×

ហៃ​ ​ស្រីស្រស់​ ​កីឡា​ការិនី​គុនដាវ​ជម្រើស​ជាតិ​កម្ពុជា​

NEWS 11 months ago
 
 

            ការប្រកួតកីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣​២​ (32n​d​ ​SEA​ ​Game​s) ​ជា​អ្វី​ដែល​ប្រជាជន​យើង​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជា​យូរណាស់​មក​ហើយ​ ​ដែល​នេះ​ក៏​ជាលើកដំបូង​ផង​ដែរ​សម្រាប់​កម្ពុជា​ក្នុង​ការ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​។​ ​កីឡាករ​ ​កីឡា​រិ​នី​ជាច្រើន​រូប​ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ ​បាន​ខិតខំ​ហ្វឹកហាត់​យ៉ាង​ស្វិតស្វាញ​ទៅលើ​វិញ្ញាសា​ការប្រកួតកីឡា​ផ្សេងៗ​គ្នា​ ​ក្នុង​គោលបំណង​តែមួយ​គឺ​ចង់​ទទួល​បាន​ជ័យ​ជម្នះ​។​ ​ជាមួយគ្នា​នេះ​ ​កីឡា​ការិនី​ខ្មែរ​មួយ​រូប​ ​ដែល​នឹង​ចូលរួម​ប្រកួត​កីឡា​គុនដាវ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នា​ពេល​ខាងមុខនេះ​ ​បាន​បង្ហើប​ប្រាប់​អំពី​ការ​ហ្វឹកហាត់​ ​ការ​ត្រៀម​ខ្លួន​ ​ក៏ដូចជា​ការ​ប្តេជ្ញា​ចិត្ត​ ​តាមរយៈ​សូវ​រី​ន​ជូន​ប្រិយ​មិត្ត​អ្នកអាន​បាន​ជ្រាប​ផង​ដែរ​។​

            បើ​និយាយ​ពី​ដំណើរ​ដើមទង​ដែល​ចូលរួម​ប្រឡូក​ក្នុង​វិ​ស័​យ​កីឡា​នេះ​វិញ​ ​កញ្ញា​ ​ហៃ​ ​ស្រីស្រស់​ ​បាន​រំលឹក​ឡើង​ថា​ ​ដំបូង​ឡើយ​កញ្ញា​ស្គាល់​កីឡា​នេះ​តាមរយៈ​អ្នក​ស្គាល់​ ​ក៏​ចូលរួម​ហាត់​ជាមួយគ្នា​រៀងរាល់ថ្ងៃ​សៅរ៍​អាទិត្យ​ ​ដែល​ពេល​នោះ​ហាត់​ក្នុងមួយថ្ងៃ​ ​ត្រឹម​២​ម៉ោង​តែប៉ុណ្ណោះ​។​ ​ក្រោយពេល​ហាត់​បាន​១​ខែ​ ​កញ្ញា​ក៏បាន​ចូល​ប្រកួត​ជើងឯក​ ​Western​ ​Cup​ 2022 ​ហើយ​ជា​លទ្ធផល​ ​ក៏​ទទួល​បាន​មេដាយ​សំ​រិទ្ធ​ចំនួន​១​គ្រឿង​។​ ​ដោយសារ​សម្លឹង​ឃើញ​ពី​សមត្ថភាព​ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​របស់​កីឡា​ការិនី​រូប​នេះ​ ​លោកគ្រូ​ដែល​បង្ហាត់​ក្រុម​ជម្រើស​ជាតិ​ ​ក៏​ណែ​នាំឲ្យ​កញ្ញា​ចូលលេង​ជម្រើស​ជាតិ​ត្រឹម​បម្រុង​តែប៉ុណ្ណោះ​។​ ​ទោះ​ត្រឹម​ជា​កីឡាករ​បម្រុង​ ​តែ​ ​ហៃ​ ​ស្រីស្រស់​ ​មិនដែល​បោះបង់​ការ​ព្យាយាម​របស់​ខ្លួន​ឡើយ​នៅតែ​ខំប្រឹង​ទ្វេ​ដង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​រហូត​កញ្ញា​បាន​វិវឌ្ឍ​ខ្លួន​ពី​បម្រុង​មក​ជា​កីឡា​ការិនី​គុនដាវ​ពេញ​សិទ្ធ​។​ ​បន្ទាប់ពី​បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​ក្នុងនាម​ជា​កីឡា​ការិនី​ជម្រើស​ជាតិ​ ​កញ្ញា​ ​ហៃ​ ​ស្រីស្រស់​ ​ក៏​ធ្លាប់​ទទួល​បានឱកាស​ចូលរួម​ក្នុង​ការ​ប្រកួត​ជាច្រើនលើក​ ​តួយ៉ាង​ ​កម្មវិធី​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​ ​ទទួល​បាន​មេដាយ​ប្រាក់​១​គ្រឿង​ ​និង​មេដាយ​សំរឹទ្ធ​១​គ្រឿង​ ​និង​កម្មវិធី​ប្រកួត​ជើងឯក​យុវជន​ ​ទទួល​បាន​មេដាយ​សំរឹទ្ធ​ចំនួន​១​គ្រឿង​។​

កញ្ញា​ ​ហៃ​ ​ស្រីស្រស់

            ងាក​មក​ជ​ជីកសួរ​អំពី​ការ​ហ្វឹកហាត់​ត្រៀម​ខ្លួន​សម្រាប់​ចូលរួម​ប្រកួត​ ​SEA​ ​Game​s ​នា​ពេល​ខាងមុខនេះ​វិញ​ ​កញ្ញា​បាន​បង្ហើប​ដែរ​ថា​ “​សម្រាប់​ការហាត់​ត្រៀម​ ​SEA​ ​Game​s ​គឺ​ខ្ញុំ​ត្រូវ​ហាត់​ច្រើនជាង​មុន​ ​ដោយ​ក្នុង​មួយ​ស​ប្តាហ៍​ត្រូវ​រត់​ចំនួន​៣​ថ្ងៃ​ ​ក្នុងមួយថ្ងៃ​ត្រូវ​រត់​ឲ្យបាន​៥​គីឡូម៉ែត្រ​។​ ​បន្ទាប់មក​ ​មាន​ម៉ោង​ហាត់ប្រាណ​ ​ហែលទឹក​ ​ហាត់​សាច់ដុំ​យក​កម្លាំង​ដៃ​ ​និង​ជើង​។​ ​សំខាន់​មួយទៀត​នោះ​គឺ​ការហាត់​បច្ចេកទេស​ផ្ទាល់​ជា​រៀងរាល់ថ្ងៃ​នៅ​ពេលល្ងាច​”​។​ ​កញ្ញា​ក៏បាន​បន្ថែម​ទៀត​ថា​ ​ការ​លេង​កីឡា​គុនដាវ​នេះ​ក៏មាន​ផល​លំបាក​មួយ​ចំនួន​ផង​ដែរ​សម្រាប់​កញ្ញា​ផ្ទាល់​ ​ព្រោះ​ដើម្បី​លេង​បាន​ ​គឺ​ទាមទារ​ឲ្យ​យើង​មានកម្លាំង​កាយ​មាំមួន​ ​ភាព​រហ័សរហួន​ ​បត់បែន​មួយ​តួខ្លួន​ ​ទាំង​ដៃ​ ​ទាំង​ជើង​ ​ពិសេស​គឺ​ពេ​លលេង​ត្រូវ​ប្រើ​ខួរក្បាល​គិត​ឲ្យបាន​រហ័ស​បំផុត​។​ ​ដូច្នេះ​ហើយ​ ​មិនថា​ពេល​ហ្វឹកហាត់​ ​ឬ​ពេល​ប្រកួត​នោះ​ទេ​ ​គឺ​ទាមទារ​ខិតខំ​ខ្លាំង​ ​និង​រៀនសូត្រ​ពី​ក្បាច់​លេង​ថ្មីៗ​ជានិច្ច​។​

            ​ជា​កីឡា​ការិនី​ដែល​ទើប​តែ​ចាប់​ពន្លក​ថ្មី​ ​សម្រាប់​ការ​ប្រកួត​ ​SEA​ ​Game​s ​នេះ​ ​កញ្ញា​ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ​ ​ដោយហេតុ​ខ្លួន​ទើប​តែ​ប្រឡូក​ក្នុង​វិ​ស័យ​នេះ​។​ ​តែ​យ៉ាងណា​កីឡា​ការិនី​រូប​នេះ​ ​ក៏បាន​រក្សា​គោលជំហរ​ដ៏​រឹង​មាំ​ថា​ “​ទោះ​ខ្ញុំ​ទើប​តែ​ប្រឡូក​ ​អាច​ថា​មិនទាន់​មាន​បទពិសោធន៍​ច្រើន​ ​តែយ៉ាងណាក៏ដោយ​ខ្ញុំ​ខិតខំ​ហ្វឹកហាត់​ណាស់​រាល់ថ្ងៃ​នេះ​។​ ​ខ្ញុំ​បាន​ស្វែងរក​ក្បាច់​លេង​ថ្មីៗ​ ​និង​យកចិត្តទុកដាក់​លើ​ការ​បង្ហាត់បង្ហាញ​របស់​គ្រូ​បង្វឹក​ ​រួម​ទាំង​រៀនសូត្រ​ពី​ការ​លេង​កីឡា​នេះ​ពី​រៀមច្បង​បន្ថែម​ទៀត​”​។​ ​ទោះជាយ៉ាងណា​ ​កីឡា​ការិនី​រូប​នេះ​នៅតែ​មានគំនិត​សុទិដ្ឋិនិយម​ថា​ ​ទោះបីជា​យ៉ាងណាក្តី​ ​ក៏​កញ្ញា​នៅតែ​ទទួល​បានឱកាស​ចូលរួម​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣​២​ (32n​d​ ​SEA​ ​Game​s) នេះផង​ដែរ។​

            ​មក​ជ្រាប​អំពី​ជីវប្រវត្តិ​របស់​កីឡា​ការិនី​រូប​នេះ​វិញ​ ​កញ្ញា​ ​ហៃ​ ​ស្រីស្រស់​ ​មាន​វ័យ​១​៨​ឆ្នាំ​ ​មាន​ស្រុកកំណើត​នៅ​ទី​ក្រុងភ្នំពេញ​ ​កើត​ក្នុង​គ្រួសារ​​​ដែល​មាន​លោក​ឪពុក​ជា​ទាហាន​ ​និង​អ្នកម្តាយ​ជា​ស្រ្តី​មេផ្ទះ​ ​ហើយ​កញ្ញា​ជា​កូន​ទី​៣​ក្នុងចំណោម​បង​ប្អូនប្រុស​ស្រី​៤​នាក់​។​ ​បច្ចុប្បន្ន​ ​កញ្ញា​កំពុង​សិក្សា​ថ្នាក់ទី១​២​ ​នៅ​វិទ្យាល័យ​ឥ​ន្រ្ទ​ទេវី​៕​

Article by SOUNG SOKSAN


SUGGESTIONS