ការដើរម៉ូដសម្លៀកបំពាក់ ដើម្បីអបអរសាទរការបើកជាផ្លូវការនៃការដាក់តាំងពិព័រណ៌ និងបង្ហាញស្នាដៃច្នៃម៉ូដទាំង២៥
NEWS 4 months agoFriends Futures Factory ដែលភាគច្រើនគេស្គាល់ថា F3 គឺជាមជ្ឈមណ្ឌលសហគមន៍ដែលគាំទ្រសិល្បករក្នុងស្រុក អ្នកច្នៃម៉ូដ ការចាប់ផ្តើមអាជីវកម្ម និងព្រឹត្តិការណ៍កម្សាន្តនានា។ F3 តែងតែគាំទ្រ ម៉ាកយីហោរបស់លោក ចោម មួយ ចាប់តាំងពីអំឡុងពេលជំងឺរាតត្បាត Covid19 បានកើតឡើង រហូតមកដល់បច្ចុប្បន្នក៏នៅតែបន្ត។ តាមរយៈការលើកស្ទួយផ្នែកទីផ្សារ ដោយការផ្ដល់ទីកន្លែងឱ្យប្រើប្រាស់បានជំរុញឱ្យលោក មួយ ច្នៃប្រតិដ្ឋ និងពង្រីកម៉ាកយីហោរបស់ខ្លួនជាបន្តបន្ទាប់។
តើលោក ចោម មួយ ជានរណា? លោក ចោម មួយ គឺជាអ្នករចនាម៉ូដ ដែលបង្កើតម៉ូដដោយខ្លួនឯងផ្ទាល់ ព្រោះគាត់ស្រលាញ់ចូលចិត្តវាតាំងពីកំណើត ដោយបំផុសគំនិតពីធម្មជាតិតែម្ដង។ ពណ៌ដែលគាត់ចូលចិត្តគឺពណ៌ខៀវ ដែលជាការរំលឹកពីថ្ងៃធ្វើស្រែចម្ការដំបូងរបស់គាត់ និងពេលវេលាដែលគាត់រស់នៅលើដងទន្លេសាប។ ជាពិសេស លោកបានបញ្ចូលនូវភាពស្រណុកស្រួល រួមទាំងពណ៌ និងគំនិតច្នៃប្រតិដ្ឋទាំងអស់ទៅក្នុងម៉ូដដែលលោកច្នៃ ដើម្បីជំរុញឱ្យមានចលនានៃសេរីភាព និងការបញ្ចេញនូវអ្វីដែលខ្លួនឯងមាន។ លើសពីពិភពធម្មជាតិ លោកក៏បានទទួលគំនិតនៃការច្នៃម៉ូដតាមបែប “Roaring Twenties” ជាមួយនិងអ្នករចនាម៉ូដដ៏ល្បីល្បាញគឺ លោក Jean-Paul Gaultier និងលោក Alexander McQueen។
សម្លៀកបំពាក់របស់ Muoy Chorm Cambodia និងសម្លៀកបំពាក់ដែលជាផលិតផលសម្រេចរបស់លោកផ្ទាល់ និងដាក់បង្ហាញនៅលើឆាកដើរម៉ូដ ដើម្បីអបអរសាទរនៃការបើកឱ្យដាក់តាំងពិព័រណ៌សា្នដៃច្នៃម៉ូដទាំង ២៥ ដែលសម្រិតសម្រាំងដោយលោក ចោម មួយ រួមជាមួយគ្រឿងអលង្ករណ៍ដែលរចនាម៉ូដដោយ លោកស្រី Christine Gautier ដែលជាម្ចាស់ម៉ាកយីហោ Waterlily ។
កម្មវិធីដើរបង្ហាញម៉ូដ “ពិភពនៃការច្នៃម៉ូតរបស់ ចោម មួយ” នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដែលមានទីតាំងនៅ Friends Futures Factory (F3)។ គួរបញ្ជាក់ថា ការដាក់តាំងបង្ហាញស្នាដៃនៃការច្នៃម៉ូដសម្លៀកបំពាក់ចំនួន ២៥ ម៉ូដនេះ និងដាក់តាំងជាសាធារណៈរយៈពេលមួយខែបន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕
Article by NI CHANNIKA