កីឡាអានីស (Arnis) ជាប្រភេទកីឡាគុនដំបង ដែលឧបករណ៍សម្រាប់លេងកីឡានេះមានច្រើនប្រភេទដូចជា ការប្រើដំបង (មានដំបង១ និងដំបងភ្លោះ) ការប្រើដាវដែលមានមុខផ្សេងៗ និងការប្រើកាំបិតជាដើម។ កីឡានេះដែរ មានប្រភពដើមមកពីប្រទេសហ្វីលីពីន ហើយមានវត្តមានក្នុងប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ២០១៩។ ជាការពិត ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32nd SEA Games ) ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ ក្នុងចំណោមវិញ្ញាសាជាច្រើនផ្សេងទៀត ប្រភេទកីឡាអាតនីសកម្ពុជាក៏ត្រូវបានចាត់បញ្ចូលក្នុងវិញ្ញាសាការប្រកួតផងដែរ។ ត្រឹង ផាលីន កីឡាការិនីអានីសកម្ពុជា បានត្រៀមលក្ខណៈរួចជាស្រេច រួមទាំងការប្តេជ្ញាចិត្តយ៉ាងមោះមុតដើម្បីដណ្តើមយកមេដាយជូនជាតិក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
“ខ្ញុំមានអារម្មណ៍រំភើបពេលបានទទួលដំណឹងថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយកាន់តែរំភើបជាងនេះទៅទៀតពេលទទួលដំណឹងថា ខ្ញុំបានចូលរួមប្រកួតស៊ីហ្គេមនេះដែរ។ ខ្ញុំក៏បានត្រៀមខ្លួនរួចជាស្រេច ហើយក៏ប្តេជ្ញាចិត្តដែរថានឹងយកមេដាយជូនជាតិ។” កីឡាការិនីវ័យ២១ឆ្នាំរូបនេះបានលើកឡើងជាមួយនឹងគោលជំហររបស់ខ្លួន។ មិនខុសគ្នាប៉ុន្មានទៅនឹងកីឡាករ កីឡាការិនីផ្សេងៗទៀត បច្ចុប្បន្ន កញ្ញាមានភាពមមាញឹកខ្លាំងទៅការហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពបន្ថែម “សម្រាប់ការហ្វឹកហា្វត់ត្រៀមប្រកួត គឺខ្ញុំហ្វឹកហាត់ក្នុង១សប្តាហ៍ចំនួន៥ទៅ៦ថ្ងៃ ក្នុង១ថ្ងៃហាត់៣ពេល (ព្រឹក ថ្ងៃ ល្ងាច)។ មែនទែនទៅ មុនស៊ីហ្គេមក៏ពួកខ្ញុំហ្វឹកហាត់ច្រើនដែរ គ្រាន់តែថាយើងហាត់ថែមមួយកម្រិតទៀត។” កីឡាការិនី ត្រឹង ផាលីន បញ្ជាក់បន្ថែមដែរថា មែនទែនទៅ សម្រាប់កីឡាអានីស កញ្ញាចាប់ផ្តើមហាត់បានរយៈពេល១ឆ្នាំហើយ ហើយមុនពេលហាត់កីឡានេះ គឺកញ្ញាហ្វឹកហាត់ទៅលើកីឡាគុនល្បុក្កតោ។
រំលឹកទៅអតីតកាល អំពីដំណើរដើមទងរបស់កីឡាការិនីរូបនេះដែលបានចូលហាត់គុនល្បុក្កតោវិញ “កាលអំឡុងឆ្នាំ២០១៩ ខ្ញុំឃើញគេផ្សព្វផ្សាយល្បុក្កតោច្រើន ហើយក៏មានអារម្មណ៍ថាស្រលាញ់ គឺដូចមានអីអូសទាញទៅតែម្តង ទើបខ្ញុំសម្រេចចិត្តចូលហាត់ជាមួយមិត្តភក្តិនៅសាលាគុនល្បុក្កតោខេត្តកំពង់ឆ្នាំង។ ពេលនោះគេផ្សេងគិតថាខ្ញុំមិនអាចមកដល់ចំណុចនេះទេ តែខ្ញុំនៅតែតស៊ូរហូតមកដល់ពេលនេះ ព្រោះស្រលាញ់ទៅហើយ” កញ្ញា ត្រឹង ផាលីន រំលឹកប្រាប់។ ពីមួយថ្ងៃទៅមួយថ្ងៃ ការខិតខំហ្វឹកហាត់ព្រមជាមួយនឹងក្តីស្រលាញ់ អស់រយៈពេលកន្លះឆ្នាំ កញ្ញាក៏បានបង្ហាញសមត្ថភាពចូលប្រកួតជាលើកដំបូងក្នុងការកម្មវិធីប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ហើយកញ្ញាក៏បានក្លាយជាកីឡាការិនីគុនល្បុក្កតោចាប់តាំងពីពេលនោះមក។ យ៉ាងណាមិញ ក្រោយជាប់ជាកីឡាការិនីគុនល្បុក្កតោជម្រើសជាតិកម្ពុជា កញ្ញាធ្លាប់បានចូលរួមប្រកួតជាច្រើនលើក តួយ៉ាង ធ្លាប់ប្រកួតជើងឯកថ្នាក់ជាតិ២០២១ ទទួលបានមេដាយសំរឹទ្ធ ជើងឯកថ្នាក់ជាតិ២០២២ទទួលបានមេដាយ ប្រាក់ និងសំរឹទ្ធ ជើងឯកថ្នាក់ជាតិ២០២៣ ទទួលបានមេដាយមាស ការប្រកួតកីឡាជាតិលើកទី៣ ទទួលបានមេដាយមាស និងមេដាយសំរឹទ្ធ និងការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ទទួលបានមេដាយមាស និងមេដាយប្រាក់។
ឆ្លើយតបទៅនឹងសំនួរដែលសួរថា តើសម្រាប់កញ្ញាផ្ទាល់មានការលំបាកដែរឬទេ ពេលផ្លាស់ប្តូរពីការហាត់គុនល្បុក្កតោ មកជាហាត់កីឡាអានីសវិញ? “សម្រាប់ខ្ញុំផ្ទាល់មិនជាមានការលំបាកអ្វីច្រើននោះទេ ព្រោះដោយសារធ្លាប់ហាត់ល្បុក្កតោស្រាប់ ហើយការលេងក៏មិនសូវជាខុសគ្នាប៉ុន្មានដែរ ល្បុក្កតោក៏លេងមានដំបង អានីសក៏មានដំបង គ្រាន់តែថា ខុសក្បាច់គ្នាបន្តិចបន្ទួចប៉ុណ្ណោះ អ៊ីចឹងហើយយើងត្រូវកែទៅតាមហ្នឹងដែរ និងត្រូវមានសន្ទុះខ្លាំងជាងមុន។” ចំពោះការប្រកួតស៊ីហ្គេមលើកទី៣២ កីឡាការិនីរូបនេះក៏មិនបានបង្ហាញការព្រួយបារម្ភអ្វីជាដុំកំភួននោះទេ។ “ខ្ញុំបានប្តេជ្ញាចិត្ត និងត្រៀមរួចរាល់ហើយក៏មិនមានការភ័យខ្លាចអ្វីដែរ គឺគិតតែត្រូវធ្វើយ៉ាងមិចដើម្បីប្រកួតយកមេដាយជូនជាតិឲ្យបាន”។
ឈានមកដល់ចំណុចនេះ តើកញ្ញាធ្លាប់ទទួលរងការបាក់ទឹកចិត្តឬចង់ឈប់ពីអាជីពនេះដែរឬទេ? ញញឹមរួចឆ្លើយ “មិនលាក់លៀមអ្វីឡើយ ទម្រាំបានដល់ថ្ងៃនេះខ្ញុំក៏ធ្លាប់រងការបាក់ទឹកចិត្តក៏ច្រើនដែរ ជាពិសេសគឺគេបង្អាប់ថារូបរាងខ្ញុំតូច វាមិនទៅជោគជ័យស្អីទេ ចូលប្រកួតទៅនាំតែគេវាយបាក់ដៃបាក់ជើង។ ខ្ញុំមិនតបគេទេ មានតែដើរចេញ តែខ្ញុំចូលចិត្តយកលទ្ធផលទៅបង្ហាញវិញ។ ខ្ញុំក៏គ្មានបំណងចង់បោះបង់ដែរ ព្រោះតែកីឡានេះហើយដែលធ្វើឲ្យខ្ញុំមានដល់ថ្ងៃនេះ បានទាំងសុខភាពល្អ អាចជួយផ្គត់ផ្គង់ដល់ការសិក្សារបស់ខ្ញុំ និងធ្វើឲ្យខ្ញុំបានសម្រេចបំណងខ្លួនឯង។” ឆ្លៀតឱកាសនេះ កញ្ញាក៏សូមអរគុណដល់ជនរួមជាតិយើងទាំងអស់គ្នាដែលបានជួយគាំទ្រវិស័យកីឡានៅប្រទេសយើង ហើយសូមឲ្យនៅតែមានការគាំទ្រជាបន្តទៀត ព្រោះបច្ចុប្បន្ននេះ ឃើញថាមានបរទេសជាច្រើនក៏ចាប់អារម្មណ៍នឹងកីឡាកម្ពុជាយើងច្រើនដែរ។ សំខាន់មួយទៀតនោះគឺ កញ្ញាសូមអរគុណដល់សហព័ន្ធកីឡាដែលបានយកចិត្តទុកដាក់ចំពោះកីឡាករ កីឡាការិនីគ្រប់រូប ទាំងការហាត់ ការគេង ជាពិសេសរបបអាហារតែម្តង គឺហាមផ្តាច់អាហារណាដែលប៉ះពាល់ដល់សុខភាព។
មកលម្អិតពីជីវប្រវត្តិរបស់កីឡាការិនីរូបនេះវិញ ត្រឹង ផាលីន មានវ័យ២១ឆ្នាំ មានស្រុកកំណើតមកពីខេត្តកំពង់ឆ្នាំង។ កញ្ញាជាកូនទី៣ ក្នុងចំណោមបងប្អូនស្រីចំនួន៤នាក់។ បច្ចុប្បន្ន កញ្ញាកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំទី២ លើជំនាញគណនេយ្យ៕
Article by SOUNG SOKSAN