បណ្ណាល័យភូមិតំបែរ សម្រាប់សាធារណជនដែលរស់នៅជនបទបានលេចរូបរាងឡើងក្រោមគំនិតផ្គួចផ្ដើមរបស់កូនខ្មែរមួយរូបឈ្មោះ ខន ស៊ាងហោ អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន លោកជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេសនៅសាលាវិទ្យាល័យហ៊ុនសែនតំបែរ និងជានាយកមជ្ឈមណ្ឌលភាសាអង់គ្លេសក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំផងដែរ។ រីឯមូលហេតុបង្កើតបណ្ណាល័យភូមិតំបែរគឺដោយសារជំងឺកូវីដ១៩ ហើយសាលារៀនត្រូវបានបិទមួយរយៈ។ ដូច្នេះ សិស្សត្រូវរៀនពីចម្ងាយដោយត្រូវរៀនតាមប្រព័ន្ធអនឡាញ ប៉ុន្តែសិស្សមួយចំនួនគ្មានលទ្ធភាពទេ ពិសេសអ្នកនៅតាមជាយក្រុង និងអ្នកនៅតាមតំបន់ដាច់ស្រយាល “យើងបើកដំណើរការក្នុងពេលមានការរីករាលដាលជំងឺកូវីដ១៩ ស្របពេលដែលសិស្សានុសិស្សឈប់សម្រាកជាបណ្តោះអាសន្នដោយសារជំងឺកូវីដ១៩នេះ សិស្សានុសិស្សជាច្រើនបានចូលមកអានដោយអនុវត្តវិធានការអនាម័យតាមក្រសួងសុខាភិបាល” ស្ថាបនិកខាងលើបានពន្យល់។
លោកបានបន្តទៀតថា បណ្ណាល័យភូមិតំបែរ ជាបណ្ណាល័យសហគមន៍ដែលផ្តល់សេវាកម្មសៀវភៅសម្រាប់អាន និងខ្ចីសៀវភៅទាំងសម្រាប់សិស្សកម្រិតបឋមសិក្សា និងវិទ្យាល័យ ព្រមទាំងសាធារណជនទូទៅ ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលភាសាអង់គ្លេស ក្នុងភូមិតំបែរ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ វាត្រូវបានបង្កើតឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ដោយទទួលបានការឧបត្ថម្ភជួយជ្រោមជ្រែងជាសៀវភៅ និងទូដាក់សៀវភៅពីមូលនិធិបណ្ណាល័យភូមិ សប្បុរសជនទូទៅ និងពីខ្លូនលោកផ្ទាល់តែម្ដង។ ថ្វីដ្បិតតែបណ្ណាល័យនេះស្ថិតនៅក្នុងទីតាំងសាលាឯកជនក៏ពិតមែន ប៉ុន្តែសិស្សានុសិស្សដែលមិនសិក្សានៅក្នុងសាលានេះក៏អាចចូលមកអាន និងខ្ចីសៀវភៅបានដែរ។
លោកបានរំព្ញកអំពីដំណើរដើមទងនៃការចាប់ដំណើរការគម្រោងបណ្ណាល័យនេះថា បណ្ណាល័យភូមិតំបែរ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធំចំបងតែម្យ៉ាងគឺ ចូលរួមបង្កើតវប្បធម៌អានដល់យុវជនជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយ ដោយកាត់បន្ថយការលេងទូរសព្ទ ឱ្យងាកមកចូលរួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាពក្នុងសហគមន៍ “ខ្ញុំសង្កេតឃើញថាកុមារ និងយុវជនមួយចំនួន ច្រើនតែចំណាយពេលវេលាទៅលើការលេងហ្គេមទូរសព្ទ បណ្តាញសង្គមហ្វេសប៊ុក (Facebook) តិកតុក (Tiktok) យូធូប (Youtube) និងអុីនស្ទាក្រាម (Instagram) ដោយមិនសូវអានសៀវភៅ ក៏ព្រោះថាមិនមានបណ្ណាល័យសាធារណៈ មិនមានគំរូអាន មិនមានថវិកាទិញសៀវភៅ ឬមិនឱ្យតម្លៃការអានជាដើម។ ហេតុដូច្នេះហើយ ដែលជំរុញចិត្តខ្ញុំឱ្យបង្កើតបណ្ណាល័យសហគមន៍ដែលក្មេងៗអាចចូលអានដោយសេរី និងរីករាយ។ ជាការពិត ក្មេងៗពេលដែលឃើញគំរូអាន និងយកគំរូតាមគ្នា ព្រោះថាក្មេងៗប្រៀបដូចជាក្រដាសស រឿងល្អក៏អាចឆ្លង រឿងអាក្រក់ក៏អាចឆ្លងយកគំរូតាមបានដែរ។”
តើមានផលពិបាកអ្វីខ្លះ សម្រាប់ការបើកបណ្ណាល័យសហគមន៍នេះ? បើតាមបទពិសោធន៍ផ្ទាល់របស់លោក ការបង្កើតបណ្ណាល័យនីមួយៗតែងតែមានផលពិបាក។ ដំបូងឡើងគាត់បានចាប់ផ្ដើមស្ថាបនារៀបចំបណ្ណាល័យតែម្នាក់ឯង ដោយមិនមានការជួយជ្រោមជ្រែងឧបត្ថម្ភបន្ថែមពីអ្នកខាងក្រៅនោះទេ។ គាត់បានបញ្ជាក់ថា “ការធ្វើបណ្ណាល័យ ការទិញសម្ភារៈ និងការទិញសៀវភៅគឺចំណាយថវិកាផ្ទាល់ខ្លួន ក្រោយមកទើបមានជំនួយពីសប្បុរជន។” មួយវិញទៀត គឺកត្តាទីតាំងនៅតូចមិនទាន់សមរម្យនៅឡើយទេ ដោយលោកមានក្តីស្រមៃចង់បង្កើតបានបណ្ណាល័យក្នុងសហគមន៍មួយដែលអាចឱ្យសិស្ស និងសាធារណជនចូលអានយ៉ាងទូលំទូលាយ។ បច្ចុប្បន្ន បណ្ណាល័យភូមិតំបែរមានទំហំប្រមាណ៤ម៉ែត្រគុណនឹង៣ម៉ែត្រ មានធ្នើរដាក់សៀវភៅចំនួន៤ និងមានសៀវភៅប្រមាណ៤០០ក្បាលប៉ុណ្ណោះ។ សៀវភៅទាំងនោះរួមមានសៀវភៅរឿងនិទានកុមារ សៀវភៅភាសាអង់គ្លេស និងសៀវភៅទូទៅសម្រាប់មនុស្សពេញវ័យ។ សិស្សានុសិស្ស និងសាធារណជនទូទៅអាចចូលអាន និងខ្ចីសៀវភៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រចាប់ពីម៉ោង៨ព្រឹក ដល់៥ល្ងាចដោយឥតគិតថ្លៃ។
ជាចុងក្រោយ លោកគ្រូ ខង ស៊ាងហោ បានផ្ញើសារតាមរយៈសូវរីនថា “ខ្ញុំសង្ឃឹមថា ប្អូនៗ ក្មួយៗសិស្សានុសិស្សនឹងបង្កើតវប្បធម៌អានឱ្យក្លាយជាទម្លាប់ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាយុវជនដ៏មានសក្តានុពលក្នុងសហគមន៍ក៏ដូចជាក្នុងសង្គមជាតិយើង និងដើម្បីជាចំណែកចូលរួមអភិវឌ្ឍខ្លួនឯង គ្រួសារ និងសហគមន៍ផងដែរ។ ខ្ញុំសូមអំពាវនាវសប្បុរសជនមេត្តាជួយឧបត្ថម្ភជាសៀវភៅ ឬជាថវិកាសម្រាប់ជាវសៀវភៅដាក់បណ្ណាល័យភូមិតំបែរយើងខ្ញុំ ដើម្បីចូលរួមវិនិយោគលើកុមារ និងយុវជនសម្រាប់សង្គមជាតិ។ ខ្ញុំសូមអរគុណប្អូនៗ ក្មួយៗ សាធារណជនទូទៅដែលបានចូលរួមអានសៀវភៅជាបន្តបន្ទាប់”។ សូមទាក់ទងតាមរយៈលេខ 09794 68 504/ 098 221148៕
Article by NI CHANNIKA
Image Courtesy: ខន ស៊ាងហោ