ប៉ាល់ ឆរស្មុី កីឡាការិនីឆ្នើមប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣
NEWS 2 years agoបើផ្តើមនិយាយពីឈ្មោះ ប៉ាល់ ឆរស្មុី ប្រហែលជាមហាជនទូទៅមិនស្គាល់ទូលំទូលាយនោះទេ ប៉ុន្តែប្រសិនបើរំព្ញកដល់កីឡាការិនីខ្មែរតែម្នាក់គត់ដែលត្រូវបានប្រកាសឈ្មោះឡើងទទួលពានរង្វាន់កីឡាការិនីឆ្នើម (Best Athlete Award) ប្រចាំស៊ីហ្គេមលើកទី៣២ ក្នុងឱកាសព្រឹត្តិការណ៍បិទស៊ីហ្គេមនៅពហុកីឡាដ្ឋានជាតិមរតកតេជោ កាលពីរាត្រីថ្ងៃទី១៧ ខែឧសភា កន្លងទៅ នោះប្រជាពលរដ្ឋទូទាំងពិភពលោកដែលបានទស្សនាផ្ទាល់និងតាមការចាក់ផ្សាយផ្ទាល់ច្បាស់ជាចងចាំនូវវត្តមានរបស់កីឡាការិនីតំណាងប្រជាជាតិខ្មែរទាំងមូលរូបនោះជាក់ជាមិនខាន។ ម្ចាស់មេដាយស៊ីហ្គេមប្រចាំឆ្នាំចំនួន ៦គ្រឿង រូបនេះនឹងចូលមកបង្ហាញចំណាប់អារម្មណ៍ក្រោយពីបានបញ្ចប់បេសកកម្មកីឡាស៊ីហ្គេមដ៏ស្វិតស្វាញរបស់ខ្លួនព្រមទាំងបានពាំនាំមកនូវជ័យលាភីកិត្តិយសដ៏ធំធេងសម្រាប់ជាតិ។
“ខ្ញុំមានមោទកភាព! ខ្ញុំមានអារម្មណ៍ថា ថ្ងៃដែលឡើងយកពានហ្នឹងអត់ចង់ជឿថាខ្លួនឯងអាចកាន់ពានមួយហ្នឹង ហើយពេលហ្នឹងមិនមែនក្នុងនាមយើងជាខ្មែរម្នាក់ទេគឺគេប្រកាសក្នុងចំណោមអត្តពលិក ទាំងអស់ មានខ្មែរ១ សិង្ហបុរី១។ អារម្មណ៍ហ្នឹងគឺមានមោទកភាពមែនទែនសម្រាប់ខ្លួនឯង ”កីឡាការិនី ប៉ាល់ ឆរស្មុី បានសម្តែងក្តីរំភើប។ កីឡាការិនីរូបនេះបានបញ្ជាក់ថា គាត់បានទទួលដំណឹងមុនអំពីការទទួលពានខាងលើនេះតែមួយថ្ងៃប៉ុណ្ណោះមុនថ្ងៃកម្មវិធីហើយអ្នកដែលគាត់បានប្រាប់ដំណឹងដ៏គួរឱ្យរីករាយនេះមុនគេគឺជាក្រុមគ្រួសាររបស់គាត់ផ្ទាល់តែម្តង។ ម្នាក់ៗសុទ្ធសឹងតែបានសម្តែងអារម្មណ៍រំភើបត្រេកអរឥតឧបមានៅពេលទទួលដំណឹងនេះ ព្រោះវាជារឿងសឹងមិនគួរឱ្យជឿ ប៉ុន្តែដំបូងពួកគេក៏មិនប្រាកដចិត្តថាពានឆ្នើមនោះជាអ្វីៗដែរ ពោលគឺម្នាក់ៗស្គាល់តែរឿងមេដាយតែប៉ុណ្ណោះ។ គាត់ក៏បានបន្ថែមឱ្យដឹងថា តាមពិតទៅ រូបគាត់ធ្លាប់បានទទួលពានកីឡាការិនីឆ្នើមបែបនេះម្តងរួចមកហើយកាលពីឆ្នាំ២០១១ ដែលជាឆ្នាំដំបូងដែលរូបគាត់បានចូលរួមប្រកួតកីឡាស៊ីហ្គេមលើកដំបូងដោយកាលនោះគាត់ទទួលបានមេដាយមាស ១គ្រឿង និងមេដាយប្រាក់ ៣គ្រឿង។
ព្រមជាមួយគ្នានេះដែរស្ថាប័នក្រសួងមហាផ្ទៃក៏បានខ្នះខ្នែងចូលរួមអបអរសាទរជាមួយកីឡាការិនីឆ្នើមរូបនេះតាំងពីយប់ថ្ងៃប្រកាសទទួលពាននោះភ្លាមៗម៉្លេះថែមទាំងបានបង្ហោះរូបភាពសារអបអរសាទរនៅលើបណ្តាញសង្គមទាំងយប់ទៀតផង ជាការលើកទឹកចិត្តសម្រាប់អត្តពលិកដែលស្ថិតក្រោមឱវាទរបស់ក្រសួងផ្ទាល់។ លើសពីនេះទៅទៀត ក្រោយទទួលបានមេដាយពីស៊ីហ្គេម កីឡាការិនី ប៉ាល់ ឆរស្មុី រួមទាំងអត្តពលិករួមស្ថាប័នដទៃទៀតក៏ទទួលបាននូវការបំពាក់ឋានន្តរសក្តិជាកិត្តិយសដ៏ធំធេងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាផ្លូវការយ៉ាងមហោឡារិកក្រៃលែង។
ងាកត្រឡប់ទៅមុនពេលប្រកួត កីឡាការិនីខាងលើបានបកស្រាយពីអារម្មណ៍ពិតផ្ទាល់ខ្លួនថា “ដំបូងខ្ញុំគ្រាន់តែសង្ឃឹមថា ខ្ញុំនឹងបានចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យដែលខ្មែរយើងធ្វើ តែពេលដែលខ្ញុំចប់ស៊ីហ្គេមនៅវៀតណាម (២០២២) បន្តហាត់គឺចង់បានមេដាយ! ចង់បានមេដាយឱ្យបានបីតែគិតក្នុងចិត្តទេ អត់ហ៊ាននិយាយ ព្រោះគិតថាស៊ីហ្គេមមិនងាយបានមេដាយមាសទេ”។ ដ្បិតតែមិនសូវប្រាកដចិត្តចំពោះការឈ្នះមេដាយមាស តែកីឡាការិនីយើងក៏នៅតែជម្នះចិត្តប្រឹងហាត់គ្រប់វិញ្ញាសាទាំង៦នៃកីឡាវ៉ូវីណាមដែលត្រូវប្រកួតឱ្យអស់ពីសមត្ថភាពទោះបីស្ថិតក្នុងបញ្ហាសុខភាពផ្នែកស្មាគួបផ្សំផងក៏ដោយ។ ការប្តេជ្ញាចិត្ត ភាពអត់ធ្មត់ ព្យាយាមហ្វឹកហាត់ទាំងបច្ចេកទេសកម្លាំងនិងបច្ចេកទេសមូលដ្ឋានសម្តែងជាប្រចាំព្រមជាមួយការជួយជ្រោមជ្រែងផ្តល់កម្លាំងចិត្តពីមនុស្សជុំវិញបានរុញច្រានវាសនាកីឡាការិនីយើងឱ្យក្តោបតំណែងម្ចាស់មេដាយមាសបានសម្រេចដូចបំណងរួមជាមួយពានកីឡាការិនីឆ្នើមលើសពីការរំពឹងទុកទៅទៀត។
ជាកិច្ចបញ្ចប់ កីឡាការិនី ប៉ាល់ ឆរស្មុី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកម្តាយដ៏មាន គុណបំផុត “រាល់ជោគជ័យរបស់ខ្ញុំ ខ្ញុំអត់ចោលទេម៉ាក់ខ្ញុំ ព្រោះម៉ាក់ខ្ញុំជាអ្នកស្រឡាញ់កីឡា ហើយគាត់ ជាអ្នកជំរុញខ្ញុំ” ។ ក្រៅពីនេះ ម្ចាស់ពានខាងលើក៏បានសម្តែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំបង្កើតឱកាសព្រឹត្តិការណ៍ស៊ីហ្គេមនេះឱ្យកម្ពុជាក្លាយជាម្ចាស់ផ្ទះក៏ដូចជាចំពោះថ្នាក់ដឹក នាំគ្រប់ជាន់ថ្នាក់ គ្រូបង្វឹក និងមិត្តកីឡាករ កីឡាការិនីរួមក្រុមទាំងអស់។
នេះក៏ជាការចូលប្រកួតស៊ីហ្គេមលើកចុងក្រោយសម្រាប់កីឡាការិនីម្ចាស់ពានរូបនេះដោយសារ កត្តាវ័យនិងសុខភាព ហើយម្យ៉ាងគាត់មានបំណងចង់ទុកឱកាសដណ្តើមមេដាយមាសជូនជាតិឱ្យដល់ កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជាជំនាន់ក្រោយៗទៀតបន្តវេន។ គួរបញ្ជាក់ផងដែរថា គិតមកដល់ បច្ចុប្បន្ននេះ ជាសរុប កីឡាការិនី ប៉ាល់ ឆរស្មុី ស្វែងរកបានមេដាយមាស ៣០ គ្រឿង មេដាយប្រាក់ ២៤ គ្រឿង និងមេដាយសំរឹទ្ធិ ១៦គ្រឿង ជូនជាតិ៕
Article by SRIN SOKMEAN