កិត្តិស័ព្ទរបស់កីឡាករតេក្វាន់ដូជម្រើសជាតិកម្ពុជា សំ យូដេត ចាប់ផ្តើមល្បីល្បាញជាសាធារណៈគួរឲ្យកត់សម្គាល់ក្រោយពេលដែលកីឡាករតំណាងជាតិរូបនេះឈ្នះបានមេដាយប្រាក់ក្នុងវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៨គីឡូក្រាម ក្នុងព្រឹត្តិការណ៍កម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម (ប្រារព្ធធ្វើនៅពាក់កណ្តាលឆ្នាំ២០២២) ហើយគេបានវិវឌ្ឍខ្លួនរហូតទទួលបានមេដាយមាស ក្នុងឱកាសប្រកួតបន្ទាប់ក្នុងគម្លាតរយៈពេលតែប៉ុន្មានខែក្រោយមក។ បច្ចុប្បន្ន កីឡាករ សំ យូដេត កំពុងឈានទៅកាន់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ។
តើលោកបានត្រៀមខ្លួនអ្វីខ្លះសម្រាប់ការប្រកួតស៊ីហ្គេមនេះ? កីឡាករតេក្វាន់ដូ សំ យូដេត បានឆ្លើយប្រាប់ក្រុមការងារសូវរីនដោយក្តីសោមនស្សរីករាយថា “ឥឡូវ ខ្ញុំកំពុង សម្រុកត្រៀមស៊ីហ្គេម។ នៅពេលយើងបានធ្វើម្ចាស់ផ្ទះ ខ្ញុំមានអារម្មណ៍ថាយើងខំប្រឹងខ្លាំងព្រោះយើងចាំ ទទួលគេ ហើយយើងក៏ចង់បានមេដាយមាសឲ្យបាន […]” ។ លោកបានបន្តឲ្យដឹងទៀតថា សម្រាប់ការប្រកួតស៊ីហ្គេមនេះដែរ គ្រូបង្វឹកនៃសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាខំប្រឹងបង្វឹកក្រុមកីឡាករជម្រើសជាតិជាងការប្រកួតមុនៗទ្វេដងដើម្បីទទួលជោគជ័យនិងកិត្តិយសមុខមាត់ជូនជាតិក្នុងនាមជាមេផ្ទះ។
លោកពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានក្លាយជាកីឡាករតេក្វាន់ដូជម្រើសជាតិមួយរូប។ ចំណុចដែលធ្វើឲ្យលោកមានមោទនភាពបំផុតសម្រាប់អាជីពនេះគឺ ការទទួលបានមេដាយមាសជូនជាតិ តែម្តង ដូចដែលលោកធ្លាប់ទទួលបានពីការប្រកួតនៅប្រទេសហូឡង់នាពេលកន្លងមកនោះឯង។ ដោយ ឡែក សម្រាប់ទស្សនៈចំពោះកីឡាតេក្វាន់ដូ លោកយល់ថា កីឡានេះជាប្រភេទកីឡាពិសេសមួយដែល ទាមទារឲ្យមានភាពរហ័សរហួនច្រើន និងការប្រើថាមពលកម្លាំងកាយ គួបផ្សំនឹងសមត្ថភាពនៃការប្រើ បច្ចេកទេសដើម្បីយកឈ្នះដៃគូប្រកួត។ ទម្រាំតែទទួលបានជោគជ័យមួយលើកៗមិនមែនជារឿងងាយស្រួលនោះទេ ព្រោះកីឡាករត្រូវ ចំណាយពេលនិងកម្លាំងហ្វឹកហាត់មុនជាច្រើនខែ ហើយក្នុងរយៈពេល១ខែចុងក្រោយគឺត្រូវសម្រុកហាត់ឲ្យខ្លាំងតែម្តង។ លោកបានបញ្ជាក់ថា ក្នុងមួយថ្ងៃ ត្រូវហាត់ចំនួនពីរវេន ទាំងពេលព្រឹក និងពេលល្ងាច ហើយក្នុងមួយវេនត្រូវហាត់ចន្លោះពីពីរទៅបីម៉ោង។ នៅពេលជិតប្រកួតបែបនេះគឺការហាត់មិនសូវមានម៉ោងចន្លោះសម្រាកយូរដូចហាត់ធម្មតានោះទេ។ ក្រៅពីការហ្វឹកហាត់ លោកក៏ត្រូវចំណាយពេលសិក្សាឈ្វេងយល់អំពីប្រវត្តិដៃគូប្រកួតជាមុនដើម្បីឲ្យដឹងពីបុគ្គលិកលក្ខណៈរបស់គេ ងាយស្រួលត្រៀមយុទ្ធសាស្រ្តទប់ទល់នឹងដៃគូប្រកួតនោះឲ្យចំចំណុច។ “យើងមើលគេថា អ្នកហ្នឹងពូកែអី គ្រូឲ្យមើលថា អ្នកហ្នឹងពូកែជើងណា ពូកែក្បាច់អីគេ ហើយយើងមើលប្រឡោះថា ត្រូវចូលអ្វីបាន ការពារយ៉ាងម៉េច។ គេក៏មើលយើង យើងក៏មើលគេ ” លោកបានពន្យល់។ លើសពីនេះទៅទៀត មុនថ្ងៃប្រកួត កីឡាករម្នាក់ៗក៏ត្រូវប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ជាពិសេសគឺការធ្វើដំណើរនិងការហូបចុកឲ្យបានគ្រប់គ្រាន់ និងមានអនាម័យល្អ ដើម្បីជាប្រយោជន៍ចំពោះការប្រកួត ព្រោះថាបើជួបប្រទះបញ្ហាសុខភាពណាមួយក៏គង់មិនអាចប្រកួតជោគជ័យកើតដែរ។
រំព្ញកអំពីជីវប្រវត្តិ លោក សំ យូដេត កើតថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៩៧ ក្នុងគ្រួសារមួយដែលមានឪពុកជាអ្នកបើកបររថយន្តទេសចរណ៍ និងម្តាយជាមគ្គុទ្ទេសក៍នៅខេត្តសៀមរាប។លោកជាអតីតសិស្សវិទ្យាល័យ១០មករា នៅទីរួមខេត្ត។ លោកចាប់ផ្តើមហាត់តេក្វាន់ដូកាលពីវ័យខ្ទង់ ១២-១៣ឆ្នាំនៅក្លិបឯកជនមួយនៅស្រុកកំណើត ប៉ុន្តែក៏បានឈប់មួយរយៈធំ ទើបដល់ពេលពេញវ័យក៏ត្រឡប់មកប្រឡូកវិស័យនេះម្តងទៀតប្រហែលឆ្នាំ២០១៧។ ដោយសារមើលឃើញនូវសមត្ថភាពរបស់លោកពេលឡើងមកប្រកួតនៅភ្នំពេញម្តងៗ គ្រូបង្វឹកនៅភ្នំពេញក៏ណែនាំឲ្យលោកចូលប្រឡងជម្រើសជាតិ។ នៅឆ្នាំ២០១៨ លោកក៏បានជាប់ជម្រើសជាតិតេក្វាន់តូកម្ពុជាជាលើកដំបូង។
លោកធ្លាប់បានទៅចូលរួមកម្មវិធីលើឆាកអន្តរជាតិដំបូងបំផុតនៅក្នុងកម្មវិធី «The 23rd Asian Taekwondo Championships» នៅប្រទេសវៀតណាម ឆ្នាំ២០១៨។ ក្រោយមក លោកឈ្នះបានមេដាយសំរឹទ្ធក្នុងកម្មវិធីប្រកួត «14th ASEAN Taekwondo Championships 2019» នៅប្រទេស ហ្វីលីពីន និង កម្មវិធីប្រកួតកីឡានគរបាលនិងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោក (World Police and Fire Games) នៅប្រទេសចិនដោយទទួលបានមេដាយសំរឹទ្ធដូចគ្នាក្នុងឆ្នាំតែមួយ។ លោកក៍ធ្លាប់មានវត្តមានចូលរួមប្រកួតស៊ីហ្គេមដំបូងនៅប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៩។ ដោយឡែក សម្រាប់ឆ្នាំ២០២២ លោកឈានដល់ទទួលបានមេដាយប្រាក់១ និងមេដាយមាស១ ពីស៊ីហ្គេមលើកទី៣១នៅវៀតណាម និងកម្មវិធី «World Police and Fire Games» នៅប្រទេសហូឡង់។
សព្វថ្ងៃនេះ លោកសង្កេតឃើញថា មនុស្សនៅជុំវិញខ្លួនហាក់ឲ្យតម្លៃលើកីឡាករតេក្វាន់ដូដូចជារូបលោកច្រើនជាងពីមុនដោយសារពួកគេបានឃើញពីជ័យជម្នះរបស់លោកក្នុងវិស័យនេះជាបន្តបន្ទាប់។ហេតុដូចនេះ កីឡាករវ័យ២៦ឆ្នាំរូបនេះ ធ្វើសំណូមពរឲ្យជនរួមជាតិកម្ពុជាយើងទាំងអស់បន្តជួយគាំទ្រលើកទឹកចិត្តកីឡាករជម្រើសជាតិគ្រប់រូបដើម្បីជាកម្លាំងចិត្តដ៏ខ្លាំងក្លាឈានទៅសម្រេចជោគជ័យស្វែងរកមេដាយជូនជាតិមាតុភូមិពីព្រឹត្តិការណ៍ស៊ីហ្គេម។ សម្រាប់ថ្ងៃអនាគត លោកនិយាយថា ប្រសិនបើមានលទ្ធភាព លោកមានបំណងចង់ជួយឧបត្ថម្ភដល់ប្អូនៗកីឡាករជំនាន់ក្រោយ៕
Article by SRIN SOKMEAN