ពិធីបិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣
NEWS 2 weeks agoភ្នំពេញ: កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងផុតទៅថ្មីៗនេះ ពិធីបិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ទៅជាស្ថាពរយ៉ាងមហោឡារិក។ ក្រោយបញ្ចប់កាតព្វកិច្ចការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ គឺបានបន្សល់ទុកនូវស្នាមញញឹម មរតកប្រវត្តិសាស្រ្ត និងការចងចាំដ៏ល្អយ៉ាងវិសេសវិសាលសម្រាប់ប្រទេសកម្ពុជា និងបានដក់ជាប់នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាទាំងមូល។ មិនតែប៉ុណ្ណោះ ជារឿងមួយដ៏គួរឲ្យកោតសរសើរចំពោះអត្តពលិកខ្មែរយើងទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានមេដាយសរុបចំនួន២៨២គ្រឿង ក្នុងនោះមេដាយមាសចំនួន៨១គ្រឿង មេដាយប្រាក់៧៤គ្រឿង និងមេដាយសំរឹទ្ធ១២៧គ្រឿង។ ចំពោះព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេមលើកទី៣៣ គឺប្រទេសថៃនឹងទទួលធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រារព្ធឡើងនៅលើទឹកដីព្រះរាជាណាចក្រថៃ នៅឆ្នាំ២០២៥ នាពេលខាងមុខ។
សូមជម្រាបដែរថា ក្រោយបញ្ចប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដោយជោគជ័យ ពេលវេលាបន្ទាប់គឺការចូលមកដល់នូវព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា៕
Article by SOUNG SOKSAN