សិល្បៈនៃការច្នៃម៉ូដសម្លៀកបំពាក់ បង្ហាញពីអត្តសញ្ញាណមរតកខ្មែរដ៏មានតម្លៃ
NEWS 2 months agoបើទោះបីបច្ចុប្បន្ន ហ្វេហ្សិនក្នុងស្រុកមានការអភិវឌ្ឍទៅតាមសម័យទំនើបជឿនលឿន និងចរន្តសកលភាវូបនីយកម្មយ៉ាងណាក្តី ប៉ុន្តែអ្នកច្នៃម៉ូដ ក៏ដូចជាអ្នកបង្កើតម៉ាកយីហោហ្វេហ្សិនហាក់នៅតែមិនបោះបង់អត្តសញ្ញាណជាតិរបស់ខ្លួន ដោយតែងតែលើកយកសិល្បៈវប្បធម៌មកបង្ហាញតាមរយៈការច្នៃសម្លៀកបំពាក់ក្នុងសម័យកាលដ៏ចំណាស់នោះជាដើម។ រូបចម្លាក់នៅតាមជញ្ជាំងថ្មនៃប្រាសាទអង្គរដ៏ពិសិដ្ឋ ដែលត្រូវបានឆ្លាក់ឡើងក្នុងទម្រង់ផ្សេងៗពីគ្នា មានទាំងតួអង្គអប្សរា និងមហាស្រ្តីខ្មែរជាច្រើនរូប ដោយដៃបុព្វបុរសដូនតាខ្មែរ ត្រូវបានកូនខ្មែរម្នាក់ដែលមានបេះដូងប្រតិព័ទ្ធលើសិល្បៈបុរាណ បានច្នៃម៉ូដសម្លៀកបំពាក់នៃរូបចម្លាក់ទាំងនោះ មករំលេចចេញជារូបពិតប្រាកដយ៉ាងស្រស់ស្អាត។
មានឈាមជ័រជាកូនខ្មែរ លោក Sool Cool បានកោះកកាយសិល្បៈបុរាណដែលជាមរតកខ្មែរ រំលេចចេញជាឈុតសម្លៀកបំពាក់បុរាណដែលស្រស់ស្អាត ហាក់ស្ថិតក្នុងសម័យកាលនៃសម្លៀកបំពាក់នោះតែម្តង។ “មូលហេតុដែលខ្ញុំធ្វើឈុតទាំងនេះឡើង ព្រោះខ្ញុំមានកូនចិត្តមួយចង់កោះកកាយសិល្បៈបុរាណទាំងនោះត្រឡប់មកវិញ ហើយចង់ថែរក្សាអ្វីដែលជាមរតកខ្មែរយើងដែលស្ទើរតែបាត់បង់ទៅហើយ។ លោកគ្រូដែលធ្លាប់បានបង្រៀនខ្ញុំខាងផ្នែកគំនូរ ពួកគាត់ក៏កាន់តែចាស់ទៅហើយ ដូច្នេះហើយខ្ញុំមិនចង់បោះបង់នូវអ្វីដែលគាត់បានខិតខំបង្រៀន បានផ្ទេរចំណេះដឹងនេះទុកចោលនោះទេ ទើបខ្ញុំសម្រេចចិត្តធ្វើឈុតទាំងនេះឡើង ដោយចង់យកមកប្រើប្រាស់ឡើងវិញ និងថែរក្សាអ្វីដែលដូនតាខ្មែរយើងបានបន្សល់ទុក។” លោក Sool Cool បានលើកឡើង និងបន្តទៀតថា មុននឹងធ្វើឈុតនីមួយៗឡើងមិនមែនលោកចេះតែធ្វើតាមចិត្តនឹកឃើញទេ គឺលោកបានសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ទៅលើប្រវត្តិសាស្រ្តសម័យ កាលនីមួយៗ ការជ្រើសរើសពណ៌សម្លៀកបំពាក់ ការប្រើប្រាស់ក្រណាត់ គ្រឿងអលង្ការ និងគ្រឿងបង្គុំជាដើម។ លោកបានរៀបរាប់ប្រាប់មកកាន់ សូវរីន ថា លោកចូលចិត្តទៅកម្សាន្តនៅខេត្តសៀមរាបណាស់ ហើយតែងតែទៅទស្សនាប្រាសាទអង្គរ មើលចម្លាក់ជាដើម។ មិនតែប៉ុណ្ណោះ រាល់ពេលដែលទៅ លោករមែងជួលអ្នកមគ្គទេសក៍ម្នាក់ទៅជាមួយលោកផងដែរ ដើម្បីបានសិក្សាស្វែងយល់ពីចម្លាក់ ក៏ដូចជាបានដឹងកាន់តែច្បាស់នៅអ្វីដែលមាននៅប្រាសាទខ្មែរយើង។ “ខ្ញុំទៅលេងប្រាសាទ៥ដងគឺខ្ញុំជួលអ្នកមគ្គទេសក៍ទាំង៥ដង ព្រោះយល់ថាទោះបីជាយើងដឹងយ៉ាងណាក៏នៅតែដឹងមិនអស់នោះដែរ។ ណាមួយខ្ញុំចង់ឲ្យអ្នកមគ្គទេសក៍គាត់រៀបរាប់ទៅខ្ញុំអាចដឹងបន្ថែមទៀតនូវអ្វីដែលខ្ញុំមិនទាន់បានដឹង និងបានផ្លាស់ប្តូរចំណេះដឹងជាមួយពួកគាត់ ជជែកគ្នាលេង ហើយក៏ជាការជួយដល់ជីវភាពមួយផ្នែកដល់ពួកគាត់ផងដែរ។ ដូច្នេះ យើងទៅលេងប្រាសាទ បើអាចគួរតែជួលអ្នកមគ្គទេសក៍ម្នាក់ក៏ជាការប្រសើរ។” អ្នកច្នៃម៉ូដរូបនេះបានលើកឡើង។
លោក Sool Cool
ទន្ទឹមនឹងការស្រលាញ់ចូលចិត្តសិល្បៈខ្មែរ រួមជាមួយការសិក្សាស្រាវជ្រាវរៀនសូត្រកន្លងមក បានធ្វើឲ្យលោកបង្កើតបានជាឈុតទាំងនេះឡើង។ លោក Sool Cool បាននិយាយសង្កត់ធ្ងន់ថា “ក្រោយពេលខ្ញុំមកពីលេងប្រាសាទវិញគឺដូចមានអ្វីជំរុញចិត្តខ្ញុំយ៉ាងអីចឹង រុញច្រានខ្ញុំឲ្យដំឡើងឈុតទាំងនេះឡើងភ្លាមៗ។ ពេលខ្ញុំសម្លឹងរូបចម្លាក់នៅជញ្ជាំងប្រាសាទ ខ្ញុំហាក់ឃើញតួអង្គ និងសម្លៀកបំពាក់នោះផុសចេញមកតែម្តង។” ជាលទ្ធផល លោកក៏បានធ្វើឈុតសម្លៀកបំពាក់ទាំងនេះឡើងដូចគ្នានៅនឹងរូបចម្លាក់នៅលើប្រាសាទ។ លោកក៏បានបញ្ជាក់ថា ការរៀបចំឈុតរបស់លោកមានលក្ខណៈខុសប្លែកពីគេ ពោលគឺលោកស្លៀកដោយមានផ្នែកខ្លះយកក្រណាត់ទៅញុកតែម្តង ធ្វើឲ្យដូចមនុស្សសម័យនោះស្លៀកពាក់បែបហ្នឹងពិតប្រាកដ គឺវាមើលទៅមិនរៀបរយពេក មិនល្អភ្លឹងដូចគេតែងកន្លងមកនោះទេ។
តាមរយៈការធ្វើឈុតនេះឡើង លោក Sool Cool មានគោលបំណងចម្បងគឺដើម្បីលើកស្ទួយសិល្បៈ និងវប្បធម៌ខ្មែរ។ ហើយលោកចង់ធ្វើអ្វីទុកជាឯកសារ និងចង់ថែរក្សាកេរដំណែលដ៏មានតម្លៃដែលដូនតាខ្មែរបានបន្សល់ទុកនេះ ឲ្យកូនខ្មែរជំនាន់ក្រោយបានដឹងបានស្គាល់បានយល់ ថាអ្វីទាំងនេះជារបស់ខ្មែរយើងយ៉ាងពិតប្រាកដ។ ឆ្លៀតឱកាសនេះ តាមរយៈ សូវរីន លោកក៏មានពាក្យពេចន៍ផ្តាំផ្ញើដែរថា សូមឲ្យយើងទាំងអស់គ្នាដែលមានឈាមជ័រជាកូនខ្មែរ ជួយថែរក្សាការពារអ្វីដែលជារបស់យើង កុំចាំដល់ប្រទេសជិតខាងគេយកបាត់ទើបខំស្វះស្វែង ព្រោះទាំងនេះគឺមានតម្លៃណាស់សម្រាប់ប្រទេសជាតិយើង និងបន្តទៅដល់កូនចៅជំនាន់ក្រោយ៕
Article by SOUNG SOKSAN