់ពីសមត្ថភាព ព្រោះកីឡាកររបស់យើងភាគច្រើនបានទៅហ្វឹកហាត់នៅក្រៅប្រទេស ហើយក៏បានចំណាយពេលហាត់ត្រៀមសម្រាប់ការប្រកួតនេះយូរណាស់មកហើយ។ ដូច្នេះសូមឲ្យបងប្អូនធ្វើវាឲ្យបានល្អ ដើម្បីដណ្ដើមមេដាយជូនជាតិមាតុប្រទេស សង្គម និងគ្រួសាររបស់យើង៕
Article by NI CHANNIKA
Image Courtesy: Cambodian 2023 / Va Mithona