សោម ស្រីនាថ ម្ចាស់ជ័យលាភីកម្មវិធីប្រកួតសម្រស់ និងសមត្ថភាព World Madam
NEWS one year agoពិតជាមោទកភាពមួយទៀតសម្រាប់កម្ពុជាដែលយើងមានបុគ្គលពោរពេញទៅដោយសមត្ថភាព និងរូបសម្រស់អាចឈោងចាប់ជ័យលាភីក្នុងកម្មវិធីប្រកួតសម្រស់នៅលើឆាកអន្តរជាតិ។ ជាក់ស្ដែង កាលពីថ្ងៃទី ១០ និង១១ ខែ កក្កដា ថ្មីៗនេះ កញ្ញា សោម ស្រីនាថ បានបង្ហាញខ្លួនតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតសម្រស់នៅក្នុងកម្មវិធីប្រឡង បវរកញ្ញាត្រចៀកកាំ (Birds Nest Division) នៅប្រទេសចិន រហូតធ្វើឱ្យកញ្ញាទទួលបានជ័យលាភីលេខ១ ត្រឡប់មកប្រទេសកម្ពុជាវិញ។
កញ្ញា សោម ស្រីនាថ បានរៀបរាប់ពីអារម្មណ៍រំភើបមិនទាន់បាត់នៅឡើយថា “ខ្ញុំសប្បាយចិត្តណាស់ដែលបានតំណាងឱ្យសមាគមនាំចេញសំបុកត្រចៀកកាំកម្ពុជា និងសមាគម Cambodia Super Model ព្រមទាំងតំណាងឱ្យស្ត្រីកម្ពុជាទៅប្រកួតនៅប្រទេសចិន។ ហើយវាក៏ជាឱកាសសម្រាប់ខ្ញុំអាចបង្ហាញអ្វីដែលជាវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរទៅកាន់ឆាកអន្តជាតិផងដែរ។” កម្មវិធីនេះ មានគោលបំណងចង់ពង្រឹងសមត្ថភាពស្ត្រីគ្រប់រូបដែលមានអាជីវកម្មទាំងអស់ឱ្យមានភាពក្លាហាន ដែលអាចបង្ហាញពិភពលោកឱ្យឃើញថាស្រ្តីមិនមែនមានតែសម្រស់ទើបជោគជ័យនោះទេ យើងក៏ត្រូវមានទាំងសមត្ថភាពដើរទន្ទឹមគ្នាទៀតផង។ ជាការពិត កម្មវិធីនេះគឺជាលើកទី២ហើយសម្រាប់ប្រទេសកម្ពុជាចូលរួមប្រកួត ប៉ុន្តែវាជាលើកទី១ដែលម្ចាស់ជ័យលាភីរូបនេះអាចដណ្ដើមយកមកុដត្រលប់មកមាតុភូមិវិញ។
នៅពីក្រោយភាពជោគជ័យមួយនេះ កញ្ញបានលើកឡើងថា “ខ្ញុំមិនមានពេលវេលាក្នុងការត្រៀមខ្លួនច្រើននោះទេ ព្រោះវាភ្លាមៗពេក ប៉ុន្តែនៅពេលដឹងដំណឹងភ្លាម ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចគ្រប់យ៉ាងទាំងការបង្ហាញសមត្ថភាព ការដើរបង្ហាញម៉ូដក៏ដូចជាហ្វឹកហាត់ និងការឆ្លើយសំណួរនៅលើឆាក។ ម្ចាស់មកុដរូបនេះបានលើកឡើងនិងបន្តទៀតថា “ចំពោះចំណុចខ្លាំងដែលគិតថាអាចឱ្យខ្ញុំយកឈ្នះបាន ខ្ញុំគិតថាមកពីការតស៊ូ ព្យាយាម ឈ្លាសវៃ និងចំណុចសំខាន់ជាងគេនោះគឺការគោរពពេលវេលាតែម្ដង។ ជាពិសេស គឺអ្វីដែលខ្ញុំតែងតែបង្ហាញទៅមនុស្សជុំវិញខ្លួនដូចក្នុងការប្រកួតនេះ ខ្ញុំបានបង្ហាញនូវអ្វីដែលជាបែបបទរបស់ខ្មែរយើងគឺការសំពះ ភាពទន់ភ្លន់ និងរូសរាយរាក់ទាក់ជាដើម”។
តាមរយៈការប្រឡូកកម្មវិធី បវរកញ្ញាវ័យ២៩ឆ្នាំរូបនេះ ទទួលបានបទពិសោធន៍ដូចជា ការនិយាយស្ដី យល់ដឹង និងពង្រឹងសមត្ថភាពបន្ថែម ថែមទាំងបានបង្កើតមិត្តភាពស្និទ្ធស្នាលជាមួយបេក្ខភាពមកពីបណ្ដាប្រទេសនានា។ “ការប្រកួតលើឆាកអន្តជាតិ មានបេក្ខភាពមកពីបណ្ដាប្រទេសផ្សេងៗសុទ្ធតែខ្លាំងៗក្នុងនោះភាគច្រើនសុទ្ធសឹងតែជាជនជាតិចិន ហើយពួកគេអត់និយាយភាសាអង់គ្លេសនោះទេ ដោយខ្ញុំនិយាយមិនសូវស្ទាត់ជំនាញ ដែលវាជារឿងពិបាកបន្តិចដែរសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំនៅតែអាចធ្វើបានជោគជ័យ ក្នុងនាមជាស្រ្តីខ្មែរត្រូវតែមានភាពទន់ភ្លន់មិនមែនមានត្រឹមតែភាពស្រស់ស្អាតមួយមុខទេ តែត្រូវជាមនុស្សរឹងមាំ ឈ្លាសវៃ តស៊ូ និងជឿជាក់លើខ្លួនឯងផងដែរ។” កញ្ញាបានលើកឡើង។
ងាកមកជ្រាបអំពីជីវប្រវត្តិរបស់ម្ចាស់ជ័យលាភីដែលមានកម្ពស់១.៦៨ម៉ែត្ររូបនេះវិញ កញ្ញា សោម ស្រីនាថ មានស្រុកកំណើតនៅទីក្រុងភ្នំពេញ កើតក្នុងគ្រួសារដែលមានម្ដាយជាអ្នកលក់ដូរ។ ក្នុងចំណោមបងប្អូនបីនាក់កញ្ញាជាកូនច្បងនៃប្អូនប្រុសទាំងពីរ។ កាលពីក្មេងកញ្ញាជាមនុស្សស្ងប់ស្ងាត់ចូលចិត្តរៀន លុះរហូតដល់វ័យជំទង់ទើបចាប់ផ្ដើមមានចំណូលចិត្តខាងសិល្បៈ ដែលពេលនោះកញ្ញាទើបតែរៀនថ្នាក់ទី១២តែប៉ុណ្ណោះ។ កញ្ញាបានរំលឹកប្រាប់បន្តទៀតថា “អាចនិយាយបានថា វាជារឿងចៃដន្យមួយដែលមិត្តសម្លាញ់របស់ខ្ញុំបានទិញពាក្យឱ្យទៅប្រឡងក្នុងកម្មវិធីបវរកញ្ញាមួយដែលជាកម្មវិធីខ្នាតតូច ហើយខ្ញុំមិនបានទទួលលទ្ធផលល្អនោះទេ។ គ្រានោះហើយដែលសមាគម Cambodia Super Model បានទាក់ទងឱ្យខ្ញុំដើរម៉ូដ ហើយខ្ញុំក៏មានឱកាសចូលរួមសម្ដែងដំបូងធ្វើជាតួអង្គបន្ទាប់បន្សំនៅក្នុងខ្សែភាពយន្ត និងវីដេអូបទចម្រៀងជាបន្តបន្ទាប់។ មួយវិញទៀត ដោយសារបញ្ហាជីវភាព ហើយក៏អាចថាជាឧបនិស្ស័យផងដែរ។” ចាប់ផ្ដើមពីការសម្ដែងជាតួអង្គបន្ទាប់បន្សំ កញ្ញាបានពង្រឹងសមត្ថភាពរបស់ខ្លួនរហូតទទួលបានជោគជ័យមកដល់បច្ចុប្បន្ន ដោយសព្វថ្ងៃកញ្ញាគឺជាពិធីការនីផង និងតារាម៉ូដែលផង។
តាមរយៈសូវរីន ជាចុងក្រោយម្ចាស់តំណែង World Madam 2023 មានពាក្យពេជ្រផ្ដាំផ្ញើចំពោះស្រ្តីកម្ពុជាគ្រប់រូប ក៏ដូចជាប្អូនៗយុវវ័យថា “អ្វីក៏ដោយប្រសិនជាយើងចង់ធ្វើវា ឬចង់បង្កើតក្ដីស្រមៃ ទាល់តែយើងមានការព្យាយាម ភាពតស៊ូ អត់ធ្មត់ និងមានការប្រឹងប្រែង ទើបក្ដីស្រមៃនោះអាចក្លាយជាការពិត។ មួយវិញទៀត គឺកត្តាសុខភាព ព្រោះថានៅពេលដែលសុខភាពរបស់យើងល្អ ការធ្វើការងាររបស់យើងក៏ល្អទៅតាមនោះដែរ។ ម្យ៉ាងទៀត ខ្ញុំក៏សូមអរគុណទៅដល់វិស័យសិល្បៈដែលធ្វើឱ្យខ្ញុំមានថ្ងៃនេះ”៕
Article by NI CHANNIKA