កីឡាការិនីអត្តពលកម្ម កញ្ញា បូ សំណាង ទទួលបានមេដាយបេះដូងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយសារតែការព្យាយាមតស៊ូមិនបោះបង់រត់ចម្ងាយក្រោមតំណក់ទឹកភ្លៀង ដែលបានចុះផ្សព្វផ្សាយនៅលើសារព័ត៌មានធំៗលំដាប់ពិភពលោក រួមទាំងគេហទំព័រផ្លូវការគណៈកម្មាធិការអូឡាំពិកអន្តរជាតិផងដែរ។ ជាមួយគ្នានេះដែរ កីឡាការិនីរូបនេះ ក៏បានទទួលពានរង្វាន់កិត្តិយស (32nd SEA Games Inspiration’ Awards) ពីសារព័ត៌មាន Truoi Tre ដ៏ល្បីល្បាញរបស់ប្រទេសវៀតណាមទៀតផង។ មួយវិញទៀត កញ្ញាត្រូវបានពិភពលោកស្គាល់ថាជាអត្តពលិកខ្មែរមួយរូប ដែលមានស្មារតីកីឡា និងការទទួលខុសត្រូវខ្ពស់ ដោយមិនបោះបង់ការប្រកួតពាក់កណ្ដាលទីឡើយ ទោះបីជួបឧសគ្គយ៉ាងណាក៏ដោយ។ បច្ចុប្បន្ន សំណាង កំពុងតែជាប់ត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមលើកទី៣៣ ដែលនឹងប្រារព្ធនៅប្រទេសថៃ ក្នុងឆ្នាំ២០២៥ ខាងមុខនេះផងដែរ។
កញ្ញាពិតជាមានមោទកភាពយ៉ាងខ្លាំងដែលបានក្លាយជាកីឡាករអត្តពលកម្មមួយរូបរបស់ប្រទេសកម្ពុជា។ ចំណុចដែលធ្វើឲ្យកញ្ញាមានមោទកភាពបំផុតសម្រាប់អាជីពនេះគឺការតាំងចិត្តដ៏មោះមុតរបស់ខ្លួនក្នុងការប្រកួត។ ជាក់ស្ដែង ដូចជាការប្រកួតស៊ីហ្គេមកាលពីថ្មីៗនេះ ដោយកញ្ញាបាននិយាយថា “នៅគ្រានោះ ពេលភ្លៀងមក ផ្លូវមានការរអិល ពេលរត់ពិបាកទប់ជំហរ ហើយទឹកភ្លៀងក៏ហូរចូលភ្នែកទៀត ដែលធ្វើឱ្យពិបាកមើលផ្លូវជាខ្លាំង ប៉ុន្តែដោយសារតែឆន្ទៈមួយបានលេចមកថា ខ្ញុំជាកីឡាជម្រើសជាតិ ខ្ញុំត្រូវតែបន្តទៅមុខដើម្បីជាតិរបស់ខ្ញុំ។ ឆន្ទៈមួយនេះហើយ ដែលធ្វើឱ្យខ្ញុំមានកម្លាំងចិត្តជាខ្លាំងក្នុងការរត់ទៅមុខបន្ត រហូតទៅដល់ទិសដៅ។” ដ្បិតរត់ចម្ងាយ ជាប្រភេទកីឡាដែលមិនសូវមានការចាប់អារម្មណ៍ឬការគាំទ្រពីសំណាក់ពលរដ្ឋកម្ពុជាក៏ពិតមែន ប៉ុន្តែវាជាប្រភេទកីឡាដែលមានឥទ្ធិពលមួយក្នុងវិស័យកីឡានៅលើឆាកអន្តរជាតិ។ ជាក់ស្តែងដូចជា ការប្រកួតកីឡាអូឡាំពិក ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម។
តើកញ្ញាមានអារម្មណ៍យ៉ាងណាដែរបន្ទាប់ពីការប្រកួតស៊ីហ្គេមកន្លងមកនេះ? កីឡាការិនីរត់ចម្ងាយ បូ សំណាង បានឆ្លើយទាំងមិនស្ទាក់ស្ទើរថា “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលឃើញពុកម៉ែបងប្អូនធ្វើការគាំទ្រនាងខ្ញុំ មិនថានៅទីលានផ្ទាល់ តាមទូរទស្សន៍ ឬតាមបណ្ដាញសង្គមនោះទេ ពួកគាត់បានទះដៃ និងស្រែកហ៊ោឱ្យខ្ញុំ ដែលនេះជាកម្លាំងចិត្តមួយធ្វើឱ្យខ្ញុំខំប្រឹងស៊ូរត់រហូតដល់ទី ទោះបីខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថាចាញ់គេក៏ដោយ។ ខណៈដែលភ្លៀងដ៏ខ្លាំងនៅពេលនោះ គឺមិនមែនជាឧបសគ្គបញ្ឈប់ខ្ញុំក្នុងការសម្រេចគោលដៅនៃការប្រកួតនៅគ្រានោះឡើយ”។ កញ្ញា បានបកស្រាយបន្ថែមថា “ខ្ញុំបន្តរត់កាត់ក្រោមតំណក់ទឹកភ្លៀង ទោះបីជាដឹងខ្លួនយ៉ាងច្បាស់ថានឹងចាញ់គូប្រកួតក៏ខ្ញុំមិនព្រមបោះបង់ដែរ ក៏ព្រោះតែខ្ញុំជាកីឡាការិនីតំណាងឱ្យប្រទេស និងប្រជាជនកម្ពុជាទាំងមូល។ ដូច្នេះខ្ញុំត្រូវតែខំតស៊ូរត់បន្តទៅមុខទៀត ដោយមិនរាថយឡើយ”។ សំណាងបន្តនិយាយដូច្នេះ “ក្នុងនាមខ្ញុំជាអត្តពលិកខ្មែរមួយរូប ទោះខ្ញុំជួបឧបសគ្គ ឬមានបញ្ហាអ្វីក៏ដោយ ក៏ខ្ញុំត្រូវតែបន្តទៅមុខ ដោយពេលនោះខ្ញុំលែងគិតរឿងចាញ់ ឬឈ្នះហើយ! ខ្ញុំគិតតែបន្តរត់ឱ្យសម្រេចគោលដៅ ៥គីឡូម៉ែត្រតែប៉ុណ្ណោះ”។
រំព្ញកអំពីជីវប្រវត្តិរបស់កីឡាការិនីខាងលើ កញ្ញាគឺជាកូនទី៣ក្នុងចំណោមបងប្អូន៤នាក់ នៃគ្រួសារមួយដែលមានជីវភាពមិនសូវធូរធារ ដែលស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជាក់ស្ដែង កញ្ញាមិនមានជាប់ឈាមជ័រជាអ្នកកីឡានោះទេ ក៏ប៉ុន្តែដោយមានទំនុកចិត្ត និងមានចិត្តស្រឡាញ់ទៅលើវិស័យកីឡារត់ចម្ងាយ កញ្ញាក៏សម្រេចចិត្តចូលហ្វឹកហាត់ ចាប់តាំងពីឆ្នាំ២០១៦ មកម្លេះ។ សំណាង បានបន្ថែមថា “ខ្ញុំប្រឡូកវិស័យកីឡានេះ ក្នុងវ័យ១២ឆ្នាំ។ ដំបូងខ្ញុំគ្រាន់តែហាត់នៅសាលារៀនប៉ុណ្ណោះ ប៉ុន្តែដោយសារតែខ្ញុំធ្វើបានលទ្ធផលល្អជាច្រើន ទើបខ្ញុំមានឈ្មោះចូលរួមការប្រកួតនានារហូតជាប់ជ័យលាភីបានឡើងទៅប្រកួតជាកីឡាអូឡាំពិក”។
ចំពោះកម្មវិធីស៊ីហ្គេមដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីកន្លងមកនេះ កីឡាការិនី បូ សំណាង សូមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ដែលមិនបានចូលរួមប្រកួត “សូមកុំបាក់ទឹកចិត្ត ទោះយើងមិនបានចូលរួមប្រកួតក៏ដោយ ក៏យើងមានឈ្មោះថាជាកីឡាករនៃប្រទេសរបស់យើងដែរ។ មួយវិញទៀត យើងត្រូវខំប្រឹងព្យាយាមហ្វឹកហាត់បន្តទៀត ដើម្បីប្រទេសជាតិយើង និងប្រជាជន១៦លាននាក់ផងដែរ”៕
Article by NI CHANNIKA